សម័យ តឿ ៖ ឪពុកម្តាយ និងប្អូនខ្ញុំចំនួន៤នាក់ ត្រូវយោធាខ្មែរក្រហមយកទៅសម្លាប់នៅគុកខ្មោច

ខ្ញុំឈ្មោះ សម័យ តឿ[1] កើតក្នុងឆ្នាំ១៩៦៦ នៅភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ខ្ញុំមានឪពុកឈ្មោះ សម័យ អតីតជាទាហានសម័យ លន់ នល់ និង ម្តាយខ្ញុំឈ្មោះ ង៉ប ង៉ាម ជាស្រ្តីមេផ្ទះ។ តាមម្តាយខ្ញុំប្រាប់ ឪពុកខ្ញុំធ្លាប់ឡើងទៅរៀននៅប្រទេសវៀតណាមចំនួនបីដង។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រី២ នាក់។ ខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ។

ក្រោយសមាហរណកម្ម  ខ្ញុំបានត្រឡប់មកស្រុកកំណើត ហើយរៀបការជាមួយប្រពន្ធឈ្មោះ ឡាច ស៊ីឌា អាយុ៣៨ឆ្នាំ (សម្ភាសន៍ក្នុងឆ្នាំ២០១០) និងមានកូនចំនួន២នាក់ ក្នុងនោះប្រុសម្នាក់។ គ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែ និងចម្ការ ដែលមានដាំដំឡូងជាដើម។

រំឭកកាលពីកុមារភាព ស្ថិតក្នុងសម័យ លន់ នល់ ម្តាយខ្ញុំបានដាក់ឱ្យខ្ញុំចូលរៀននៅសាលាត្រពាំងខ្មៅ។ ខ្ញុំមិនចាំថា ខ្ញុំរៀនបានត្រឹមថ្នាក់ទីប៉ុន្មាននោះឡើយ។ រហូតមកដល់របបខ្មែរក្រហម ខ្ញុំឈប់បានរៀនសូត្រ។ អង្គការចាត់តាំងឱ្យខ្ញុំចូលក្នុងកងចល័ត ធ្វើការងារតាមកងភ្ជួររាស់ និងកងចល័តខាងធ្វើស្រែ។ ខ្ញុំត្រូវទៅធ្វើការបែកចេញពីឪពុកម្តាយ និងប្អូនៗរបស់ខ្ញុំ ទម្រាំតែល្ងាចបានអង្គការឱ្យត្រឡប់មកជុំគ្នាវិញ។ កាលនោះ ឪពុកម្តាយខ្ញុំក៏ត្រូវអង្គការចាត់តាំងឱ្យទៅធ្វើស្រែដូចជាប្រជាពលរដ្ឋឯទៀតដែរ។ ដំបូងៗ គ្រួសារណាដែលមានឪពុកជាអតីតទាហាន លន់ នល់ គឺអង្គការចាប់យកទៅរៀនសូត្រ(សម្លាប់)។ សម្រាប់ករណីឪពុកខ្ញុំ ខ្ញុំមិនបានដឹងច្បាស់នោះឡើយ ថាហេតុនេះបានជាគាត់អាចនៅរស់នៅ និងធ្វើស្រែជូនអង្គការបានធម្មតា។

នៅឆ្នាំ១៩៧៨ គ្រួសារខ្ញុំត្រូវបានប្រធានសហករណ៍ឈ្មោះ តាអ៊ន ចាត់តាំងឱ្យផ្លាស់ទៅរស់នៅស្រុកស្វាយចេក។ គ្រាន់តែដឹងដំណឹងថាផ្លាស់ទៅស្វាយចេក ប្អូនៗខ្ញុំនាំគ្នាត្រេកអរខ្លាំងណាស់។ ខ្ញុំ និងឈ្មោះ ផង់ បានជួយគ្នារៀបចំរទេះសម្រាប់ដឹកក្រុមគ្រួសារចាកចេញពីភូមិកំណើតទៅកាន់ស្រុកស្វាយចេក។  ប៉ុន្ដែពេលហៀបនឹងចាកចេញស្រាប់តែមានយោធាខ្មែរក្រហមមកហ៊ុមព័ទ្ធចាប់ខ្លួនខ្ញុំ, ឪពុកម្តាយខ្ញុំ រួមទាំងប្អូនតូចៗ។ នៅតាមផ្លូវខ្ញុំបានលួចរត់គេចខ្លួនរួច។ យោធាខ្មែរក្រហមក៏តាមស្វែងរកចាប់ខ្ញុំនៅតាមភូមិ និងតាមកំពូកព្រៃ។ បន្ទាប់ពីនោះឪពុកម្តាយខ្ញុំ និងប្អូនៗទាំងបួននាក់ ខ្ញុំបានឮដំណឹងថា យោធាខ្មែរក្រហមយកទៅសម្លាប់នៅទីតាំងគុកខ្មោច[2]។ នៅព្រឹកបន្ទាប់ខ្ញុំបានទៅលបមើលនៅទីតាំងគុកខ្មោច ប៉ុន្ដែមិនបានឃើញសាកសពឪពុកម្តាយខ្ញុំ និងប្អូនៗឡើយ។ គឺខ្ញុំឃើញតែមាត់រណ្ដៅ។ បន្តពីនោះមក ខ្ញុំរត់ទៅរស់នៅជាមួយបងស្រីខ្ញុំ ដែលមានម្តាយខុសគ្នា។ បងស្រីខ្ញុំរស់នៅក្នុងភូមិព្រៃ ដែលមានទីតាំងក្បែរឃុំស្វាយចេក។

មិនបានប៉ុន្មាន កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានចូលមកវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»[3]

នៅឆ្នាំ១៩៨១  ខ្ញុំបានរត់តាមគេតាមឯងទៅរស់នៅជំរំភ្នំឆ័ត្រ ដែលជាមូលដ្ឋានកងកម្លាំងខ្មែរក្រហម​។ នៅទីតាំងជំរំភ្នំឆ័ត្រ ភាគច្រើនគឺជាគ្រួសារកងទ័ពខ្មែរក្រហម។ រស់នៅភ្នំឆ័ត្រខ្ញុំបានស្គាល់ យាយម៉ៅ ឬ យាយរ៉ុម ជាមេកងពល និងជាប្រពន្ធរបស់តាពិន(ឌុច)។ តាពិន ឈប់ធ្វើជាទាហានក៏ត្រឡប់ទៅរស់នៅភូមិផ្គាំ និងប្រកបមុខរបរលក់ដូរអីវ៉ាន់។ កាលនោះប្រពន្ធតាពិន មានអំណាចខ្លាំងណាស់ អ្នកណាក៏ស្គាល់គាត់ដែរ។  ខ្ញុំរស់នៅជំរំភ្នំឆ័ត្របានមួយឆ្នាំក៏ចុះមកនៅជំរំ៨៥(ទឹកដីថៃ) និងបានរៀនសូត្រដល់ថ្នាក់ទី៤។ ចំណែកប្រពន្ធតាពិនក៏ត្រូវផ្លាស់ចេញមកដែរ។ យាយរ៉ុម ឈប់ធ្វើជាមេកងពល មកកាន់ផ្នែកពាណិជ្ជកម្ម (លក់ដូរអីវ៉ាន់ដែលនាំមកពីប្រទេសថៃ) នៅភូមិផ្គាំវិញ ព្រោះជាផ្លូវចុះមកពីភ្នំឆ័ត្រ។ ខ្មែរក្រហម​បានទិញម៉ាស៊ីនកិនស្រូវឱ្យយាយរ៉ុម កាន់កាប់។ លុះយូរៗទៅកងទ័ពខ្មែរក្រហមចេះតែរំសាយ ទើបប្ដីប្រពន្ធតាពិន ប្តូរមុខរបរ។ តាពិន ទៅធ្វើជាគ្រូបង្រៀននៅឃុំផ្គាំ ព្រោះតាពិន ជាមនុស្សពូកែខាងសិក្សា។

នៅឆ្នាំ១៩៨៣ ឬ១៩៨៤ ខ្ញុំចុះមករស់នៅក្នុងកងពល៥១៩ ដែលជាកងអន្តរាគមន៍ពិសេស ដឹកនាំដោយលោក ឌុល សារឿន។ នៅក្នុងកងពល៥១៩ ក្រៅពី ឌុល សារឿន មានឈ្មោះ តាហុង (សូ ហុង​), ឡុង ថែម, ម៉ែន ម៉ៅ និង ប៉ែន វយ។  លោក ឌុល សារឿន បានចាត់តាំងខ្ញុំឱ្យទៅធ្វើជានីរសារឲ្យឈ្មោះ សៀន[4] ដែលមានតួនាទីជាដៃស្ដាំរបស់គាត់ (ឌុល សារឿន) និងមានតួនាទីជាមេបញ្ជាការកងពិសេស។ បើនិយាយពីកងពល៥១៩ គឺធ្លាប់ចល័តចេញទៅវាយដល់ទន្លេសាប និងបណ្ដាខេត្តនានា ឱ្យតែមានសំណើកម្លាំងទៅប្រយុទ្ធ។

នៅឆ្នាំ១៩៨៩ និង១៩៩០ ខ្ញុំត្រឡប់មកស្រុកកំណើត និងបានរៀបការប្រពន្ធ។ ក្រោយៗមកទៀត គឺមានកិច្ចចរចាគ្នាដើម្បីសុំឱ្យកម្លាំងខ្មែរក្រហមចូលសមារណកម្ម។ ថ្នាក់លើដូចត្រូវធ្លុងគ្នាហើយ ក៏ឡើងទៅភ្នំពេញ ខ្ញុំជានីរសារក៏បានទៅជាមួយបងៗ ដែលមានតួនាទីជាជួរដឹកនាំ និងបានទៅទស្សនកិច្ចនៅគុកទួលស្លែង។ នៅគុកទួលស្លែង ខ្ញុំបានឃើញរូបថត តាពិន ថតជាមួយនារីៗជាច្រើន។ ខ្ញុំមិនបានដឹងថា តាពិន មានឈ្មោះ ឌុច ដែលជាប្រធានគុកទួលស្លែងឡើយ។ ពេលត្រឡប់មកភូមិផ្គាំវិញ ខ្ញុំបានជួប​ តាពិន នៅកន្លែងហូបគុយទាវ និងបានរៀបរាប់ប្រាប់គាត់អំពីរឿងរូបថត ដែលខ្ញុំបានឃើញនៅគុកទួលស្លែង ប៉ុន្ដែតាពិន បានហាមខ្ញុំកុំឱ្យមាត់៕

[1] សម័យ តឿ, ផ្ដល់បទសម្ភាសន៍ឱ្យ លោក ឡុង ដានី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា, ទីតាំងផ្ដល់បទសម្ភាសន៍ ភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ, នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១០។

[2] គុកខ្មោច នៅពេលបច្ចុប្បន្នគឺជាដីវាលស្រែរបស់ប្រជាពលរដ្ឋ។

[3] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥។ ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

[4] សៀន ឬ ចិសៀន ស្លាប់នៅឆ្នាំ២០០៨ ដោយសារជំងឺ។


អត្ថបទដោយ មីន សាណាស់

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin