ភាពភ័យខ្លាចក្នុងរបបខ្មែរក្រហមនៅតែតាមខ្ញុំមកដល់សព្វថ្ងៃ

ឈ្មោះថា សំរិទ្ធ ធឿន[1] ភេទប្រុស អាយុ ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅ ខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំមករស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ សំរិទ្ធ ង៉ែត ចំណែកម្តាយ ឈ្មោះ សុខ ជា។ ខ្ញុំមានបងប្អូនចំនួន ៥នាក់ (ស្រី២ និងប្រុស៣)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ រ៉ាន់ បានស្លាប់ទៅហើយ។ ខ្ញុំមានកូនចំនួន៥នាក់ (ស្រី៤ និងប្រុស១)។
មូលហេតុដែលខ្ញុំបានសម្រេចចិត្តមករស់នៅបុរីអូរស្វាយនេះដោយសារតែសម្តេច នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បានអំពាវនាវឲ្យប្រជាជនមករស់នៅតាមព្រំដែនដោយខ្លាចឡាវមកយកដីរបស់យើង។ ប្រជាជនភាគច្រើនសុទ្ធតែប្រជាជនមកពីខេត្តតាកែវមករស់នៅតំបន់នេះ។ កាលពីសម័យសង្គមរាស្រ្តនិយមនៅតំបន់អូរស្វាយនេះសម្តេចព្រះនរោត្ដម សីហនុ បានសាងសង់ផ្ទះកាឡុង, សាលារៀន, វត្តអារាម, សាលាស្រុក, និងសួនច្បារ។ សម្តេចព្រះនរោត្ដម សីហនុ យាងមកដល់តំបន់អូរស្វាយនេះនៅក្នុងឆ្នាំ១៩៦៨ ពេលនោះដែរមានការ ទម្លាក់ក្រណាត់ដែលមានប៉ាក់នៅលើក្រណាត់នោះថា «សង្គមរាស្ត្រនិយម» ពីលើយន្តហោះមក។ សម្តេចព្រះនរោត្ដម សីហនុ បង្កើតកន្លែងមួយដែលប្រជាជនអាចទៅយក អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ,ឲ្យប្រជាជនដែលរស់នៅតំបន់នេះជារៀងរាល់ខែ អាចនិយាយបានថាគឺចិញ្ចឹមប្រជារាស្រ្តរបស់ព្រះអង្គទាំងឡាយណាដែលមករស់នៅតំបន់នេះតែម្ដង។ នៅពេលមានកម្មវិធីបុណ្យជាតិដូចជាចូលឆ្នាំថ្មី ភ្ជុំបិណ្ឌប្រជាជននាំគ្នាលេងសប្បាយរីករាយណាស់នៅតំបន់នេះ។
មកដល់របបលន់ នល់ មានការទម្លាក់គ្រាប់បែកច្រើននៅតំបន់នេះ។ ប្រជាជននាំគ្នាជីកត្រង់សេរសម្រាប់ការពារខ្លួន។ ចំពោះការបរិភោគវិញមានការលំបាក់ណាស់ មិនហ៊ានបង្កាត់ភ្លើងឲ្យមានផ្សែងនោះទេ ព្រោះនៅពេលមានផ្សែងនៅកន្លែងណាយន្តហោះនិងទំលាក់គ្រាប់បែកនៅកន្លែងនោះជាមិនខាន។ ខ្ញុំមានភាពភ័យខ្លាចណាស់ពេលមានទម្លាក់គ្រាប់បែកមកម្តងៗនៅពេលនោះ។
ចូលដល់ខ្មែរក្រហមខ្ញុំមានអាយុប្រហែល ១៨ឆ្នាំ ខ្មែរក្រហមបានជម្លៀសខ្ញុំ និងប្រជាជនទៅរស់នៅគុជចំបក់ ទៅដល់ទីនោះខ្មែរក្រហមបានប្រើប្រជាជនឲ្យទៅជីកទំនប់ លើកប្រឡាយ ធ្វើស្រែចំការ។ ប្រជាជនហូបចុកមិនបានគ្រប់គ្រាន់។ ភាគច្រើនអង្គការស្លតែគល់ចេក លាយមើមក្ដួច និងបបរឲ្យ បរិភោគ។ អង្គការមិនឲ្យរស់ជុំបងប្អូន សូម្បីតែឪពុកម្តាយក៏មិនឲ្យរស់នៅជាមួយគ្នាឡើយ។ ឪពុកម្តាយអង្គការឲ្យរស់នៅតាមមន្ទីរធំៗ បែកកូនចៅមិនបានជួបជុំគ្នាទេ។ ខ្ញុំបានឃើញខ្មែរក្រហមចាប់មនុស្សយកទៅសម្លាប់ទាំងប្រុសស្រី ជូនកាលចងយកទៅដាក់ក្នុងប៉ាវទម្លាក់ពីលើឡាន។ ជាពិសេសអ្នកលើកទំនប់សុទ្ធតែស្រីៗយកទៅសម្លាប់។ ពេលឈឺអង្គការចោទថាធ្វើពុត គេចវេសមិនចង់ធ្វើការងារអង្គការក៏បានយកទៅសម្លាប់ចោលនៅក្បែរៗទំនប់ ជូនកាលទៀតយកទៅទម្លាក់ក្នុងទឹកចោល។ ខ្លះយកទៅកប់ដីទាំងរស់ ជាពិសេសអ្នកកងចល័តយកទៅធ្វើបាប។ ជូនកាលអ្នកធ្វើការមិនបានល្អគេបាញ់ចោលតែម្តង។ បងប្អូនរបស់ខ្ញុំរស់នៅបែកគ្នា អ្នកខ្លះនៅតាម សហករណ៍ ខ្លះទៀតនៅតាមចល័តនៅក្នុងព្រៃ។ នៅរដូវចូលឆ្នាំអង្គការឲ្យលេង ប៉ុន្តែប្រជាជនលេងទាំងមានភាពភ័យខ្លាច។ ពេលខ្លះកំពុងចូលឆ្នាំអង្គការចាប់ទៅសម្លាប់ក៏មាន អង្គការថាខុសសីលធម៌។ អង្គការបង្ខំឲ្យរៀបការម្តង១០គូរ ឬ១៥គូរ មានភាពវេទនាខ្លាំងណាស់។ នៅរបបខ្មែរក្រហមខ្ញុំចាំមិនដែលភ្លេច អង្គការបានធ្វើបាបបង្អត់អាហារ។ សម្រាប់សម្លៀលបំពាក់អង្គការមិនឲ្យប្រើ យើងត្រូវកាត់ដេរក្រណាត់ខ្លួនឯង។ ក្រណាត់ពណ៌សរយកទៅជ្រលក់ជាមួយស្លឹកឈើ ជ្រលក់ហើយយកទៅជាន់ជាមួយដីឲ្យក្លាយទៅជាពណ៌ខ្មៅសម្រាប់ស្លៀកពាក់។ ប្រជាជនត្បាញបាន១កី ទៅ ២កីសម្រាប់កាត់ចែកគ្នាពាក់។
នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរលំរបបខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន។[2] ខ្មែរក្រហមបានជម្លៀសប្រជាជនរួមទាំងរូបខ្ញុំចេញពីកុជចំបក់ឲ្យឆ្លងទឹកទៅតាមទន្លេ ទៅដល់ខេត្តព្រះវិហារ។ នៅពេលជម្លៀសនោះខ្មែរក្រហមបានសម្លាប់ប្រជាជនតាមផ្លូវរហូតដើម្បីឲ្យប្រជាជនធ្វើដំណើរឲ្យបានលឿន។ ក៏ប៉ុន្តែមិនបានដល់គោលដៅដែលខ្មែរក្រហមបាននាំទៅផលខ្ញុំក៏បានជួបកងទ័ពស្មាកចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏បានបញ្ចូន ខ្ញុំមកដល់ខេត្តស្ទឹងត្រែង អ្នកដែលធ្លាប់នៅតំបន់ណាឲ្យទៅរស់នៅតំបន់នោះវិញ។ ខ្ញុំមកដល់តំបន់អូរស្វាយវិញ ប្រកបមុខរបរធ្វើស្រែចំការ រៀបចំផ្ទះសំបែងឡើងវិញ៕
អត្ថបទដោយ ស្រេង លីដា
[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ សំរិទ្ធ ធឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១