កងចល័តតំបន់១០២

(រតនគិរី)៖ សាន់ ឡុង ភេទប្រុស មានអាយុ ៦៤ឆ្នាំ ជាកសិករ រស់នៅ និងមានស្រុកកំណើតនៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ឡុង ធ្វើជាកងចល័តតំបន់១០២។
នៅឆ្នាំ១៩៧៣ នៅក្នុងភូមិកំណើតរបស់ ឡុង មានការទម្លាក់គ្រាប់បែក។ កងទ័ពខ្មែរក្រហមនៅក្នុងភូមិក៏ជម្លៀសប្រជាជនចេញពីភូមិទៅនៅអូររូង និងជម្លៀសបន្តទៅអូរព្រះភ្នំ។ ចំណែក ឡុង ស្នាក់នៅវត្តក្នុងភូមិរហូតដល់ឆ្នាំ១៩៧៤។
នៅឆ្នាំ១៩៧៤ ឡុង ត្រូវខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការនៅកងចល័ត និងធ្វើការនៅសហករណ៍ត្រពាំងក្រហម។ ចំណែក ព្រះសង្ឃ ត្រូវខ្មែរក្រហមចាប់ផ្សឹក និងចាត់តាំងឲ្យធ្វើការក្នុងកងពិសេស ដែលត្រូវលើកទំនប់, ធ្វើស្រែ និងគាស់គល់ឈើ ឲ្យបានតាមការកំណត់។ ឡុង បានដឹងថា ប្រសិនបើ កងពិសេស ធ្វើមិនបានតាមការកំណត់ទេនោះ ខ្មែរក្រហមនឹងចាប់សមាជិកម្នាក់ក្នុងកងពិសេសយកទៅរៀនសូត្រ ឬសម្លាប់។
នៅឆ្នាំ១៩៧៥ ឡុង ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការក្នុងកងចល័តស្រុក នៅកំពង់សង្គម ដោយធ្វើការរួម និងហូបរួម។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមបញ្ជូន ឡុង ទៅធ្វើជាកងចល័តតំបន់១០២ ដោយត្រូវលើកទំនប់នៅអូរកាទឹង។ សមាជិកកងចល័តតំបន់ គឺជាអ្នកមកពីស្រែពក, ត្រពាំងក្រហម, និងត្រពាំងច្រេស ត្រូវបានបែងចែកជាកងចល័តបុរស និងកងចល័តស្ត្រី ។
ជារៀងរាល់ថ្ងៃ ឡុង ត្រូវក្រោកពីម៉ោង ៤ទៀបភ្លឺ និងធ្វើពលកម្មដូចជា រែកដីនិងកាប់ដី រហូតដល់ម៉ោង១២ ថ្ងៃត្រង់ ទើប ឡុង បានសម្រាកហូបបាយ។ នៅម៉ោង ១រសៀល ឡុង ត្រូវបន្តធ្វើពលកម្មរហូតដល់ម៉ោង ៥ល្ងាច ទើបអាចសម្រាកហូបបាយម្តងទៀត។ ឡុង រំឭកថា ខ្មែរក្រហមបានប្រាប់ឲ្យកងចល័តទាំងអស់តស៊ូ ដោយមិនត្រូវខ្ជិលច្រអូស។ ប្រសិនបើមាននរណាម្នាក់ត្រូវបានខ្មែរក្រហមកសាង ឬទិតៀនពីភាពខ្ជិលច្រអូស បីដង នោះ យោធាខ្មែរក្រហមនឹងចាប់យកទៅរៀនសូត្រ។
កងចល័តទាំងអស់ ត្រូវបន្តធ្វើពលកម្មរហូតដល់ម៉ោង ៨យប់ និងសម្រាកនៅម៉ោង ៩យប់។ អស់រយៈពេលជិតពីរឆ្នាំ ឡុង ត្រូវលើកទំនប់អូរកាទឹង ទាំងលំបាកវេទនា និងហូបចុកមិនគ្រប់គ្រាន់ ដោយមានតែដំឡូងជ្វា, ដំឡូងមី, ផ្លែអំពុក និងសម្លម្ជូរត្រកួន ឬសម្លម្ជូរសណ្ដាន់ប៉ុណ្ណោះសម្រាប់ហូប។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមផ្លាស់ ឡុង ឲ្យទៅលើកទំនប់នៅបរកែវ និងភ្ជួរស្រែនៅអូរក្រឡា អស់រយៈពេលជាងមួយឆ្នាំកន្លះ។ នៅឆ្នាំ១៩៧៨ ខ្មែរក្រហមក៏ផ្លាស់ ឡុង ម្តងទៀតឲ្យទៅភ្ជួរស្រែនៅអូរកាទឹង និងធ្វើជាអ្នកដាំបាយនៅទីនោះ។
នៅឆ្នាំ១៩៧៩ ឡុង បានរត់ចេញពីកងចល័ត ទៅកំពង់សង្គម និងចូលធ្វើជាទាហានប្រយុទ្ធជាមួយខ្មែរក្រហមរហូតដល់ឆ្នាំ១៩៩១។ ជាចុងក្រោយ ឡុង យល់ឃើញថា ការចងក្រងឯកសារទុកជាប្រវត្តិសាស្ត្រ និងការបង្រៀនតាមសាលារៀន នឹងធ្វើឲ្យអ្នកជំនាន់ក្រោយបានដឹងអំពីប្រវត្តិសាស្ត្រនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥