សាង វទ្ធី៖ ខ្ញុំត្រូវគ្រាប់មីនចំកែវភ្នែកទាំងគូ

សាង វទ្ធី ភេទប្រុស អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងឈូក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ វទ្ធី បច្ចុប្បន្នរស់នៅក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
វទ្ធី បាននិយាយថា៖ «កាលនៅពីកុមារភាព ខ្ញុំរស់នៅជួបជុំជាមួយក្រុមគ្រួសារនៅក្នុងស្រុកកំណើត។ ឪពុកម្ដាយ របស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ កាលពីកុមារ ខ្ញុំបានរៀនត្រឹមថ្នាក់ទី៩ពីសង្គម។ កាលនោះខ្ញុំរៀននៅសាលាបឋមសិក្សាអង្គលំទង។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។
ការរស់នៅក្នុងជំនាន់សង្គមរាស្រ្តនិយម ប្រជាជនមានការសាមគ្គីភាពគ្នា និងស្រឡាញ់គ្នាណាស់មានរបស់របរអ្វីតែងតែចេះចែករំលែកឲ្យគ្នាទៅវិញទៅមក។ ប្រជាជន ភាគច្រើនប្រកបមុខរបរធ្វើស្រែស្ទូងដកដោយប្រើប្រាស់សត្វគោសម្រាប់ភ្ជួររាស់។ នៅពេលទំនេរពីការសិក្សា ខ្ញុំក៏ឆ្លៀតពេលជួយធ្វើការងារស្រែចម្ការឪពុកម្ដាយ។ រហូតដល់ឆ្នាំ១៩៧០ ក៏មានព្រឹត្តិការណ៍មួយបានកើតឡើង ដែលលន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ។
ក្រោយពី ធ្វើរដ្ឋប្រហាររួមមក សាលារៀនក៏ចាប់ផ្ដើមបិទទ្វារ។ គ្រូៗមួយចំនួនក៏បានរត់គេចខ្លួនពីការចាប់បង្ខំឲ្យទៅធ្វើកងទ័ព លន់ នល់។ បន្ទាប់មក ខ្ញុំក៏បានឈប់រៀនរស់នៅផ្ទះជាមួយឪពុកម្ដាយបងប្អូន ជួយធ្វើការបន្តិចបន្តួចនៅក្នុងគ្រួសារ។ កាលសម័យនោះថ្ងៃឡើង ខ្ញុំមិនដែលបានរស់នៅផ្ទះបានស្រួលបួលនោះទេ ដោយសារខ្ញុំត្រូវរត់គេចពីទាហាន លន់ នល់។ ខ្ញុំមានវ័យជំទងហើយ ដែលអាចចូលធ្វើទាហានបាន។ ប៉ុន្តែខ្ញុំមិនចង់ចូលធ្វើទាហាន លន់ នល់ នោះទេ ពីព្រោះ ខ្ញុំបានឮសម្ដេចស្រែកអំពាវនាវឲ្យប្រជាជនចូលព្រៃម៉ាគី។ ពេលថ្ងៃឡើង ខ្ញុំរត់ទៅលាក់ខ្លួននៅក្នុងព្រៃ រហូតដល់យប់ឡើងទើបខ្ញុំត្រឡប់មកផ្ទះវិញ។
លុះដល់ឆ្នាំ១៩៧២ ខ្ញុំក៏បានសម្រេចចិត្តចូលធ្វើជាកងទ័ពខ្មែរក្រហម ដើម្បីទាមទារឯករាជ្យជូន សម្ដេចព្រះ នរោត្តម សីហនុ វិញ។ បន្ទាប់ពីចូលជាទាហានហើយ ខ្ញុំក៏បានកាន់កាំភ្លើង និងហ្វឹកហាត់ពីរបៀបធ្វើសង្គ្រាមនៅក្នុងសមរភូមិ។ ខ្ញុំបម្រើការជាកងទ័ពនៅក្នុងកងលេខ១០៥ ដែលតាម៉ុកគឺជាអ្នកគ្រប់គ្រងកងពលធំទី២។ ខ្ញុំស្គាល់តាម៉ុក តាំងពីគាត់មានគ្រួសារ។ គាត់នៅក្មេងសង្ហារ។ ប៉ុន្តែបើខ្ញុំមើលទៅតាមអត្តចរិករបស់តាម៉ុក គាត់គឺជាមនុស្សស្លូតបូត និងពូកែលែងសើចច្រើន។ បន្ទាប់មកទៀត ខ្ញុំក៏បានចេញទៅវាយនៅសមរភូមិមុខ ភាគច្រើនខ្ញុំវាយនៅផ្លូវជាតិលេខ៣ និងលេខ៤។ ចំពោះការហូបចុកនៅក្នុងជួរកងទ័ពមិនមានការខ្វះខាតអ្វីនោះទេ។ កងទ័ពគិតតែវាយប្រយុទ្ធជាមួយសត្រូវ ព្រោះបាយទឹកមានមិត្តៗយកមកឲ្យហូបដល់ខ្សែត្រៀម។ ការវាយតទល់គ្នាជាមួយកងទ័ព លន់ នល់ ភាគីទាំងសងខាងមានការស្លាប់ និងរបួសអស់ច្រើននាក់ដូចគ្នា។ បើមានកងទ័ពរបួស យើងត្រូវដកកម្លាំងខ្លះដើម្បី សែង ទៅខាងក្រោយដើម្បីព្យាបាល។ ជួនកាល ការធ្វើសង្គ្រាមវាយប្រយុទ្ធជាប់គ្នាមួយសប្ដាហ៍ពេញក៏មានដែរ ពេលខ្លះក៏ដាច់ស្បៀងអាហារដែរ។ អំឡុងពេលដែលខ្ញុំរស់នៅសមរភូមិខ្ញុំមិនដែរបានទៅជួបជុំគ្រួសារឪពុកម្ដាយនោះទេ។ យូរៗខ្ញុំសរសេរសំបុត្រផ្ញើឲ្យគ្រួសារខ្ញុំម្ដង ដល់ទៅរាប់ឆ្នាំទើបខ្ញុំបានទទួលសំបុត្រឆ្លើយតបពីគ្រួសារខ្ញុំវិញ។ សំបុត្រ ភាគច្រើនខ្ញុំសរសេរពីសុខទុក្ខ ទីកន្លែងសមរភូមិ របស់ខ្ញុំ ជាពិសេសសរសេរសួរពីឪពុកម្ដាយបងប្អូនថាសុខសប្បាយដែរឬទេ?
ក្នុងឆ្នាំ១៩៧៤ ខ្ញុំរួមទាំងកងកម្លាំងជាច្រើននាក់ទៀតបានធ្វើដំណើរទៅវាយនៅខេត្តកោះកុង តាមខ្សែត្រៀមផ្លូវទឹក។ ទាហាន លន់ នល់ មានប្រៀបលើ ទាហាន ខ្មែរក្រហម ដោយសារទាហាន លន់ នល់ មានយន្តហោះទម្លាក់គ្រាប់បែក។ ប៉ុន្តែ កម្លាំងខាងទាហានខ្មែរក្រហមខ្លាំងជាង ដោយសារទាហានភាគច្រើនតស៊ូលះបង់ចេញពីចិត្តស្រឡាញ់ទឹកដីខ្មែរ ដែលមិនខ្លាចស្លាប់។
ខ្ញុំវាយប្រយុទ្ធរហូតដល់ឆ្នាំ១៩៧៥ ដែលខ្មែរក្រហមប្រកាសទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ។ ពេលនោះ ខ្ញុំមានការសប្បាយចិត្តជាខ្លាំង ដោយគិតថាខ្ញុំបានត្រឡប់ទៅជួបជុំជាមួយឪពុកម្ដាយវិញ។ ប៉ុន្តែក្រោយពីបានទទួលជ័យជម្នះហើយ ការរស់នៅការគ្រប់គ្រងបានផ្លាស់ប្ដូរទាំងស្រុង។ តាំងពីពេលនោះមក ខ្មែរក្រហមចាប់ផ្ដើមបង្កើតសហករណ៍ហូបរួម ដេករួម និងធ្វើការរួម។ ខ្ញុំក៏ត្រូវបញ្ជូនទៅយាមនៅតាមព្រំដែនកម្ពុជា-ថៃ។ ខ្ញុំរស់នៅធ្វើការតាមព្រំដែនរហូតដល់ឆ្នាំ១៩៧៩ ទើបឃើញកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមក។ ពេលនោះកងទ័ពខ្មែរក្រហមបានរត់ចូលក្នុងព្រៃ និងបានរំសាយសហករណ៍ចោលទាំងអស់។ ប្រជាជនមួយចំនួនបានត្រឡប់ទៅរស់នៅក្នុងស្រុកកំណើតវិញ ឯប្រជាជនមួយចំនួនទៀតក៏រត់ចូលទៅរស់នៅក្នុងព្រៃបន្ត។
ខ្ញុំរស់នៅក្នុងព្រៃបានមួយរយៈពេល ហើយកងទ័ពដែលរស់នៅលើភ្នំមកទទួលយកទៅភ្នំ១០០១ ខាងខេត្តព្រះវិហារ។ នៅពេលទៅដល់ភ្នំ១០០១ហើយ ខ្ញុំក៏នៅតែបន្តធ្វើកងទ័ពដដែល។ រហូតដល់ថ្ងៃមួយខ្ញុំបានចុះមកក្រោមចូលទៅក្នុងភូមិក៏បានជួបជាមួយប្រពន្ធខ្ញុំបច្ចុប្បន្ននេះ។ យើងក៏បានរៀបការជាមួយគ្នា។ បន្ទាប់ពីខ្ញុំបានរៀបការអស់រយៈពេល៦ឆ្នាំ ទើបខ្ញុំមានកូន។
ក្នុងឆ្នាំ១៩៩៦ ខ្ញុំបានធ្វើដំណើរចុះទៅសមរភូមិ។ ខ្ញុំត្រូវគ្រាប់មីនចំកែវភ្នែកទាំងគូ និងត្រូវអំបែងពេញខ្លួនប្រាណ។ ភ្លាមៗនោះ កូនទាហានក៏បានសែងខ្ញុំទៅសម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យប្រទេសថៃ។ ភ្នែករបស់ខ្ញុំត្រូវពិការដោយសារប៉ះចំសរសៃភ្នែក ដែលធ្វើឲ្យខ្ញុំមើលឃើញព្រិលៗ រហូតមកដល់សព្វថ្ងៃនេះ។ ខ្ញុំមានការសោកស្ដាយខ្លាំងនូវការខិតខំតស៊ូរបស់ខ្ញុំចុងក្រោយបន្សល់នូវត្រឹមតែពិការភាពជាប់ខ្លួនតែប៉ុណ្ណោះ»៕
អត្ថបទដោយ មេក វិន