សាន វណ្ណណេន៖ រណ្តៅដាំឈូក

សាន វណ្ណណេន រស់នៅភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (២០២១)

(ព្រៃវែង)៖ សាន វណ្ណណេន ភេទស្រី មានអាយុ ៦៥ឆ្នាំ។ វណ្ណណេន រស់នៅភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ វណ្ណណេន មានឪពុកឈ្មោះ នៅ សាន,​ ម្ដាយឈ្មោះ ប៊ុន អ៊ុន និងមានប្អូន២នាក់ ក្នុងនោះមានឈ្មោះ ពី និងគីន។

នៅទសវត្សរ៍ឆ្នាំ១៩៦០ វណ្ណណេន រស់នៅភូមិចុងព្រៃ ឃុំព្រៃស្រឡិត ហើយគាត់ប្រកបរបរធ្វើស្រែចម្ការ និងដេរស្លឹកត្នោត។ នៅឆ្នាំ១៩៦៧ វណ្ណណេន បានចូលរៀន។ នៅឆ្នាំ១៩៧០ វណ្ណណេន បានឈប់រៀនត្រឹមថ្នាក់ទី១០។ នៅឆ្នាំ១៩៧១ វណ្ណណេន ឃើញកងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រងនៅក្នុងភូមិរបស់គាត់ និងចាត់តាំងឲ្យគាត់ទៅធ្វើស្រែនៅភូមិស្នាយពល ឃុំរកា។ ខ្មែរក្រហមជម្លៀស វណ្ណណេន ឲ្យទៅរស់នៅភូមិស្វាយព្រហូត ឃុំព្រៃស្រឡិត ដោយសារមានការបាញ់គ្រាប់ផ្លោងបាញ់ចេញពីខាងឃុំវិហារសួគ៌ និងធ្លាក់គ្រាប់នៅមុខផ្ទះរបស់វណ្ណណេន។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមចាត់តាំងឲ្យ វណ្ណណេន ដែលកាលនោះមានអាយុ១៨ឆ្នាំ ដឹកនាំក្រុមនារីធ្វើស្រែចម្ការ។

នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស ខ្មែរក្រហមបានចាត់ទុក វណ្ណណេន ជាប្រជាជនមូលដ្ឋាន។ នៅចន្លោះឆ្នាំ១៩៧៦ និងឆ្នាំ១៩៧៧ ខ្មែរក្រហមបានបង្ខំព្រះសង្ឃឲ្យសឹក និងវាយកម្ទេចវត្តអារាមនៅភូមិខ្សុំខាងត្បូង។ វណ្ណណេន និយាយថា កម្ទេចថ្មទាំងនោះត្រូវបានខ្មែរក្រហមយកមកក្រាលធ្វើផ្លូវ។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានបញ្ឈប់ វណ្ណណេន ពីតួនាទីប្រធានក្រុម ដោយសារខ្មែរក្រហមដឹងថាគាត់មានសាច់ញាតិជាប្រជាជនថ្មី។ ខ្មែរក្រហមចោទសាច់ញាតិរបស់វណ្ណណេនថាមានវណ្ណៈនាយទុន។ វណ្ណណេន ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការក្នុងកងចល័ត ដោយគាត់ត្រូវដកស្ទូង, ច្រូតស្រូវ និងជាន់រហាត់ទឹកនៅភូមិស្រែប្រាំរយ និងភូមិខ្សុំខាងជើង។ វណ្ណណេន ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ហើយគាត់ទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយដែលផ្សំពីគ្រាប់ស្លែងសម្រាប់ព្យាបាលប៉ុណ្ណោះ។

នៅចុងឆ្នាំ១៩៧៨ វណ្ណណេន បានទៅដកសំណាបនៅភូមិខ្សុំខាងជើង ហើយគាត់ធុំក្លិនស្អុយពីចម្ងាយ។​ វណ្ណណេន និយាយថា នៅចម្ងាយប្រហែលពីរគីឡូម៉ែត្រពីគាត់ គឺមានរណ្តៅទំហំ៥០ម៉ែត្របួនជ្រុង។ ប្រជាជនរស់នៅជិតរណ្ដៅនោះប្រាប់គាត់ថា ខ្មែរក្រហមឲ្យប្រជាជនជីករណ្តៅដាំឈូក។ មិនយូរប៉ុន្មាន វណ្ណណេន ដឹងថារណ្តៅនោះ គឺជារណ្ដៅសាកសពរបស់ប្រជាជនថ្មីនៅស្រុកពារាំង។ វណ្ណណេន មានការភ័យខ្លាចជាខ្លាំង ដោយសារគាត់ដឹងថាប្រជាជនត្រូវបានខ្មែរក្រហមចាប់ចង ហើយវាយសម្លាប់ដោយត្បូងចប ឬធាងត្នោតទាំងថ្ងៃ។ រណ្តៅនោះ ស្ថិតនៅវត្តក្រាំង និងមានរណ្តៅមួយចំនួនទៀតស្ថិតនៅមន្ទីរពេទ្យតំបន់ នៅភូមិព្រែកថ្មី ឃុំកំពង់ពពិល។ ចាប់តាំងពីពេលនោះមក យប់ឡើង វណ្ណណេន មិនហ៊ាននិយាយស្តីអ្វីទាំងអស់ ដោយសារគាត់ខ្លាចឈ្លបឮគាត់និយាយ ហើយចោទថាជាខ្មាំង និងយកគាត់ទៅសម្លាប់។

នៅរបបខ្មែរក្រហម វណ្ណណេន បានបាត់បង់ឪពុកមារបស់គាត់ពីរនាក់ មានឈ្មោះ សាន សំអឹម និងសាន សំអុន ដែលជាប្រជាជនថ្មី។ ប្អូនរបស់វណ្ណណេន ឈ្មោះ ពី ត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការក្នុងពេលតែមួយ ជាមួយនិងប្តីប្រពន្ធមួយរយគូផ្សេងទៀត។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ វណ្ណណេន បានត្រលប់មករស់នៅភូមិកំណើត។ វណ្ណណេន ប្រកបរបរធ្វើស្រែចម្ការ។ វណ្ណណេន និយាយថា គាត់នៅតែចងចាំមិនភ្លេច ព្រមទាំងមានការឈឺចាប់ដោយសារខ្មែរក្រហមសម្លាប់ និងធ្វើបាបជនជាតិខ្មែរគ្នាឯង៕

សម្ភាសន៍ដោយ​ សាន សេងហាក់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin