អ្នកឡើងត្នោតសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ សៅ សាបាន ដូចនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀត ត្រូវបានអង្គការប្រើដោយគ្មានពេលសម្រាកគ្រប់គ្រាន់។ ការងារចម្បងរបស់ សាបាន ពេញរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឡើងត្នោតដើម្បីធ្វើស្ករសម្រាប់សហករណ៍រោងបាយ។

សាបាន អាយុ៨០ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា កាលពីកុមារភាពគាត់ រៀនបានត្រឹមថ្នាក់ទី៣។ ឆ្នាំ១៩៧០ សាបាន រស់នៅជាមួយឪពុកម្តាយ ពេលនោះប្រទេសកម្ពុជាមានសង្រ្គាម និងមានការទម្លាក់គ្រាប់ បែកជាញឹកញាប់ ប្រជាជនរស់ទាំងភ័យខ្លាច។ ផ្ទះឪពុកម្តាយ សាបាន ធ្លាប់គ្រាប់បែកធ្លាក់ចំ និងបង្កការខូចខាត ប៉ុន្តែមិនមានអ្នកស្លាប់ និងរងរបួសទេ។ គ្រប់ផ្ទះរបស់ប្រជាជនតែងមានរណ្តៅក្រោមដី ជាកន្លែងសុវត្ថិភាព រត់គេចពេលមានការទម្លាក់គ្រាប់បែក។ ឆ្នាំ១៩៧៥ សាបាន និងប្រពន្ធដែលទើបសម្រាលកូនបាន១ខែ ព្រមទាំងកូនម្នាក់ទៀតអាយុ៣ឆ្នាំ ត្រូវបានជម្លៀសចេញពីផ្ទះ។ សាបាន រៀបរាប់ថា ការជម្លៀសពេលនោះលំបាកខ្លាំងព្រោះត្រូវធ្វើដំណើរដោយថ្នើរជើង រែកកូន និងសម្ភារៈប្រើប្រាស់ ម្យ៉ាងទៀតប្រពន្ធរបស់គាត់ទើបសម្រាលកូន។ សាបាន បន្តទៀតថា ការជម្លៀសពីកន្លែងមួយទៅកន្លែងមួយ អង្គការបានប្រើគាត់ និងគ្រួសារដើររកមេឃុំដើម្បីចុះឈ្មោះជាប្រជាជនថ្មីមានសិទ្ធរស់នៅទីតាំងថ្មី។ ក្រោយមក សាបាន និងគ្រួសារបានចុះឈ្មោះ នៅសហករណ៍ភូមិឃ្លាំង រស់នៅជាមួយគ្រួសារប្រមាណ៣០០ផ្សេងទៀត។

សាបាន ត្រូវប្រើឲ្យទ្បើងត្នោត និងដកស្ទូងស្រូវ។ ពេលព្រឹក គាត់ត្រូវដើរមើលដើមត្នោតណាដែលអាច​គាប​យក​ទឹកបាន។ បន្ទាប់មកគាត់ត្រូវស្នើទៅអង្គការដើម្បីរកកម្លាំងបន្ថែមដើម្បីជួយ​ឡើង​គាបត្នោត​យក​ទឹក។ ប្រពន្ធ របស់ សាបាន ត្រូវប្រើឲ្យធ្វើស្រែនៅកន្លែងផ្សេងទាំងសរសៃខ្ចី ពីព្រឹករហូតដល់យប់ ទើបគាត់ត្រឡប់មកផ្ទះហើយថ្ងៃខ្លះគាត់ត្រូវសម្រាកនៅកន្លែងធ្វើការ។ កូនរបស់សាបាន យំដោយសារគ្មានទឹកដោះ និងអាហារហូប។ ពេលយប់គាត់ត្រូវបន្តមើលថែកូនដោយមិនបានសម្រាក។

សាបាន និយាយថា “ខ្មែរក្រហមមិនសមធ្វើបាបប្រជាជនខ្លួនឯងសោះ ព្រោះសុទ្ធតែជាខ្មែរដូចគ្នាខ្ញុំឆ្ងល់ណាស់ តើខ្មែរក្រហមចង់បំបាត់ពូជសាសន៍ខ្មែរខ្លួនឯង ឬបានជាប្រព្រឹត្តអំពើសាហាវឃោរឃៅបែបនេះ? គាត់បន្តថាស្រូវ ដែលធ្វើបានតាមមូលដ្ឋានច្រើនណាស់មិនគួរណាប្រជាជនហូបបបរនិងមានរបបតិចៗហូបមិនឆ្អែតឡើយ”។

សាបាន ធ្លាប់បានឃើញនៅសហករណ៍ឃ្លាំងរៀបចំពិធីរៀបការមានចំនួនជាង៣០គូ។ អ្នករៀបការទាំងនោះមកពីភូមិផ្សេងៗ អ្នករៀបការមិនហ៊ានប្រកែកចំពោះការរៀបចំរបស់អង្គការទេ។ គាត់ក៏ធ្លាប់ឃើញខ្មែរក្រហមប្រើអ្នកទោសឲ្យរុះរើព្រះវិហារ និងកម្ទេចព្រះពុទ្ធបដិមា ក្នុងគោលបំណងកុំឲ្យប្រជាជនមានកន្លែងដើម្បីគោរពប្រតិបត្តិសាសនា។ ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ សាបាន ត្រលប់មករស់នៅផ្ទះឯស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន គាត់មានជំងឺបេះដូង ដែលបណ្តាលឲ្យគាត់ឧស្សាហ៍ហត់ និងពិបាកដកដង្ហើម។

សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin