កងចល័តនារីសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សៅ ហាន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ហាន បានរស់នៅដោយឆ្លងកាត់ជំនាន់មួយដែលប្រទេសកម្ពុជាមានសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ដូចជារបប លន់ នល់ និងខ្មែរក្រហម។ សម័យ លន់ នល់ គាត់រៀនបានត្រឹមថ្នាក់ទី៤ ត្រូវឈប់រៀនដោយ​សារ​តែ​ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកលើភូមិដ្ឋាន សាលារៀន និងវត្តជាដើម។

នៅរបបខ្មែរក្រហម ហាន ត្រូវបានជម្លៀសពីស្រុកកំណើតឯខេត្តស្វាយរៀង ទៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ទៅដល់ទីនោះ ហាន ត្រូវបានឲ្យរស់នៅក្នុងកងចល័តនារី ធ្វើការជាអ្នកស្ទូងស្រូវ លើកភ្លឺស្រែ បោចស្មៅ លើកទំនប់ និងជីកប្រឡាយ…។ ចំណែករបបអាហារគឺមិនគ្រប់គ្រាន់ទេ គឺហូបបបរលាយជាមួយបន្លែ និងស្លឹកដំឡូង គាត់តែងតែដើរប៉ះស្លឹកឈើហូបបន្ថែមពេលដែលឃ្លានខ្លាំង។

ហាន ធ្លាប់ឃើញខ្មែរក្រហមក្មេងៗស្ពាយកាំភ្លើងមិនផុតពីដីបណ្តើរមនុស្សយកទៅសម្លាប់ចោលនៅវាលស្រែ ដែលជាកន្លែងសម្លាប់មនុស្សនៅឯខេត្តពោធិ៍សាត់។ វាលនោះមានទំហំប្រមាណ១គីឡូម៉ែត្របួនជ្រុង ប្រើសម្រាប់ដាក់ខ្មោចប្រជាជនដែលបានសម្លាប់ដែលភាគច្រើនជាអ្នកជម្លៀសមកពីខេត្តស្វាយរៀង។ ក្នុងរបបនោះការវាយសម្លាប់មនុស្សគ្មានអ្នកណាហ៊ានតវាប្រឆំាងទេ។ ទាហានខ្មែរក្រហមតែងតែច្រៀងចម្រៀងថា «ពួកស្វាយរៀងដេកហាលភ្លៀងរងចាំតែថ្ងៃស្លាប់»។ ទីតាំងនោះ ហាន មិនស្គាល់ថាសិ្ថតក្នុងភូមិ ឃុំ អី្វនោះទេគ្រាន់តែដឹងថាគេហៅ «តំបន់កាប» ស្ថិតនៅខេត្តពោធិ៍សាត់។

ហាន ក៏បានឃើញការរៀបការដោយបង្ខំក្នុងរបបខ្មែរក្រហមផងដែរ។ ការរៀបការនោះរៀបចំឡើងចាប់ពី​១០ រហូតដល់១០០គូ។ អ្នកត្រូវរៀបការអង្គុយលើតុវែង ឆ្លាស់គ្នារវាងស្រីនិងប្រុស។ អ្នកកាន់កម្មវិធីជ្រើស​រើសតំណាងប្តី ប្រពន្ធ ១ ឬ ២គូឡើងប្តេជ្ញាចិត្ត ដោយសន្យាយកគ្នាជាប្តី ប្រពន្ធ អស់១ជីវិត។ ពេល​ប្តេជ្ញារួចកម្មវិធីក៏ចប់ គ្មានកម្មវិធីច្រើន និងមានភ្ញៀវចូលរួមដូចបច្ចុប្បន្នទេ។ ពិធីរៀបការនោះជាពិធីដែលរៀបចំដោយ បង្គ្រប់កិច្ចប៉ុណ្ណោះព្រោះអ្នកចូលរួមខ្លះមិនទាំងបានដឹងខ្លួនមុនថាត្រូវរៀបការផង។ ហាន ក៏បានដឹងថាខ្មែរក្រហមលុបបំបាត់សាសនា ចាប់ផ្សឹកព្រះសង្ឃ បង្ខំឲ្យព្រះសង្ឃលីសែងស្រូវដាក់ចូលឃ្លាំង វាយកម្ទេចព្រះបដិមាករ និងបំផ្លាញរូបចម្លាក់ផ្សេងៗដែលមានក្នុងវត្តជាដើម។ ហាន គិតថាការដែល​និ​យាយ​​រឿងរ៉ាវពីអតីតកាលប្រាប់ដល់ក្មេងៗជំនាន់ក្រោយមានសារៈសំខាន់ណាស់ដើម្បី ទុកជាភស្តុតាង និង​ឯក​សារសម្រាប់ការសិក្សារៀនសូត្រ និងទប់ស្កាត់កុំឲ្យប្រវត្តិសាស្ដ្រដ៏ខ្មៅងងឹតនេះកើតឡើងវិញម្ដងទៀត។

សម្ភាសន៍ដោយ ហម សារឿន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin