ប្រវត្តិតស៊ូ របស់ សាន់ ហឿង ដែលជាកងចល័តស្រុកកំពង់សៀម

សាន់ ហឿង[1] មានអាយុ៦៥ឆ្នាំ បច្ចុប្បន្ន រស់នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ហឿង មានប្រវត្តិតស៊ូ និងការចងចាំមិនអាចបំភ្លេចបាននៅក្នុងរបបខ្មែរក្រហម ដូចជា ការរស់នៅបែកពីឪពុកម្ដាយ, ការបង្ខំធ្វើការងារហួសកម្លាំង, គ្មានអាហារហូបគ្រប់គ្រាន់ និងការដែលអាចត្រូវបានចាប់ខ្លួនយកទៅសម្លាប់ចោល។ ខាងក្រោមនេះ គឺជាការសេចក្ដីសង្ខេបសាច់រឿងរបស់ សាន់ ហឿង ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម៖ «ខ្ញុំឈ្មោះ សាន់ ហឿង គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សព្វថ្ងៃនេះ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំមានបងប្អូនប្រុសស្រីទាំងអស់ចំនួន៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារកសិករនេះ។ ឪពុករបស់ខ្ញុំមានឈ្មោះ សាន់ ធុយ និងម្ដាយមានឈ្មោះ ថន លុច។ ខ្ញុំរៀបការជាមួយ បួន ចាន់ថុល និងមានកូនប្រុសស្រីចំនួន៣នាក់។ នៅវ័យកុមារ ខ្ញុំរៀនថ្នាក់ទី១០នៅសាលាបឋមសិក្សា គគរ។ ខ្ញុំអាចសរសេរ និងអានអក្សរបានបន្តិចបន្តួច។ នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្ដេចឪ នៅដើមឆ្នាំ១៩៧០ ខ្ញុំឈប់រៀន និងមកជួយធ្វើការងារផ្ទះឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ខ្ញុំស្ម័គ្រចិត្តធ្វើជាកងឈ្លបឃុំ ដែលមានគ្នាទាំងអស់ចំនួន១០នាក់ក្នុងមួយក្រុម។ ភូមិចំការសាមសិប គឺជាសមរភូមិក្ដៅរវាងទាហានលន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ នៅពេលដែលសមរភូមិនៅកោះរកាផ្ទុះឡើង ខ្ញុំត្រូវបានបញ្ជូនទៅលីសែងអ្នករបួសយកមកព្យាបាលនៅមន្ទីរពេទ្យដែលស្ថិតនៅក្នុងតំបន់រំដោះខ្មែរក្រហម។ នៅឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមត្រូវបានបញ្ជូនមកភូមិដើម្បីទៅប្រយុទ្ធនៅខ្សែត្រៀមជួរមុខដើម្បីវាយផ្ដាច់យកទីរួមខេត្តកំពង់ចាម។ នៅចុងឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៤ កងទ័ពរំដោះខ្មែរក្រហមវាយបែកបន្ទាយទាហានលន់ នល់ និងបន្តទៅទីរួមខេត្តកំពង់ចាម។ នៅក្នុងសមរភូមិវាយផ្ដាច់នេះ ខ្ញុំក៏ត្រូវបានបញ្ជូនទៅសែងអ្នករងរបួសដើម្បីព្យាបាលនៅមន្ទីរពេទ្យស្រុករការគយ និងខ្មោចកងទ័ពដែលបានស្លាប់នៅក្នុងសមរភូមិ។ នៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានផ្លាស់មកកងចល័តស្រុកវិញម្ដង។
ចាប់ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៨ ខ្ញុំទៅធ្វើការនៅកងចល័តជាច្រើនកន្លែង។ នៅឆ្នាំ១៩៧៦ ខ្ញុំផ្លាស់ទៅដកស្ទូង និងកាប់ព្រៃនៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ។ ខ្ញុំចាប់ផ្ដើមធ្វើការចាប់ពីវេលាម៉ោង៧ព្រឹកដល់វេលាម៉ោង១១ថ្ងៃត្រង់ និងចូលធ្វើការវិញចាប់ពីវេលាម៉ោង១ដល់វេលាម៉ោង៥ល្ងាច ទើបឈប់។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានផ្លាស់មកធ្វើការនៅទំនប់ត្រួយចេក ហើយមិនយូរប៉ុន្មាន ខ្ញុំកើតមានជំងឺគ្រុនចាញ់ និងត្រូវបានបញ្ជូនមកព្យាបាលនៅក្នុងវិហារចាមស្ថិតនៅភូមិកំពង់ក្របីវិញ។ ខ្ញុំទទួលបានថ្នាំលេប១ថ្ងៃ២ដង និងព្យាបាលជិត២ខែ។ បន្ទាប់ពីធូរស្រាលបន្តិច ខ្ញុំត្រូវបានចាត់តាំងឲ្យទៅមើលគោចំនួន២០០ក្បាល។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅឡឥដ្ឋ ស្ថិតក្រោមការគ្រប់គ្រងដោយកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចំនួន២នាក់។ ខ្ញុំមិនចាំឈ្មោះរបស់កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីទាំងនេះទេ។ នៅឆ្នាំ១៩៧៩ ខ្ញុំឃើញរថក្រោះ និងកងទ័ពវៀតណាមស្ថិតនៅត្រើយទន្លេបិទបានបាញ់ផ្លោងមកលើកងទ័ពខ្មែរក្រហម។ កងទ័ពវៀតណាម មានរថក្រោះដែលអាចបើកក្នុងទន្លេបាន ដើម្បីវាយសម្រុកចូលទីរួមខេត្តកំពង់ចាម។ នៅពេលនោះ ខ្ញុំត្រូវបានជម្លៀសទៅភ្នំហាន់ជ័យ និងល្ពាក ដើម្បីតាមដានស្ថានភាព។ រហូតទាល់តែដឹងអំពីស្ថានភាពមិនល្អនៅខាងកងទ័ពខ្មែរក្រហម ទើបខ្ញុំសម្រេចចិត្តលួចរត់មកផ្ទះវិញ។ ខ្ញុំបានជួបជុំគ្រួសារ និងបន្តប្រកបរបរជាកសិករ រហូតដល់សព្វថ្ងៃ៕
ដោយ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
[1] ឯកសារបទសម្ភាសន៍ជាមួយ សាន់ ហឿង នៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម, សម្ភាសន៍ដោយ ស៊ាង ចិន្ដា ខែកក្កដា ឆ្នាំ២០២២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា