សារី សយ ហៅ រស់ សយ៖ អនុសេនាធំកងកាំភ្លើងធំ អង្គភាព៨០៣

សារី សយ ហៅ រស់ សយ  ភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ

នៅឆ្នាំ១៩៧៥ ​បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ សយ និងកងទ័ពនៅក្នុងកងពល៨០១ មួយចំនួនត្រូវបានថ្នាក់លើផ្លាស់ចេញពីទីក្រុងភ្នំពេញ បញ្ជូនទៅឈរជើងការពារព្រំដែនកម្ពុជា វៀតណាមនៅខេត្តរតនៈគិរី។ ពេលធ្វើទៅដល់ខេត្តរតនៈគិរី សយ ត្រូវបានបញ្ចូលទៅក្នុងអង្គភាព៨០៣ ដោយមានតួនាទីជាអនុសេនាធំកងកាំភ្លើងធំ​។ សយ និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

សារី សយ[1] ហៅ រស់ សយ ភេទប្រុស​ អាយុ៧៣ឆ្នាំ​ ស​ព្វថ្ងៃសមាជិកក្រុមប្រឹក្សាស្រុក និងធ្វើស្រែចម្ការ។ សយ មានស្រុកកំណើតនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ សយ មានប្រពន្ធឈ្មោះ អុន អាយុ៦៦ឆ្នាំ ។ សយ មានកូនចំនួន៧នាក់​ (ប្រុស៦នាក់​ ស្រី១នាក់)។ កូន​ សយ មានគ្រួសារចំ​នួន៤នាក់ ​នៅសល់៣នាក់។ សយ មានឪពុកឈ្មោះ​ រស់ ស៊ុម (ស្លាប់) និងម្ដាយឈ្មោះ ជីម​​ ចែម (ស្លាប់)។​ សយ មានបងប្អូនបង្កើតចំនួន៨នាក់(ប្រុស៦នាក់ ស្រី២នាក់)។ បងប្អូន សយ បានទទួលមរណៈភាព៧នាក់(ប្រុស៥នាក់ ស្រី២នាក់)។ បងទី១ឈ្មោះ រស់ ​ហួរ ស្លាប់ដោយសារខ្មែរយកទៅសម្លាប់ឆ្នាំ១៩៧៥  ប្អូនទី៣ឈ្មោះ ស៊ន ស្លាប់ដោយសារជំងឺ ប្អូនទី៤ឈ្មោះ សឿន ស្លាប់ដោយសារេជំងឺ ប្អូនទី៥ឈ្មោះ ស ស្លាប់ដោយសារជំងឺ ប្អូនទី៦ឈ្មោះ ខេម ស្លាប់ដោយសារេជំងឺ ប្អូនទី៧ឈ្មោះ សឿន ស្លាប់ដោយសារេជំងឺ។ សយ ជាកូនទី២ នៅក្នុងគ្រួសារ។

កាលពីក្មេង សយ រៀនបានថ្នាក់ទី១០ សង្គមចាស់ នៅសាលាវត្ត-តាអោក (បច្ចុប្បន្នវត្តអង្គជុំ)។ មូលហេតុដែល ផន ឈប់រៀនដោយសារតែគ្រួសារមានជីវភាពក្រីក្រ និងខ្វះខាតជាខ្លាំង។ បន្ទាប់ពីឈប់រៀន សយ បានជួយឪពុកម្ដាយប្រកបរបរធ្វើស្រែចម្ការ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកឧត្ដមសេនីយ៍​បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្ដម សីហនុ ចេញពីមុនតំណែង។ អំឡុងពេលនោះ សយ នៅជួយឪពុកម្ដាយធ្វើស្រែធម្មតា។ បន្ទាប់មក ចាប់ផ្ដើមមានឈ្លបឃុំ និងមេឃុំខាងព្រៃបានចូលមកឃោសនាក្នុងភូមិថា លន់ នល់​ ក្បត់ជាតិបានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្ដម សីហនុ បើប្រជាជនស្រលាញ់ សម្ដេច នរោត្ដម សីហនុ សូមចូលព្រៃម៉ាក់គីទាំងអស់គ្នា ដើម្បីតស៊ូជាមួយ លន់ នល់។​ លុះដល់ខែវិច្ឆិកា ឆ្នាំ១៩៧០ សយ បានស្ម័គ្រចិត្តចូលរួមជាមួយចលនាខ្មែរក្រហម ហើយបានស្ម័គ្រធ្វើជាឈ្លបឃុំ នៅព្រៃបារាំង ដែលមានទីតាំងនៅត្មាតពង ខេត្តកំពង់ស្ពឺ ដើម្បីដើរអូសទាញប្រជាជនឲ្យយល់មាគ៌ាបដិវត្តន៍។

នៅឆ្នាំ១៩៧១ សយ ត្រូវបានចលនាខ្មែរក្រហមបញ្ជូនទៅកងទ័ពតំបន់១៥​ ដែលមានទីតាំងចាប់ពីក្រោយត្មាតពង រហូតមកដល់ភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ  ហើយបានបន្តទៅរៀនសូត្រ និងហ្វឹកហាត់ពីរបៀបវាយស្ទាក់ជាឈ្លបនៅវត្តអង្គព្រលឹង ដែលស្ថិតនៅភូមិដំបូកសរ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលគ្រប់គ្រងដោយ ជ័យ អន និង វន វ៉េត។ បន្ទាប់ពីហ្វឹកហាត់ចប់ សយ និងកងទ័ពផ្សេងទៀត បានចេញវាយស្ទាក់ជាឈ្លបជាមួយកងទ័ព លន់ នល់ ដែលមានទីតាំងនៅរ៉ាត្រពាំងត្នោត, រ៉ាបាត់ដឹង, ភ្នំបាសិទ្ធិ និងខេត្តកំពង់ស្ពឹ ហើយបានវាយបន្តរហូតមកដល់ផ្លូវលេខ២៦ ចន្លោះខេត្តកណ្ដាល។ នៅឆ្នាំ១៩៧៣ សយ ត្រូវបាន ជ័យ អន ផ្លាស់ចេញពីកងទ័ពតំបន់បញ្ចូលទៅខាងកងទ័ពភូមិភាគពិសេស។ បន្ទាប់មក កងទ័ពភូមិភាគពិសេស បានបង្កើតជាវរសេនាតូចលេខ២១៤ ដែលដឹកនាំដោយលោក អ៊ី អង់អាច។ នៅឆ្នាំ១៩៧៤ កងទ័ពភូមិភាគពិសេសបានបង្កើតទៅជាអង្គភាពកងពលលេខ៨០១ ដែលដឹកនាំដោយ សូរ​ សារឿន ហៅ ០៥ និងអនុកងពល អ៊ុង រ៉ែន។ បន្ទាប់ពីបង្កើតកងពល៨០១ សូរ​ សារឿន បានបញ្ជាឲ្យកងទ័ពទាំងអស់រៀបចំកម្លាំង ដើម្បីឡើងវាយរំដោះទីក្រុងភ្នំពេញ។  ពេលចូលមកដល់ជាយទីក្រុងភ្នំពេញត្រង់សមរភូមិក្ដៅរបស់កងពល៨០១ គឺវាយចាប់ពីកប់ស្រូវ រហូតមកដល់ពោធិ៍ចិនតុង និងវាយបន្តចេញពីពោធិ៍ចិនតុង រហូតរំដោះទីក្រុងភ្នំពេញបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

បន្ទាប់ពីរំដោះបានទីក្រុងភ្នំពេញ សូរ សារឿន បានទទួលបញ្ជាពីបក្សឲ្យជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ឲ្យអស់ក្នុងរយៈពេល៣ថ្ងៃ ដោយសារប្រជាជនមានភាពរតេករកូតរយៈពេលមួយសប្តាហ៍ ទើបជម្លៀសប្រជាជនចេញអស់ពីទីក្រុងភ្នំពេញ។ បន្ទាប់ពីរស់នៅភ្នំពេញបានប្រហែល៥ទៅ៦ខែ កងពល៨០១ ដែលមានខាងសេដ្ឋកិច្ច អង្គភាព៨០៤ (កងនារីមួយវរសេនាតូចសរុប៤០០នាក់) កងពិសេស និងកងកាំភ្លើងធំសរុប៥០០០នាក់ ត្រូវបានថ្នាក់លើផ្លាស់ឲ្យទៅខេត្តរតនៈគិរី ដោយធ្វើដំណើរតាមកាណូតចេញពីទីក្រុងភ្នំពេញទៅឈប់សម្រាកនៅខេត្តក្រចេះរយៈពេល៣ថ្ងៃ ទើបធ្វើដំណើរបន្តតាមរថយន្តទៅឈប់ស្រុកវើនសៃ ខេត្តរតនគិរី ដែលមានទីតាំងជាប់មាត់ទន្លេសេសាន។ ពេលទៅដល់ខេត្តរតនគិរី ដំបូងកងពល៨០១ ត្រូវបានបែងចែកជា២ផ្នែក៖ ផ្នែកទី១ ការពារព្រំដែន និងផ្នែកទី២ បង្កបង្កើនផល។ ពេលនោះ សយ ត្រូវបាន សូរ សារឿន បញ្ចូលទៅក្នុងអង្គភាព៨០៣ ខាងកងកាំភ្លើងធំ​ ដែលមានតួនាទីជាអនុសេនាធំ គ្រប់គ្រងកងទ័ពចំនួន១២០នាក់។ សម្រាប់អាហារហូបចុករបស់កងទ័ពគឺហូបមិនសូវបានគ្រប់គ្រាន់នោះទេ។​

នៅចុងឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមចាប់ផ្ដើមមានទំនាស់តាមព្រំដែនជាមួយកងទ័ពវៀតណាម។ មិនយូរប៉ុន្មានកងទ័ពវៀតណាមបានបង្កើនកម្លាំងវាយចូលមករំដោះខេត្តរនតគីរី។ ដោយកងទ័ពវៀតណាមមានកម្លាំងច្រើនមិនអាចទប់ទល់បាន សូរ សារឿន បានបញ្ជាឲ្យកងទ័ពទាំងអស់ដកថយទៅសំងំលាក់ខ្លួនតាមព្រៃ និងនៅតាមតំបន់ភ្នំអស់រយៈពេលមួយឆ្នាំ ទើបធ្វើដំណើរចេញពីក្នុងព្រៃសំដៅទៅចូលរួមជាមួយកងតំបន់១០០១ ដែលមានទីតាំងនៅលើភ្នំដងរែក ប្រចាំការ និងគ្រប់គ្រងដោយលោក ស៊ុន សេន និងកែវ ពក។

​នៅឆ្នាំ១៩៨០ សយ ត្រូវបាន ស៊ុន​ សេន ចាប់គូឲ្យរៀបការជាមួយនារីម្នាក់នៅក្នុងកងដឹកជញ្ជូន​។ បន្ទាប់ពីមានជំនួយខាងផ្នែកយោធាមកពីប្រទេសចិន កងពល៨០១​ ត្រូវបាន ស៊ុន​ សេន បញ្ជាឲ្យចល័តកងទ័ពទៅមួយចំនួនឈរជើងនៅខេត្តព្រះវិហារ ខេត្តកំពង់ធំ និងមួយចំនួនទៀត រួមទាំង សយ ឈរជើងនៅខេត្តកំពង់ចាម។ ​

នៅក្នុងឆ្នាំ១៩៨៨ សយ និងកងទ័ពនៅក្នុងកងពល៨០១​ ដែលឈរជើងនៅខេត្តកំពង់ចាម បានធ្វើដំណើរចេញពីកំពង់ចាមសំដៅមកស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពេលធ្វើដំណើរតាមផ្លូវមកដល់ច្រក៨០៨ នៅចន្លោះត្រពាំងត្រាវ និងអូរអង្រែ សយ បានដើរជាន់មីនដែលកងទ័ពវៀតណាមបានបង្កប់តាមផ្លូវ បណ្ដាលឲ្យដាច់ជើងម្ខាង។ បន្ទាប់ពីត្រូវរបួស សយ ត្រូវបានកងទ័ពដែលរួមដំណើរជាមួយបញ្ជូនយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ បន្ទាប់ពីសះស្បើយពីរបួស សយ ត្រូវបាន តាម៉ុក ដកចេញពីកងកាំភ្លើងធំឈប់ឲ្យចូលសមរភូមិ ហើយបានផ្លាស់ឲ្យទៅគ្រប់គ្រងប្រជាជននៅជាំស្លាខាងជុបរុន ដែលស្ថិតក្នុងទឹកដីរបស់ថៃ ដើម្បីដឹកនាំប្រជាជនប្រហែល៥០០ទៅ៦០០គ្រួសារឲ្យចេះបិតចំរូង។ សម្រាប់អាហារហូបចុករបស់ប្រជាជន តាម៉ុក ជាអ្នកឧបត្ថមមិនមានការខ្វះខាតទេ។

នៅក្នុងឆ្នាំ១៩៩៣ អ៊ុនតាក់​ បានចូលមកក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតឲ្យមានគណៈបក្សបោះឆ្នោត។ ពេលនោះ​ សយ និងប្រជាជនផ្សេងទៀតបានឯកភាពជាមួយកងទ័ពរដ្ឋាភិបាល​ ដើម្បីបង្កើតឲ្យមានគណៈបក្សបោះឆ្នោត ប៉ុន្តែ តាម៉ុក មិនឯកភាពរួចបានប្រឆាំង និងបន្តធ្វើសង្រ្គាមបន្តទៀត។ បន្ទាប់ពីប្រទេសចិនបានផ្ដាច់ជំនួយ តាម៉ុក បានដឹកនាំកងទ័ពចុះទៅអាឈើនៅភូមិស្រះឈូក ឃុំអន្លង់វែង ខេត្តឧត្ដរមានជ័យ និងដឹកបញ្ជូនយកទៅលក់ឲ្យប្រទេសថៃ ដើម្បីបានលុយយកមកផ្គត់ផ្គងកងទ័ព និងប្រជាជន។

នៅឆ្នាំ១៩៩៧ សយ និង លោក​ ជា កែវ, លោក​ ជុំ ជាតិ, លោក រ៉ាយ ពីន ដែលជាកងកម្លាំងរបស់ ប៉ុល ពត ត្រូវបាន តា ម៉ុក ចាប់បញ្ជូនយកទៅដាក់នៅមន្ទីរអប់រំ១៩ ដែលគ្រប់គ្រងដោយ ខឹម​ ង៉ុន និង តា ញ៉ន។ បន្ទាប់ពីឃុំខ្លួនអស់មួយរយៈ​សយ, ​ជា កែវ, ​ជុំ ជាតិ, រ៉ាយ ពីន បានសម្រេចចិត្តដោះដៃចេញពីតាម៉ុក ហើយបានរៀបចំផែនការ និងខិតខំរកល្បិច ដើម្បីរត់គេចខ្លួនចេញពីមន្ទីរអប់រំ១៩ ដោយប្រើល្បិចចេញទៅច្រូតស្បូវ ដើម្បីប្រក់ផ្ទះនៅមន្ទីរអប់រំ១៩។ លុះស្អែកឡើង ជា កែវ, ​ជុំ ជាតិ និងរ៉ាយ ពីន បានសុំ តា ញ៉ន និងតា​ ង៉ុន ចេញមកច្រូតស្បូវយកមកប្រក់ផ្ទះ តាមផែនការដែលបានគ្រោងទុក។ បន្ទាប់ពី ​ជា កែវ, ​ជុំ ជាតិ និងរ៉ាយ ពីន ​ចេញផុតពីមន្ទីរអប់រំ១៩ បានរយៈពេលមួយយប់ សយ បានប្រើល្បិចសុំ តាញ៉ន និង តា ង៉ុន ចេញមកមើលគ្រួសារឆ្លងទន្លេ ដែលស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។​ បន្ទាប់ពីមានការអនុញ្ញាត សយ បានរត់មកជួប​ជាមួយ ជា កែវ, ជុំ ជាតិ និង រ៉ាយ ពីន​ ដើម្បីកំណត់ថ្ងៃទី២៥ រត់ចេញពីឃុំអូរស្វាយ។​ ដោយសារតែស្ថានភាពនៅក្នុងមូលដ្ឋានឃុំអូរស្វាយ មានការតាមដាន សយ បានរំសាយចោលថ្ងៃទី២៥ ហើយបាននាំប្រពន្ធ កូន និងកម្លាំងតស៊ូចំនួន៦០នាក់ទៀត មានទាំងក្មេង ទាំងចាស់រត់ចេញពីឃុំអូរស្វាយ ទាំងយប់ដែលត្រូវនឹងថ្ងៃសៅរ៍ ទី២២ ហើយ​ សយ បានធ្វើដំណើរអស់រយៈពេល៦ថ្ងៃ ទើបទៅដល់ស្រុកគូលែន ខេត្តព្រះវិហារ។ នៅពេលធ្វើដំណើរមកដល់ខេត្តព្រះវិហារ សយ បានទៅជួបជាមួយឯកឧត្ដមអភិបាលរង ខូយ គឹមហួរ ហើយឯកឧត្ដមបានទទួលស្វាគមន៍ សយ និងកងកម្លាំងតស៊ូទាំងអស់ដោយភាពរាក់ទាក់។ បន្ទាប់មក សយ បានស្រុះស្រួល និងចូលរួមជាមួយកងទ័ពរដ្ឋាភិបាល។ បន្ទាប់ពីសម្រាកនៅព្រះវិហារបានរយៈពេល២ថ្ងៃ សយ, ជា កែវ, ​ជុំ ជាតិ និងរ៉ាយ ពីន ត្រូវបានឯកឧត្ដមអភិបាលរង ខូយ គឹមហួរ ដឹកបញ្ជូនតាមយន្តហោះទៅទីក្រុងភ្នំពេញ ដើម្បីសាកសួរពីរឿងរ៉ាវដែលដោះដៃចេញពីតា​ម៉ុក ដែលសួរចម្លើយ ដោយ ដុំ ហាក់ និង រឿប ជាអ្នកសារព័ត៌មាន។ បន្ទាប់ពីសាកសួររឿងរ៉ាវចប់សយ, ជា កែវ, ​ជុំ ជាតិ និងរ៉ាយ ពីន ត្រូវបាន ដុំ ហាក់ នាំទៅសម្រាកបំប៉នសុខភាពនៅផ្ទះសំណាក់ ហេង ឡាយ រយៈពេល១០ថ្ងៃ ទើបបញ្ជូនតាមយន្តហោះត្រឡប់ទៅវិញ។​​

នៅខែមីនា ឆ្នាំ១៩៩៨​ ជា កែវ, ​ជុំ ជាតិ, រ៉ាយ ពីន​ និង​រស់ សយ បានសហការណ៍ជាមួយកងទ័ពរដ្ឋាភិបាល​ ដឹកនាំកម្លាំងចុះទៅវាយជាមួយកងទ័ព តា ម៉ុក ដែលឈរជើងនៅស្រុកអន្លង់វែង។ បន្ទាប់ពីទទួលបានជ័យជម្នះទៅលើកងទ័ព តា ម៉ុក​  សយ និងជា កែវ, ​ជុំ ជាតិ, រ៉ាយ ពីន ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនឲ្យទៅឈរជើងនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ បន្ទាប់ពីសមាហរណ៍កម្មឆ្នាំ១៩៩៩ សយ បានចូលនិវត្តន៍ពីការងាររាជការ​ ហើយ សយ ត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារជាសមាជិកក្រុមប្រឹក្សាស្រុក និងធ្វើស្រែចម្ការដើម្បីផ្គត់ផ្គងជីវភាពគ្រួសារ៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] បទសម្ភាសន៍ជាមួយ ​សារី សយ ហៅ រស់ សយ  ភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ សម្ភាសន៍ដោយ​ សុខ វណ្ណៈ, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin