ខ្ញុំជាប់ទោសដោយសារកងឈ្លបចោទថា «ក្បាលយួនខ្លួនខ្មែរ»

ស ស៊ន់ រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ខេត្តព្រៃវែង) ស ស៊ន់ មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស៊ន់ បានរៀបការតាំងពីរបបសង្គមរាស្រ្តនិយម និងមានកូនចំនួន៩នាក់ ក្នុងនោះស្លាប់២នាក់ ដោយម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់)។ បច្ចុប្បន្ន ស៊ន់ រស់នៅពីរនាក់ប្រពន្ធ នៅស្រុកកំណើតក្នុងភូមិឃុំខាងលើ។

ស៊ន់ បានរៀបរាប់ថា ក្នុងរបបសង្គមរាស្រ្តនិយម ប្រជាជនក្នុងភូមិរស់នៅមានសេចក្តីសុខ និងមានសុភ​មង្គលព្រោះអាចរកស៊ីចិញ្ចឹមជីវិតដោយគ្មាន​ការព្រួយបារម្ភ។ ក្រោយមកប្រទេសជាតិជួបប្រទះសង្រ្គាមស៊ីវិលដោយសារតែ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ស៊ន់ បានឃើញយន្តហោះមកទម្លាក់គ្រាប់បែកក្នុងភូមិជាញឹកញាប់ ធ្វើឲ្យប្រជាជនរស់នៅជួបការលំបាក និងបានផ្លាស់ទីលំនៅគេចចេញពីការទម្លាក់គ្រាប់បែក។ ស៊ន់ បន្តថានៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៩ ប្រជាជនជួប​ការលំបាកកាន់តែខ្លាំងដោយសារ ការបង្ខំឲ្យធ្វើការហួសកម្លាំង, ការសម្លាប់, ការបំបិទសិទ្ធិសេរីភាព និងការហូបចុកមិនគ្រប់គ្រាន់។ ស៊ន់ និយាយថា៖ “ទិន្នផលស្រូវដែលប្រជាជនធ្វើបាន ត្រូវបានអង្គការដឹកចេញស្ទើរអស់ពីសហករណ៍។ អង្គការបានទុកស្រូវតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ប្រជាជនហូបប្រចាំថ្ងៃ។ ក្នុង១ថ្ងៃអង្គការចែករបបស្រូវតែ៣ខាំក្នុងម្នាក់។  ស៊ន់ បន្ថែមថា ទោះបីហូបមិនឆ្អែតក៏​ដោយក៏មិនហ៊ាននិយាយអ្វីដែរ ព្រោះខ្លាចអង្គការចោទប្រកាន់ថាខ្មាំង ឬនាំទៅសម្លាប់ចោល។ ការងារប្រចាំថ្ងៃរបស់ស៊ន់ គឺដូចនឹងប្រជាជនផ្សេងទៀតដែរ។ នៅរដូវវស្សា គាត់ត្រូវភ្ជួររាស់ដីសម្រាប់ឲ្យកងចល័តនារីស្ទូង ហើយនៅរដូវប្រាំង គាត់ត្រូវចេញទៅជីកប្រឡាយ និងលើកទំនប់ឆ្ងាយពីភូមិ។

ស៊ន់ នៅចងចាំថា ក្នុងភូមិ អង្គការមិនអនុញ្ញាតឲ្យប្រជាជនចិញ្ចឹមឆ្កែ បើប្រជាជនណាហ៊ានចិញ្ចឹមឆ្កែ នឹងត្រូវនាំខ្លួនទៅសម្លាប់ចោល។ មូលហេតុ​ដែលខ្មែរក្រហមមិនឲ្យប្រជាជនចិញ្ចឹមឆ្កែ ដោយសារតែអង្គការចង់តាមដានការរស់នៅរបស់ប្រជាជននៅពេលយប់។ ខ្មែរក្រហម បានហាមមិនឲ្យ​ប្រជាជនពិភាក្សា ឬនិយាយអាក្រក់ពីអង្គការ ហើយអ្នកដែលអង្គការស៊ើបដឹងត្រូវចោទថា «ខ្មាំងប្រឆាំងអង្គការ, ក្បាលស និងក្បាលយួនខ្លួនខ្មែរ» ជាក់ជាមិនខានឡើយ។

នៅឆ្នាំ១៩៧៨ ស៊ន់ ត្រូវបានកងឈ្លបខ្មែរក្រហមចោទប្រកាន់ថា «ក្បាលយួនខ្លួនខ្មែរ»។ ស៊ន់ មិនដឹងថាគាត់បានប្រព្រឹត្តកំហុសអ្វីនោះទេ។ ​អង្គការបានចាប់ខ្លួន ស៊ន់ ទៅឃុំក្នុងគុករយៈពេល៩ខែ និង២០ថ្ងៃ ប៉ុន្តែឆ្មាំយាមគុកមិនបានធ្វើទារុណកម្មគាត់ទេ ដោយគ្រាន់តែឲ្យគាត់ជីក និងរែកដីធ្វើស្រះទឹកគ្មានពេលសម្រាក។ នៅក្នុងគុក ស៊ន់ ឃើញមានអ្នកទោសចំនួន៧នាក់ ត្រូវបានប្រើឲ្យរែកដីស្ទើរគ្មានពេលសម្រាក និងទទួលបានបបរ២ពេលក្នុង១ថ្ងៃ (ពេលថ្ងៃត្រង់ និងពេលល្ងាច)។ ក្រោយពេល ស៊ន់ ជាប់ទោសគ្រប់កាលកំណត់ ឆ្មាំគុកបានឲ្យគាត់ត្រលប់មករស់នៅភូមិពាយនាយវិញ ប៉ុន្តែមានអ្នកតាមឃ្លាំមើល។

នៅដើមឆ្នាំ១៩៧៩ ស៊ន់ ត្រូវបានខ្មែរក្រហមជម្លៀសពីភូមិពាយនាយ ទៅដីក្រហម តំបន់អ្នកលឿង ខេត្តព្រៃវែង។ ពេលធ្វើដំណើរបានរយៈពេល៥ថ្ងៃ របបខ្មែរក្រហមក៏បានដួលរលំ ស៊ន់ និងប្រជាជនជម្លៀសផ្សេងទៀត ត្រូវបានកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ឲ្យត្រលប់មកផ្ទះវិញ។ ក្រោយរបបខ្មែរក្រហមបញ្ចប់ទៅ ស៊ន់ ត្រូវបានប្រជាជនជ្រើសរើសឲ្យធ្វើជាមេឃុំក្រាំងស្វាយ ហើយក្រោយមកធ្វើជាទាហានមួយរយៈ។ សព្វថ្ងៃ ស៊ន់ បានឈប់បម្រើការងារហើយ ដោយសារតែមានអាយុច្រើន។ បច្ចុប្បន្ន សុខភាពរបស់ ស៊ន់ មិនសូវល្អនោះទេ គឺឧស្សាហ៍ហេវហត់, អស់កម្លាំង និងល្ហិតល្ហៃដៃជើង ហើយគាត់មិនដឹងមានជំងឺអ្វីនោះទេព្រោះ​គាត់​មិនធ្លាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin