ការពិតបងថ្លៃរបស់ខ្ញុំត្រូវបានកងឈ្លបសម្លាប់ដោយសារដំឡូងមួយមើម

សំរៀម ពិន រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  សំរៀម ពិន មានអាយុ ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើន​សៃ ខេត្តរតនគិរី។

មុនសម័យខ្មែរក្រហម ក្រុមគ្រួសាររបស់ សំរៀម ពិន និងប្រជាជន​ឯទៀតបានរត់គេចខ្លួនពីភ្នក់ភ្លើងសង្គ្រាមទៅរស់នៅឯប្រទេសឡាវ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់​គ្រងប្រទេសកម្ពុជាទាំងមូល កងឈ្លបខ្មែរក្រហមចាប់ផ្តើមប្រមូលផ្ដុំប្រជាជនដែលរស់នៅប្រទេសឡាវឲ្យត្រឡប់ចូលមករស់នៅទីកន្លែងកំណើតវិញ។

ក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យ​មក​រស់នៅភូមិឡាម៉ឺយ បន្ទាប់មកទៅរស់នៅតាមសហករណ៍ នៅឯខេត្តស្វាយរៀង។ នៅទីនោះ សំរៀម ពិន ត្រូវចូល​​​​​ធ្វើការងារបម្រើអង្គការជាកងចល័ត ដែលមានតួនាទី កាប់​គាស់ដី លើកភ្លឺស្រែ ទាំងថ្ងៃទាំងយប់ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់។ សមាជិកកងចល័តទាំងអស់ត្រូវច្រូត​ស្រូវ និងលើកភ្លឺស្រែប្រវែង៥ម៉ែត្រ ឲ្យបានតាមការកំណត់របស់អង្គការខ្មែរក្រហម អ្នកដែលធ្វើមិនបានសម្រេច និងត្រូវកងឈ្លបបង្អត់អាហារ។ នៅថ្ងៃខ្លះ គាត់ត្រូវ​​ដកសំណាបឲ្យបាន១០០ផ្លូន ក្នុងរយៈពេលមួយថ្ងៃ  ដោយ​ព្រឹកចំនួន៥០ផ្លូន និងល្ងាចចំនួន៥០ផ្លូន រួចស្អែកឡើង គាត់ត្រូវស្ទូងស្រូវបន្ត។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានដាក់ផែនការឲ្យប្រជាជនធ្វើស្រែឲ្យបានបីតោននៃទិន្នផលស្រូវក្នុងមួយហិចតា។ កងចល័តរបស់ សំរៀម ពិន ត្រូវដើរជួយច្រូតស្រូវ និងដឹកជញ្ជូនស្រូវនៅពេលយប់។ គាត់ត្រូវធ្វើការតាំងពីម៉ោង៦ ព្រឹកដល់១២ថ្ងៃត្រង់ ដោយសម្រាកហូបបាយ និងបន្តធ្វើការពីម៉ោង១ថ្ងៃត្រង់ដល់៦ល្ងាច ទើបបានសម្រាកហូបបាយ​ម្តងទៀត។ នៅម៉ោង៧យប់ គាត់ត្រូវទៅជញ្ជូន និងច្រូតស្រូវរហូតដល់ម៉ោង១១យប់ ទើបបានសម្រាក។

របបអាហារនៅសម័យនោះមានដូចជាបាយលាយជា​មួយ​បន្លែ និងផ្លែឈើ ដូចជាផ្លែកន្ទួត មើមដំឡូង និងដើមចេក។

នៅឆ្នាំ១៩៧៨ កងចល័តរបស់គាត់ត្រូវបញ្ជូនឲ្យទៅធ្វើការនៅឃុំកំភុន (ស្រុកសេសាន) ខេត្តស្ទឹងត្រែង តែសម្រាប់គាត់ដោយសារជំងឺ គាត់ត្រូវបន្តធ្វើការក្នុងភូមិមានដូចជា បុកស្រូវ ឬជីកប្រឡាយដែលមានបណ្តោយ៥ ម៉ែត្រ និង ទទឹង២ម៉ែត្រ ក្នុងមួយថ្ងៃ។ មនុស្សប្រហែលជា ៣០ ឬ ៤០ នាក់ត្រូវចែកជា៥ កង មានដូចជា កងតេន ដែលដឹកនាំដោយមេកងឈ្មោះតេន និង កងយឺម កងវែត កងតាន់ និងកងយ៉មជាបន្តបន្ទាប់។ ខ្មែរក្រហមចែកកងនោះជាក្រុមៗដោយមួយក្រុមមានសមាជិកពី៣ ទៅ៥នាក់​សម្រាប់ធ្វើការរួម។

នៅសម័យនោះអ្នកដែលមានជំងឺ គឺមានតែថ្នាំអាចម៍ទន្សាយ​សម្រាប់ព្យាបាលជំងឺ ជួនកាល សំរៀម ពិន បានដុតផ្លែកន្ទួតសម្រាប់ធ្វើថ្នាំដែលគ្មានប្រសិទ្ធិភាពនោះទេ។ អ្នកភូមិម្នាក់ឈ្មោះ លិម ត្រូវបានខ្មែរក្រហមរកនឹងសម្លាប់ដោយសារលួចគាស់ដំឡូង តែសំណាងល្អត្រូវបានខ្មែរក្រហមលើកលែងដោយមានបងស្រីរបស់គាត់ជាអ្នកអង្វរករ។

ដោយឡែក បងស្រីថ្លៃរបស់ សំរៀម ពិន ឈ្មោះ រី ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយសារគាត់លួចគាស់ដំឡូង និងជ្រុះក្រមាដែលមានដំឡូងនោះ លុះព្រឹកឡើង កងឈ្លបខ្មែរក្រហមកោះហៅប្រជាជនប្រជុំ និងស្វែងរកម្ចាស់ក្រមា។ បងរី បានឡើងទៅយកក្រមា និងត្រូវបានកង​ឈ្លបម្នាក់នាំគាត់ទៅយកត្បាល់នៅស្រែត្បូង តែការពិត គាត់ត្រូវបានកងឈ្លបសម្លាប់ដោយសារដំឡូងមួយមើម៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin