សំ ហន៖ ខ្ញុំបានស្ម័គ្រចិត្តតស៊ូបម្រើជាតិជាមួយនឹងចលនាខ្មែរក្រហម

យោធាខ្មែរក្រហមដើរចូលទីក្រុងភ្នំពេញ បន្ទាប់ពីរំដោះបានពីរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សំ​ ហន[1]ភេទ​ប្រុសអាយុ​៦៧ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​ជាង​ទង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។​ បច្ចុប្បន្ន​ ហន​ កំពុង​រស់​នៅ​ភូមិ​អូរ​ស្រម៉រ​ ឃុំ​ត្រពាំង​តាវ​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។​

ហន​ បាន​និយាយ​រៀប​រាប់​ពី​ការ​តស៊ូ​របស់​ខ្លួន​ដូច​តទៅ៖​ «នៅ​ត្រឹម​ឆ្នាំ​១៩៧០​ ខ្ញុំ​មាន​អាយុ​ប្រហែល​១០ឆ្នាំ។​ នៅ​ពេល​នោះ​ ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​ភាព​វឹក​វរ ​ដោយ​សារតែ លន់​ នល់​ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ ព្រះ​បាទ​ នរោត្តម​ សីហនុ​ ពី​តំណែង​។​ ខ្ញុំ​ចង​ចាំ​ថា​ នៅ​ពេល​នោះ​មាន​ក្បួន​បាតុ​កម្ម​ដ៏​ធំ​មួយ​បាន​ដង្ហែ​ចេញ​ពី​វត្ត​មឿង​ចារ្យ​ ឆ្ពោះ​ទៅ​កាន់​ទី​ប្រជុំ​ជន​នៃ​ទី​រួម​ខេត្ត​តាកែវ​ ដោយ​មានសំឡេង​សម្លេង​ប្រជាជន​ស្រែក​ឡើង​ថា​ «ជយោ! ​សម្ដេច​ឪ​..ៗអ្នក​ណា​មិន​ទៅ​ដុត​ផ្ទះ​ចោល​..ៗ​»​។​ សូរ​សំឡេងដ៏​កង​រំពង​ទាំង​នោះ​មិន​បាន​ធ្វើ​ឲ្យ​ព្រឹត្តិ​ការណ៍​ប្រឆាំង​តវ៉ា​មាន​ភាព​ធូរ​ស្រាល​ឡើយ​។​ ប៉ុន្តែវា​បែរ​ជា​ជម្រុញ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ និង​ការ​បាញ់​កាំ​ភ្លើង​ស្រោច​ទៅ​លើ​ក្រុម​បាតុ​ករ​ដែល​កាន់​តែ​បម្លាស់​ទី​ទៅ​មុខ​រឹត​តែ​ខ្លាំង​ឡើង​។​ ក្រោយ​មក​ ដោយ​សារ​ ស្ថាន​ភាព​ក្នុង​ភូមិ​របស់​ខ្ញុំ​មិន​អំណោយ​ផល​ ខ្ញុំ​ក៏​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ជា​មួយ​ប្រជាជន​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា​។​

លុះ​ដល់​ឆ្នាំ​១៩៧១​ ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​កាន់​ទី​កន្លែង​កំណើត​​ ដើម្បី​ទៅ​​ជួប​ជុំ​ជា​មួយ​ឪពុក​ម្ដាយ​ និង​បង​ប្អូន​នៅ​ផ្ទះ​វិញ​។​ បន្ទាប់​ពី​ខ្ញុំ​បាន​ជួប​គ្រួសារ​ ខ្ញុំ​បាន​បន្ត​រស់​នៅ​ផ្ទះ​ជួយ​ធ្វើ​ស្រែ​ និង​ចិញ្ចឹម​គោ​ ឪពុក​ម្ដាយ​។​ នៅ​ថ្ងៃ​មួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​មក​លេង​ខ្ញុំ​នៅ​ផ្ទះ​ ដែលត្រូវ​ជា​មិត្ត​រួម​ថ្នាក់​កាល​នៅ​រៀន​ និង​ជា​មិត្ត​រួម​ដំណើរ​អំឡុង​ពេល​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ពេល​មាន​រដ្ឋ​ប្រហារ​កើត​ឡើង​។​ កាល​ណោះ​ មិត្ត​ភក្តិ​ខ្ញុំ​មិន​បាន​ត្រឡប់​មក​ភូមិ​វិញ​នោះ​ទេ​ គឺ​នៅ​បន្ត​ជា​មួយ​ចលនា​ខ្មែរ​ក្រហម​ ខណៈ​ពេល​ដែល​ខ្ញុំ​ រួម​ទាំង​ប្រជាជន​ផ្សេង​ទៀត​វិល​ត្រឡប់​ទៅ​ភូមិ​ឋាន​។​ ភ្លាមៗ​នោះ​ ខ្ញុំ​ក៏​បាន​មើល​ឃើញ​ស្បែក​ជើង​កង់​ឡាន​មួយ​គូនៅ​ហ្នឹង​ជើង​របស់​មិត្ត​ភក្តិ​ខ្ញុំ​ ដែល​អាច​សន្និដ្ឋាន​បាន​ថា​ជា​កង​រំដោះ​របស់​ខ្មែរ​ក្រហម​។​ ក្រោយ​មក​ទៀត​ ដោយ​សារ​តែ​ឧត្តម​គតិ​ជាតិ​និយម​ ខ្ញុំ​ក៏​បាន​ស្ម័គ្រ​ចិត្តតស៊ូ​បម្រើ​ជាតិ​ជាមួយ​នឹង​ចលនា​ខ្មែរ​ក្រហម​។​ មួយ​រយៈ​ក្រោយ​មក​ ខ្ញុំ​ក៏​បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ដោយ​សារ​ខ្ទាតអំបែង​គ្រាប់​នៅ​ចំ​ក្បាល​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​ពេទ្យ​អង្គ​ភាព​លេខ​៣៥០​។​ អង្គ​ភាព​៣៥០​ គឺ​មិន​មាន​ទី​តាំង​ច្បាស់​លាស់​នោះ​ទេ​ ប៉ុន្តែ​ជា​អង្គ​ភាព​ចល័ត​ ហើយ​លាក់​ការណ៍​បំផុត​ក្នុង​ការ​ជួយ​សង្គ្រោះ​កង​ទ័ព​ដែល​ត្រូវ​របួស​នៅ​ក្នុង​សមរភូមិ​។​ សំ​ ហោ​ ដែល​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ខ្ញុំ​ គឺជា​អ្នក​គ្រប់​គ្រង​នៅ​ទី​កន្លែង​នោះ​ ដោយ​បាន​មើល​ថែ​ខ្ញុំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​។ ​ខ្ញុំ​បាន​ជា​សះ​ស្បើយ​អាច​ត្រឡប់​ទៅ​សមរភូមិ​វិញ។​

លុះ​ដល់​ឆ្នាំ​១៩៧៣​ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​វរ​សេនា​ធំ​លេខ​៤០៦​ ដែលដឹក​នាំ​ដោយ​ ស៊ី​ ជា​ប្រធាន​អង្គ​ភាព​។ កំឡុង​ពេល​នោះ​ អង្គ​ភាព​របស់​ខ្ញុំ​មាន​ទិស​ដៅ​វាយ​ប្រយុទ្ធ​ជា​មួយ​ទាហាន​ លន់​ នល់​ ឆ្ពោះ​ទៅ​កាន់​ស្រុក​កំបូល​ និង​ដើម្បី​ចូល​ទៅ​ដល់​រាជ​ធានី​ភ្នំ​ពេញ​។​ កង​កម្លាំង​ខ្ញុំ​ បាន​វាយ​ប្រយុទ្ធ​ក្នុង​សភាព​​ការណ៍​តាន​តឹង​យ៉ាង​ខ្លាំង​ដោយ​មាន​ការ​ទម្លាក់​គ្រាប់​បែក​ដ៏​សន្ធោសន្ធៅ​ពី​ទាហាន​ លន់​ នល់​ មក​លើ​កង​ទ័ព​ខ្មែរ​ក្រហម​ អស់​រយៈ​ពេល​ជា​ច្រើន​ខែ​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​តែ​រក្សា​ភាព​ក្លាហាន​ និង​មិន​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត​នៅ​ក្នុង​បុព្វ​ហេតុ​តស៊ូ​បម្រើ​ជាតិ​នេះ​ឡើយ​ ដោយ​សារ​យើង​បាន​ជឿ​ទុក​ចិត្ត​ទៅ​លើ​កម្លាំង​របស់​ខ្លួន​ និង​មិន​បោះ​បង់​គ្នា​ទោះ​បី​មាន​អ្នក​ស្លាប់​នៅ​កណ្ដាល​ព្រៃ​ជ្រៅ ក៏​យើង​យក​សាក​សព​ត្រឡប់​ទៅ​មាតុភូមិ​ខ្លួន​វិញ​​។​

រហូត​ដល់​ឆ្នាំ​១៩៧៥​ កង​កម្លាំងខ្មែរ​ក្រហម​ បាន​ទទួល​ជ័យ​ជម្នះ​នៅ​ទី​ក្រុង​ភ្នំ​​ពេញ។​ បន្ទាប់​មក​ កម្លាំង​កង​ទ័ពខ្ញុំ​បាន​បន្ត​ដំណើរ​រហូត​ដល់​ព្រលាន​យន្ត​ហោះ​ ពោធិ៍​ចិន​តុង​។​ ពេល​ទៅ​ដល់​ទី​នោះ​ ការ​ងារ​ដែល​ខ្ញុំ​ធ្វើ​ គឺ​ដើរ​បោស​សម្អាត​ រៀប​ចំ​ផ្ទះ​សម្បែង​ និង​ប្រមែប្រមូល​របស់​របរ​ ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ដើម្បី​រក្សា​ទុក​ជូន​អង្គ​ភាព​។​ ស្ថាន​ភាព​ខ្ញុំ​នៅ​ពេល​នោះ​ គឺ​ប្រៀប​បាន​ដូច​ជា​ព្រះ​សង្ឃ​អ៊ី​ចឹង​មិន​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្វី​នោះ​ទេ​ ព្រោះ​វា​មិន​មែន​ជា​របស់​ខ្លួន​យើង​។​ ជាក់​ស្ដែង​ មាស​ប្រាក់​ដែល​ប្រមូល​បាន​ គឺ​រក្សា​ទុក​ជា​របស់​រួម។​ ក្រោយ​មក​ទៀត​ ក្រុម​ខ្ញុំ​បាន​បន្ត​ដំណើរ​ទៅ​ទួល​កី​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ ដែល​អាច​មើល​ឃើញ​ពី​ទិដ្ឋ​ភាព​ជម្លៀស​របស់​ប្រជាជន​ជា​ច្រើន​នាក់​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​។​ កាល​ណោះ​ កម្លាំង​ខ្ញុំ​មាន​តួនាទី​ត្រួត​ពិនិត្យ​ និង​យាម​កាម​ទៅ​លើ​រថ​យន្ត​ដឹក​ទំនិញ​ដែល​កម្លាំង​របស់​យើង​បាន​ប្រមែ​ប្រមូល​បាន។​ លុះ​ក្រោយ​មក​ទៀត​ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា​ បង​ប្រុស​របស់​ខ្ញុំ​ដែល​ជា​ប្រធាន​អង្គ​ភាព​ពេទ្យ​ត្រូវ​បញ្ជូន​ទៅ​ខេត្ត​កំពង់​សោម​ និង​ត្រូវ​បាន​សម្លាប់​ចោល​នៅ​រោង​កុន​មួយ​កន្លែង​នៅ​ទី​នោះ​។​

អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ក្រោយ​មក​ ខ្ញុំ​ក៏​ត្រូវ​បាន​ប្រធាន​អង្គ​ភាព​បញ្ជូន​ទៅ​កាន់​តំបន់​ព្រែក​ជីក​ដើម្បីឈរ​ជើង​ការ​ពារ​សមរភូមិ​នៅទី​នោះ។​ ពេល​ទៅ​ដល់​ ខ្ញុំ​បាន​ឃើញ​ប្រជាជន​វៀត​ណាម​ ចូល​មក​ស្ទូង​ស្រូវ​នៅ​តាម​តំបន់​ព្រំ​ដែន​ទឹក​ដី​ខ្មែរ​។​ កំឡុង​ពេល​នោះ​ កង​ទ័ព​យើង​បាន​ប្រាប់​ឲ្យ​ប្រជាជន​ទាំង​នោះ​ឆាប់​ដក​ខ្លួន​ចេញ​បន្ទាប់​ពី​ប្រមូល​ផល​រួច​។​ លុះ​ដល់​ឆ្នាំ​១៩៧៨​ កង​កម្លាំង​របស់​យើង​បាន​ប៉ះ​ទង្គិច​ជា​មួយ​កង​ទ័ព​វៀត​ណាម​ ក៏​បាន​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​។​ យើង​បាន​ប្រមូល​កម្លាំង​សរុប​ទាំង​អស់​បួន​អនុសេនា​ធំ​ បាន​រៀប​ចំទៅ​កាន់​មុខ​សញ្ញា​ពី​ភ្នំ​ដិន​ រហូត​ដល់​ព្រៃ​ស្មាច់​ ត​ទល់​ជា​មួយ​កម្លាំង​ថ្មើរ​ជើង​ រួម​ទាំង​រថ​ក្រោះ​វៀត​ណាម​។​ ក្នុង​ការ​វាយ​គ្នា​នេះ​ កម្លាំង​ទ័ព​ខ្មែរ​ក្រហម​បាន​វាយ​ដណ្ដើម​រថ​ក្រោះ​បាន​ជា​ច្រើន​គ្រឿង​។​ ទ័ព​ខ្មែរ​ក្រហម​ បាន​ប្រើ​កាំ​ភ្លើង​ធំ​ ដើម្បី​វាយ​ប្រហារ​ទៅ​លើ​រថ​ក្រោះ​របស់​វៀត​ណាម​។​

ក្រោយ​មក​ទៀត​ ប្រតិបត្តិ​ការ​សឹក​របស់​យើង​បាន​បន្ត​រហូត​ដល់​រដូវ​វស្សា​។​ ទន្ទឹម​នឹង​នេះ​​ កង​កម្លាំង​ប្រមាណ​បួន​កង​ពល​ ត្រូវ​បាន​បញ្ជូន​ទៅ​ទប់​ទល់​ជា​មួយ​វៀត​ណាម​នៅទន្លេ​មេគង្គ​។​ មិន​យូរ​ប៉ុន្មាន​ កម្លាំង​ទ័ព​ខ្មែរ​ក្រហម​កាន់​តែ​មាន​ចំនួន​តិច​ទៅៗ​ ហើយ​សភាព​ការណ៍​ចេះ​តែ​តឹង​តែង​ទៅ​​។​ កង​ទ័ព​វៀត​ណាម​ មាន​ឳកាស​វាយ​ប្រហារ​ជា​ទ្រង់​ទ្រាយ​ស្នែង​ក្របី​ និង​បាញ់​ស្រោច​មក​ពី​គ្រប់​ទិស​ទី​លើ​កង​ទ័ព​ខ្មែរ​ក្រហម​ ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ជា​ច្រើន​នាក់​។​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ កង​ទ័ព​ខ្មែរ​ក្រហម​ទទួល​បរាជ័យ​ និង​បាន​បែក​ខ្ចាត់​ខ្ចាយ​ដាច់​ខ្សែ​រយៈ​ពី​គ្នា​។​ ចំពោះ​កម្លាំង​ដែល​នៅ​សេស​សល់​ក្រោយ​ពី​ការ​វាយ​ប្រហារ​ យើង​បាន​នាំ​គ្នា​ឆ្លង​កាត់​ទន្លេ​មេគង្គឆ្ពោះ​ទៅ​កាន់​ព្រំ​ដែន​​ ដើម្បី​ស្វែង​រក​ទី​ទួល​សុវត្ថិ​ភាព​។​ ក្រោយ​មក​ យើង​បាន​ទៅ​រស់​នៅ​ព្រំ​ដែន​មួយ​រយៈ​ក៏​ទទួល​ដំណឹង​ថា​ ប្រជាជន​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​រស់​នៅ​ឯ​ស្រុក​កំណើត​វិញ​ក្នុង​ឆ្នាំ​១៩៧៩​ ក្រោម​ការ​គ្រប់​គ្រង​របស់​សាធារណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា​។​ ខ្ញុំ​ ក៏បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​កាន់​ឃុំ​ជាង​ទង​ ហើយ​បាន​ចូល​នៅ​ក្នុង​ក្រុម​ប្រតិបត្តិ​ការ​ប្រចាំ​ឃុំ​ផង​ដែរ​។​

លុះ​ដល់​​ចន្លោះ​ឆ្នាំ​១៩៨៤​ ដល់​១៩៩៥​ ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​បម្រើ​ការ​ងារ​នៅ​ខេត្ត​ប៉ៃ​លិន​។​ កាល​ណោះ​ ក្នុង​ចិត្ត​គឺ​មាន​ពីរ​ជម្រើស​ទី​មួយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ប៉ៃ​លិន​ ទី​ពីរ​ខ្ញុំ​ត្រូវ​រត់​គេច​ពី​ការ​បញ្ជូនទៅ​កាន់​ទី​នោះ​។​ ដោយ​ភាព​ភ័យ​ខ្លាច​មិន​ហ៊ាន​ប្រឆាំង​ជា​មួយ​ថ្នាក់​លើ​ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទៅ​តាម​ការ​រៀប​ចំ​របស់​ថ្នាក់​លើ​។​ ដូច្នេះហើយ​ ខ្ញុំ​ទ្រាំ​នៅ​ទី​នោះ​ រហូត​ដល់​សង្គ្រាម​ក្នុង​តំបន់​មាន​ភាព​ធូរ​ស្រាល​ឡើងៗ​ ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ហ៊ាន​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អន្លង់​វែង​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន​ សម្ភាសន៍ជាមួយ សំ ហន នៅភូមិ​អូរស្រម៉រ ឃុំត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin