ស សឹង៖ អតីតពេទ្យប្រចាំនៅរោងចក្រក្នុងរបបខ្មែរក្រហម

ស សឹង រស់នៅភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សឹង ត្រូវបានអង្គការជ្រើសរើសឲ្យទៅរៀនពេទ្យ និងបញ្ជូនឲ្យធ្វើពេទ្យប្រចាំនៅក្នុងរោងចក្រក្រឡឹង នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  ស សឹង[1] ភេទស្រី មានអាយុ៧១ឆ្នាំ។ សឹង មានស្រុកកំណើតនៅក្នុងភូមិកៅទៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្ន សឹង រស់នៅភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សឹងមានឪពុកឈ្មោះ  ស ស៊ីម (ស្លាប់) និងម្ដាយឈ្មោះ ប្រុក នួន។  សឹង មានបងប្អូនបង្កើតចំនួន១១នាក់ (ស្រី៧នាក់)  ហើយបងប្អូនរបស់គាត់នៅរស់រានមានជីវិតចំនួន៩នាក់។ បងប្រុសទី១របស់គាត់ គឺជាអតីតកងទ័ព បានស្លាប់ អំឡុងពេលកងទ័ពវៀតណាមចូលមករំដោះប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩។ បងប្រុសរបស់សឹង បានធ្លាក់ខ្លួនឈឺ ក្រោយត្រលប់មកពីសមរភូមិសមរភូមិប្រយុទ្ធ ហើយមិនមានពេទ្យព្យាបាល ទើបបណ្ដាលឲ្យស្លាប់។ រីឯបងស្រីរបស់គាត់ បានបាត់បង់ជីវិតនៅឆ្នាំ២០០៩ ដោយសារជំងឺ។ កាលនៅវ័យកុមារ សឹង មិនបានចូលរៀននោះទេ។

ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អង្គការខ្មែរក្រហម បានចាប់ផ្ដើមបែងចែកឲ្យសមាជិកនៅក្នុងគ្រួសារនីមួយៗទៅរស់នៅ ហូបចុក និងធ្វើការងាររួមក្នុងសហករណ៍។ សឹង ត្រូវបានខ្មែរក្រហមចាត់ឲ្យនៅធ្វើការងារក្នុងសហករណ៍រួម ហើយដើរលើកទំនប់ ជីកប្រឡាយ ចល័តទៅវិញទៅមកនៅក្នុងឃុំកោះសំពៅ ខេត្តព្រៃវែង។ លុះយប់ឡើង សឹង បានទៅស្នាក់នៅរួមជាមួយឪពុកម្ដាយនៅតាមរោងសហករណ៍។ នៅឆ្នាំ១៩៧៦ សឹង និងអ្នកភូមិសរុបប្រហែល៦០នាក់ (រួមមាន នារី និងបុរស) ត្រូវបានចៅហ្វាយស្រុកពាមជរ ឈ្មោះ ម៉េង ជ្រើសរើសចេញពីភូមិកៅទៃ ដើម្បីឲ្យទៅរៀនពេទ្យនៅតំបន់២៤ ដែលមានគណៈតំបន់ឈ្មោះ តា​ ឈូក និងគណៈភូមិភាគបូព៌ាឈ្មោះ សោ ភឹម[2]។ សឹង និងអ្នកភូមិទាំងអស់ បានធ្វើដំណើរតាមឡាន រួចបន្តឡើងជិះកាណូតចេញពីខេត្តកំពង់ចាមទៅកាន់ទីក្រុងភ្នំពេញ។ នៅពេលឡើងលើកាណូត សឹង មានចម្ងល់ថា៖​ “អង្គការនឹងនាំយកទៅទីណា ព្រោះនៅពេលចេញពីស្រុកកំណើតអង្គការបានប្រាប់ថា នឹងឲ្យមករៀនពេទ្យនៅត្រឹមតំបន់២៤ប៉ុណ្ណោះ។” បន្ទាប់មក សឹង និងអ្នកភូមិទាំងអស់ ត្រូវបានអង្គការបំបែកឲ្យទៅធ្វើការងារនៅតាមទីកន្លែងផ្សេងៗក្នុងទីក្រុងភ្នំពេញ។ សឹង ត្រូវបានអង្គការប្រើឲ្យដើរបោសសម្អាតតាមដងផ្លូវនៅខាងមុខព្រះបរមរាជវាំង។ អំឡុងពេល សឹង ធ្វើការងារនៅទីនេះ មានចុងភៅសម្រាប់ដាំបាយឲ្យហូប ហើយ សឹង បានហូបបាយគ្រប់គ្រាន់មិនមានការខ្វះខាតនោះឡើយ។ បន្ទាប់មក សឹង ត្រូវបានអង្គការជ្រើសរើឲ្យទៅធ្វើការងារក្នុងរោងចក្រមួយកន្លែង(ក្នុងក្រុងភ្នំពេញ)។ សឹង មានតួនាទីដាំបាយឲ្យកម្មករបើកបរឡានដឹកជញ្ជូនសម្ភារក្នុងរោងចក្រ។ ក្រោយមក សឹង ត្រូវបានអង្គការជ្រើសរើសបន្តឲ្យទៅធ្វើពេទ្យ ហើយនៅមើលថែអ្នកជំងឺជាកម្មករនៅក្នុងរោងចក្រក្រឡឹង នៅទឹកថ្លា (បច្ចុប្បន្នស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ)។ សម្រាប់ការហូបចុក សឹង បានហូបអាហារគ្រប់គ្រាន់ មិនបានខ្វះខាតនោះឡើយ។

អ្នកភូមិដែលមកពីខេត្តព្រៃវែងជាមួយ សឹង មួយចំនួនត្រូវបានអង្គការចាត់ឲ្យធ្វើការងារនៅកន្លែងចិញ្ចឹមសត្វ, មួយចំនួនធ្វើការងារនៅក្នុងរោងចក្រ, មួយចំនួនបញ្ជូនឲ្យទៅធ្វើស្រែ និងមួយចំនួនទៀតបញ្ជូនឲ្យទៅធ្វើពេទ្យ ប៉ុន្តែនៅទីកន្លែងផ្សេងជាមួយ សឹង។ ប្រធានពេទ្យរបស់ សឹង ឈ្មោះ មីង ភឿ។ នៅក្នុងរោងចក្រក្រឡឹង មានពេទ្យសម្រាប់ផ្ដល់ថ្នាំ ចាក់ថ្នា និងមើលថែកម្មករ ប្រហែល ៣ទៅ៤នាក់។ អង្គការតែងហៅ សឹង ទៅប្រជុំជារៀងរាល់ថ្ងៃ ដើម្បីសួរនាំអំពីជីវប្រវត្តិ។ ក្រោយមក មីង ភឿ និងប្ដីរបស់គាត់ ត្រូវបានអង្គការយកទៅវាយសម្លាប់ចោល ព្រោះគាត់មកពីភូមិភាគបូព៌ា។ អំឡុងពេលធ្វើការ សឹង បានឃើញអង្គការចាប់បុរសៗជាបន្តបន្ទាប់ដាក់ខ្នោះ រួចបញ្ជូនឡើងឡានបើកចេញទៅបាត់ ហើយមិនឃើញបុរសទាំងនោះត្រលប់មកធ្វើការក្នុងរោងចក្រវិញទេ។ ក្រោយមក សឹង បានដឹងថា បុរសៗទាំងនោះ បានលួចស្រឡាញ់នារីៗដែលធ្វើការងារនៅក្នុងរោងចក្រ ទើបត្រូវអង្គការចាប់ខ្លួន  ព្រោះអង្គការមិនអនុញ្ញាតឲ្យនរណាម្នាក់មានចិត្តស្រឡញ់គ្នានោះឡើយ។  អំឡុងពេលជាមួយគ្នា អង្គការតែងតែកុហកឲ្យនារីមួយចំនួនទៅរៀនសូត្រ ប៉ុន្តែបែរជាបង្ខំឲ្យចាប់ដៃរៀបការទៅវិញ។ សឹង បានដឹងរឿងថា អង្គការកុហក ទើបតែងតែធ្វើជាឈឺជាញឹកញាប់ ដើម្បីគេចពីការចាប់បង្ខំឲ្យរៀបការ។ ក្នុងមួយសប្ដាហ៍ អង្គការបង្ខំឲ្យបុរស និងនារីឲ្យរៀបការចំនួន១០គូម្តង។ សឹង មានទំនាក់ទំនងល្អជាមួយជនជាតិចិនមានវ័យចំណាស់ម្នាក់(មិនប្រាប់ឈ្មោះ) ដែលនៅភ្ញាស់ពងទានៅពោធិ៍ចិនតុង ហើយតែងចេញចូលមកក្នុងរោងចក្ររបស់ សឹង និងស្រឡាញ់ សឹង ទុកដូចជាកូនម្នាក់។ ចុងឆ្នាំ១៩៧៨ សឹង បានសុំអនុញ្ញាតអង្គការត្រលប់ទៅលេងឪពុកម្ដាយនៅស្រុកកំណើត ហើយ ជនជាតិចិន បាននិយាយថា៖ “ចាំកុងជូនអាយិនទៅផ្ទះ” ប៉ុន្តែ ក្រោយមក កងទ័ពវៀតណាមបានចូលមកដល់ភ្នំពេញមុន ទើប សឹង ត្រូវបាន ហ៊ន ជាប្រធានរោងចក្រចិញ្ចឹមសត្វចាប់បោះដាក់លើឡាន រួចបើកគេចខ្លួនចេញពីភ្នំពេញ ព្រោះខ្លាច សឹង រត់ត្រលប់ទៅផ្ទះវិញ។ សឹង បានជិះឡានចេញពីភ្នំពេញរហូតដល់ភ្នំឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ បន្ទាប់មក សឹង បានជួយធ្វើស្រែជាមួយប្រជាជន នៅក្នុងខេត្តកំពង់ស្ពឺអស់មួយរយៈពេល។ សឹង បានដឹងថា អង្គការបានយកមនុស្សទៅសម្លាប់ចោលនៅភ្នំនាងកង្រី ខេត្តកំពង់ឆ្នាំង។ ក្រោយមក សឹង និងនារីដទៃបានយាមទល់ខ្នង ព្រោះខ្លាចអង្គការខ្មែរក្រហមអូសយកទៅសម្លាប់ចោល ព្រោះមានផែនការថា ខាងយោធាខ្មែរក្រហម(បស្ចិម)នឹងចាប់មនុស្សចំនួន៨០នាក់ ទាំងបុរស និងនារីយកទៅសម្លាប់ចោល។ បន្ទាប់មក សឹង បានឡើងឡានដែល តា ម៉ុក បញ្ជូនមកទទួលចំនួន១៥គ្រឿង ធ្វើដំណើរចេញពីភ្នំឪរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅកាន់ស្រុកបរវេល ខេត្តបាត់ដំបង។ សឹង បានសម្រាកនៅស្រុកបរវេលរយៈពេលប្រហែល៤ទៅ៥ថ្ងៃ ទើបភៀសខ្លួនបន្ត ព្រោះកងទ័ពវៀតណាមបានវាយជិតមកដល់ស្រុកបរវេល។ សឹង បានចុះដើរថ្មើរជើងចេញពីស្រុកបរវេល ទៅកាន់ព្រំដែនកម្ពុជា-ថៃ។ សឹង បានធ្វើដំណើរអស់រយៈពេលប្រហែល៣ទៅ៤ខែ ទើបទៅដល់ព្រំដែនក្នុងភូមិចំការចែក ស្រុកម៉ាឡៃ ខេត្តបាត់ដំបង។ អំឡុងពេលស្នាក់នៅព្រំដែន សឹង បានឃើញប្រជាជនដេកស្លាប់ជាច្រើននាក់ ដោយសារការអត់អាហារ និងកើតជំងឺគ្រុនចាញ់ ហើយមិនមានពេទ្យព្យាបាល។

បន្ទាប់មក កម្មាភិបាលខ្មែរក្រហម បានរៀបចំប្រមូលកងទ័ពឡើងវិញ ដោយបុរសៗត្រូវចូលក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពវៀតណាម។ ចំណែក សឹង និងនារីដទៃ ត្រូវបានរៀបចំបង្កើតក្រុមដឹកជញ្ជូន​ ដែលមានឈ្មោះ តា កន ជាប្រធានកងពល។ សឹង បានដឹកជញ្ជូនគ្រាប់, អង្ករ, សម្លៀកបំពាក់ និងសម្ភារងៗរបស់កងទ័ពទៅឲ្យកងទ័ពក្នុងសមរភូមិមុខ។ បន្ទាប់មក សឹង និងនារីទាំងអស់បានសែងកងទ័ពដែលរងរបួសក្នុងសមរភូមិមុខ មកព្យាបាលនៅពេទ្យសមរភូមិក្រោយវិញ។  សឹង បានធ្វើដំណើរទៅដឹកជញ្ជូននៅក្នុងភូមិសាស្ដា ឃុំសាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងអស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយមក សឹង បានរៀបការជាមួយស្វាមីនៅក្នុងជំរុំ តាង៉ុក នៅឆ្នាំ១៩៩២។ ក្រោយរៀបការរួច ស្វាមីរបស់ សឹង ចេញទៅប្រយុទ្ធក្នុងសមរភូមិ។ ចំណែក សឹង បានឈប់ដឹកជញ្ជូនគ្រាប់ និងស្នាក់នៅក្នុងជំរំតាង៉ុក។

អត្ថបទដោយ មឿន ស្រីណុច


[1] ឯកសារលេខ BBI0085, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, សុខ វណ្ណៈ សម្ភាសន៍ជាមួយឈ្មោះ  សំ សឹង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin