ស៊ីស្តូសូម៉ាមេគង្គី (Schistosomiasis Mekongi)

រូបភាពបង្ហាញពីការវិវត្តន៍របស់កូនដង្កូវតូចៗ (Cercariae) ចាប់កំណើត និងចម្លងជំងឺទៅកាន់មនុស្ស។ ប្រភពរូបភាព៖ Schistomes_LifeCycle_lg.jpg (2000×1707)

ស៊ីស្តូសូម៉ាមេគង្គី (Schistosomiasis Mekongi) វាធ្វើឲ្យមានបញ្ហាប៉ះពាល់សុខភាពជាសាធារណៈ ដល់ប្រជាជននៅក្នុងសហគមន៍ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា និងប្រទេសឡាវ[1] ។ នៅប្រទេសកម្ពុជា ត្រូវបានរកឃើញនៅភាគឦសានតាមដងទន្លេមេគង្គ (ខេត្តក្រចេះ និងស្ទឹងត្រែង)។

ពពួកប៉ារ៉ាស៊ីត trematode genus Schistosoma ធ្វើឲ្យមនុស្សជាង ៨០០ លាននាក់នៅក្នុងតំបន់ត្រូពិចរបស់ពិភពលោក ប្រឈមនឹងហានិភ័យ ដោយឆ្លងមួយភាគបីនៃពួកគេ។ ប្រភេទ Schistosoma ប្រាំមួយប្រភេទផ្សេងគ្នាអាចឆ្លងដល់មនុស្ស ដោយនីមួយៗអាស្រ័យលើប្រភេទខ្យងជាក់លាក់ដែលដើរតួជាម្ចាស់ផ្ទះកម្រិតមធ្យម។ តំបន់ឆ្លងផ្សេងៗសម្រាប់ប្រភេទ schistosome សំខាន់ៗចំនួនបីត្រូវបានគេស្គាល់ជាយូរមកហើយ ដោយមានមូលដ្ឋាន S. mansoni នៅអាហ្វ្រិក និងអាមេរិកឡាទីន S. haematobium នៅអាហ្វ្រិក និង S. japonicum នៅប្រទេសចិន និងហ្វីលីពីន (ពីមុនមាននៅក្នុងប្រទេសជប៉ុនដែរ)[2]

វដ្ដចម្លងនៃព្រូនស៊ីស្តូសូម៉ាមេគង្គី គឺទាក់ទងសំខាន់បំផុត ទៅនឹងមនុស្ស ប៉ុន្តែក៏នៅមានពួកថនិកសត្វខ្លះ (ដូចជាសត្វឆ្កែ និងសត្វជ្រូក) មានការជាប់ពាក់ព័ន្ធទៅនឹងការចម្លងនៃជំងឺព្រូននេះដែរ។ ចំណែកឯភ្នាក់ងារចម្លងនៃជំងឺនេះ គឺជាពពួកខ្យងខ្លាតូចៗ (Neotricula aperta) ដែលទំជាប់នឹងគ្រហែងថ្មក្នុងទន្លេមេគង្គ។ ការចម្លងទៅមនុស្ស នៃជំងឺស៊ីស្តូនេះកើតមានឡើងនៅពេលដែលកូនដង្កូវតូចៗ (Cercariae) ចេញពីភ្នាក់ងារចម្លង (ខ្យងខ្លា) ជ្រៀតចូលក្នុងខ្លួនមនុស្សតាមស្បែក នៅពេលដែលពួកគាត់ចុះទឹកទន្លេ ដើម្បីងូតទឹក ហែលទឹក បោកគក់ខោអាវ ឬក៏នេសាទត្រី។

កូនដង្កូវតូចៗ (Cercariae) ដាច់កន្ទុយរបស់វា ពេលវាជ្រៀតចូលតាមស្បែកមនុស្សក្លាយជាកូនព្រូនស៊ីស្តូសូមុយឡា (Schistosomula) ដោយ  វាធ្វើដំណើរតាមចរន្តឈាមចូលទៅក្នុងថ្លើម ហើយរីកលូតលាស់ទៅជាព្រូនពេញវ័យ។ គូព្រូនពេញវ័យ (ញី និងឈ្មោល) ធ្វើដំណើរទៅក្នុងសរសៃឈាមមេសង់តេរិក (Mesenteric Veins) ហើយទម្លាក់ពងព្រូនចូលទៅក្នុងពោះវៀនតូច និងចូលក្នុងលាមក រួចជុះបញ្ចេញមកក្រៅ ចូលទឹកទន្លេមេគង្គ ឬក៏លាមកដែលមានផ្ទុកពងព្រូននោះអាចហូរចូលក្នុងទន្លេ។ ពងព្រូនដែលធ្លាក់ទៅក្នុងទន្លេ បានញាស់ជាកូនដង្កូវព្រូនតូចៗ និងហែលដោយសេរីក្នុងទឹកទន្លេ (ត្រូវបានស្គាល់ជា មីរ៉ាស៊ីដីយ៉ា «Miracidia») ដើម្បីស្វែងរក និងជ្រៀតចូលទៅក្នុងភ្នាក់ងារចម្លងគឺខ្យងខ្លា។ Miracidia លូតលាស់ធំក្លាយជាដង្កូវព្រូន Cercaria ចេញពីខ្យងខ្លា ហែលក្នុងទឹកទន្លេ ដើម្បីស្វែងរកមនុស្ស ឬសត្វ ជាទីជម្រកទៀត។

 ជំងឺនេះ ប្រសិនបើកើតលើកុមារ អាចបង្កឲ្យមានសភាពស្លេកស្លាំង ក្រិន ការរីកលូតលាស់ផ្នែករាងកាយ បញ្ញាស្មារតី ព្រមទាំងការពេញវ័យមានភាពយឺតយ៉ាវ និងអន់ថយផ្នែកការយល់ដឹង។ ជំងឺស៊ីស្ដូសូមីញ៉ាស៊ីសរ៉ាំរ៉ៃ អាចនាំឲ្យមានផលវិបាកដល់ពោះវៀន និងថ្លើម ដូចជាថ្លើមរីក និងទាចទឹក ដែលអាចឈានដល់ស្លាប់។ ជាធម្មតាជំងឺនេះ អាចឆ្លង និងកើត តាំងពីកុមារភាព ប្រសិនបើពួកគេមានការប៉ះពាល់ជាមួយនឹងទឹកទន្លេញឹកញាប់។ ករណីអ្នកជំងឺស៊ីស្តូសូមីញ៉ាស៊ីសដំបូង ត្រូវបានរកឃើញនៅក្នុងខេត្តក្រចេះ នាឆ្នាំ១៩៦៨ ដែល២ឆ្នាំក្រោយមក ខេត្តក្រចេះត្រូវបានកំណត់ថាជាតំបន់ចម្លងជំងឺនេះ។ ក្នុងឆ្នាំ១៩៧៨ មេរោគព្រូនស៊ីស្តូសូម៉ាមេគង្គី ត្រូវបានរកឃើញថាជាមូលហេតុបង្កឲ្យកើតជំងឺស៊ីស្ដូសូមីញ៉ាស៊ីស នៅក្នុងខេត្តក្រចេះ។ ការយកចិត្តទុកដាក់លើជំងឺនេះ ត្រូវបានគេទុកចោលដោយសារតែសង្គ្រាមស៊ីវិល ដែលបានកើតក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៨០។ រហូតដល់ឆ្នាំ១៩៩៣ បញ្ហាជំងឺស៊ីស្តូនៅប្រទេសកម្ពុជា ត្រូវបានគិតគូរឡើងវិញ ហើយក្នុងឆ្នាំ១៩៩៤ បានរកឃើញករណីជំងឺព្រូនស៊ីស្តូធ្ងន់ធ្ងរ នៅក្នុងភូមិចំនួន២០ នៅខេត្តក្រចេះ[3]

ជំងឺស៊ីស្តូសូម៉ាមេគង្គី ច្រើនតែកើតមាននៅក្នុងខែប្រាំង ចន្លោះពីខែវិច្ឆិកា ដល់ខែមេសា ជារៀងរាល់ឆ្នាំ។ ​ជំងឺស៊ីស្តូ អាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ ក្នុងករណីអ្នកជំងឺ និងគ្រួសារមិនយកចិត្តទុកដាក់ចំពោះការព្យាបាល។ ជំងឺស៊ីស្តូ បានឆ្លងពីសត្វខ្យង ទៅកាន់មនុស្សតាមរយៈការជ្រៀតចូលទៅក្នុងស្បែក នៅពេលដែលមនុស្សចុះលេងទឹកទន្លេក្នុងអំឡុងពេលទឹកស្រក។ បន្ទាប់ពីការជ្រៀតចូលទៅក្នុងខ្លួនរបស់មនុស្ស មេរោគបានវិវត្តន៍ខ្លួនទៅជាព្រូនធំពេញវ័យ ហើយរស់នៅក្នុងខ្លួនរបស់មនុស្ស។ មានអ្នកជំងឺជាច្រើនដែលបានស្លាប់ ភាគច្រើនជាកុមារ និងមនុស្សវ័យជំទង់ ដោយសារតែកង្វះថ្នាំព្យាបាល និងការមើលថែទាំ។ ប្រទេសកម្ពុជា នៅពេលដែលធ្លាក់ក្នុងសង្រ្គាមស៊ីវិល ប្រទេសជាតិមានភាពចលាចល។ ជាក់ស្ដែងនៅក្នុងរបបខ្មែរក្រហម នយោបាយរបស់អ្នកដឹកនាំរបបនេះ គឺសម្លាប់អ្នកមានចំណេះដឹង ជាគ្រូបង្រៀន​ សាស្រ្តាចារ្យ មន្រ្តីរដ្ឋការ វេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញ។ នេះជាហេតុដែលបណ្ដាលឲ្យវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងរបបនោះមានការធ្លាក់ចុះជាលំដាប់។

ម្យ៉ាងវិញទៀត នៅក្នុងរបបខ្មែរក្រហម មានប្រជាជនជាច្រើននាក់ ទាំងចាស់ ទាំងក្មេង បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺ ព្រោះការព្យាបាលមិនបានត្រឹមត្រូវទៅតាមប្រភេទជំងឺ គឺដោយសារតែខ្មែរក្រហម បានជ្រើសរើសគ្រូពេទ្យមិនមានជំនាញត្រឹមត្រូវព្យាបាលអ្នកជំងឺ។ ការរៀនជំនាញពេទ្យនៅពេលនោះមានរយៈពេលខ្លី (ចន្លោះពី៣ខែ ទៅ៦ខែ) ប៉ុណ្ណោះ អង្គការបានឲ្យចេញទៅព្យាបាលជំងឺនៅតាមសហករណ៍ ហើយការព្យាបាលនោះ គឺមិនមានការពិនិត្យវិនិច្ឆ័យបានត្រឹមត្រូវតាមក្បូនពេទ្យនោះឡើយ ចំណែកឯថ្នាំវិញ គឺមានតែថ្នាំដែលផ្សំពីឫសឈើ មានពណ៌ខ្មៅ រៀងមូលៗ ដែលនៅអំឡុងពេលនោះតែងតែហៅថា ថ្នាំអាចម៍ទន្សាយ។ បន្ទាប់ពីរបបខ្មែរក្រហម ត្រូវបានបញ្ចប់ការស្លាប់របស់អ្នកជំងឺស៊ីស្តូ នៅតែបន្តមានមក។ ថ្វីត្បិតតែសង្គ្រាមបានបញ្ចប់ហើយក្ដី ប៉ុន្តែការសិក្សាពីវិធីសាស្រ្តសម្រាប់ការព្យាបាល ជំងឺស៊ីស្តូសូម៉ាមេគង្គី គឺនៅមិនទាន់ទូលំទូលាយនៅឡើយទេ។

ខាងក្រោមនេះជាបទសម្ភាសន៍របស់អ្នកស្ម័គ្រចិត្តកម្ពុជារបស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា បានចុះជួបជាមួយអ្នកជំងឺស៊ីស្តូដែលរស់នៅក្នុងខេត្តក្រចេះ ដូចតទៅ៖

ឈ ស៊ីឆេង[4] ភេទប្រុស អាយុ៥០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកដែលធ្លាប់កើតជំងឺស៊ីស្តូសូម៉ាមេគង្គី។ គាត់បាននិយាយថា ដើមកំណើតនៃជំងឺនេះជា សត្វខ្យងមួយដែលតោងជាប់នឹងក្បាលថ្ម។ ពេលដែលនៅកុមារមានអាយុប្រហែលជា១៤ឆ្នាំ គាត់បានកើតជំងឺស៊ីស្តូ ហើយសភាពក្បាលពោះគឺរីកធំ​ ស្លេកស្លាំង និងមានឈាមពេលបន្ទោបង់។ គាត់បាននិយាយថា អ្នកដែលកើតជំងឺស៊ីស្តូសូម៉ាមេគង្គី មានអាការដូចជា ពោះឡើងប៉ោងធំសភាពប្រៀបដូចជាអ្នកកើតទាចទឹក។

នៅក្នុងខេត្តក្រចេះនៅអំឡុងឆ្នាំ១៩៨៥-១៩៨៧ គឺមានប្រជាជនច្រើននាក់ ទាំងកុមារ វ័យជំទង់ និងមនុស្សចាស់ ដែលបានកើតជំងឺនេះ ប៉ុន្តែភាគច្រើនកើតលើកុមារចាប់ពីអាយុ៥ឆ្នាំ ដល់១៥ឆ្នាំ។ ពេលនោះប្រជាជនបានជួបផលវិបាកជាច្រើន ព្រោះមិនមានថ្នាំសម្រាប់ព្យាបាលជំងឺឲ្យបានគ្រប់គ្រាន់នោះទេ។ ឪពុករបស់ ស៊ីឆេង បានខិតខំស្វែងរកមន្ទីរពេទ្យដើម្បីទិញថ្នាំរហូតទៅដល់ទីរួមខេត្តក្រចេះ។ គាត់បានចំណាយរយៈ៧ឆ្នាំ ទើបព្យាបាលជំងឺស៊ីស្តូជាសះស្បើយ។ គាត់បានលេបថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យក្នុងរយៈពេល៣ឆ្នាំដំបូង គឺស្ថានភាពជំងឺរបស់គាត់បានធូរស្រាលច្រើន ហើយនៅពេលដែលបន្ទោបង់មក ការធ្លាក់ឈាមក៏បានកាត់បន្ថយ។

រីឯ អ៊ឹម សុភាព[5] រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានលើកឡើងថា ជំងឺស៊ីស្តូសូម៉ាមេគង្គី កើតឡើងនៅពេលដែលអ្នកជំងឺបានចុះទៅលេងទឹកទន្លេនៅខែទឹកស្រក។ អ្នកជំងឺភាគច្រើនគឺជាក្មេងជំទង់ៗ ដែលចូលចិត្តហែលលេងទឹកទន្លេ ហើយម៉្យាងវិញទៀតនៅអំឡុងឆ្នាំ១៩៨០-១៩៩០ ប្រជាជនភាគច្រើនគឺមិនសូវជាដង ឬបូមទឹកដាក់នៅក្នុងពាងសម្រាប់ងូតនោះឡើយ គឺតែងតែនាំគ្នាចុះទៅងូតទឹកផ្ទាល់នៅក្នុងទន្លេ។ ជំងឺស៊ីស្តូ បានសម្លាប់ក្មួយប្រុសរបស់គាត់ម្នាក់ ដោយសារតែព្យាបាលមិនទាន់ពេលវេលា។  នៅពេលនោះក៏មានអ្នកជំងឺជាច្រើនដែលបានស្លាប់ ព្រោះមិនសូវយកចិត្តទុកដាក់ ដើម្បីព្យាបាលជំងឺ។ នៅពេលខែទឹកស្រក គ្រូពេទ្យមកពីមន្ទីរពេទ្យបង្អែកតែងតែចុះទៅជួប និងពិនិត្យស្វែងរកអ្នកដែលមានផ្ទុកជំងឺស៊ីស្តូ បន្ទាប់ពីពិនិត្យដឹងថាមានផ្ទុកជំងឺ គ្រូពេទ្យនឹងបើកថ្នាំផ្ដល់ទៅកាន់អ្នកជំងឺ ហើយការផ្ដល់ថ្នាំនោះ គឺផ្ដល់ឲ្យទៅតាមទម្ងន់របស់អ្នកជំងឺ។

ចំណែកឯ ផាត់ សាវេន[6] អាយុ៧៩ឆ្នាំ រស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ បានលើកឡើងថា ជំងឺស៊ីស្តូ ភាគច្រើនកើតនៅតាមបណ្ដោយដងទន្លេមេគង្គ តំបន់ដែលមានថ្មច្រើន នៅខេត្តក្រចេះ មានស្រុកមួយចំនួនដូចជា ស្រុកសំបូរ និង ស្រុកក្រចេះ។ អាការរបស់អ្នកជំងឺ ឈឺចុកចាប់នៅក្នុងទ្រូង និងពោះរីកឡើងធំជារៀងរាល់ថ្ងៃ ក្អួត រាករូស ហើយអាចឈានដល់ស្លាប់បាត់បង់ជីវិត។ អ្នកជំងឺស៊ីស្តូ គឺគ្រូពេទ្យមិនអនុញ្ញាតឲ្យបរិភោគស្រានោះទេ ពិសេសអ្នកជំងឺដែលជាបុរស អាយុចាប់ពីអាយុ ២០ឆ្នាំឡើងទៅ ព្រោះតែស្រាមានសារជាតិប្រឆាំងជាមួយនឹងជំងឺនោះ។

ក្នុងឆ្នាំ២០១៦ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បានធ្វើការវាយតម្លៃពីស្ថានភាពបច្ចុប្បន្ន នៃការប្រយុទ្ធនឹងជំងឺស៊ីស្តូសូមីញ៉ាស៊ីស នៅប្រទេសកម្ពុជាហើយលទ្ធផលនៃការវាយតម្លៃលើការពិនិត្យលាមក ដោយបច្ចេកទេស Formalin-Detergent ដែលជាបច្ចេកទេសបញ្ជាក់ពីគុណភាព ខ្ពស់ជាងការពិនិត្យលាមកដោយបច្ចេកទេស Kato-Katz បានចង្អុលបង្ហាញថា គ្មានអ្នកផ្ទុកស៊ីស្តូណាម្នាក់ មានកំរិតអាំងតង់ស៊ីតេពងព្រូនធ្ងន់ធ្ងរនៅក្នុងភូមិតាមដានជាប្រចាំ និងនៅក្នុងភូមិមិនតាមដានជាប្រចាំ ២ផ្សេងទៀតដែរ។ ផ្អែកលើរបាយការណ៍នេះ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក បានសន្និដ្ឋានថា ការផ្ដល់ថ្នាំព្យាបាលជាសមូហភាពប្រចាំឆ្នាំ ដល់ប្រជាជនគោលដៅទាំងអស់ រស់នៅតំបន់ប្រឈមនឹងការឆ្លងជំងឺ លើសពី៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៦ មក បានសម្រេចជោគជ័យ ដោយការចម្លងនៃជំងឺស៊ីស្តូសូម៉ាមេគង្គី មានការថយចុះនៅក្នុងប្រទេសកម្ពុជា ហើយការលុបបំបាត់ជំងឺស៊ីស្តូសូមីញ៉ាស៊ីស ចេញពីបញ្ហាសុខភាពជាសាធារណៈ នៅក្នុងប្រទេសកម្ពុជាបានសម្រេច (បើផ្អែកលើអត្រាប្រេវ៉ាឡង់នៃកម្រិតអាំងតង់ស៊ីតេពងព្រូនធ្ងន់ធ្ងរ (បន្ទុកពងព្រូនក្នុងលាមកច្រើនជាង៤០០ពង ក្នុងមួយក្រាមលាមក) នៅក្រោម ១% គ្រប់កន្លែងតាមដានជាប្រចាំ)។ ជោគជ័យទាំងនេះ បានជម្រុញលើកទឹកចិត្តឲ្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ធ្វើការផ្លាស់ប្ដូរគោលដៅ ពីការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺ ទៅជាលុបបំបាត់ជំងឺស៊ីស្តូសូមីញ៉ាស៊ីស ដោយដើរស្របតាមគោលបំណង និងគោលដៅ ដែលបានកំណត់នៅក្នុងសៀវភៅផែនការសកម្មភាពសម្រាប់ជំងឺត្រូពិកដែលពុំសូវមានការចាប់អារម្មណ៍ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (២០១២-២០១៦) និងផែនទីបង្ហាញផ្លូវ ដោយអង្គការសុខភាពពិភពលោក ដើម្បីពន្លឿនការងារប្រតិបត្តិ ឲ្យទទួលបានជ័យជម្នះ លើជំងឺត្រូពិកដែលពុំសូវមានការចាប់អារម្មណ៍ ទូទាំងពិភពលោក[7]

សរុបរួមមក ជំងឺស៊ីស្តូសូមីញ៉ាស៊ីស បានកើតមាននៅតាមបណ្ដាប្រទេសជាច្រើន មិនមែនកើតមាននៅតែក្នុងប្រទេសកម្ពុជានោះទេ។ ស៊ីស្ដូសូមីញ៉ាស៊ីសមានប្រភេទ និងមានមូលដ្ឋានផ្សេងគ្នា ដូចជា៖ S. mansoni នៅអាហ្វ្រិក និងអាមេរិកឡាទីន S. haematobium នៅអាហ្វ្រិក និង S. japonicum នៅប្រទេសចិន និងហ្វីលីពីន ចំណែក S. Mekongi គឺមានមូលដ្ឋាននៅប្រទេសកម្ពុជា និងប្រទេសឡាវ។ យើងសង្កេតឃើញថា ស៊ីស្តូសូមីញ៉ាស៊ីស គឺចម្លងចូលទៅក្នុងសារពាង្គកាយមនុស្ស តាមរយៈការជ្រៀតចូលរបស់កូនដង្កូវតូចៗ ឬព្រូនម្យ៉ាងដែលមានឈ្មោះថា Cercariae ។​ បន្ទាប់ពីព្រូនទាំងនោះបានចូលទៅក្នុងសារពាង្គកាយរបស់មនុស្ស វាចាប់ផ្ដើមបន្សាំខ្លួន ហើយរស់នៅ និងបន្តពូជជាបន្តបន្ទាប់។  ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ គឺភាគច្រើនកើតមាននៅលើកុមារតូចៗ និងក្មេងវ័យជំទង់។ មកទល់ពេលបច្ចុប្បន្ន តាមការសង្កេត និងតាមដានរបស់ក្រសួងសុខាភិបាល ការកើតមាន ជំងឺស៊ីស្តូសូម៉ាមេគង្គី គឺមានការថយចុះគួរឲ្យកត់សម្គាល់។ ភាពជោគជ័យនេះបានជម្រុញ និងលើកទឹកចិត្តដល់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ធ្វើការផ្លាស់ប្ដូរគោលដៅពីការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺ ទៅជាលុបបំបាត់ជំងឺស៊ីស្តូសូមីញ៉ាស៊ីសវិញ៕

អត្ថបទដោយ៖ នេន ស្រីមុំ

ឯកសារយោង៖

[1] ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺស៊ីស្តូសូមីញ៉ាស៊ីសមេគង្គី ក្នុងព្រះរាជាណាចក្រកម្ពុជា ២០២០-២០២៤. (ខែតុលា ឆ្នាំ២០១៩). ក្រសួងសុខាភិបាល. តំណរភ្ជាប់៖ https://bit.ly/4gL1wAI

[2]  Virak Khieu. (February 7, 2019). National Center for Parasitology, Entomology and Malaria Control, Ministry of Health, Phnom Penh 12100, Cambodia. Link: https://pmc.ncbi.nlm.nih.gov/articles/PMC6473609/#B1-tropicalmed-04-00030

[3] ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺស៊ីស្តូសូមីញ៉ាស៊ីសមេគង្គី ក្នុងព្រះរាជាណាចក្រកម្ពុជា ២០២០-២០២៤. (ខែតុលា ឆ្នាំ២០១៩). ក្រសួងសុខាភិបាល. តំណរភ្ជាប់៖ https://bit.ly/4gL1wAI

[4] សម្ភាសន៍ជាមួយ ឈ ស៊ីឆេង ដោយ វឺង ណាំរ៉ុង. នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤. ក្រចេះ

[5] សម្ភាសន៍ជាមួយ អ៊ឹម សុភាព ដោយ វឺង ណាំរ៉ុង. នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤. ក្រចេះ

[6] សម្ភាសន៍ជាមួយ ផាត់ សាវេន ដោយ រឿន ស្រីពៅ. នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤. ក្រចេះ

[7] ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺស៊ីស្តូសូមីញ៉ាស៊ីសមេគង្គី ក្នុងព្រះរាជាណាចក្រកម្ពុជា ២០២០-២០២៤. (ខែតុលា ឆ្នាំ២០១៩). ក្រសួងសុខាភិបាល. តំណរភ្ជាប់៖ https://bit.ly/4gL1wAI

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin