កុមារម្នាក់ លង់ទឹកស្លាប់

(ក្រចេះ)៖ កុមារម្នាក់ដែលរស់នៅក្នុងក្រុមជាមួយ ស៊ីថា បានស្លាប់ដោយសារតែលង់ទឹក ក្នុងអំឡុងពេលមើលក្របី នេះបើតាមការលើកឡើងរបស់ស៊ីថា។ សោម ស៊ីថា មានអាយុ៥៩ឆ្នាំ កើតនៅឆ្នាំ១៩៦៥ នៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន ស៊ីថា រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ស៊ីថា មានបងប្អូនសរុបចំនួនប្រាំនាក់។ សព្វថ្ងៃ គាត់មានជំងឺលើសសម្ពាធឈាម, ឈឺសន្លាក់ និងលើសជាតិស្ករ។
នៅចន្លោះឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៤ ស៊ីថា ស្ថិតនៅក្នុងវ័យកុមារ និងរស់នៅជាមួយឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់អំណាចបានទូទាំងប្រទេស។ អង្គការចាត់តាំងឲ្យ ស៊ីថា ធ្វើការងារនៅក្នុងកងកុមារ។ ស៊ីថា ជាប្រជាជនមូលដ្ឋាន ហើយការងារដែលគាត់ត្រូវធ្វើជាប្រចាំគឺ រែកដី និងជីកព្រែក។ នៅក្នុងឃុំរបស់គាត់មានប្រជាជនសរុបទាំងអស់ប្រមាណ៥០០នាក់ ដែលរស់នៅផ្ដុំគ្នា និងមានតួនាទីធ្វើការងារតាមកងដែលអង្គការចាត់តាំង។ សម្រាប់ការរស់នៅរបស់ប្រជាជនគឺ អង្គការរៀបចំឲ្យរស់នៅក្នុងកងដាច់ដោយឡែកពីគ្នា។
របបអាហារដែលប្រជាជនទទួលបាននៅក្នុងរបបខ្មែរក្រហម គឺបបរចំនួនពីរពេលក្នុងមួយថ្ងៃ។ ស៊ីថា បាននិយាយថានៅក្នុងរបបខ្មែរក្រហមគាត់មិនដែលបានហូបត្រីងៀត ឬអាហារក្រៀមៗឡើយ មានតែសម្លម្ជូរត្រកួន និងព្រលឹត ហើយសម្លនោះគ្មានរសជាតិ។ នៅក្នុងសម្លមួយខ្ទះធំ គឺមានត្រីត្រឹមតែបី ទៅបួនកន្ទុយប៉ុណ្ណោះ។ នៅក្នុងរបបនោះ ប្រជាជនហូបអាហារមិនឆ្អែត ហើយត្រូវធ្វើការងារច្រើន និងគ្មានពេលវេលាសម្រាកគ្រប់គ្រាន់។
នៅក្នុងរបបខ្មែរក្រហម មានកុមារម្នាក់ដែលរស់នៅក្នុងក្រុមជាមួយ ស៊ីថា បានស្លាប់ដោយសារតែលង់ទឹក ក្នុងអំឡុងពេលមើលក្របី។ នៅពេលនោះ គ្មានមនុស្សពេញវ័យនៅជិតដើម្បីជួយសង្គ្រោះទាន់ឡើយ គឺមានតែកុមារតូចៗដូចគ្នា និងម្យ៉ាងទៀតទឹកនោះមានជម្រៅដល់ទៅបីម៉ែត្រ។ កុមារដែលស្ថិតនៅក្នុងហេតុការណ៍ បានត្រឹមតែឈរមើល និងមិនអាចជួយអ្វីបានឡើយ។ ទម្រាំតែមានមនុស្សធំដើរឆ្លងកាត់ កុមារម្នាក់នោះ បាត់បង់ជីវិតទៅហើយ។
ខ្មែរក្រហម មិនអនុញ្ញាតឲ្យមានការគោរពប្រណិប័តន៍សាសនាឡើយ។ ខ្មែរក្រហម បានយកទីកន្លែងសក្ការបូជា ធ្វើជាឃ្លាំងសម្រាប់ផ្ទុកសម្ភារ និងចាប់ផ្សឹកព្រះសង្ឃហើយចាត់តាំងឲ្យទៅធ្វើការងារ។ សូម្បីតែព្រះពុទ្ធប្បដិមា ក៏ត្រូវវាយបំផ្លាញនិងទម្លាក់ចូលក្នុងទឹកស្រះដែរ៕
សម្ភាសន៍ដោយ៖ ញ៉ិល ចន្រ្ទា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥