សុបិនរបស់វីរបុរស រឿងរ៉ាវរបស់ជនជាតិខ្មែរដែលត្រូវបានសម្លាប់ដោយការឈ្លានពានរបស់ថៃ ឆ្នាំ២០២៥
ការកំណត់ភាពជាវីរបុរសក្នុងគ្រានៃការឈ្លានពាន។ តើយើងកំណត់ វីរបុរស ដោយរបៀបណា? តើវីរបុរសត្រូវតែជាកងទ័ពដែលត្រូវស្លាប់ក្នុងសង្គ្រាម ជាមន្ត្រី ឬជាអ្នកដឹកនាំ? តើវីរបុរសត្រូវតែជាបុគ្គលដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ មានការអប់រំ ឬក៏មានភាពឆ្លាតវៃមែនដែរឬទេ? ពិភពលោកសម័យទំនើបកំណត់អត្តសញ្ញាណវីរបុរសនៅក្នុងបរិបទនៃអ្នកល្បីលើបណ្តាញសង្គម អត្តពលិក និងភាពយន្ត ឬតារាល្បីល្បាញក្នុងវិស័យសិល្បៈ និងវប្បធម៌ជាន់ខ្ពស់ផ្សេងទៀត ប៉ុន្តែនិយមន័យនៃ វីរបុរស មិនត្រូវបានតំណាងដោយអ្វីៗដែលមានស្ថិរភាពខ្លីៗ ដែលផ្លាស់ប្តូរជាញឹកញាប់ ឬពេលវេលាឥតសារសំខាន់នោះទេ។
វីរបុរស គឺជាអ្នកដែលលះបង់ខ្លួនឯង ដោយមិនរំពឹងអ្វីថានឹងមានត្រឡប់មកវិញ។ តម្លៃរបស់ វីរបុរស មិនត្រូវបានវាស់វែងដោយកម្លាំង សមត្ថភាព ប្រាជ្ញា ឬកេរ្តិ៍ឈ្មោះរបស់ខ្លួននោះទេ។ វីរភាពនៃវិរបុរស គឺជាការលះបង់។
នេះជារឿងរ៉ាវរបស់ សំ សុគង់ឆាត គឺជាកងទ័ពវ័យក្មេងរបស់កម្ពុជាម្នាក់ក្នុងចំណោមកងទ័ពដ៏អង់អាចក្លាហានជាច្រើននាក់ទៀត ដែលបានលះបង់ជីវិតក្នុងការការពារប្រទេសជាតិ។ រឿងរ៉ាវរបស់សំ សុគង់ឆាត គឺជាវីរភាពដ៏អស្ចារ្យមួយ ហើយវាគឺជាការបង្ហាញពីមនុស្សជាច្រើនទៀតដែលបន្តលះបង់សុភមង្គលរបស់ខ្លួនក្នុងគោលបំណងដ៏អស្ចារ្យជាងនេះ។ សំ ឈុន ដែលត្រូវជាម្តាយមីងរបស់ សំ សុគង់ឆាត រៀបរាប់ពីវីរភាពរបស់ សំ សុគង់ឆាត ដែលបានលះបង់ខ្ពស់បំផុតដើម្បីប្រទេសជាតិរបស់ខ្លួនក្នុងវ័យ១៩ឆ្នាំ។
សំ សុគង់ឆាត គឺជាកងទ័ពវ័យក្មេងក្លាហាន កើតនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៦ នៅភូមិទួលប្រសើរ ឃុំបាក់អន្លុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សំ សុគង់ឆាត បានពលីជីវិតក្នុងសមរភូមិនៅទីតាំងជួរមុខប្រាសាទតាក្របី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
សំ សុគង់ឆាត គឺជាកូនច្បងក្នុងគ្រួសារ មានបងប្អូនបីនាក់ ស្រីម្នាក់ និងប្រុសពីរនាក់។សំ សុគង់ឆាត កើតក្នុងគ្រួសារក្រខ្សត់មួយ ប៉ុន្តែខ្លួនមានក្តីសង្ឃឹម និងសេចក្តីប្រាថ្នាខ្ពស់ក្នុងជីវិតប្រចាំថ្ងៃ។ សំ សុគង់ឆាត បានទៅរស់នៅជាមួយជីដូនតាំងពីតូចដើម្បីទទួលបានការសិក្សា ហើយអំឡុងពេលរស់នៅជាមួយនឹងជីដូន ខ្លួន បានបញ្ចប់ការសិក្សារហូតដល់ថ្នាក់ទី៧ នៅស្រុកកំណើត។ ក្រោយមកនៅពេលដែលជីដូនរបស់ខ្លួនលែងមានលទ្ធភាពផ្គត់ផ្គង់ដល់ការសិក្សាថ្នាក់មធ្យមសិក្សា ជីដូនក៏បានប្រគល់ការមើលថែ និងផ្គត់ផ្គង់ដល់ សំ សុគង់ឆាត ទៅឱ្យម្តាយមីងរបស់គាត់ឈ្មោះ សំ ឈុន ដែលរស់នៅភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ថ្វីត្បិតតែនៅឆ្ងាយពីផ្ទះម្ដាយមីងក៏ដោយ សំ សុគង់ឆាត បានបន្តការសិក្សានៅវិទ្យាល័យតេជោសែនសំរោង ដោយការតាំងចិត្ត និងតស៊ូ។ ជារៀងរាល់ព្រឹក សំ សុគង់ឆាត បានក្រោកពីព្រហាម ដើម្បីរៀបចំបាយ និងវេចខ្ចប់ម្ហូបអាហារដោយខ្លួនឯង មុនពេលចេញដំណើរទៅសាលា ហើយជារឿយៗ ត្រឡប់មកផ្ទះវិញនៅពេលល្ងាច បន្ទាប់ពីសិក្សាពេញមួយថ្ងៃ។
នៅពេលដែល សំ សុគង់ឆាត រៀនដល់ថ្នាក់ទី១២ សំ ឈុន ដែលត្រូវជាម្តាយមីង បានសុំការអនុញ្ញាតពីម្តាយក្មេក ស្នើសុំឱ្យ សំ សុគង់ឆាត បានរស់នៅជាមួយក្នុងរយៈពេលមួយឆ្នាំ ដើម្បីកុំឱ្យ ជួបការលំបាកក្នុងការសិក្សា ជាពិសេសក្នុងអំឡុងឆ្នាំដ៏សំខាន់សម្រាប់ការត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ថ្វីត្បិតតែសំ សុគង់ឆាត ជួបនូវស្ថានភាពលំបាកយ៉ាងណាក៏ដោយ សំ សុគង់ឆាត បានខិតខំប្រឹងប្រែង និងអាចបញ្ចប់ថ្នាក់ទី១២ ទៅបានយ៉ាងល្អ។
សំ សុគង់ឆាត បានទទួលអាហារូបករណ៍សិក្សាផ្នែកអគ្គិសនីនៅវិទ្យាស្ថានមួយក្នុងខេត្តបាត់ដំបង។ សំ សុគង់ឆាត បានសម្រេចចិត្តបន្តការសិក្សានៅទីនោះ ដោយរស់នៅក្នុងសាលាជាមួយសិស្សផ្សេងៗទៀតមកពីស្រុកអន្លង់វែង។ ពេលកំពុងសិក្សាផ្នែកអគ្គិសនី សំ សុគង់ឆាត តែងតែប្រាប់ម្តាយមីងថា ខ្លួនខ្លាចភាពខ្ពស់ និងគ្រោះថ្នាក់ដែលអាចកើតចេញពីការឆក់ដោយអគ្គិសនី។ទោះបីជាខ្លួនកំពុងសិក្សាផ្នែកអគ្គិសនីក៏ដោយ ក៏ការតាំងចិត្ត និងបំណងប្រាថ្នាចង់ចូលបម្រើកងទ័ពគឺនៅតែមានជានិច្ច។ សំ សុគង់ឆាត បានទទូចសុំម្តាយមីងម្តងហើយម្តងទៀតដើម្បីសុំការអនុញ្ញាតចូលបម្រើកងទ័ព។ ប៉ុន្តែម្តាយមីងបានបដិសេធដោយខិតខំនិយាយពន្យល់ថា មនុស្សប្រុសស្ទើរតែទាំងអស់ក្នុងគ្រួសារ គឺជាកងទ័ពជួរមុខ ដែលកម្រនឹងបានស្នាក់នៅផ្ទះណាស់។ ម្តាយមីងចង់ឱ្យ សំ សុគង់ឆាត ក្លាយជាគ្រូបង្រៀន ព្រោះ ពូកែគណិតវិទ្យា។ ទោះបីជាយ៉ាងណា សំ សុគង់ឆាត មិនដែលបោះបង់ក្ដីប្រាថ្នាចង់បម្រើដល់កងទ័ពឡើយ។ នៅទីបំផុត សំ សុគង់ឆាត បានដាក់ពាក្យចូលបម្រើកងទ័ព ដោយបោះបង់ការសិក្សាផ្នែកអគ្គិសនីនៅខេត្តបាត់ដំបង ដើម្បីចាប់ផ្តើមហ្វឹកហាត់កងទ័ពនៅខេត្តសៀមរាប។ ចាប់តាំងពីថ្ងៃនោះមក សំ សុគង់ឆាត មិនដែលបានទៅលេងផ្ទះនោះទៀតទេ។
ស្មារតីក្លាហានរបស់ សំ សុគង់ឆាត ក្នុងនាមជាកងទ័ពមិនដែលរវើរវាយឡើយ សូម្បីតែសង្គ្រាមបានកើតឡើងនៅជុំវិញខ្លួនក៏ដោយ។ នេះគឺជាបទពិសោធន៍ប្រយុទ្ធលើកដំបូងរបស់សំ សុគង់ឆាត ការពារមាតុភូមិ និងបងប្អូនជនរួមជាតិប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃ។ នៅថ្ងៃប្រយុទ្ធដំបូង សំ សុគង់ឆាត បានប្រាប់មីងថា «ថ្ងៃនេះមានគ្រាប់បែកធ្លាក់ច្រើនណាស់ សំឡេងបន្លឺឡើងខ្លាំងៗ… ហើយខ្ញុំភ័យបន្តិចបន្តួចដែរ ខ្ញុំចាំតែស្តាប់បញ្ជារបស់មេបញ្ជាការទេ»។
នៅថ្ងៃបន្ទាប់ សំ សុគង់ឆាត បាននិយាយថា «ថ្ងៃនេះខ្ញុំនៅក្នុងលេណដ្ឋានតែម្នាក់ឯង ជាមួយនឹងសត្វខ្យងមួយក្បាលតែប៉ុណ្ណោះ។ សំឡេងកាំភ្លើង និងការផ្ទុះគ្រាប់នៅតែបន្លឺឡើង វាមិនស្ងាត់ទៅវិញនោះទេ»។ នៅថ្ងៃទី៣ (ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥) សំ សុគង់ឆាត បានប្រាប់ម្តាយមីងតាមទូរស័ព្ទថា «ថ្ងៃនេះមានការទម្លាក់គ្រាប់បែកថែមទៀតហើយ។ កុំបារម្ភពីខ្ញុំអី លើកនេះខ្ញុំមានដៃគូម្នាក់ដែរនៅក្នុងលេណដ្ឋានរបស់ខ្ញុំ។ខ្ញុំបានហូបមីកញ្ចប់ដើម្បីរក្សាកម្លាំង ព្រោះកងកម្លាំងដឹកស្បៀងប្រហែលមិនអាចយកមកទាន់ និងទាក់ទងយើងបាននោះទេ។ ខ្ញុំគ្រាន់តែខំហូបឱ្យបានគ្រប់គ្រាន់ ដើម្បីរឹងមាំ និងបន្តប្រយុទ្ធ។ ថ្ងៃនេះ មេឃមានអ័ព្ទខ្លាំងណាស់ ហើយមើលមិនសូវច្បាស់នោះទេ យើងមិនអាចមើលដ្រូនដែលទាហានថៃបង្ហោះបានឃើញច្បាស់នោះឡើយ។ ខ្ញុំនៅតែរង់ចាំសញ្ញារបស់មេបញ្ជាការ»។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សំ សុគង់ឆាត បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងបាត់បង់ជីវិតក្នុងការប្រយុទ្ធ។ នៅថ្ងៃបន្ទាប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ម្តាយមីងរបស់សំ សុគង់ឆាត បានរៀបចំពិធីបុណ្យសពតាមប្រពៃណីនៅផ្ទះ ក្នុងពេលដែលអ្នកភូមិជាច្រើននាក់បានរត់ភៀសខ្លួនដើម្បីស្វែងរកសុវត្ថិភាព។ពិធីបុណ្យនេះមិនអាចប្រព្រឹត្តទៅបានពេញលេញនោះទេ ដោយសារគ្រាប់បែកបានបន្តធ្លាក់ឥតឈប់ឈរ។ ភូមិនេះត្រូវបាន បោះបង់ចោល ហើយគ្មានមធ្យោបាយប្រើឧបករណ៍បំពងសំឡេង ឬរៀបចំភ្លេងតាមពិធីទំនៀមទម្លាប់សាសនាអ្វីឡើយ។
សំ ឈុន បានរៀបរាប់ថា សំ សុគង់ឆាត ជាយុវជនដែលមានចរិតរឹងមាំ ឧស្សាហ៍ព្យាយាម មានចិត្តមេត្តា និងតែងតែគិតគូរពីការលំបាករបស់អ្នកដទៃនៅជុំវិញខ្លួន។ សំ សុគង់ឆាត មានភាពរឹងមាំដ៏គួរឱ្យសរសើរនិងជាអ្នកប្រយុទ្ធដ៏ស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់។ មុនពេលចាកចេញទៅសិក្សានៅខេត្តបាត់ដំបង សំ សុគង់ឆាត បានបង្ហាញពីបំណងចង់ទៅស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលមានទីតាំងស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយសូម្បីតែពេលកំពុងសិក្សា សំ សុគង់ឆាត បានចូលរួមយ៉ាងទៀងទាត់ក្នុងការងារស្ម័គ្រចិត្តសហគមន៍ ដើម្បីបម្រើប្រជាជននៅអន្លង់វែង។
មជ្ឈមណ្ឌលឯកសារកម្ពុជា និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ពិតជាមានកិត្តិយសយ៉ាងក្រៃលែងដោយ សារ វីរភាព សេចក្តីសប្បុរស និងការលះបង់ដ៏ធំធេងរបស់ សំ សុគង់ឆាត។
នេះគឺជារឿងរ៉ាវអំពីសុបិនរបស់វីរបុរសម្នាក់។

អត្ថបទដោយ ឆាំង យុ និង អ៊ុន សុដាវី មជ្ឈមណ្ឌលឯកសារកម្ពុជា ការសរសេរអត្ថបទនេះបានទទួលការអនុញ្ញាតពីក្រុមគ្រួសាររបស់ សំ សុគង់ឆាត