ការរត់គេចខ្លួនពីកងឈ្លប

សំរៀម ពៀ រស់នៅភូមិឡាម៉ឹយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ជាជនជាតិដើមភាគតិចកាវែត សំរៀម ពៀ មានអាយុ ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាម៉ឹយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី បានរៀបរាប់ពីដំណើរជីវិតរបស់គាត់នៅសម័យខ្មែរក្រហម។

កាលនោះ សំរៀម ពៀ ស្ថិតនៅក្នុងវ័យកុមារ គាត់ត្រូវបានអង្គការអនុញ្ញាតឲ្យរស់នៅជាមួយម្តាយ ដើម្បីជួយមើលថែរក្សាប្អូន នៅពេលម្តាយរបស់គាត់ទៅធ្វើការ។ ប្រាំមួយខែក្រោយមក គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាកងចល័ត ដោយត្រូវស្ទូងស្រូវ ដកស្រូវ ដកសំណាប និងច្រូតស្រូវ។

ក្រោយមកទៀត គាត់ត្រូវបញ្ជូនឲ្យទៅលើកទំនប់នៅខេត្តស្ទឹងត្រែង។ នៅទីនោះ គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលឈប់សម្រាកគ្រប់គ្រាន់។ នៅពេលគាត់មានជំងឺ កងឈ្លបបានបង្ខំឲ្យគាត់ធ្វើការងារទាំងឈឺ តែគាត់បានប្រកែកនិងចង់ត្រឡប់មកភូមិកំណើតវិញ។

គាត់ត្រូវបានខ្មែរក្រហមចាត់ឲ្យយាមនៅទំនប់នោះ ដោយគំរាមថា នឹងចាប់គាត់យកទៅរៀនសូត្រ ប្រសិនបើគាត់មិនព្រមអនុវត្តទៅតាមបញ្ជារបស់កងឈ្លប។ ​ឮដូច្នេះ គាត់ចាប់ផ្តើមភ័យជាខ្លាំង និងរត់ត្រឡប់ទៅធ្វើការនៅក្នុងក្រុមសហករណ៍វិញ។

កងឈ្លបខ្មែរក្រហមបានដេញតាមចាប់គាត់យកទៅសម្លាប់ តែសំណាងល្អគាត់បានរត់ពួននៅជិតទន្ទ្រានខេត្តដែលដុះយ៉ាងក្រាស់ ទើបកងឈ្លបនោះរកគាត់មិនឃើញ។ ក្រោយពីពេលនោះ គាត់បានត្រឡប់មកធ្វើការនៅក្នុងកងកុមារនៅក្នុងភូមិវិញ ដោយជីកដីដំបូក និងកាប់ចិញ្ជ្រាំទន្ទ្រានខេត្តសម្រាប់ធ្វើជី។

បើនិយាយពីរបបអាហារនៅសម័យខ្មែរក្រហម គឺប្រជាជនហូបចុកមិនគ្រប់គ្រាន់ ដោយទទួលបានបាយតែពីរវែកប៉ុណ្ណោះក្នុងមួយនាក់។ ខ្មែរក្រហមបានចិញ្ច្រាំ មើមដំឡូង ដើមចេក លាយជាមួយអង្ករសម្រាប់ដាំបាយឲ្យប្រជា​ជនហូប។

សម្រាប់ប្រជាជនដែលជាជនជាតិដើមភាគតិច គឺមិនអនុញ្ញាតឲ្យមានការធ្វើពិធីសែនព្រេន ឬពិធីបុណ្យសព ដែលជាទំនៀមទម្លាប់របស់គាត់នោះឡើយ គឺខ្មែរក្រហមបំបាត់ចោលទាំងអស់នូវវប្បធម៌ប្រពៃណីបុរាណ ជំនួសដោយសារស្លៀកពាក់ពណ៌ខ្មៅ និងតម្រូវឲ្យមនុស្សស្រីកាត់សក់ខ្លីទាំងអស់គ្នា៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin