សរ ស៊ីម៖ កម្មករស្រែអំបិលជំនាន់ខ្មែរក្រហម

សរ ស៊ីម[1]ភេទ​ស្រី​ អាយុ​៧២ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅភូមិ​ថ្មី​ ស្រុក​ព្រៃ​កប្បាស ​ខេត្ត​តាកែវ​​។ បច្ចុប្បន្ន​ ស៊ីម រស់​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រិយ៍ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

ស៊ីម​ បាន​និយាយ​​ថា​៖«កាល​ពី​កុមារ​ភាព​ខ្ញុំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ​ ​ជំនាន់នោះ​​​ខ្ញុំ​បាន​រៀន​អក្ខរ​កម្ម​​​ក៏​បាន​ចេះ​អាន​សៀវ​ភៅ​បានល្អ​ស្មើ​ហ្នឹង​ថ្នាក់​ទី​១២​បច្ចុប្បន្ន​។ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​៦នាក់​។ គ្រួសារ​​​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​មិន​មែន​ជា​គ្រួសារ​ធូរ​ធារ​នោះ​ទេ​។ ខ្ញុំ​រស់​នៅ​ជា​មួយ​គ្រួសារ​​ដល់​ឆ្នាំ​១៩៧២ ខ្ញុំ​ក៏​បាន​ចូល​ក្នុង​សមាគមន៍​ភូមិ​​។

​នៅ​ឆ្នាំ​ដដែល​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​ក៏​មាន​ការ​ជ្រើស​រើស​អ្នក​សិល្បៈ​ស្រុក​។ កាល​នោះ​អ្នក​ដែល​ត្រូវ​បាន​​ជ្រើស​រើស​ឲ្យចូល​ជា​អ្នក​សិល្បៈ​មាន​គ្នាជាង​៣០​នាក់​។ ការរស់​នៅ​ ព្រម​ទាំង​ការ​​ហូប​ចុក​ហូប​ជា​ក្រុម​ ឬ​ជា​កង​អង្គ​ភាព​។ ​ខ្ញុំ​ចេះ​រាំ ចេះ​ច្រៀ​ង និងសម្ដែង​ មួយ​ចប់​ ខ្ញុំ​ក៏​បន្ត​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​បន្ថែម​ទៀត​។ ក្រុម​សិល្បៈ​ខ្ញុំ​គេ​ហៅ​ទៅ​សម្ដែង​នៅ​ពេល​មាន​កម្ម​វិធី​​​នានា​ដែល​អង្គ​ការ​ឲ្យ​ទៅ​សម្ដែង​។ ចម្រៀង​ ភាគ​ច្រើន​ច្រៀង​រៀប​រាប់​ពី​ការ​ធ្វើ​ការ​ងារ​ ពីរបប​ខ្មែរ​ក្រហម​។ ពេល​ខ្លះ​ក៏​មាន​ការ​សម្ដែង​រឿង​វាយ​គ្នា​រវាង​ខ្មែរ​ក្រហម​ ជា​មួយ​អាមេរិ​កាំង​។ កាល​នោះភាគ​ច្រើ​ន​ខ្ញុំ​ដើរ​តួ​ជា​កសិករ​ផង​ ជា​នាយ​ទុនផង​​។​ ប៉ុន្តែ​យូរៗ​ម្ដង​បាន​ខ្ញុំ​បាន​ធ្វើ​តួ​នាយ​ទុន​ ដោយ​សារ​តែ​ភាគ​ច្រើន​តួ​នាយ​ទុន​ និង​សក្តិភូមិ​ ទាល់​តែ​គេ​មាន​ចរិត​កាចៗ​។ ខ្ញុំ​ដើរ​តួអ្នក​ស្រែ​ធ្វើ​ស្រូវ​ជួយ​ផ្គត់​ផ្គង់​ឲ្យ​ទៅ​កង​ទ័ព​។ ចម្រៀង​ដែល​ខ្ញុំ​នៅ​ចង​ចាំ​ក្នុង​ជំនាន់​ខ្មែរ​ក្រហម​មាន​ចំណង​ជើង​«ខោអាវ​រហែក​,កូន​ប្រុស​ស្រី​ចាំ​ស្ដាប់​ម្ដាយ​ណា​ម្ដាយនឹង​​រាយ​រ៉ាប់​ឲ្យ​ស្ដាប់​​» បទ​នេះ​គេ​និយាយ​ពី​ការ​តស៊ូ​។ តាម​ពិត​ទៅ​ខ្ញុំ​ក៏​មិន​ចង់​ចូល​ខាង​សិល្បៈ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​កាល​ជំនាន់​នោះ​គេ​និយាយ​ថា​ខ្ញុំ​មានសម្លេងដុង​ខាង​សិល្បៈ​។ ក្រៅ​ពី​សម្ដែង​សិល្បៈ​ពេល​ទំ​នេរ​ គេ​ក៏​បញ្ជូន​ឲ្យ​ខ្ញុំ​ និង​ក្រុម​សិល្បៈ​ទៅ​សែង​អ្នក​របួស​។

នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​របួសគ្រលៀន​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤​ទៅ​សម្ដែង​ឲ្យ​កង​ទ័ព​មើល​ជា​ប្រចាំ​ ដែល​ទី​តាំង​សម្តែង​កាល​នោះ​នៅ​ម្ដុំ​ស្រែ​ក្រសាំង​ និង​ពេជ្រ​និល​។ កាល​នោះ ភាគ​ច្រើន​​ក្រុម​ខ្ញុំ​ចេញ​សម្ដែង​ពេល​មាន​កម្ម​វិធី​ប្រជុំ​ធំៗ​ និង​ពេល​បិទ​​វគ្គ​សិក្ខា​សិលា​ ក៏​ដូច​ជា​ពេល​កង​ទ័ព​មក​ពី​ក្រោយ​​ក៏​ត្រូវ​សម្តែង​​ឲ្យ​មើល​ផង​ដែរ​។ ខ្ញុំ​ចូល​នៅ​ក្រុម​សិល្បៈ​ការ​ងារ​ស្រួល​ទេ​ ប៉ុន្តែ​ខ្ញុំ​មាន​ការ​ហត់​ចិត្ត​នៅ​ពេល​ត្រូវ​ហាត់​រៀន​ទន្ទេញ​សាច់​រឿង​ដែល​ត្រូវ​សម្ដែង​ ធ្វើ​យ៉ាង​ណា​ត្រូវ​ទន្ទេញ​ឲ្យ​ចាំ​ដើម្បី​ពេល​ឡើង​សម្ដែង​មិន​មាន​ការ​ខុស​ឆ្គង។ ​វា​ក៏​មិន​មាន​ភាព​ងាយ​ស្រួល​ប៉ុន្មាន​ដែរ​សម្រាប់​អ្នក​មិន​ចេះ​អាន​អក្សរ​។

ខ្ញុំ​នៅ​ក្នុង​កង​សិល្បៈ​រហូត​ដល់​ឆ្នាំ​១៩៧៥​ ខ្មែរ​ក្រហម​ទទួល​បាន​ជ័យ​ជម្នះ​ក៏​មាន​ការ​រំសាយ​កង​សិល្បៈ​ចោល​ ហើយ​បញ្ជូន​ក្រុម​សិល្បៈ​របស់​ខ្ញុំ​ទៅ​កាន់​ខេត្ត​កំពត​ ដើម្បី​ធ្វើ​ជា​កម្ម​ករ​ស្រែ​អំបិល​។ ចាប់​តាំង​ពី​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ទៅ​ធ្វើ​ការ​ងារ​នៅ​ស្រែ​អំបិល​ខ្ញុំ​ និង​មិត្ត​រួម​ក្រុម​ចាប់​ផ្ដើម​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​។ ការ​ធ្វើ​ស្រែ​អំបិល​នេះ​យើង​ត្រូវ​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ​ក្នុង​ការ​ធ្វើ​ស្រែ​ និង​ប្រមូល​ផល​អំបិ​ល​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ពេល​នោះ​ខ្ញុំ​មាន​ការ​ហត់​នឿយ​ជា​ខ្លាំង​អំឡុង​ពេល​ធ្វើ​ការដែល​ខ្ញុំ​ត្រូវ​លើក​អំបិល​ដាក់​លើ​ស្មាចំនួន​៣​បាវ​ ​ឡើង​លើ​ឡាន​។ ប៉ុន្តែ​ដោយ​សារ​តែ​ពេល​នោះ​ខ្ញុំ​នៅ​មាន​កម្លាំង​ធ្វើ​ការ​មិន​គិត​ពី​ផល​លំបាក​នៅ​ពេល​ក្រោយ​នោះ​ទេ​។

ជំនាន់​នោះ​ កម្ម​ករ​ធ្វើ​ស្រែ​អំបិល​ជួប​ការ​លំបាក​ណាស់​ បើ​អ្នក​មាន​ដំ​បៅ​ ឬ​របួស​ជើង​មិន​ទាន់​ជា​សះ​ស្បើយ​ ប្រាកដ​ជា​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​ចុះ​ធ្វើ​ការ​​ក្នុង​ទឹក​អំបិល​ជាក់​ជា​មិន​ខាន​។ ទោះ​បី​ជា​ឈឺ​គ្រុន​ប៉ុណ្ណា​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ឈប់​សម្រាក​ឡើយ​ ដោយ​សារ​តែ​ភ័យ​ខ្លាច​អត់​បាន​របប​អាហារ​ហូប​ចុក​។ ណា​មួយ​នៅ​ពេល​នោះ​ការ​គ្រប់​គ្រង​ច្បាប់​មាន​ការ​ផ្ដាច់​ការ​ និង​បិទ​សិទ្ធិ​លើ​ប្រជាជន​ទាំង​អស់​មិន​ឲ្យ​មាន​ការ​ប្រ​ឆាំង​តវ៉ា​លើ​ច្បាប់​អង្គ​ការ​នោះ​ទេ​។ នៅ​ជុំ​វិញ​បរិវេណ​ស្រែ​អំ​បិល​មិន​មាន​ម្លប់សម្រាប់​ជ្រកកម្ដៅ​ថ្ងៃ​នោះ​ទេ​ នៅ​ទី​នោះ​ប្រៀប​ដូច​ជា​វាល​រហោឋាន​ ក្រឡេក​មើល​ទៅសុទ្ធ​តែ​​វាល​ស្រែ​អំបិល​ដាច់​កន្ទុយ​ភ្នែក​។ កម្ម​ករ​ទាំង​អស់​ត្រូវ​ឈរ​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គ្មាន​ពេល​វេលា​ឈប់​សម្រាក​ រហូត​ដល់​អ្នក​ខ្លះ​មាន​រាង្គ​កាយ​ស្គម​ស្គាំង​គ្មាន​កម្លាំង​កំហែង​ក្នុង​ការ​ធ្វើ​ការ​។

ចំពោះ​អាហារ​ហូប​ចុក​វិញ​ បើ​យើង​ឧស្សាហ៍​ទៅ​រក​មិន​ខ្វះ​ហូប​នោះ​ទេ​ ព្រោះ​នៅ​ជិត​សមុទ្រ​។ ពេល​សម្រាក​ពី​ការ​ងារ​យើង​នាំ​គ្នា​ទៅ​ចាប់​បង្គា ចាប់​ក្ដាម​តែ​មួយ​សន្ទុះ​បាន​យក​មក​ហូប​ហើយ​គ្មាន​អ្នក​ណា​ស្ដី​ថា​ឲ្យ​យើង​ទេ​។ យូរៗ​ម្ដង​នៅ​ក្នុង​សហករណ៍​ស្រែ​អំបិល​ធ្វើ​កម្ម​វិធី​ជប់​លៀង​ឲ្យ​កម្ម​ករ​ម្ដង​ដើម្បី​បំភ្លេច​ភាព​នឿយ​ហត់​ពី​ការ​ធ្វើ​ការ​ងារ​។ កាល​នោះ ការ​រៀប​ចំ​​ម្ហូប​អាហារ​ក្នុង​កម្ម​វិធី​ជប់​លៀង​មាន​ដូច​ជា​៖ ឈ្លើង សមុទ្រ ត្រី​ សាច់​ បង្គា និងបង្កង​។

ខ្ញុំ​បាន​រស់​នៅ​ធ្វើ​ការ​ជា​កម្ម​ករ​ស្រែ​អំបិល​រហូត​ដល់​ឆ្នាំ​១៩៧៩ ពេល​កង​ទ័ពស្ម័គ្រ​ចិត្ត​​វៀត​ណាម​ចូល​មក​រំដោះ​ ខ្ញុំ​ក៏​បាន​រត់​ទៅ​តាម​មីងៗ​ដែល​ជា​កម្ម​ករ​ជា​មួយ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ​។ ជីវិត​រស់​នៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​មិន​មានភាព​ងាយ​ស្រួល​នោះ​ទេ​ ប្រជាជន​ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​អត់​ឃ្លាន​ អ្នក​ខ្លះ​ទៀត​ត្រូវ​ឈឺ​គ្រុន​ចាញ់​នៅ​ក្នុង​ព្រៃ​។ រយៈ​ពេល​ដែល​យើង​រស់​នៅ​ក្នុង​ព្រៃ​នេះ​ គ្រប់​សកម្ម​ភាព​ទាំង​អស់​ដូច​ជា​៖ អាហារ​ហូប​ចុក ទឹក​ប្រើ​ប្រាស់​ និងកន្លែង​ស្នាក់​នៅ​ គឺ​សុទ្ធ​តែ​មាន​ការ​ខ្វះ​ខាត​ និង​ជួប​ទុក្ខ​លំបាក​ទាំង​អស់​។ កុមារ​មួយ​ចំនួន​ក៏​ត្រូវ​ស្លាប់​ដោយ​សារ​ខ្វះ​ទឹក​ដោះ​បំបៅ​ ចំណែក​ឯ​មួយ​ចំនួន​ទៀត​ចាញ់​ទឹក​ចាញ់​ដី​នៅ​ក្នុង​ព្រៃ​រហូត​ដល់​ឈឺ​ប្រែ​ទៅ​ជា​ខ្វិន​ដៃ​ខ្វិន​ជើង​។

រហូត​ដល់​ឆ្នាំ​១៩៨០​ ខ្ញុំ​រួម​ទាំង​ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ក្នុងព្រៃ​​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តាម​បណ្ដោយ​ព្រំ​ដែន​ថៃ​។ ការ​ធ្វើ​ដំណើរ​នេះ​បាន​ចំណាយ​អស់​រយៈ​ពេល​១ខែ​ ទើប​យើង​ធ្វើ​ដំណើរ​ទៅ​ដល់​លើ​ភ្នំ​។ ពេល​ឡើង​មក​ដល់​លើ​ភ្នំ ខ្ញុំ​ក៏​បាន​ជួប​ជា​មួយ​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​នៅ​ឈរ​ជើង​នៅទី​កន្លែង​នោះ។ ភ្លាមៗ​នោះ ខ្ញុំ​ក៏​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​រស់​រាន​មាន​ជីវិត​រួច​ផុត​ពី​ការ​អត់​អាហារ​ហូប​ចុក​ម្ដង​ទៀត​។ បន្ទាប់​ពី​បាន​ជួប​ជុំ​គ្នា​នៅ​លើ​ភ្នំ​ដង​រែក​ហើយ​ ខ្ញុំ​ក៏​បាន​ចូល​ជា​កង​នារី​ដឹក​ជញ្ជូន​។ នៅ​អំឡុង​ពេល​ដឹក​ជញ្ជូនស្បៀង​ និង​គ្រាប់​ទៅ​ឲ្យ​កង​ទ័ព​នៅ​សមរភូមិ​មុខ​ ​ខ្ញុំ​បាន​ផឹក​ទឹក​ចំ​កង​ទ័ព​វៀត​ណាម​ដាក់​ថ្នាំ​ពុល​ ​ខ្ញុំ​ក៏​ធ្លាក់​ខ្លួន​ឈឺ​។

នៅ​ឆ្នាំ​១៩៨៣ ខ្ញុំ​ក៏​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​មន្ទីរ​ជន​ពិការ​ ពេល​នោះ​ខ្ញុំ​បាន​ឈប់​ធ្វើ​ការងារ​​ហើយ​។ ខ្ញុំ​រស់​នៅ​ក្នុង​មន្ទីរ​ជន​ពិការ​រហូត​ដល់​ចន្លោះ​ឆ្នាំ​១៩៨៧-១៩៨៨ ប្រធាន​អង្គ​ភាព​ក៏​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ​មាន​រៀប​ការ។ ក្រោយ​ពី​រៀប​ការ​ហើយ​ ខ្ញុំ​បន្ត​រស់​នៅ​លើ​ភ្នំ​ដង​រែក​តំបន់​ភ្នំ​១០០៣ បាន​រយៈ​ពេល​២ឆ្នាំ​ ក្នុង​ឆ្នាំ​១៩៩០​ ខ្ញុំ​និង​គ្រួសារ​ក៏​បាន​ចុះ​មក​រស់​នៅ​ភូមិ​ជើង​ភ្នំ​ដល់​បច្ចុប្បន្ន​»៕

ដោយ សួត វិចិត្រ


[1] មេក វិន សម្ភាសន៍ជាមួយ សរ ស៊ីម នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង​ ខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ​២០២៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin