យុទ្ធជនដ៏អង់អាចក្លាហានការពារបូរណភាពទឹកដីងើបឡើងប្រឆាំងជាមួយរបបខ្មែរក្រហម

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ គឺជាខួបលើកទី៤៨ ទិវានៃការចងចាំរដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យុទ្ធជនដ៏អង់អាចក្លាហាន ការពារបូរណភាពទឹកដី ងើបឡើងប្រឆាំងជាមួយកងកម្លាំងខ្មែរក្រហម កាលពី៤៨ឆ្នាំមុន។
បន្ទាប់ពីខ្មែរក្រហមឡើងកាន់កាប់អំណាចទាំងស្រុងលើប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជននៅតាមទីក្រុង ទីប្រជុំជន ត្រូវបានជម្លៀសឲ្យទៅរស់នៅតាមជនបទ ដើម្បីបង្កបង្កើនផល។ អង្គការបដិវត្តន៍[1] ត្រូវបានបង្កើតឡើង ដោយស្តី្រនិងបុរស ដែលជាសមាជិកបក្សកុម្មុនីស្តកម្ពុជា។ បក្សកម្មុនីស្តកម្ពុជា បានរក្សាពាក្យសម្ងាត់នេះ ស្ទើរតែពេញមួយរយៈពេល ដែលខ្លួនគ្រប់គ្រងប្រទេសកម្ពុជា។
នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជា បានបែងចែកកម្ពុជាប្រជាធិបតេយ្យ ទៅជា៦ភូមិភាគ ដែលរួមមាន៣២តំបន់[2]។ ភូមិភាគនីមួយៗ គឺយកខេត្តពីរឬច្រើនមកបញ្ចូលគ្នា ឬកាត់ស្រុក១ ឬច្រើន ចេញពីខេត្តនេះខ្លះ ឬខេត្តនោះខ្លះមកបញ្ចូលគ្នា។ ភូមិភាគនិងតំបន់ទាំងអស់ សុទ្ធតែត្រូវបានដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗ ចែកចេញជាច្រើនតំបន់ ហើយតំបន់នីមួយៗចែកចេញជាស្រុក ឃុំ និងសហករណ៍។
សភាពការណ៍កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ញ៉ាំងឲ្យសមមិត្ត ហ៊ុន សែន សម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា ដើម្បីបុព្វហេតុជាតិ និងមាតុភូមិជាទីស្រឡាញ់។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧[3] សមមិត្ត ហ៊ុន សែន ដែលនៅពេលនោះមានអាយុ ២៥ឆ្នាំ និងយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូប បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា តាមភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ក្នុងគោលបំណងប្រមូលកម្លាំងតស៊ូ អ្នកស្នេហាជាតិ ដើម្បីវាយរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅឆ្នាំ១៩៧៨ សមមិត្ត ហ៊ុន សែន បានក្លាយជាស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
ខាងក្រោមនេះ គឺជាបណ្តុំរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ ដែលជាអ្នកប្រឆាំងកងកម្លាំងខ្មែរក្រហម៖
ខ្ញុំឈ្មោះ មើក នូវ[4] ភេទប្រុស អាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានកូនចំនួន៧នាក់ (ស្រី១នាក់និងប្រុស៦នាក់)។ ខ្ញុំមានបងប្អូនចំនួន៥នាក់(ប្រុសម្នាក់និងស្រី៤នាក់)។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់ខ្ញុំចំនួន២នាក់ (ម្នាក់ធ្វើគ្រូបង្រៀន និងម្នាក់ទៀតធ្វើជាកងទ័ពខ្មែរក្រហម) បានស្លាប់។ ឪពុករបស់ខ្ញុំឈ្មោះ ឆ្មា មើក និងម្ដាយឈ្មោះ កូវ លឹ។ ខ្ញុំជាកូនទីបីនៅក្នុងគ្រួសារ។
នៅក្នុងឆ្នាំ១៩៧៨ កម្មាភិបាលថ្នាក់លើ និងកងទ័ពតំបន់ ២០ ២១ ២២ ២៣ និង ២៤ បានចូលដៃជើងជាមួយវៀតណាម។ សោ ភឹមជាអ្នកគ្រប់គ្រងភូមិភាគបូព៌ា ក្បត់រាជរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ ចំណែក តាគីន និងតាទីន បានរត់ភៀសខ្លួនទៅប្រទេសវៀតណាម។ នៅតាមផ្លូវ ខ្ញុំបានរើសកាសែតមកអាន។ នៅក្នុងកាសែតនោះ ខ្មែរក្រហមបានសរសេរថា សោ ភឹម ជាជនក្បត់ជាតិបានចូលដៃជើងជាមួយវៀតណាម។ ពេលខ្ញុំអានចប់ ខ្ញុំបានបោះក្រដាសនោះចោល។
បន្ទាប់ពីត្រូវខ្មែរក្រហមចោទថាប្រជាជន និងកម្មាភិបាលភូមិភាគបូព៌ា ជាជនក្បត់ មនុស្សរស់នៅក្នុងតំបន់នេះ បាននាំគ្នាប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ ភូមិភាគបូព៌ាក្លាយទៅជាសមរភូមិរវាងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ និងកងទ័ពបះបោរ។ ហេតុការណ៍នេះ ធ្វើប្រជាជនរាប់ពាន់នាក់រត់គេចខ្លួនចេញពីភូមិភាគបូព៌ា ដោយសារមានការបាញ់គ្នាខ្លាំងពេក។ ពេលនោះ ខ្ញុំបានរត់ចេញពីបន្ទាយខេត្តព្រៃវែង មកនៅខេត្តកំពង់ចាមវិញ។ ខ្ញុំនៅកំពង់ចាមបានរយៈពេល១ខែ ស្រាប់តែមានកងទ័ពមជ្ឈិមមកដល់។ ទ័ពមជ្ឈិមចូលមកចាប់អ្នកធ្លាប់បម្រើការងារក្នុងជួរកងទ័ពក្នុងតំបន់ភូមិភាគបូព៌ា។ ខ្ញុំស្លៀកពាក់ខោអាវឯកសណ្ឋានកងទ័ព មានព័ណ៌ស្លាបសេក។ ខណៈនោះ ខ្ញុំគ្មានសម្លៀកបំពាក់សម្រាប់ផ្លាស់ប្ដូរទេ។ ជាសំណាងល្អ ក្រុមរបស់ខ្ញុំមិនបានជួបកងទ័ពមជ្ឈិម។ ប្រសិនទ័ពមជ្ឈិមជួបក្រុមរបស់ខ្ញុំ ក្រុមខ្ញុំប្រាកដជាស្លាប់ទាំង១៥នាក់ជាមិនខាន។
នៅពាក់កណ្តាលឆ្នាំ១៩៧៨ ក្រុមរបស់ខ្ញុំមានគ្រាប់បែកមួយគ្រាប់ដាក់តាមខ្លួនសម្រាប់បោកយកត្រីធ្វើម្ហូប។ ចៃដន្យ យើងបានជួបជាមួយកងទ័ពវៀតណាម។ ទ័ពវៀតណាម ចូលមកឆែកលើខ្លួនខ្ញុំ និងកងទ័ពដទៃទៀត។ កងទ័ពវៀតណាមបានប្រទះឃើញគ្រាប់បែកនោះ ហើយកងទ័ពវៀតណាមចាប់ក្រុមខ្ញុំទាំងអស់យកទៅសួរចម្លើយ។ ពេលវៀតណាមសួរនាំ ខ្ញុំបានប្រាប់តាមដំណើររឿងរ៉ាវទៅកងទ័ពវៀតណាម។ ក្រោយមក ដំណឹងនេះបានលេចឮដល់ តាគីន និង តាទីន។ តាគីន និង ទីន ចេញមកធានាក្រុមខ្ញុំទាំង១៥នាក់។ បន្ទាប់មក សមាជិកក្រុមទាំង១៥នាក់របស់ខ្ញុំ បានចូលធ្វើកងទ័ពជាមួយវៀតណាម។ ខ្ញុំត្រូវបានបញ្ជូនទៅហាត់កងទ័ពនៅប្រទេសវៀតណាមរយៈពេលបីខែ។
នៅឆ្នាំ១៩៧៩ ក្រុមខ្ញុំមានកងកម្លាំង១៥នាក់ត្រូវបែកគ្នា ដើម្បីចេញទៅវាយជាមួយខ្មែរក្រហម រហូតទទួលជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយមកសមមិត្ត ហេង សំរិន បានប្រកាសបង្កើតកងវរសេនាតូចចំនួន៣ គឺកងវរសេនាតូចលេខ៣២ កងវរសេនាតូចលេខ៣៣ និងកងវរសេនាតូចនារី។ ពេលនោះសមមិត្ត ហេង បូរិន ជាប្រធានវេរៈលេខ៣៣ បានបោះទីតាំងនៅពាមជីលាំង និងពាមជាំង ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។
នៅក្នុងឆ្នាំ១៩៨០ គ្រួសារខ្ញុំគិតថា ខ្ញុំបានស្លាប់ហើយ ពីព្រោះខ្ញុំបានទៅហាត់ទ័ពនៅប្រទេសវៀតណាមអស់ជាងមួយឆ្នាំ ហើយខ្ញុំមិនបានផ្តល់ដំណឹងមកផ្ទះឡើយ។
ខ្ញុំឈ្មោះ សាម ស៊ីន[5] ភេទប្រុស អាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ សាម សឿន អាយុ៨៦ឆ្នាំ និងម្តាយឈ្មោះ គឹម មីន។ ឪពុកម្តាយខ្ញុំ មានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងអស់គ្នា។ ប្រពន្ធខ្ញុំមានឈ្មោះ អ៊ុយ សាអឿន អាយុ៦៨ឆ្នាំ ហើយយើងមានកូនចំនួន៧នាក់ (ស្រី៣នាក់ និងប្រុស៤នាក់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៤នាក់ និងប្រុស៣នាក់) ដោយខ្ញុំជាកូនច្បង។
នៅចន្លោះ ឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៦ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យនៅកងចល័តក្នុងភូមិរំចេកដើម្បីធ្វើការងារពលកម្មនៅតាមវាលស្រែ។ បន្ទាប់មក ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅធ្វើការងារពលកម្ម នៅក្នុងកងចល័តឃុំរំចេក ស្ថិតនៅគីឡូ៣០ (ភូមិកន្ទួត)។ ខ្មែរក្រហម បានជ្រើសរើសយុវជនប្រមាណ១០នាក់ពីភូមិរំចេក និងយុវជនប្រមាណ៥០នាក់ទៀត ពីភូមិផ្សេងៗក្នុងឃុំរំចេក ដើម្បីចូលរួមក្នុងកងចល័តឃុំរំចេក។ ខ្មែរក្រហម បានចាត់តាំងកងចល័តឃុំរំចេកឲ្យជីកប្រឡាយ និងលើកទំនប់នៅព្រៃបាក់ស្អុង។ ក្រោយមកទៀត ខ្មែរក្រហមបានជ្រើសរើសខ្ញុំ និងយុវជនចំនួន១០នាក់ទៀតឲ្យទៅលើកទំនប់នៅបឹងក្រចាប់ ដែលស្ថិតនៅស្រុកខេត្តត្បូងឃ្មុំ។ ខ្ញុំលើកទំនប់នៅបឹងក្រចាប់រយៈពេល៣ខែ ដោយលក្ខខណ្ឌការងារលំបាកខ្លាំង។ ខ្ញុំហូបតែបបររាវៗជាមួយសម្លព្រលិត និងសម្លម្ជូរដើមចេកជាដើម។ ចំណែកកម្មាភិបាលខ្មែរក្រហមហូបផ្សេង គឺហូបបាយ និងមានម្ហូបគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៨ ខ្ញុំបានត្រលប់មកផ្ទះវិញ ហើយកងទ័ពមជ្ឈិម (កងទ័ពភូមិភាគនិរតី) បានចូលមកភូមិភាគបូព៌ា និងភូមិរំចេក ដើម្បីចាប់កម្មាភិបាល កងទ័ព និងប្រជាជនបូព៌ាយកទៅសម្លាប់។ ខ្ញុំមានគ្នា៣នាក់ គឺមានឈ្មោះ ឈាង, ឈ្មោះហែម និងខ្ញុំ បានរត់ចូលព្រៃតស៊ូប្រឆាំងនឹងខ្មែរក្រហមវិញ។ បន្ទាប់មក យើងបានចូលរួមជាមួយកងទ័ព០៩ ដែលជាអតីតកងទ័ពភូមិភាគបូព៌ា បានចូលក្នុងព្រៃងើបឡើង បះបោរប្រឆាំងនឹងខ្មែរក្រហមនៅឆ្នាំ១៩៧៨។
ក្រោយមក អង្គភាពកងទ័ព០៩ បានចាត់តាំងឲ្យខ្ញុំចូលទៅក្នុងព្រៃបាក់ស្អុង និងព្រៃអារងុយនៅក្នុងភូមិកកោះ។ អង្គភាពខ្ញុំនៅក្នុងព្រៃបាក់ស្អុង មានមេដឹកនាំឈ្មោះ ហេង អ៊ឹង។ អង្គភាពខ្ញុំបានប្រយុទ្ធជាមួយកងទ័ពមជ្ឈិមរបស់ខ្មែរក្រហមញឹកញាប់ រហូតដល់មានពេលខ្លះយើងត្រូវវាយគ្នារហូតមិនអាចចេញទៅរកម្ហូបមកហូបចុកបានឡើយ។ បន្ទាប់មក តា ហេង អ៊ឹង បានដឹកនាំអង្គភាពខ្ញុំចេញពីព្រៃមកនៅស្រុកមេមត់ក្នុងភូមិខ្នងក្រពើ និងឡើងជិះរថយន្តទៅប្រទេសវៀតណាម។ នៅវេលាម៉ោង១រំលងអាធ្រាតថ្ងៃបន្ទាប់ ខ្ញុំ និងកងទ័ពផ្សេងទៀតបានជិះឡានទៅឡុងយ៉ាវ ប្រទេសវៀតណាម ដើម្បីហ្វឹកហាត់យុទ្ធសាស្ត្រកងទ័ព។ នៅឡុងយ៉ាវ មានកងទ័ពខ្មែររាប់ពាន់នាក់។ កងទ័ពវៀតណាមបានចាប់ផ្ដើមឲ្យខ្ញុំ និងកងទ័ពខ្មែររៀននយោបាយ និងយុទ្ធសាស្ត្រធ្វើសង្គ្រាម។ ខ្ញុំបានរៀននយោបាយ និងហ្វឹកហាត់យុទ្ធសាស្ត្រកងទ័ពដូចជា របៀបលូនក្រាប, របៀបការពារខ្លួន, របៀបកាន់កាំភ្លើង និងរបៀបបាញ់កាំភ្លើងរយៈពេលមួយខែ ទើបវៀតណាមនាំខ្ញុំ និងកងទ័ពខ្មែរយើងដើរទស្សនកិច្ចនៅសមុទ្រក្រហមរយៈពេលមួយថ្ងៃ។ នៅថ្ងៃបន្ទាប់ វៀតណាមបានបញ្ជូនខ្ញុំ និងកងទ័ពខ្មែរត្រលប់ចូលសមរភូមិនៅប្រទេសកម្ពុជាវិញ។
អង្គភាពខ្ញុំមានកងទ័ពចំនួន៣០នាក់ បានសហការជាមួយកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជាតាមមុខព្រួញខេត្តតាកែវ។ ពេលវាយជាមួយកងទ័ពខ្មែរក្រហម ខ្ញុំកាន់កាំភ្លើងអាកាស្វាយបត់ នៅក្នុងរថក្រោះ។ នៅសមរភូមិ អង្គភាពខ្ញុំបានបែងចែកជាក្រុមៗ និងតួនាទីផ្សេងៗពីគ្នា។ ពេលវាយចូលដល់ខេត្តតាកែវរួច យើងត្រូវធ្វើដំណើរចេញពីតាកែវនៅម៉ោង៧ព្រឹក ឆ្ពោះទៅទីក្រុងភ្នំពេញបន្តទៀត។ យើងបានវាយចូលភ្នំពេញនៅម៉ោងប្រមាណ២រសៀល។ ក្រោយពេលដណ្តើមបានទីក្រុងភ្នំពេញ កងទ័ពទាំងអស់បានទៅចាប់ដៃនៅមុខវាំង និងបែងចែកទៅតាមមុខព្រួញរៀងៗខ្លួនសារថ្មី។ ខ្ញុំចេញពីភ្នំពេញទៅវាយនៅឧត្តុង្គមួយយប់មួយថ្ងៃទៀត។ វាយឈ្នះនៅក្រុងឧត្តុង្គ យើងក៏បន្តដំណើរទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ទៀត។ អង្គភាពខ្ញុំមានកងទ័ពចំនួន៣០នាក់ ត្រូវឈរជើងប្រចាំការនៅខេត្តពោធិ៍សាត់ ដោយមាន តាសេ្រង ជាមេដឹកនាំដឹកនាំនៅខេត្តពោធិ៍សាត់(តាស្រេង អតីតលេខាស្រុកត្រមូង តំបន់២១ ភូមិភាគបូព៌ាក្នុងរបបខ្មែរក្រហម)។ ខ្ញុំ ជាកងការពារ តាស្រេង។ ពេល តាស្រេង ទៅប្រជុំម្តងៗ ខ្ញុំជិះឡានទៅជាមួយគាត់។
នៅឆ្នាំ១៩៨០ខ្ញុំសុំច្បាប់ តាស្រេង ត្រលប់មកលេងស្រុកកំណើតវិញ។ ពេលមកដល់ផ្ទះបានរយៈពេលមួយសប្តាហ៍ ខ្ញុំហាក់លែងចង់ត្រលប់ទៅអង្គភាពវិញ។ ពេលនោះ តាស្រេង បានមកតាមហៅឲ្យខ្ញុំត្រលប់ទៅនៅជាមួយគាត់វិញ ប៉ុន្តែឪពុកម្ដាយខ្ញុំមិនឲ្យខ្ញុំត្រលប់ទៅអង្គភាពវិញឡើយ។ ឪពុកម្តាយខ្ញុំ បានចូលស្តីបណ្តឹងកូនស្រីអ្នកភូមិរំចេក និងរៀបការប្រពន្ធឲ្យខ្ញុំ។ ខ្ញុំបានសម្រេចចិត្តរួមរស់នៅជាមួយប្រពន្ធកូន ក្នុងភូមិរំចេករហូតដល់សព្វថ្ងៃ។
អត្ថបទដោយ ឈុំ រ៉ា
[1] ផេង ពង្សរ៉ាស៊ី និងអ្នកដទៃទៀត, សៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូកទី៥ ការបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ, មជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០ បោះពុម្ពលើកទី២។ “អង្គការបដិវត្តន៍” ត្រូវបានបង្កើតឡើង ដោយស្តី្រនិងបុរស ដែលជាសមាជិកបក្សកុម្មុនីស្តកម្ពុជា។ អ្នកទាំងនោះត្រូវបានដឹកនាំដោយសម្ងាត់ពីសំណាក់ “បងធំទី១” ឬប៉ុល ពត។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកដទៃទៀត, សៀវភៅ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជំពូកទី៦ ភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ, មជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០ បោះពុម្ពលើកទី២។
[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, ផែនទីបង្ហាញផ្លូវ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។
[4] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រស់រឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក ឡុង ដានី សម្ភាសន៍ជាមួយ មើក នូវ ជាអ្នករស់រានពីរបបខ្មែរក្រហម នៅសាលាឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
[5] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា, អត្ថបទ និងបទសម្ភាស លោក ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម។ ឡុង ដានី សម្ភាសជាមួយ សាម ស៊ីន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។