សញ្ញាប័ត្រគឺត្រូវតែបាន

ឯកសារ D21237 ស្ដីពីចម្លើយសារភាពរបស់ សៀក ជាវ ហៅ អ៊ី។

ការប្ដេជ្ញាចិត្តក្នុងការសិក្សា សញ្ញាប័ត្រគឺត្រូវតែយកឲ្យបាន នោះគឺជាគោលបំណងរបស់ ជាវ នៅពេលដែលគាត់ឡើងមកសិក្សានៅទីក្រុងភ្នំពេញ។ គោលបំណងដ៏ធំបំផុតរបស់គាត់ គឺប្រឡងយកសញ្ញាប័ត្រ និងបន្ទាប់មកស្វែងរកការងារសមល្អ មានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ការចំណាយ និងជួយដល់បងស្រីរបស់គាត់ដែលរស់នៅស្រុកកំណើត។ ការប្ដេជ្ញាចិត្តមួយនោះត្រូវបានរសាត់បាត់ស្រមោលបន្ទាប់ពីគាត់បានស្គាល់មិត្តភក្ដិដែលរៀននៅសាលាជាមួយគ្នា។ បន្ទាប់ពីស្និតស្នាលជាមួយនឹងមិត្តភក្ដិ អ្នកទាំងនោះបាននាំគាត់ដើរផ្លូវខុស មានទាំងផឹកស្រា ច្រៀងរាំសប្បាយ ហ៊ឺហា លែងខ្វល់ពីការសិក្សាបន្តទៀត។ ខាងក្រោមនេះគឺជាដំណាលសកម្មភាពរបស់ ជាវ ចាប់តាំងពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៧៨ ជាឆ្នាំដែលគាត់ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួនទៅមន្ទីរសន្តិសុខ ស-២១៖

សៀក ជាវ[1] ហៅ អ៊ី មានអាយុ៣៤ឆ្នាំ(១៩៧៨) ទីកន្លែងកំណើតនៅភូមិចុងកោះ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ នៅឆ្នាំ១៩៥៩ ជាវ បានចាកចេញពីស្រុកកំណើតទៅសិក្សានៅទីក្រុងភ្នំពេញ។ គាត់ចាប់ផ្ដើមចូលរៀននៅឆ្នាំ១៩៦០ នៅសាលាអនុវិទ្យាល័យព្រះខ័ន្ធ (ខាងលិចវត្តលង្កា)។ ពេលនោះគាត់ស្នាក់នៅក្នុងវត្តលង្កា ជាមួយនឹងអាចារ្យ ជី។ នៅឆ្នាំ១៩៦១ ជាវ បានប្រឡងចូលរៀនថ្នាក់ទី៦ នៅសាលាវិទ្យាល័យយុគន្ធរ គាត់ក៏ប្រឡងជាប់បានរៀននៅវិទ្យាល័យយុគន្ធរនោះ។

នៅដើមឆ្នាំ១៩៦៦ ជាវ រៀននៅថ្នាក់ទី២ ហើយគាត់បានស្គាល់សិស្សម្នាក់ឈ្មោះ ហួត ជាសិស្សរៀនថ្នាក់ទី៣ ក្រោយមក ហួត បាននាំ ជាវ ឲ្យស្គាល់គ្នាជាមួយនឹងឈ្មោះ សារឹម ជាសិស្សថ្នាក់ទី៥។ ការស្គាល់គ្នានៅពេលនោះគឺជាការស្គាល់រាប់អានគ្នាជាមិត្តភក្ដិធម្មតា។ ក្រោយមកទៀត អ្នកទាំងបីនោះគឺកាន់តែមានភាពជិតស្និតជាមួយគ្នាកាន់តែខ្លាំងឡើងៗ ហើយ ហួត ក៏ឆ្លៀតឱកាសយកសៀវភៅ និងទស្សនាវដ្ដីខាងលោកសេរីឲ្យទៅ ជាវ មើល និងអានជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ហួត និង សារឹម បានឃោសនាអប់រំ ជាវ អំពីរបបលោកសេរី មានសិទ្ធិសេរីភាព ធ្វើការរកស៊ី រៀនសូត្រតាមចិត្តចង់ គ្មាននរណាហាមឃាត់ទេ មិនដូចជាបដិវត្តន៍របស់ខ្មែរក្រហមនោះទេ។ បដិវត្តន៍ខ្មែរក្រហម គឺមិនមានសិទ្ធិសេរីភាព ហើយនរណាដែលបម្រើបដិវត្តន៍នោះគឺគ្មានបុណ្យសក្ដិ ឋានៈអ្វីឡើយ។ ហួត និង សារឹម បានរំលេចពីឈ្មោះអង្គការ សេ-អ៊ី-អា[2] ឲ្យ ជាវ បានស្គាល់។

នៅពាក់កណ្ដាលឆ្នាំ១៩៦៦ ហួត បានបញ្ចូល ជាវ ជាសមាជិក សេ-អ៊ី-អា។ ជាវ ទទួលការឧទ្ទេសនាមជាសមាជិក សេ-អ៊ី-អា ពីឈ្មោះ ហួត និង សារឹម នៅទួលទំពូងផ្ទះរបស់ ហួត។ បន្ទាប់ពីឧទ្ទេសនាមរួចហើយ ហួត បានឲ្យ ជាវ គោរពទង់ជាតិរបស់ចក្រពត្តិអាមេរិក និងចុងក្រោយ សារឹម បានណែនាំឲ្យគាត់ប្ដេជ្ញាចិត្ត។ ជាវ បានប្ដេជ្ញាចិត្តថា៖ “ខ្ញុំប្ដេជ្ញាចិត្តចូលជាសមាជិក សេ-អ៊ី-អា និងប្ដេជ្ញាបម្រើអង្គការនេះអស់មួយជីវិត!”។ ហួត បានប្រគល់ភារកិច្ចឲ្យ ជាវ ធ្វើពីរចំណុចគឺ ទីមួយ៖ កសាងកម្លាំង សេ-អ៊ី-អា បន្ថែម និងទីពីរ៖ ធ្វើសកម្មភាពវាយកម្ទេចឥទ្ធិពលរបស់ខ្មែរក្រហមនៅក្នុងចំណោមសិស្ស។ ចុងឆ្នាំ១៩៦៦ ហួត បាននាំឲ្យ ជាវ ជួបស្គាល់នឹង ព្រំ សារិន ជាសាស្រ្តាចារ្យមុខវិជ្ជារូប និងគីមី នៅវិទ្យាល័យយុគន្ធរ និងម្នាក់ទៀតឈ្មោះ ហ៊ុយ ធូរ ជាសាស្រ្តាចារ្យភាសាអង់គ្លេស នៃវិទ្យាល័យយុគន្ធរ។

នៅឆ្នាំ១៩៦៧ ជាវ ចុះក្ដាប់សមាសភាពក្នុងជួរសិស្សនៅវិទ្យាល័យយុគន្ធរ មានមនុស្សប៉ុន្មាននាក់ដែលស្អប់បដិវត្តន៍ខ្មែរក្រហម ដើម្បីងាយស្រួលឃោសនាអប់រំ។ ជាវ និងសមាជិកពីរនាក់ កសាងកម្លាំងបានចំនួនបីនាក់មានឈ្មោះ ដែក ថុន​, ស៊ឹម ស៊ីរ៉ាវុធ និង ចាន់ ថៃ  ជាសិស្សថ្នាក់ទី១ នៃវិទ្យាល័យយុគន្ធរ។ ក្រោយពីការចាត់តាំងរួច ជាវ បានប្រគល់ភារកិច្ចឲ្យអ្នកទាំងបីនោះកសាងកម្លាំង និងធ្វើសកម្មភាពឃោសនាប្រឆាំងខ្មែរក្រហម។ នៅឆ្នាំ១៩៦៨ ជាវ បានស្គាល់អ្នកបដិវត្តន៍ម្នាក់ឈ្មោះ ជិន ហើយ ជិន បាននាំគាត់ទៅរស់នៅជាមួយ។ ចូលដល់ដើមឆ្នាំ១៩៦៩ ជិន បានចាត់តាំងឲ្យ ជាវ ចេញទៅជនបទ ដោយបានបញ្ជាក់ប្រាប់ថា៖ “មិត្តឯង បែកហើយនៅក្រុងទៀតមិនបានទេ ត្រូវចេញទៅជនបទភ្លាមនៅយប់នេះ”។ ក្នុងការធ្វើដំណើរនោះ ជាវ មិនបានដឹងខ្លួនមុនទេថាគាត់ត្រូវទៅតំបន់ណាមួយនោះទេ គឺគាត់គ្រាន់តែទៅតាមនីរសារដែល ជិន រៀបចំឲ្យជូនគាត់ចេញក្រៅទីក្រុង។ នីរសារជូនដំណើរតាមរយៈឡានឈ្នួលពីភ្នំពេញទៅកាន់ខេត្តកំពង់ចាម ពេលទៅដល់ក៏សម្រាកនៅទីនោះមួយយប់ ស្អែកព្រឹកនីរសារនៅខេត្តកំពង់ចាមក៏ជូនបន្តតាមរយៈកាណូត[3] ទៅខេត្តក្រចេះ។ ទៅដល់ខេត្តក្រចេះក៏បន្តដំណើរដោយថ្មើរជើងឆ្លងកាត់ខេត្តមណ្ឌលគិរី រហូតដល់ខេត្តរតនគិរី ពេលទៅដល់ទីនោះគាត់រស់នៅមន្ទីរ ប-២ (មន្ទីរបង្កបង្កើនផលរបស់មជ្ឈិម)។

នៅដើមឆ្នាំ១៩៧០ អង្គការបានចាត់តាំង ជាវ ឲ្យទៅរៀបចំកសាងមន្ទីរពេទ្យរបស់ភូមិភាគឦសាន (នៅស្រុកអណ្ដូងមាស ខេត្តរតនគិរី)។ ពាក់កណ្ដាលឆ្នាំ១៩៧០ ការរៀបចំមន្ទីរពេទ្យភូមិភាគមិនទាន់រួចរាល់សព្វគ្រប់ឡើយ ស្រាប់តែពេលនោះមានការទម្លាក់គ្រាប់បែក ភ្លាមៗនោះអង្គការសម្រេចចិត្តដកមន្ទីរពេទ្យ និងមន្ទីរផ្សេងៗចេញពីតំបន់នោះ ហើយជម្លៀសទៅតំបន់ផ្សេង។ ទីតាំងរបស់មន្ទីរពេទ្យថ្មីគឺនៅភូមិកោះពាក្យ ស្រុកវើនសៃ។ ថ្វីត្បិតតែស្ថានភាពនៅភូមិភាគឦសានមានភាពវឹកវរក៏ពិតមែន ប៉ុន្តែ ជាវ និងសមាជិក សេ-អ៊ី-អា គឺនៅតែមានសកម្មភាពកសាងកម្លាំងដើម្បីប្រឆាំងនឹងអង្គការខ្មែរក្រហមជានិច្ច មិនត្រឹមតែប៉ុណ្ណោះសមាជិកទាំងអស់បាននាំគ្នាបំផ្លិចបំផ្លាញសម្ភាររបស់អង្គការ មានទាំងរបស់ប្រើប្រាស់ និងមានស្រូវដែរ។

នៅដើមឆ្នាំ១៩៧១ ជាវ បានរួមសកម្មភាពជាមួយ យ៉ន ធ្វើការឃោសនាឲ្យយុវជន-យុវនារី មិនមានទំនុកចិត្តលើបដិវត្តន៍បន្តទៀត។ គាត់ព្យាយាមបង្ហាញឲ្យឃើញថាបដិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពលំបាក។ ចូលឆ្នាំ១៩៧២ ជាវ មានតួនាទីជាអ្នកទទួលខុសត្រូវពេទ្យនៅតំបន់១០៤ ភូមិភាគឦសាន។ ក្រៅពីការងារមន្ទីរពេទ្យ គាត់មានតួនាទីជានីរសាររត់សំបុត្រឲ្យសមាជិក សេ-អ៊ី-អា ផ្សេងៗទៀត។ ជាវ និងសមាជិកដទៃទៀត នៅបន្តធ្វើសកម្មភាព និងកសាងកម្លាំងថ្មីប្រឆាំងនឹងអង្គការបានជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ១៩៧៤ ជាវ បានដឹកនាំខ្សែឃោសនាលើកឥទ្ធិពលនៃសង្រ្គាមចក្រពត្តិ ដោយឃោសនាឲ្យឃើញពីរយៈកាលកន្លងមកនេះ សង្រ្គាមអាកាសធ្វើឲ្យមានការអន្តរាយធ្ងន់ធ្ងរ អង្គការក្រហើយ គ្មានបាយហូប គ្មានថ្នាំសម្រាប់ព្យាបាល ប្រសិនជាឈឺចង់ទៅពេទ្យទាល់តែមានប្រាក់ មានអង្ករដូរទើបព្យាបាលបាន។

នៅដើមឆ្នាំ១៩៧៥  កែវ ជាគណៈតំបន់១០៤ ភូមិភាគឦសាន បានហៅ ជាវ, ទុំ និង ផាន ដើម្បីប្រជុំរាយការណ៍ពីសកម្មភាពក្នុងការកសាងកម្លាំង បំផ្លិចបំផ្លាញអង្គការកន្លងមក។ ពាក់កណ្ដាលឆ្នាំ កែវ បានប្រកាសហៅសមាជិកប្រជុំម្ដងទៀត។ ការប្រជុំបានបញ្ជាក់ថា កែវ ត្រូវអង្គការដកភារកិច្ចឲ្យទៅទទួលតួនាទីខាងរោងអារឈើ។ រឿងដែលសំខាន់មួយទៀតនោះគឺ អង្គការចាប់ខ្លួនខ្សែ សេ-អ៊ី-អា មួយចំនួនធំ។ សភាពការណ៍កាន់តែច្របូកច្របល់ ដូច្នេះហើយ កែវ បានប្រាប់ទៅសមាជិកដែលចូលរួមការប្រជុំ ត្រូវតែមានភាពប្រុងប្រយ័ត្ន ការទាក់ទង និងធ្វើសកម្មភាពត្រូវតែសម្ងាត់។ កែវ បានលើកទឹកចិត្តឲ្យសមាជិកខិតខំពង្រឹងកម្លាំង និងកសាងបន្ថែមព្រោះថ្ងៃក្រោយបក្ស សេ-អ៊ី-អា នឹងវាយកម្លាំងខ្មែរក្រហមវិញ។ រហូតដល់ចុងឆ្នាំ១៩៧៥ មានការប្រជុំមួយទៀតដែលរៀបចំឡើងដោយ កែវ ហើយសមាជិកចូលរួមប្រជុំមានចំនួនបួននាក់ដដែល។ ខ្លឹមសារនៅក្នុងការប្រជុំ គឺរាយការណ៍អំពីសកម្មភាពគ្រប់ផ្នែកប្រចាំឆ្នាំ។ បន្ទាប់ពីប្រជុំចប់រួចរាល់ កែវ បានណែនាំកម្លាំងដែលកសាងបាននៅរោងអារឈើឲ្យ ជាវ ស្គាល់គឺ គី ជាំប្រជាជនធ្វើស្រែចម្ការ និងជាអនុប្រធានរោងអារឈើភូមិភាគឦសាន ម្នាក់ទៀតឈ្មោះ ឡាក់ ម៉េងអាន អតីតគ្រូបង្រៀន និងជាអ្នកបច្ចេកទេសនៅរោងអារឈើ។

សកម្មភាពជាច្រើនដែលខ្សែ សេ-អ៊ី-អា ឈ្មោះ ទុំ បានធ្វើនោះគឺ បំផុសឲ្យប្រជាជនប្រើប្រាស់របស់របរខ្ជះខ្ជាយសម្ភារ, ធ្វើឲ្យខូចម៉ាស៊ីនឡាន, ម៉ាស៊ីនកាណូត និងជួសជុលសម្ភារបន្លាយពេលពេលវេលា។ ព្រមជាមួយគ្នានោះដែរ គឺបានអប់រំកសាងកម្លាំងចំនួនពីរនាក់គឺ លន់ ជាកម្មករក្រឡឹងនៅរោងជាងភូមិភាគឦសាន។ ចំណែកឯ ផាន គាត់ក៏បានឃោសនាបំផុសបញ្ហាសីលធម៌ខាងយុវជន-យុវនារី មិនតែប៉ុណ្ណោះក៏បំផុសឲ្យប្រជាជនបំផ្លាញអង្ករនៅក្នុងឃ្លាំងដោយធ្វើឲ្យអង្ករនោះត្រូវទឹក។ ក្រៅពីនោះ ផាន បានកសាងកម្លាំងថ្មីម្នាក់ឈ្មោះ ផក់ ជាកម្មករចម្ការកប្បាសនៅភូមិភាគឦសាន។ បន្ទាប់មកស្ថិតនៅអំឡុងចុងឆ្នាំ១៩៧៥ កែវ បានឧទ្ទេសនាមខ្សែថ្មីឈ្មោះ ទុំ ជាប្រធានចម្ការកៅស៊ូ ឲ្យ ជាវ បានស្គាល់។

នៅឆ្នាំ១៩៧៦ ជាវ បានទាក់ទងខ្សែឈ្មោះ គី និង ឡាក់ ម៉េងអាន ដើម្បីភ្ជាប់ខ្សែទំនាក់ទំនងធ្វើសកម្មភាពប្រឆាំងអង្គការជាមួយគ្នា។ បន្ទាប់ពីភ្ជាប់ខ្សែទំនាក់ទំនង សមាជិកចាប់ផ្ដើមធ្វើសកម្មភាពឃោសនាពីភាពលំបាករបស់បដិវត្តន៍ខ្មែរក្រហម មិនមានសិទ្ធិឯកជន រស់នៅមិនសប្បាយ ធ្វើការងារគ្មានពេលសម្រាក និងគ្មានអាហារហូបចុក។ ចុងឆ្នាំ១៩៧៦ អង្គការភូមិភាគឦសាន បានហៅ ជាវ ទៅជួបហើយប្រគល់ភារកិច្ចឲ្យគាត់ទទួលខុសត្រូវនៅមន្ទីរពេទ្យ ៣២ នៃភូមិភាគឦសាន។

នៅខែមករា ឆ្នាំ១៩៧៧ ជាវ ទៅមន្ទីរពេទ្យ ៣២ ភូមិភាគឦសាន។ ខែកុម្ភៈ ទុំ បានទាក់ទងហៅ ជាវ ទៅជួបរាយការណ៍ពីសកម្មភាពការងារកន្លងមក។ ខែមេសា ជាវ ចុះជួបជាមួយ លី, គី និង ឡាក់ ម៉េងអាន។ អ្នកទាំងបីបានរាយការណ៍ពីសកម្មភាពការងាររៀងៗខ្លួន។ ក្នុងរយៈកាលដើមឆ្នាំ១៩៧៧ លី បានឃោសនាអប់រំកសាងកម្លាំង បំផុសឲ្យប្រើប្រាស់សម្ភារខ្ជះខ្ជាយ និងចាត់តាំងឈ្មោះ ឌឹម ឲ្យបំផ្លាញកំណាត់ខោអាវដែលមាននៅក្នុងឃ្លាំង។ ចំណែក គី បានកសាងកម្លាំងម្នាក់ឈ្មោះ លន់ ជាកម្មករបើកឡានដឹកឈើ នៅរោងអារឈើ ភូមិភាគឦសាន។ ក្រៅពីនេះបានបំផុសឲ្យកម្មករធ្វើឲ្យខូចរណារ ខូចម៉ាស៊ីន ធ្វើឲ្យស្ទះដល់ការអារឈើ។ នៅខែកក្កដា ជាវ ធ្វើការជាមួយ ប៊ុនមី ដើម្បីពិនិត្យការកសាងកម្លាំង ព្រមជាមួយគ្នានេះដែរបានលើកវិធានការបន្តការកសាងកម្លាំង ចាត់តាំងកម្លាំងបំផ្លិចបំផ្លាញខ្មែរក្រហមតទៅទៀត។ នៅក្នុងអំឡុងឆ្នាំ១៩៧៧ ខ្សែរយៈដែលរួមសកម្មភាពជាមួយ ជាវ ទាំងប៉ុន្មានធ្វើសកម្មភាពសម្រេចការងារ និងកសាងកម្លាំងបានយ៉ាងច្រើន។

ខែមករា ឆ្នាំ១៩៧៨ ជាវ ហៅ ដុំ និង កា ប្រជុំគ្នារាយការណ៍ពីសកម្មភាពកន្លងមកអំពីការកសាងកម្លាំង និងធ្វើសកម្មភាពបំផ្លិចបំផ្លាញអង្គការ។ បន្ទាប់ពីនោះ ជាវ បានណែនាំ ដុំ និង កា បន្តកសាងកម្លាំង និងបំផ្លិចបំផ្លាញថ្នាំពេទ្យ ព្រមទាំងអាយុជីវិតរបស់អ្នកជំងឺ។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវអប់រំពេទ្យមិនឲ្យយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺ ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យចំពោះអ្នកជំងឺ បំផុសបញ្ហាសីលធម៌យុវជន-យុវនារី។ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៧៨ ឈ្មោះ ទុំ បានហៅ ជាវ, ភី, ឡាំ, លួន និង ថងស៊ិញ ជួបប្រជុំពិសេសដើម្បីផ្សាយពីផែនការ និងចែកភារកិច្ចគ្នាទទួលខុសត្រូវ។ នៅក្នុងផែនការដែលត្រូវធ្វើនោះគឺ ដុតកម្ទេចចម្ការកៅស៊ូ និងធ្វើរដ្ឋប្រហារក្នុងពេលបុណ្យខួបជ័យជម្នះនៅខែមេសាដែលឈានជិតមកដល់។ បន្ទាប់ពីទទួលផែនការ ជាវ បានយកខ្លឹមសារប្រជុំទាំងអស់ទៅប្រាប់សមាជិករបស់គាត់បន្ត។ ដើមខែមីនា ជាវ, ប៊ុនមី និង វើល បាននាំគ្នាធ្វើសកម្មភាពលួចថ្នាំ និងសម្ភារពេទ្យចំនួនពីរឡាន ទៅលាក់ទុកនៅក្នុងព្រៃចម្ងាយប្រហែល១០គីឡូម៉ែត្រពីមន្ទីរពេទ្យ។ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧៨ អង្គការបានហៅ ជាវ ទៅប្រជុំនៅមន្ទីរភូមិភាគ ហើយ ជាវ ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួននៅទីនោះ។ នៅក្នុងឯកសារចម្លើយសារភាពរបស់ សៀក ជាវ បានបញ្ជាក់ថា សមាជិកដែលរួមសកម្មភាពក្បត់ជាមួយគាត់ទាំងអស់មានចំនួន៩៥នាក់៕

អត្ថបទដោយ នេន ស្រីមុំ


[1] ឯកសារ D21237 ស្ដីពីចម្លើយសារភាពរបស់ សៀក ជាវ ហៅ អ៊ី។ ប្រវត្តិនៃសកម្មភាពក្បត់របស់ សៀក ជាវ គឺកសាងកម្លាំងក្បត់ បំផុសឲ្យយុវជន-យុវនារី ប្រឆាំងនឹងបដិវត្តន៍ខ្មែរក្រហម បំផ្លិចបំផ្លាញសម្ភាររបស់អង្គការ អប់រំឲ្យគ្រូពេទ្យមិនយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺ និងលួចយកថ្នាំពេទ្យយកទៅលាក់ទុក។ ជាវ ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួននៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧៨។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ កក់ ឃីម ពិត ឬយ៉ាងណានោះទេ”។

[2] ឯកសារ D427 ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទំព័រទី២៩៩ កថាខណ្ឌទី៩២១ សរសេរថា “នៅពេលចូលខ្លួនដំបូងនៅចំពោះមុខសហចៅក្រមស៊ើបអង្កេត នួន ជា និយាយថា ភ្នាក់ងារសេ-អ៊ី-អា (CIA) អាមេរិក, កា-ហ្សេ-បេ (KGB) សូវៀត, ខ្មែរសេរី ភ្នាក់ងារសង្ងាត់វៀតណាមក៏មាន ហើយភ្នាក់ងារនេះមានបង្កប់ខ្លួននៅក្នុងបក្ស និងចំណោមប្រជាជន សហករណ៍យើងខ្ញុំ ហើយធ្វើឲ្យមាគ៌ាបក្ស «ឆៅ» និង«ខ្មោច» និងបំផ្លាញប្រទេសជាតិ​ឯង បក្ស និងប្រជាជន”។

[3] «​កាណូត​» ដែលជា​គ្រឿង​ផ្ទុក​មនុស្ស ឬ​ដឹកទំនិញ​ផ្សេងៗ នោះ​គឺជា​កម្ចី​ពី​បារាំង ដែល​សរសេរ​ជា​ភាសា​បារាំង Canot​។ អាច​ហៅ​ម្យ៉ាង​ទៀតថា​«​ឡុងបុត​» តែ​ខ្មែរ​ពី​បុរាណ​និយម​ហៅថា «​សំប៉ាន​»​។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin