សាត ចំរើន៖ ពិការភាពដោយសារសង្គ្រាមនៅអន្លង់វែង
សាត ចំរើន[1] ភេទស្រី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិ កន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។ បច្ចុប្បន្ន ចំរើន រស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
ចំរើន និយាយថា៖ «ខ្ញុំគឺជាកូនទី៤ក្នុងចំណោមបងប្អូនស្រីៗចំនួន៤នាក់នៅក្នុងគ្រួសារកសិករ។ នៅក្នុងសម័យខ្មែរក្រហម ខ្ញុំមិនបានរៀនសូត្រនោះទេ។ ក្រុមគ្រួសាររបស់ខ្ញុំត្រូវបែកបាក់គ្នាទៅធ្វើការតាមសហករណ៍រៀងៗខ្លួន។ នៅពេលនោះ ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅកាន់ការដ្ឋានការងាររបស់កងចល័ត ដើម្បីរែកដីលើកទំនប់។ យើងបានជួបប្រទះនូវការហូបមិនគ្រប់គ្រាន់ដោយទទួលបានបបរ២ចានស្រាក់ប៉ុណ្ណោះ។ បបរដែលយើងទទួលបានមានសភាពរាវសុទ្ធតែទឹក និងមិនសូវមានគ្រាប់អង្ករនោះទេ។ យើងម្នាក់ៗបានលួចត្រកួន ព្រលឹត និងដំឡូងរម្ងាស់ហូបបន្ថែម។ ការធ្វើថែមថយបែបនេះបានក៏អាស្រ័យទៅលើសហករណ៍នីមួយៗដែរ។ ប្រសិនបើប្រធានសហករណ៍មានការតឹងរ៉ឹង សកម្មភាពបែបនេះនឹងចាត់ចូលជាការក្បត់នឹងអង្គការ[2] ដែលអាចត្រូវយកទៅរៀនសូត្រ ឬសម្លាប់ចោល។ ដោយឡែក ប្រធានសហករណ៍មានភាពអនុគ្រោះច្រើន និងយល់ពីការអត់ឃ្លានរបស់យើង។
ខ្ញុំគឺជាជនពិការម្នាក់ដោយសារសង្គ្រាម នៅពេលចលនាខ្មែរក្រហមបានបន្ដធ្វើសង្គ្រាមមិនស្រាកស្រាន្តឡើយនៅតំបន់អន្លង់វែង។ ខ្ញុំក៏បានបម្រើការក្នុងកងដឹកជញ្ជូននៅតំបន់អន្លង់វែងចាប់ពីឆ្នាំ១៩៨៤។ មុខសញ្ញានៃការដឹកជញ្ជូនរបស់យើងគឺចុះពីលើភ្នំដងរែកទៅកាន់សមរភូមិនៅក្នុងខេត្ដសៀមរាប។ ការងារជាកងដឹកជញ្ជូន គឺមានការប្រឈមខ្លាំងណាស់ ជាពិសេសទៅលើវាយស្ទាក់ និងកប់គ្រាប់មីននៅតាមផ្លូវធ្វើដំណើររបស់ខ្មាំង។
រហូតដល់ឆ្នាំ១៩៩៣ ការផ្ទុះគ្រាប់បានបណ្តាលឲ្យខ្ញុំពិការដៃម្ខាង អំឡុងពេលដឹកជញ្ជូនគ្រាប់ទៅឲ្យកងទ័ពនៅឯសមរភូមិមុខ។ បន្ទាប់ពីជួបហេតុការណ៍នេះ កងកម្លាំងនៅក្នុងក្រុមបានបញ្ជូនខ្ញុំទៅកាន់មន្ទីរពេទ្យ ដោយចំណាយពេលជាច្រើនម៉ោង ដើម្បីបញ្ជូនមកកាន់មន្ទីរពេទ្យនៅតំបន់អន្លង់វែងតាមរយៈឡានដឹកជញ្ជូនថៃ។ ចំណែកឯខ្ញុំបានសន្លប់បាត់ស្មារតីនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យមួយកន្លែងដែលត្រូវបានស្គាល់ថា មន្ទីរពេទ្យតាម៉ុក[3] នៅក្នុងតំបន់អន្លង់វែង (បច្ចុប្បន្ន ក្លាយជាមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង)។ បន្ទាប់មក ខ្ញុំក៏បានដឹងខ្លួនជាមួយពិការភាពដៃម្ខាង និងមានការអស់សង្ឃឹមយ៉ាងខ្លាំងនៅពេលនោះ ថែមទាំងមានចេតនាធ្វើអត្ដឃាតខ្លួនឯងទៀតផង។ ខ្ញុំប្រឈមមុខនឹងការលំបាកជាច្រើនទាំងសកម្មភាពជីវិតរស់នៅប្រចាំថ្ងៃ ប៉ុន្ដែខ្ញុំមិនដឹងគួរតែធ្វើយ៉ាងណា។
ខ្ញុំលែងបម្រើការក្នុងកងដឹកជញ្ជូនទៀតហើយ។ ខ្ញុំបានផ្លាស់ទៅរស់នៅជាមួយបងម្នាក់នៅភូមិផ្កូវ ស្ថិតនៅលើភ្នំដងរែក។ ខ្ញុំបានខិតខំតស៊ូរស់នៅ រហូតដល់បានរៀបការជាមួយយុទ្ធជនពិការម្នាក់ពិការភាពដូចគ្នា។ ខ្ញុំបានសម្រេចចិត្ដរៀបការដោយសារតែមានការស្នើ និងពេញចិត្ដទាំងសងខាង។ ម្យ៉ាងទៀត ខ្ញុំគិតថា ការបង្កើតគ្រួសារ គឺមានភាពប្រសើរជាងការរស់នៅក្នុងអង្គភាព ឬនៅជាមួយអ្នកដទៃ។ ប្ដីរបស់ខ្ញុំពិការជើងម្ខាងត្រឹមភ្លៅ។ យើងបានព្រមព្រៀងរៀបការជាមួយគ្នានៅក្នុងអង្គភាពខ្មែរក្រហម និងបានរស់នៅឯជំរំលើភ្នំដងរែក ដោយទទួលបានការផ្គត់ផ្គង់ស្បៀងអាហារដូចជា អង្ករ ប៊ីចេង អំបិល ប្រហុក ខ្លាញ់ និងទឹកដោះគោ ពីកាកបាទក្រហមអន្ដរជាតិ។ អង្គការអន្ដរជាតិក៏បើកសម្លៀកបំពាក់២ទៅ៣កំផ្លេររៀងរាល់១ខែម្ដង។ ប្រជាជន និងក្មេងៗដែលខ្វះគីឡូទទួលបានស្បៀងអាហារដើម្បីបំប៉នសុខភាពឡើងវិញបានប្រសើរជាងមុន។ យើងម្នាក់ៗថែមទាំងអាចស៊ីឈ្នួលធ្វើពលកម្មឲ្យថៃ និងក្រងស្បូវដើម្បីរកប្រាក់ចំណូលថែមទៀតផង។
នៅពេលបញ្ចប់សង្គ្រាមនៅតំបន់អន្លង់វែងទៅ ខ្ញុំទទួលបានបៀរវត្សរ៍សង្គមកិច្ច ដើម្បីដោះស្រាយជីវភាពមកទល់នឹងពេលបច្ចុប្បន្ននេះ។ ខ្ញុំប្រឈមមុខនឹងជំងឺប្រចាំកាយ និងធ្វើទុក្ខដៃនៅក្នុងរដូវត្រជាក់ម្ដងម្កាល។ ទោះខ្ញុំធ្លាក់ខ្លួនពិការក៏ដោយ ក៏ខ្ញុំមិនធ្លាប់ទទួលរងពាក្យរើសអើងពីមនុស្សជុំវិញខ្លួនដែរ៕
អត្ថបទដោយ៖ លី សុខឃាង
កំណែអក្ខរាវិរុទ្ធដោយ៖ លី សុខចំរើន
[1] ភួន សុករីន សម្ភាសន៍ជាមួយ សាត ចំរើន នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ២០២៣។
[2] ពាក្យ«អង្គការ» ត្រូវបានពន្យល់នៅក្នុងផ្នែកឯកសារយោង ដែលសរសេរថា៖«មជ្ឈមណ្ឌលឯកសារកម្ពុជា។ «មន្ទីរ៨៧០ ៖ សេចក្តីណែនាំអំពីការប្រើប្រាស់ពាក្យអង្គការ និងពាក្យបក្ស» ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧ ឯកសារលេខ D០១២៦៦។ «ពាក្យអង្គការ ឬពាក្យបក្ស» ប្រើតែចំពោះតែអង្គការចាត់តាំងប៉ុណ្ណោះ មិនត្រូវប្រើសម្រាប់បុគ្គលឡើយ។ ចំពោះបុគ្គល ត្រូវប្រើពាក្យសមមិត្តនេះ ឬសមមិត្តតំណែងនេះ ឬសមមិត្តតំណាងអង្គការថ្នាក់នេះ។ ឧទាហរណ៍ សមមិត្ត តេង សមមិត្តលេខា សមមិត្តតំណាងអង្គការ ។ល។»
[3] យោងតាមសៀវភៅ ប្រវត្ដិសាស្រ្ដសហគមន៍អន្លង់វែង សៀវភៅណៃនាំមគ្គុទេសក៏ទេសចរណ៍ បានបង្ហាញអំពីព័ត៌មានមន្ទីរពេទ្យតាម៉ុកថា ត្រូវបានសាងសង់ឡើងនៅចុងឆ្នាំ១៩៩៣ មានកម្ពស់៣ជាន់ ដើម្បីព្យាបាលប្រជាជន និងកងទ័ពខ្មែរក្រហមរងរបួស។ ដោយសារតែអន្លង់វែងមានទីតាំងក្បែរតំបន់ព្រៃភ្នំ ជារឿយៗប្រជាជនតែងតែកើតជំងឺគ្រុនចាញ់។ តាលន ដែលបានសិក្សានៅប្រទេសចិន និងតាលាវជាមេជាងមកពីប្រទេសថៃ គឺជាអ្នកគ្រប់គ្រងការសាងសង់អគារនេះ។ មន្ទីរពេទ្យនេះប្រើប្រាស់ជាចម្បងក្នុងការព្យាបាលអ្នកដែលមានបញ្ហាសុខភាពកម្រិតមធ្យម។ អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ សព្វថ្ងៃ មន្ទីរពេទ្យតាម៉ុក ជាមន្ទីរពេទ្យបង្អែរប្រចាំស្រុកអន្លង់វែង។ ប្រភពព័ត៌មាន ៖ បណ្ណសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។