សាន វង់៖ មានអារម្មណ៍សោកស្ដាយប្រពៃណីជនជាតិដើមភាគតិចស្ទៀងដែលស្ទើរតែបាត់បង់ នៅក្នុងភូមិតាម៉ៅ

ព្រះសង្ឃកំពុងសូត្រមន្តនៅសាលាបុណ្យសហគមន៍ជនជាតិស្ទៀង នៃមជ្ឈមណ្ឌលឯកសារកោះថ្ម (ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤)

ក្នុងសម័យខ្មែរក្រហមភាសាស្ទៀង និងប្រពៃណីទំនៀមទំលាប់ត្រូវបានអង្គការលុបបំបាត់។ ខាងក្រោម​នេះជាសាច់រឿងរបស់ សាន វង់៖

ខ្ញុំបាទឈ្មោះ សាន វង់[1] អាយុ៦៥ឆ្នាំ ជាជនជាតិដើមភាគតិចស្ទៀង មានទីកន្លែងកំណើតនៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម​។ ឪពុកខ្ញុំឈ្មោះ តូច សាន់ ជានជាតិដើមភាគតិចព្នង កើតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩១២ នៅស្នួល ហើយ ម្ដាយខ្ញុំឈ្មោះ ពេជ្រ លឿង ជាជនជាតិស្ទៀង កើតនៅខែសីហា ឆ្នាំ១៩១៧។ ឪពុកម្ដាយ​ខ្ញុំស្លាប់អស់ហើយ។

សព្វថ្ងៃខ្ញុំជាក្រុមប្រឹក្សាឃុំជាំតាម៉ៅ។ ក្នុងឃុំមាន១៤ភូមិ និងមាន១៤០៥គ្រួសារ។ ជនជាតិស្ទៀងមាន៨ភូមិគឺ៖ ភូមិតាម៉ៅ មានស្ទៀងប្រហែល​ជា៤០%, ភូមិថ្នល់កែង មានស្ទៀង៣០%, ភូមិទួលគ្រួស មានស្ទៀងប្រហែលជា៨០%, ភូមិស្រែតាពេជ្រ ​មានស្ទៀង ប្រហែលជា៨០%, ភូមិសំពៅលូន មានស្ទៀង១០%, ភូមិកន្ទួត មានស្ទៀង៨០%   និងភូមិថ្នល់​ទទឹង ​មានស្ទៀង ១០%។

កាលជំនាន់ឪពុកខ្ញុំប្រពៃណីជនជាតិស្ទៀង មានដូចជាការលេងភ្លេងអារក្ស និងឡើងអ្នកតា។ ខ្ញុំធ្លាប់ឃើញឪពុកម្ដាយខ្ញុំធ្វើពិធីឡើងអ្នកតា ពេលមុនធ្វើស្រែចម្ការ ដើម្បីសុំសេចក្ដីសុខសប្បាយ។ ពីធីឡើងអ្នកតាមាន​គ្រឿងប្រដាប់សែនដូចជាមាន់មួយ, សា្រសមួយដប, ទង់មួយគូ, អំបោះស និងអំបោះឆៅ។ ឪពុកម្ដាយ ខ្ញុំដាក់សែនអុជទានធូប រួចចងចន្លុះបី។ ឪពុកខ្ញុំយកនង្គ័ល ទៅក្រឡឹងបីជុំ រួចត្រលប់មកផ្ទះវិញ។ បន្ទាប់មកឪពុកខ្ញុំបានយកអំបោះមកចងដៃកូនចៅ ដើម្បីសុំសេចក្ដីសុខសប្បាយ។ នៅចម្ការក៏ត្រូវធ្វើដែរគឺត្រូវធ្វើរានមួយឬក្បាលដំបូកមួយដែលអាចដាក់ទង់បានមួយគូ មានធូប, មានទាន និងមានផ្កាក្រហម រួចយកបាយដាក់សាច់ ឈាម និងស្រា ដាក់ដាំដំណាំបីទៅ៥គុម្ព រួចសែនបីដង។ លុះដល់ថ្ងៃមានភ្លៀងជោគជាំទើបនាំគ្នាទៅដាំដំណាំ ព្រោះបានជ្រើសរើសថ្ងៃរួចហើយ។

នៅតាមភូមិ១០ គឺមានអ្នកតា១០ដែរ។ អ្នកតានៅតាមភូមិនីមួយៗ មានឈ្មោះខុស​ៗគ្នា ភូមិខ្លះឈ្មោះ កន្ទោងខៀវ, ស្បៃវែង, អ្នកតាកំញាញ់, អ្នកតាគីង, អ្នកតាភ្នំ, អ្នកតាធំ, អ្នកតាបង់បត់ថ្មបៀក​។ ចំណែកភូមិតាម៉ៅ ហៅអ្នកតាកន្ទោងខៀវ។ អ្នកតាធំជាងគេនៅឃុំជាំតាម៉ៅ ឈ្មោះបង់បត់ថ្មបៀក ស្ថិតនៅភូមិបុស្សតាអឹម។

ជនជាតិស្ទៀងនៅមានត្រណម សាច់ឈ្លូស, សាច់ជ្រូក, សាច់គោ, ក្រពើ និងតមការចិញ្ចឹមសត្វ។ ចំណែកគ្រួសារខ្ញុំក៏តមសត្វពស់ថ្លាន់។ គ្រួសារខ្ញុំដាច់ខាតមិនឲ្យយកចូលផ្ទះទេ។ ខ្ញុំធ្លាប់ចិញ្ចឹមគោម្ដងពេលចិញ្ចឹមទៅវាខ្វាក់ភ្នែកខ្ញុំក៏ឈប់។ បើមិនតមទេខ្ញុំខ្លាចហិនហោច។ ខ្ញុំឃើញថាសិក្តិសិទ្ធិណាស់។ គ្រួសារខ្ញុំហូបមិនបានទេយកចូលផ្ទះក៏មិនបានដែរ​។ បើឃើញបងប្អូនណាយកមកពីព្រៃដើរកាត់មុខផ្ទះ ត្រូវក្រវៀសអង្ករតាមក្រោយ។ បើមិនដូច្នេះទេធ្វើឲ្យសមាជិកគ្រួសារឡើងរមាស់ពេញខ្លួន, មួយសប្តាហ៍ដើរមិនរួច, បត់ដៃបត់ជើងក៏មិនបានទាល់តែសែន មាន់មួយ និងស្រាមួយដប ទើបបានជាសះស្បើយ។

នៅពេលអាយុ ១០ឆ្នាំ ខ្ញុំបានទៅនៅភូមិកន្ទួត ដែលមានចម្ងាយ ៤ គីឡូម៉ែត្រ ពីផ្ទះ។ នៅពេលខ្ញុំមានអាយុ១៣ ឆ្នាំ ឪពុកម្ដាយខ្ញុំក៏ឈឺស្លាប់ ហើយខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី១។ ខ្ញុំអាចសរសេរ និងអានអក្សរ​បាន​។ ដូនតាខ្ញុំកើតនៅកន្ទួត។ តាមខ្ញុំដឹងស្ទៀងមានបុណ្យបុណ្យផ្កា, បុណ្យហង្ស និងបុណ្យអន្សមតាអោ។ ខ្ញុំឃើញចាស់ៗយកក្រមួនមកចិតបួនជ្រុង រួចចិតបណ្ដូលចេកស្រួចៗយកទៅជ្រលក់ក្រមួនរួចទម្លាក់ចូលទៅក្នុងទឹក និងយកមកដោតចេញជាផ្កាពេញដើមចេកដើម្បីយកទៅធ្វើបុណ្យហៅថា «អន្សមតាអោ»។ បុណ្យហង្ស ជាដំបូងត្រូវធ្វើហង្សរួចនាំគ្នាហែរទៅវត្តមានផ្កា និងមានចាស់ៗវាយស្គរ ហើយបុណ្យនេះធ្វើដើម្បីកំសាន្ត​។ ចំណែកបុណ្យកឋិនពេលចូលវស្សា និងខែភ្ជុំ​។ ជនជាតិស្ទៀងគ្មានអក្សរទេមានតែភាសានិយាយ​។

ជនជាតិស្ទៀងពីដើមមិនចេះរកស៊ីទេធ្វើតែស្រែ, ចម្ការ, និងធ្វើអង្គប់ដាក់ជ្រូកព្រៃ។ ជនជាតិស្ទៀងរស់នៅជាសហគមន៍បានរបស់របរចែកគ្នាហូប ហើយពីមុនមានមេកន្ទា្រញគ្រប់គ្រង។ លក្ខណៈសម្បត្តិនៃការគ្រប់គ្រង មេកន្ទ្រាញមានដូចជា ស្មោះត្រង់, ស្លូតបូត និងចិត្តល្អ។

កាលពីជំនាន់ឪពុកម្ដាយខ្ញុំគាត់ស្លៀកពាក់ផាឌឹបខ្មៅ។ ជំនាន់តាខ្ញុំគាត់ស្លៀកស្លឹក និងសំបកឈើយកមកដំដើម្បីស្លៀកព្រោះក្រីក្រ។ ខោអាវប្រពៃណីតាមខ្ញុំដឹងមនុស្សប្រុសអាវកមូល និងមនុស្សស្រីមានករាងជ្រុង​ៗ។ សម្ភារប្រើប្រាស់មិនសូវមានទេ ច្រើនបើបំពង់ឫស្សីដាំស្ល, គ្មានស្លាបព្រា និងចានប្រើប្រាស់ប្រចាំថ្ងៃទេ។ ផ្ទះសម្បែងជនជាតិស្ទៀងច្រើនតែធ្វើសសរក្រឡោងបីឬហៅថារាងដោលខ្ពស់ពីដី និងប្រក់ស្បូវ។ ផ្ទះធំបំផុតទទឹង៥ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ។ ជនជាតិស្ទៀងចំណាំមានកងប្រាក់ពាក់នៅដៃឬជើង។ ក្រវិលគ្មានទេធ្វើកាវ​រីកខាងមុខខាងក្រោយរាវប្រឡោះកណ្ដាលធំ។ ក្នុងរបបខ្មែរក្រហមបាត់អស់។

ពីដើមឪពុកខ្ញុំធ្វើជាគ្រូពេទ្យព្យាបាលអ្នកជំងឺ ការព្យាបាលមានតែឫសឈើ និងស្ដោះទឹកមាត់។ គ្រូឲ្យ​តមមិនឲ្យដេកនៅលើផ្ទះ ហើយត្រូវធ្វើរានសម្រាន្តរួចបានឲ្យឡើងលើផ្ទះ។ គ្រូស្ដោះគេឲ្យតមៗទៅ ខ្ញុំជឿធ្វើតាមទៅរស់បានសុខ។ ចំណែកពិធីបុណ្យសពធ្វើដូចគ្នា។ សពភាគច្រើនយកទៅបញ្ចុះ។

ជំនាន់ខ្ញុំអ្នកបានរៀនសូត្រមានតែ១០ភាគរយទេ និងត្រូវទៅរៀននៅខេត្តកំពង់ចាម។ កាលនោះមានឈ្មោះស្បោង, ក្រេះ, ឈឹម, ឃួន និងខ្ញុំបានទៅរៀន។ អ្នកទាំងនេះបានស្លាប់អស់ហើយ។ ខ្ញុំទៅរៀនបាន២ឆ្នាំក៏​ត្រឡប់មកផ្ទះវិញ។ កាលនោះជំនាន់សម្ដេចឪបានរើសយុវជនឲ្យចូលធ្វើជាទាហាន។ យុវជនកាន់កាំភ្លើងឈើ ខ្លះទៀតលីអង្រែទៅហ្វឹកហាត់។ ខ្ញុំត្រូវមេភូមិចាត់តាំងឲ្យចូលធ្វើជាទាហាន កាលនោះខ្ញុំមានអាយុ១៥ឆ្នាំ ពេលចេញពីហ្វឹកហាត់ ត្រូវទៅយាមតាមព្រំដែនវៀតណាម ហើយខ្ញុំគឺជាប្រធានកង។

នៅឆ្នាំ១៩៦៨ ខ្ញុំក៏បានធ្វើជាទាហានរយៈពេល១៨ខែ នៅខេត្តកំពង់ចាម។ កាលនោះមានជនជាតិស្ទៀងបីនាក់ទៅជាមួយខ្ញុំ គឺឈ្មោះ តី ប៊ុន, វ៉ាន់ ក្សេម និង មាម ហិន។ ខ្ញុំ និងអ្នកទាំងបីទទួលបានប្រាក់ខែ៧០០ ហើយពេលនោះខ្ញុំមានកូន២នាក់។

នៅឆ្នាំ១៩៧០ ខ្ញុំឈប់ធ្វើជាទាហាន ហើយត្រឡប់មករស់នៅផ្ទះ។ ពេលបាតុកម្មខ្ញុំបានទៅចូលរួម មួយ​ប់ដែរ។ ខ្ញុំឃើញសភាពការមិនស្រួលក៏ត្រឡប់មកផ្ទះវិញ។ ប្រជាជននាំគ្នាស្រែកថា «ជយោសម្ដេចឪ អ្នក ណាមិនទៅឆេះផ្ទះ»។ បាតុកម្មនេះធ្វើឡើង ដើម្បីទាមទារឲ្យសម្ដេចយាងមកកាន់អំណាចវិញ។​ ប្រជាជននៅភូមិតាម៉ៅទៅចូលរួមបានស្លាប់អស់ច្រើន។

ខ្ញុំរត់ចូលព្រៃប្រហែលនៅឆ្នាំ១៩៧៣ ចូលបានមួយសប្តាហ៍ក៏ចេញមកវិញព្រោះនឹកប្រពន្ធ និងកូនអត់មាន​អ្នកចិញ្ចឹម។ ខ្ញុំត្រឡប់មករកស៊ីធម្មតាធ្វើស្រែ ចម្ការ ប៉ុន្តែពេលនោះមានយន្តហោះមកទម្លាក់គ្រាប់។ ប្រជាជនពិបាករស់នៅ ហើយប្រជាជនចាប់ផ្ដើមរៀបចំ ធ្វើស្រែ ចម្ការ ប្រវាស់ដៃគ្នា។

នៅឆ្នាំ១៩៧៥ ភូមិជាំតាម៉ៅ មានរោងបាយមួយនៅកណ្ដាលភូមិ ដើម្បីហូបបាយឬបបររួមគ្នា។ ពេល អង្គការជម្លៀសប្រជាជនថ្មីមកពីភ្នំពេញ អង្គការបានបញ្ជាឲ្យសាងសង់ផ្ទះសម្រាប់ប្រជាជនថ្មីស្នាក់នៅ។ គោលបំណងរបស់អង្គការជម្លៀសប្រជាជនមកពីភ្នំពេញ ដើម្បីឲ្យជួយ ធ្វើស្រែ ចម្ការ។ ប្រជាជនថ្មី ស្លាប់ច្រើនជាងប្រជាជនមូលដ្ឋាន ព្រោះចាញ់ទឹកចាញ់ដី និងមិនសូវចេះធ្វើការងារ។ ប្រជាជនចាស់ និងប្រជាជនថ្មី ត្រូវគោរពវិន័យ និងត្រូវខិតខំប្រឹងប្រែងធ្វើការងារដូចគ្នា។ ចំណែករបបអាហារអង្គការកំណត់ឲ្យស្មើគ្នា បើសិនជាហូបបបរគឺត្រូវហូបបបរទាំងអស់គ្នា។ ប្រជាជនធ្វើការងារគ្មានពេលសម្រាកធ្វើការងារទាំងយប់ថ្ងៃ ហើយទិន្នផលស្រូវក៏បានច្រើន ប៉ុន្តែអង្គការឲ្យប្រជាជនហូបបបរ។ នៅក្នុងសម័យខ្មែរក្រហមភាសាស្ទៀង និងប្រពៃណីទំនៀមទំលាប់ត្រូវបានអង្គការលុបបំបាត់ ហើយបើហ៊ានធ្វើអង្គការយកទៅកសាង(សម្លាប់ចោល)។ ជនជាតិស្ទៀង នៅក្នុងភូមិតាម៉ៅ មិនហ៊ាននិយាយឬធ្វើកម្មវិធីអ្វីឡើយ។ ជនជាតិស្ទៀងត្រូវនិយាយភាសាខ្មែរ។

នៅក្នុងឃុំជាំតាម៉ៅ មានទំនប់មួយគឺទំនប់ជំនុំពល ជាទំនប់ដែលខ្ញុំចូលរួមកសាងលើកតាំងពីសម័យ ខ្មែរក្រហម ហើយច្ចុប្បន្នប្រជាជនប្រើប្រាស់សម្រាប់ធ្វើស្រែប្រាំង។ គង់ ឈុំ ចៅហ្វាយស្រុកមេមត់ដឹកនាំឲ្យ​កសាង​ទំនប់នេះ។

ក្នុងរបបខ្មែរក្រហមកងទ័ពមជ្ឈិមបានចាប់ឈ្មោះ ញឹម ជាជាតិភាគតិចស្ទៀង ដែលជាប្រធានកងចល័ត និងបានចោទថាជាជនក្បត់ដោយចូលដៃជាមួយវៀតណាម ហើយបានចាប់បញ្ជូនទៅសម្លាប់នៅមន្ទីរសន្តិសុខ។ ចំណែកគណៈឃុំជាំតាម៉ៅ ឈ្មោះអំ និងប្រធានសហករណ៍ឈ្មោះ ទូច ហ៊ី ត្រូវអង្គការយកទៅសម្លាប់នៅចម្ការក្រូចស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។

គ្រួសារខ្ញុំត្រូវបានអង្គការជម្លៀសទៅដល់ភូមិកោះខ្ញែរ ​ឃុំ​អូរគ្រាង​ ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ និង​បន្តជម្លៀស​ទៅធ្វើស្រែនៅស្រុកស្ទឹងត្រង់ ហើយក្រោយថ្ងៃរំដោះខ្ញុំ និងគ្រួសារ បានត្រលប់មក​ផ្ទះវិញ។

នៅខែធ្នូ ឆ្នាំ២០០៤ ខ្ញុំបានទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃនៅខេត្តក្រចេះ ពីវិធីថែរក្សា​ដីធ្លី, ការរស់នៅ និងការរៀបចំមេកន្ទា្រញឡើងវិញដើម្បីកុំឲ្យបាត់បង់អំបូរជនជាតិស្ទៀង និងការបាត់បង់ព្រៃ​ឈើ។ សព្វថ្ងៃនេះខ្ញុំមានអារម្មណ៍សោកស្ដាយប្រពៃណីទំនៀមទំលាប់ និងភាសាស្ទៀងដែលស្ទើរតែបាត់បង់​៕

អត្ថបទដោយ វី ស៊ីថា


[1] លេខឯកសារD24661 តម្ដល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា , សាន វង់ , សម្ភាសដោយ អែម សុខឃីម និង ស៊ឹម សុរិយា, ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin