អតីតយោធាក្នុងកងពល៥០២

(ក្រចេះ)៖ សាន ចំរើន ហៅ ចាន់សាត អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ ចំរើន កំពុងរៀននៅថ្នាក់ទី៥ សង្គមចាស់។ គាត់សម្រេចចិត្តឈប់រៀន ព្រោះតែប្រទេសជាតិកាន់តែមានភាពចលាចលបន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ។ នៅអំឡុងពេលនោះ ចំរើន រស់នៅជាមួយនឹងបងប្រុសរបស់គាត់ ដែលមានតួនាទីជាទាហាន។ ចំណែកម្ដាយ និងប្អូនស្រីរបស់គាត់រស់នៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
នៅឆ្នាំ១៩៧២ ខេត្តកណ្ដាលមានខ្មែរក្រហមចូលគ្រប់គ្រងជាបណ្ដើរៗ។ ខ្មែរក្រហម ចាប់ផ្ដើមបង្កើតឲ្យមានមេភូមិ, មេឃុំ, ឈ្លប និងសហករណ៍។ ខ្មែរក្រហម បានចាត់តាំងឲ្យ ចំរើន ធ្វើជាប្រធានសិល្បៈភូមិ និងជាឈ្លប។ ក្នុងតួនាទីជាឈ្លបភូមិ គាត់ត្រូវយាមការពារសន្តិសុខនៅក្នុងភូមិ និងពេលដែលមានប្រជាជនឈឺថ្កាត់ គាត់ត្រូវនាំអ្នកជំងឺទៅមន្ទីរពេទ្យ។ នៅឆ្នាំ១៩៧៣ ចំរើន បានចូលធ្វើជាយោធារបស់ខ្មែរក្រហម នៅក្នុងកងពលលេខ៥០២ មានទីតាំងនៅខេត្តកណ្ដាល។ ចំរើន ធ្លាប់បានចូលសមរភូមិប្រយុទ្ធជាច្រើនលើក នៅខេត្តកំពង់ស្ពឺ ជួរភ្នំឱរ៉ាល់។ អង្គភាពរបស់គាត់ មានការហ្វឹកហាត់ក្បួនទ័ព ហាត់យុទ្ធសាស្រ្ត និងបាញ់កាំភ្លើងជាប្រចាំ។ នៅក្នុងមួយក្រុម មានសមាជិកចំនួនប្រាំបីនាក់ ក្នុងនោះមានពីរនាក់ ជាអ្នកគ្រប់គ្រង។ ចំរើន ស្ថិតនៅក្នុងក្រុមកាំភ្លើងធំ ហើយសមាជិកក្រុមត្រូវបែងចែកតួនាទីផ្សេងៗគ្នា ក្នុងការគ្រប់គ្រងកាំភ្លើង ដែលក្នុងនោះមានម្នាក់ជាអ្នកដាក់គ្រាប់ចូលក្នុងកាំភ្លើង, អ្នកអាមេ និងអ្នកកន្រ្តាក់កៃ។
ចំពោះរបបអាហាររបស់យោធា ដំបូងឡើយ គឺទទួលបានអង្ករម្នាក់មួយកំប៉ុង ប៉ុន្តែក្រោយមកត្រូវកាត់បន្ថយជាបន្តបន្ទាប់ រហូតនៅសល់មួយកំប៉ុងត្រូវចែកជាបួន។ ដំបូងអង្គការ ផ្គត់ផ្គង់អាហារឲ្យយោធាបានគ្រប់គ្រាន់ ដោយមានម្ហូបសម្បូរបែប ត្រីខ, ត្រីងៀត និងត្រីឆ្អើរ ប៉ុន្តែក្រោយមករបបអាហារត្រូវផ្លាស់ប្ដូរពីបាយ មកជាបបរ ជាមួយនឹងសម្លម្ជួរត្រកួន, ម្ជួរដើមចេក និងមានពេលខ្លះទៀតត្រូវហូបបបរជាមួយនឹងអំបិល។ ថ្វីត្បិតតែពេលនោះ យោធាត្រូវចូលសមរភូមិប្រយុទ្ធជាប្រចាំក៏ពិតមែន នៅពេលដែលមានពេលទំនេរពីសមរភូមិ យោធាទាំងអស់ក៏ត្រូវទៅធ្វើស្រែចម្ការដូចជាប្រជាជនធម្មតាដែរ។
ការរៀបការនៅក្នុងរបបខ្មែរក្រហម គឺមានការរៀបចំឲ្យយុវជន-យុវនារី អង្គុយជាជួរ ដោយយុវជនចូលអង្គុយមុន បន្ទាប់មកទើបខាងយុវនារីចូលអង្គុយតាមក្រោយ ហើយចាប់ផ្ដើមមានការប្រកាស។ គ្រប់គូទាំងអស់ត្រូវប្ដេជ្ញាចិត្តចំពោះមុខអង្គការ ថានឹងស្រឡាញ់គ្នា មើលថែរក្សាគ្នាទៅវិញទៅមក។ គូណាដែលរៀបការរួចមិនចុះសម្រុងគ្នា នឹងត្រូវអង្គការនាំខ្លួនទៅណែនាំ ព្រមទាំងដកសេចក្ដីទុកចិត្ត និងដាក់ទណ្ឌកម្ម។
បងប្រុសរបស់ចំរើន ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ដោយសារតែធ្លាប់ធ្វើជាអតីតទាហាននៅក្នុងរបប លន់ នល់ និងជាអ្នកដែលមានចំណេះវិជ្ជា។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ចំរើន បានប្រទះឃើញមានឯកសារមួយដែលសរសេរឈ្មោះរបស់គាត់ ហើយ ខ្លឹមសារនៅក្នុងឯកសារនោះបញ្ជក់ថា ឈ្មោះរបស់គាត់មានពាក់ព័ន្ធនឹងបងប្រុសរបស់គាត់ដែលធ្លាប់ធ្វើជាទាហាន។ បច្ចុប្បន្ននេះ ចំរើន មានជំងឺលើសសម្ពាធឈាម, ក្រពះ-ពោះវៀន និងបញ្ហាប្រមាត់៕
សម្ភាសន៍ដោយ៖ ញ៉ិល ចន្រ្ទា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥