ខ្ញុំចង់ឲ្យខ្មែរក្រហមសម្លាប់ខ្ញុំ

សាត់​ សារី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

សាត់​ សារី អាយុ៧០ឆ្នំា រស់នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នំាង។

នាសម័យសាធារណរដ្ឋកម្ពុជា សារី មានអាយុ ២០ឆ្នំា ព្រមទំាងបានរៀនចប់ថ្នាក់ទី១០សង្គមចាស់ នៃសាលាទឹកហូត និងបានបួសជាព្រះសង្ឈក្នុងឆ្នំា១៩៧០។ សារី មានបងប្អូនចំនួនប្រំាពីរនាក់ គាត់ជាកូនទីប្រំា។ ក្រៅពីការសិក្សា សារី បានជួយការងារឪពុកម្តាយតាមរយៈការធ្វើស្រែ​ចម្ការ។

ក្នុងឆ្នំា១៩៧៣ សារី និងគ្រួសារត្រូវបានជម្លៀសទៅស្រុកអង្គស្នួល និងរស់នៅបានរយៈពេលកន្លះខែ។ គ្រានោះ សារីនៅជាភិក្ខុ និងបានបែកពីគ្រួសារមកស្នាក់នៅវត្តអារញ្ញវិញ។

សារី បានសឹកក្នុងឆ្នំា១៩៧៤ ព្រមទំាងបានរៀបការជាមួយភរិយាចំនួនប្រំាពីរខែ និងត្រូវបានខ្មែរក្រហមជម្លៀស​ក្នុងឆ្នំា១៩៧៥ ទៅឃុំក្រំាងលាវ។ ខ្មែរក្រហមបានចាត់ សារី ចូលក្នុងកងចល័ត និងត្រូវធ្វើការដូចជាភ្ជួរដី ដឹកសម្ភារៈរួមមានដំឡូងមី និង ស្រូវជាដើម។ គ្រានោះ ជាពេល​វេលាដែល សារី រស់នៅបែកពីប្រពន្ធ។

របបអារហារនាសម័យខ្មែរក្រហម ជួនថ្ងៃខ្លះហូបបានឆ្អែត ថ្ងៃខ្លះទៀតមិនបានឆ្អែត ពោលថ្ងៃដែលមានឆ្អែតគឺមានបាយ និងដំឡូងជ្រលក់ស្ករហូប ឯថ្ងៃខ្លះដែលមិនមានឆ្អែតគឺមានត្រឹមបបររាវមួយឆ្នំាងដួសចែកគ្នាហូប។

នាសម័យខ្មែរក្រហម សារី ត្រូវបានខ្មែរក្រហមបញ្ជាឲ្យធ្វើការនៅតំបន់ច្រើនកន្លែងដូចជា តំបន់២០ឧសភា តំបន់ទំនប់មួយមករា តំបន់ដំរីស និងតំបន់ឧតុង្គសាលាលេខប្រំា។ សារី បានបន្តទៀតថា គាត់មិនអាចធ្វើការបានទេ ព្រោះគាត់បានធ្លាក់ខ្លួនឈឺគ្រុនញាក់ ដោយសារចល័តថ្មើរជើងរហូតផង និងធ្វើការច្រើនផង ប៉ុន្តែបើទោះបីជាឈឺយ៉ាងណាក្តីក៏ខ្មែរក្រហមនៅតែបញ្ជូន សារី ឲ្យទៅជាមួយកងចល័តជានិច្ច។

រឿងរ៉ាវដែល សារី ចងចំាមិនភ្លេចគឺជីវភាពដែលអត់ឃ្លានខ្លំាង រហូតដល់ថ្នាក់ហ៊ានលួច និង ត្រូវបានខ្មែរក្រហមចាប់ទៅកសាង។ សារី បានរៀបរាប់ដូច្នេះថា៖ «ខ្ញុំឃើញអ្វីក៏ឃ្លានរហូតដល់ថ្នាក់លែងចង់រស់ ទើបសម្រេចចិត្តលួចដំឡូងមី ស្វាយ បាយពេទ្យ ថ្នាំជក់នៅមន្ទីរពេទ្យ ដើម្បីឲ្យគេឃើញហើយយកអ៊ុំសម្លាប់។» ដោយសារអស់សង្ឃឹមក្នុងជីវិត សារីបានប្រាប់ពីប្រវត្តិរបស់ខ្លួនដើម្បីឲ្យខ្មែរក្រហមយកទៅសម្លាប់។ សារីបានបន្តដូច្នេះថា៖ «គេហៅអ៊ុំទៅកសាងម្តង តែមិនបានសម្លាប់ រហូតដល់អ៊ុំប្រាប់ពីប្រវត្តិរូបថាធ្វើជាទាហានទៀត តែនៅតែមិនងាប់។ មិនដឹងជារស់ធ្វើស្អី?បើរស់ក៏គ្មានន័យ ពីមួយថ្ងៃទៅមួយថ្ងៃដដែលៗ នៅតែប៉ុណ្ណឹង។»

ក្នុងឆ្នំា១៩៧៩ ក្រោយប្រទេសកម្ពុជាទទួលបានការរំដោះពីរបបខ្មែរក្រហម សារី និងគ្រួសារបានរត់គេចខ្លួនពីអូរថ្ម(ភ្នំលើ) រហូតដល់ស្ថានីយ៍រថភ្លើង និងបានចូលស្រុកកំណើតក្នុងឆ្នំា១៩៨០។

សព្វថ្ងៃ សារី មានជំងឺប្រចំាកាយដូចជា លើសជាតិស្ករ លើសសម្ពាធឈាម ស្ពឹកដៃជើង និងឈឺក្បាលជាប្រចំា ដែលត្រូវលេបថ្នំាជារៀងរាល់ថ្ងៃ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin