កងកុមារនៅរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

បាទឈ្មោះ សុទ្ធ សំណាង[1] មានអាយុ៥៧ឆ្នាំ និងមានទីកន្លែងកំណើតនៅ​ ភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំជាគ្រូបង្រៀន ក្នុងវិទ្យាល័យហេងសំរិនឫស្សីស្រុក។ ឪពុកខ្ញុំឈ្មោះ ព្រាប សុទ្ធ ហើយម្ដាយខ្ញុំឈ្មោះ នូវ ឡុង (លោកទាំងពីបានទទួលមរណភាព)។ ខ្ញុំមានបងប្អូនចំនួនប្រាំបួននាក់ ខ្ញុំជាកូនទីប្រាំពីរក្នុងគ្រួសារ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិឃុំដដែរ និងមានភរិយាឈ្មោះ​ ស្រ៊ុន គឹមឡេង មានស្រុកកំណើត ក្នុងភូមិស្វាយក្រោម ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។​ ខ្ញុំមានកូនចំនួនបីនាក់ (ស្រីមួយនាក់ ប្រុស២នាក់)។ កូនប្រុសទីមួយឈ្មោះ សុទ្ធ ល័ក្ម្សី, កូនស្រីទីពីឈ្មោះ សុទ្ធ សុជាតា និងកូនទីបីឈ្មោះ សុទ្ធ វិសាល ។

ការពីមុនរបបខ្មែរក្រហម គ្រួសារខ្ញុំប្រកបមុខធ្វើស្រែចម្ការ និងនេសាទត្រីទៅតាមរដូវកាល។ ក្នុងការរស់នៅប្រចាំថ្ងៃដោយសារដីនៅតំបន់នេះជាប់មាត់ទន្លេមេគង្គ និងជាដីកោះ។ នៅរដូវ​ប្រាំងទឹកចាំផ្ដើមស្រក ប្រជាជនចាប់ផ្ដើមដាំណាំ, បន្លែ ពេលប្រមូលផលរួចចូលដល់រដូវវស្សាទឹកចាប់ផ្ដើមឡើង ប្រជាជនបាននាំគ្នានេសាទត្រីម្ដង ព្រោះទឹកឡើងខ្លាំងបានលិចដីស្រែចម្ការ និងលិចផ្ទះប្រជាជនមួយចំនួននៅតំបន់ទំនាប។ ​ទោះបីគ្រួសាររបស់ខ្ញុំពុំសូវមានទ្រព្យធនច្រើន ​ឪពុកម្តាយ​មិនបានឲ្យកូនឈប់រៀនឡើយ។ លោកទាំងពីរ បានខិតខំរកប្រាក់ផ្គត់ផ្គង់កូនៗបានរៀនខ្ពង់ខ្ពស់ មានការងារធ្វើជាគ្រូបង្រៀន, ពេទ្យ និងការងារផ្សេងៗទៀត។

នៅសម័យ លន់ នល់ ​ខ្ញុំចាំបានថាមានយន្តហោះមកទម្លាក់គ្រាប់បែកក្នុងភូមិស្រុក។ យន្តហោះ បានទម្លាក់គ្រាប់បែកក្នុងភូមិ-ឃុំ និងតាមបណ្ដោយមាត់ទន្លេ។ ការទម្លាក់គ្រាប់បែកនៅតាមទន្លេមេគង្គបានធ្វើឲ្យប៉ះពាល់ប្រជាជនចាម ដែលប្រកបរបរជាអ្នកនេសាទត្រី។ ក្នុងភូមិប្រជាជនបានរត់ទៅរកកន្លែងមានសុវត្ថិភាព ហើយផ្ទះសម្បែងត្រូវបានខូចខាតសត្វពាហនៈបានស្លាប់។

ចំពោះរបបខ្មែរក្រហម ខ្ញុំចាំបានថាគឺមានការលំបាកខ្លាំងណាស់។ កាលនោះ ខ្ញុំមានអាយុប្រមាណប្រាំបួនឆ្នាំ។ ខ្មែរក្រហមឲ្យខ្ញុំទៅធ្វើការក្នុងកងកុមារ ដូចក្មេងៗទូទៅដែរ។ ការងាររបស់ខ្ញុំគឺប្រមូលអាចម៍គោពីផ្ទះចំនួន១២ ជារៀងរាល់ថ្ងៃ។ ប​ន្ទាប់មកបានទៅដកសំណាបដោយខ្មែរក្រហមកំណត់ចំនួនប្រមាណប្រាំដំបរ។ ខ្មែរក្រហមបានឲ្យឪពុកម្ដាយខ្ញុំទៅធ្វើជាកងចល័ត ឪពុកខ្ញុំធ្វើការងារភ្ជួរដីស្រែចម្ការ, ម្តាយខ្ញុំទៅ ដកស្ទូង និងច្រូតស្រូវ គាត់ធ្វើការងារទៅតាមបញ្ជាខ្មែរក្រហម។

​ចំណែករបបអាហារខ្ញុំទទូលបានបបរពីរពេលស្ទើរតែគ្មានគ្រាប់អង្ករ។ បបរត្រូវចែកជាចំណែកស្មើៗគ្នា គ្មានអ្នកណាច្រើនជាងអ្នកណាឡើយ របបអាហារមិនស្មើ និងកម្លាំងធ្វើការងារឡើយ។ ពេលនោះក្រុមគ្រួសារខ្ញុំត្រូវរស់នៅធ្វើការផ្សេងពីគ្នា។

អ្វីដែលខ្ញុំចងចាំមិនបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺបងប្អូនរបស់ខ្ញុំត្រូវបាត់បង់ជីវិតចំនួនប្រាំនាក់។ ការណោះ បងខ្ញុំជាគ្រូពេទ្យពីរនាក់ និងធ្វើជាគ្រូបង្រៀនម្នាក់ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ បងស្រីខ្ញុំម្នាក់ទៀតបានឮដំណឹងមួយនេះបាននាំគ្នាទៅសួរនាំ ខ្មែរក្រហមបានសម្លាប់ចោលទាំងអស់គ្នា។ ពេលខ្ញុំនឹកឃើញរឿងនេះម្ដងៗធ្វើឲ្យខ្ញុំក្ដុកក្ដួលជាខ្លាំង ដោយសាររបបខ្មែរក្រហម បានធ្វើឲ្យបងប្អូនខ្ញុំ និងប្រជាជនជាច្រើនបានស្លាប់ទាំងគ្មានកំហុស។

សម្រាប់បញ្ហាតាមព្រំដែនកម្ពុជា និងថៃ នៅពេលនេះ​ ខ្ញុំបានតាមដានតាមរយៈព័ត៌មានផ្សេងៗ ខ្ញុំឃើញថា ការប៉ះទង្កិចគ្នាលើកនេះមានសភាពខ្លាំងជាង សង្គ្រាមមុនៗ ដែលខ្ញុំបានដឹង។​ ខ្ញុំបានឃើញពីរូបភាពនៃការជម្លៀសប្រជាជនចេញពីលំនៅដ្ឋាន ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងមកលើប្រជាជនខ្មែរ។ ខ្ញុំជឿជាក់ថាបញ្ហាសង្គ្រាមមួយនឹងបញ្ចាប់ទៅក្នុងពេលឆាប់ៗ ដើម្បីកុំឲ្យមានផលប៉ះពាល់ខ្លាំង មកលើប្រជាជនទាំងសងខាង៕

អត្ថបទដោយ សាំង ចាន់ធូ


[1] បទសម្ភាសន៍ ប្រវត្តិសាស្ត្រផ្ទាល់មាត់ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាមួយ សុទ្ធ សំណាង  អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខែសីហា ឆ្នាំ២០២៥ ដោយសាំង ចាន់ធូ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin