សាយ ជូលី អ្នកបើកបរឡាននៅក្រសួងពាណិជ្ជកម្មខ្មែរក្រហម

ខ្ញុំឈ្មោះ សាយ ជូលី អាយុ៦៨ឆ្នាំ កើត និងរស់នៅភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ សាយ មាស និងម្ដាយឈ្មោះ ឈួន សុន និងមានបងប្អូនប្រុសស្រីសរុបចំនួន៩នាក់ ហើយខ្ញុំគឺជាកូនទី៧។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៥  ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ នៅចុងឆ្នាំ១៩៧០ បងខ្ញុំបានចូលបដិវត្តន៍ ហើយក្រោយមកប្អូនខ្ញុំពីរនាក់ផ្សេងទៀតក៏ស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ ។  នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងកម្លាំងខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃប្រទេសកម្ពុជា។ បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់តាមតំបន់រំដោះហើយ ខ្មែរក្រហមបានប្រកាសប្រាប់ដល់ប្រជាជនពីចលនាបដិវត្តន៍របស់ខ្លួន។ ប្រជាជននៅតាមជនបទភាគច្រើន ក៏បន្តស្ម័គ្រចិត្តចូលបដិវត្តន៍ ដោយរត់ចូលព្រៃដើម្បីធ្វើការតស៊ូ។ ពេលនោះ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ ទាហានអាមេរិកកាំង និងទាហានលន់ នល់។

នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំតែងតែរត់ចូលរណ្ដៅត្រង់សេ ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅពេលដែលមានការទម្លាក់អ្នកស្រុកជាច្រើនបានរងរបួស ពេលដែលគ្រាប់បែកធ្លាក់ចំផ្ទះសម្បែងភាគច្រើនត្រូវបានឆេះខ្ទេចខ្ទីអស់។​​ នៅឆ្នាំ១៩៧៤ ខ្ញុំបានរត់ទៅភូមិថ្មពូនជាមួយបងប្រុសទី២ ឈ្មោះ សាយ ហៀង  ដែលធ្វើជាមេឃុំពីដើមមានឈ្មោះ  បដិវត្តន៍ ឡៃ។ បន្ទាប់មក មានឈ្មោះសន សេង ដែលជាកូនអ្នកស្រុកត្រូវបានខ្មែរក្រហមចាប់ទៅចូលរួម ធ្វើបដិវត្តន៍។ នៅពេលដែលខ្ញុំទៅដល់ទីកន្លែងនោះ ខ្មែរក្រហមឲ្យខ្ញុំកាន់ផ្នែកសេដ្ឋកិច្ច។

ក្រោយមកទៀត ខ្ញុំត្រូវបានបញ្ជូនទៅនៅភ្នំបាសិត ដើម្បីដឹកស្បៀង និងសម្ភារឲ្យកងទ័ពខ្មែរក្រហម។ ប្រធានគ្រប់គ្រងកងសេដ្ឋកិច្ច មានដូចជា មិត្ត ជន និងមិត្ត ធីម។  នៅឆ្នាំ១៩៧៥  ខ្មែរក្រហមបានឲ្យខ្ញុំមករស់នៅភ្នំពេញ ដោយធ្វើការនៅក្រសួងពាណិជ្ជកម្មក្នុងប្រទេស ជាអ្នកបើកឡានដឹកអង្ករទៅដាក់នៅទួលទំពូង ផ្សារថ្មី និង ក្រសួងផ្សេងៗ។ ខ្ញុំមិនអាចដើរអត់សណ្ដាប់ធ្នាប់ពីអង្គភាពមួយទៅអង្គភាពមួយទៀតបានទេ។ ខ្ញុំនៅជាមួយ កុយ ធួន ហៅ ធុច ដែលជាគណៈភូមិភាគឧត្តរ។ នៅឆ្នាំ១៩៧៦ ខ្ញុំនៅបើកឡាននៅក្រសួងពាណិជ្ជកម្មក្នុងប្រទេសដដែរ។ មិត្ត ជន និង កុយ ធួន កាន់តួនាទីរួម ដែលម្នាក់កាន់ផ្នែកសេដ្ឋកិច្ច និងម្នាក់ទៀតគឺជាប្រធានយោធា។ កែ ពក កាន់ផ្នែកអនុប្រធានចាត់ចែង ផ្នែកនយោបាយ និងបណ្ដុះបណ្ដាលនៅមន្ទីរ/ក្រសួង។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានឲ្យខ្ញុំទៅនៅក្រសួងពាណិជ្ជកម្ម ក្រៅប្រទេសវិញម្ដង ប៉ុន្តែខ្ញុំនៅតែជាអ្នកបើកឡានដដែល។ នៅឆ្នាំ១៩៧៨ ខ្ញុំរៀបការ ក្រោមការរៀបចំដោយខ្មែរក្រហម ចំនួន១១គូ។ ការរៀបការពេលខ្លះមានរហូតដល់៧០គូទៅ៨០គូ។

នៅឆ្នាំ១៩៧៩ ខ្មែរក្រហមប្រជុំអប់រំប្រាប់ខ្ញុំថាប្រមូលប្រពន្ធ កម្មករ ដឹកចេញពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង។ នៅពេលដែលទៅដល់បាត់ដំបង ខ្ញុំ និងប្រពន្ធត្រូវបានបន្តដឹកទៅស្រុកបវេល ខេត្តបាត់ដំបងវិញ។ នៅពេលយប់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ នៅវេលាម៉ោង១១យប់ ខ្ញុំ និងប្រពន្ធកូន លួចរត់ចេញ បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។ ខ្ញុំ និងគ្រួសារ បានរត់ភៀសខ្លួនទៅរស់នៅម៉ាឡៃ ហើយក្រោយមកខ្ញុំទៅរស់នៅអូរស្មាច់ និង អន្លង់វែង។ ប្រធាននាពេលនោះ មានឈ្មោះមិត្ត រឿង ប៉ុន្តែគាត់បានស្លាប់បាត់ទៅហើយ។ ប្រធានក្ដាប់រួមនៅអន្លង់វែងគឺ តាម៉ុក។ នៅឆ្នាំ១៩៩១ ខ្ញុំចូលជំរំ តែបានត្រលប់ មកផ្ទះវិញនាពេលក្រោយ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំបាត់បង់បងប្អូនបុ្រសស្រីសរុបចំនួន៥នាក់គឺ បងស្រី សាយ អ៊ីម, បងប្រុស សាយ ហៀង,  បងស្រី សាយ អ៊ន់, បងប្រុស សាយ អៀង, និងបងទី៦ សាយ ស៊ន់។

សរសេរដោយ ទូច វណ្ណេត

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin