សៀន នឹម រើសខ្ចៅ និងក្ដាម ក្នុងស្រែមកហូបឆៅនៅម្លិច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ
នៅខែវិច្ឆិកា ឆ្នាំ១៩៧៧អង្គការជម្លៀសគ្រួសាររបស់ សៀន នឹម ទៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ សៀននឹមបានទុកប្អូនស្រីឲ្យនៅមើលម្ដាយដេកឈឺ ដោយសារកើតបូសក្នុងភូមិស្អាត ហើយ សៀន នឹម បានបន្តដំណើរទៅនៅម្លិច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នៅម្លិច អង្គការប្រើប្រាស់ប្រជាជន ដូចសត្វគ្មានពេលឈប់សម្រាក ចំណែកការហូបចុកក៏មិនបានគ្រប់គ្រាន់។ ពេលសៀន នឹម ទៅស្ទូងស្រូវបានឃើញខ្ចៅនិងក្ដាមក៏ចាប់យកមកហូបភ្លាមៗ ដើម្បីឲ្យបាត់ឃ្លាន។ ខាងក្រោមនេះជាសាច់រឿងរបស់ សៀន នឹម៖
ខ្ញុំឈ្មោះ សៀន នឹម[1] ភេទស្រី អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិម្កោរ ឃុំទន្លូង ស្រុកមេមេត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិម្កោរ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះហែម សៀន ស្លាប់នៅ អាយុ២៨ឆ្នាំ។ ម្ដាយខ្ញុំឈ្មោះម៉ុ ស៊ឹម ស្លាប់ដោយសារជំងឺនៅអាយុ៦៦ឆ្នាំ។ ខ្ញុំមានបងប្អូន២ នាក់(ស្រីទាំង២) ហើយខ្ញុំជាទី១នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះគង់ វឿន និងមានកូនស្រីម្នាក់ (ស្លាប់តាំង ពីនៅតូច)។
កាលពីកុមារភាពខ្ញុំបានសិក្សានៅក្នុងសាលាភូមិម្កោរ។ កាលនោះខ្ញុំឃើញមានកុមារតូចៗទៅរៀន ច្រើនណាស់ ហើយលោកគ្រូបង្រៀនអក្សរមានឈ្មោះ ញៀវ តិ ជាប្រជាជនរស់នៅក្នុងភូមិម្កោរ។ ក្នុងមួយ សប្ដាហ៍ខ្ញុំរៀន៦ថ្ងៃចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ហើយរៀនតែពេលព្រឹកទេ។ ថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាក។ ខ្ញុំរៀន មិនសូវបានចេះច្រើនទេ រៀនព្យញ្ជនៈ ក ខ , ព្យាង្គត្រួត និងសរសេរតាមសូត្រ(បច្ចុប្បន្នសរសេរតាមអាន)។ ខ្ញុំចេះអាន និងសរសេរបានជាមធ្យម។ ពេលទំនេរពីការសិក្សា ខ្ញុំជួយធ្វើការងារឪពុកម្ដាយដូចជា មើលគោ លាងចាន និងទៅចម្ការដកស្មៅ។
នៅឆ្នាំ១៩៧០ ឪពុកខ្ញុំបានទៅចូលរួមធ្វើបាតុកម្មនៅភូមិខ្នងក្រពើ ឃុំត្រមូង ស្រុកមេត់។ ប្រជាជន ដែលរស់នៅក្នុងភូមិម្កោរបាននាំគ្នាទៅចូលរួមធ្វើបាតុកម្មច្រើនណាស់ ប៉ុន្តែត្រូវធ្វើដំណើរទៅខ្លួនឯង។ ពេល ឪពុកខ្ញុំធ្វើដំណើរទៅធ្វើបាតុកម្ម ម្ដាយខ្ញុំបានដាំបាយនិងជ្រកទឹកបំពង់សម្រាប់ឲ្យឪពុកខ្ញុំហូបតាមផ្លូវ។ ព្រឹក ឡើងឪពុកខ្ញុំបានជិះកង់ទៅភូមិខ្នងក្រពើ លុះឃើញសភាពការមិនល្អក៏បានជិះកង់ត្រឡប់មកផ្ទះវិញ។ ពេលឪពុកខ្ញុំត្រឡប់មកផ្ទះ ឪពុកខ្ញុំសំងំនៅតែក្នុងផ្ទះមិនហ៊ានចេញក្រៅ ហើយតែងតែភ័យខ្លាចឲ្យតែមាន មនុស្សទៅក្បែរ យូរៗទៅឪពុកខ្ញុំបានក្លាយជាមនុស្សវិកលចរិក។ ឪពុកខ្ញុំដើរផឹកស្រាលែងចូលផ្ទះ។ ម្ដាយខ្ញុំត្រូវ ទៅធ្វើស្រែចម្ការម្នាក់ឯង ហើយត្រូវតាមមើលថែឪពុកខ្ញុំទៀត។ ខ្ញុំឃើញម្ដាយពិបាកទើបខ្ញុំសម្រេចចិត្តឈប់ រៀន ដើម្បីជួយសម្រាលការងារម្ដាយបានខ្លះ។
ពេលទ័ពយៀកកុងចូលក្នុងភូមិម្កោរ ប្រជាជនរស់នៅធ្វើស្រែចម្ការបានធម្មតា។ ទ័ពយៀកកុងមិនបាន ធ្វើបាបប្រជាជនទេ ហើយបានបោះជំរំនៅជាយៗភូមិម្កោរ។ ទាហានអាមេរិកចូលមករកទ័ពយៀកកុងដល់ក្នុង ភូមិម្កោរ និងបានធ្វើបន្ទាយមួយនៅខាងលិចភូមិម្កោរ។ កាលនោះយន្តហោះទាហានអាមេរិកតែងតែ ហោះមកចុះនៅជុំ វិញភូមិម្កោរ ដើម្បីស្វែងរកទ័ពយៀកកុង។
ពេលអាមេរិកទម្លាក់គ្រាប់បែកគ្រួសារខ្ញុំបានជីករណ្ដៅត្រង់សេសម្រាប់លាក់ខ្លួន។ រណ្ដៅត្រង់សេត្រូវ ជីកជារាងពងក្រពើនិងត្រូវទុករន្ធមួយសម្រាប់ចេញចូល។ គ្រួសារខ្ញុំពេលឮសំឡេងយន្តហោះនាំគ្នារត់ចូល រណ្ដៅត្រង់សេ លុះពេលស្ងាត់ សំឡេងយន្តហោះទើបនាំគ្នាចេញមកក្រៅ។ ស្ថានភាពរស់នៅរបស់គ្រួសារខ្ញុំ និងជាប្រជាជននៅក្នុងភូមិម្កោរពិតជាពិបាកខ្លាំងណាស់។ ខ្ញុំត្រូវរស់នៅក្នុងភាពភ័យខ្លាច មិនហ៊ានបង្កាត់ភ្លើង ដាំបាយខ្លាចទាហានអាមេរិកឃើញផ្សែងទម្លាក់គ្រាប់មកត្រូវ។ ឪពុកខ្ញុំត្រូវយន្តហោះអាមេរិកបាញ់គ្រាប់ត្រូវស្លាប់ ចំណែក តាមាន់ ជាប្រជាជនដែលរស់នៅក្នុងភូមិម្កោរត្រូវ គ្រាប់ប៊ុមប៊ីរបស់អាមេរិកស្លាប់នៅលើផ្ទះ។
ពេលអាមេរិកទម្លាក់គ្រាប់បែកខ្លាំង គ្រួសារខ្ញុំរត់ទៅនៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់។ គ្រួសារខ្ញុំ នៅបានមួយសប្ដាហ៍ក៏ស្ងាត់ការទម្លាក់គ្រាប់បែករបស់អាមេរិក។ គ្រួសារខ្ញុំបានបន្តដំណើរទៅភូមិឈូក ឃុំត្រមូង ស្រុកមេមត់ ហើយបានស្នាក់នៅជាមួយតាញ៉ដែលត្រូវជាបងប្អូនជីដូនមួយរបស់ខ្ញុំ។ គ្រួសារខ្ញុំនៅ បានមួយសប្ដាហ៍ក៏បានសម្រេចចិត្តឡើងមកភូមិម៉ាស៊ីនទឹកវិញ។ គ្រួសារខ្ញុំស្នាក់នៅភូមិម៉ាស៊ីនទឹកបានមួយ យប់ លុះព្រឹកឡើងក៏បន្តដំណើរទៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ដើម្បីទៅសុំស្នាក់នៅផ្ទះប្អូនយាយ តូចដែលជាប្អូនយាយរបស់ខ្ញុំ។ គ្រួសារខ្ញុំនៅភូមិចាន់មូលបានកន្លះខែ ម្ដាយខ្ញុំនាំមកភូមិម្កោរវិញ។ នៅក្នុង ភូមិម្កោរប្រជាជនរស់នៅមានភាពសុខសាន្ត អាចធ្វើស្រែចម្ការបាន ព្រោះខ្ញុំមិនឃើញទាហានអាមេរិកនិង យន្តហោះអាមេរិកទៀតទេ។
នៅឆ្នាំ១៩៧៤ប្រជាជននៅក្នុ្ងងភូមិម្កោរចាប់ផ្ដើមធ្វើ”វេប្រវាស់ដៃ” ដោយប្រជាជននៅក្នុងភូមិម្កោរទាំង អស់ត្រូវធ្វើស្រែចម្ការយកវេគ្នាម្ដងម្នាក់។ ពេលទទួលផលទុកក្នុងជង្រុករួម រួចចែករបបទៅតាមចំនួននៃ ប្រជាជនដែលធ្វើការងារ ដោយក្នុងប្រជាជនម្នាក់ទទួលបានស្រូវ១ប៉ោត។ អំឡុងឆ្នាំនោះប្រជាជនបានហូប បាយគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៥ក្នុងភូមិម្កោរត្រូវបានអង្គការប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់ដាក់ជារបស់រួម។ ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាកងចល័តប្រចាំនៅភូមិកោះថ្ម ដោយសារតែនៅក្នុង ភូមិម្កោរគ្មានដីសម្រាប់ ធ្វើស្រែ។ នៅភូមិកោះថ្ម ខ្ញុំសម្រាកនៅផ្ទះតាឆានដែលជាប្រជាជនមូលដ្ឋានក្នុងភូមិកោះថ្ម។ ខ្ញុំមានប្រធាន ក្រុមកងចល័ត ឈ្មោះបងរីជាប្រជាជនមូលដ្ឋានរស់នៅក្នុងភូមិកោះថ្ម។ ពេលធ្វើជាកងចល័តនៅក្នុងភូមិកោះថ្ម ខ្ញុំទៅច្រូតស្រូវនៅម្តុំអញ្ឆញដែលស្ថិតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់។ នៅភូមិកោះថ្មខ្ញុំបានហូបបាយ គ្រប់គ្រាន់។ ខ្ញុំធ្លាប់ស្នើ សុំបងរីមកលេងផ្ទះបានម្ដង។ កាលនោះខ្ញុំធ្វើដំណើរចេញពីភូមិកោះថ្មទៅភូមិម្កោរ ដោយថ្មើរជើង។ ពេលខ្ញុំទៅដល់ភូមិម្កោរដល់ម៉ោងហូបបាយ ហើយខ្ញុំក៏ឃ្លានបាយទើបខ្ញុំទៅសុំបាយពី សហករណ៍ភូមិម្កោរហូប ប៉ុន្តែខាងចុងភៅមិនបើកឲ្យ។ យប់នោះខ្ញុំបានលួចដាំបាយ និងលួចចាប់មាន់ធ្វើហូប ព្រោះឃ្លានខ្លាំងពេក។ អង្ករដាំបាយជាអង្ករដែលសេសសល់តាំងពីវេប្រវាស់ដៃ។ លុះព្រឹកឡើងខ្ញុំបានធ្វើដំណើរ ទៅភូមិកោះថ្មវិញ ហើយខ្ញុំបានទៅច្រូតស្រូវនៅត្រពាំងទឹកល្អក់ដែលស្ថិតនៅខាងកើតភូមិកោះថ្ម។ អំឡុងពេល កំពុងច្រូតស្រូវ អង្គការបានជម្លៀសខ្ញុំទៅភូមិបេងកោង ឃុំទន្លូង ស្រុកមេមត់។ ខ្ញុំទៅដល់ភូមិបេងកោង ស្នាក់នៅផ្ទះប្រធានភូមិឈ្មោះតាប៊ន់។ ពេលព្រឹកឡើងខ្ញុំធ្វើដំណើរមកចាំ ម្ដាយនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ លុះបានជួបជុំជាមួយគ្រួសារ អង្គការបន្តជម្លៀសគ្រួសារខ្ញុំទៅភូមិស្រែតាពេជ ឃុំជាំតាម៉ៅ ស្រុកមេមត់។ នៅភូមិស្រែតាពេជ ខ្ញុំបានជួបជាមួយប្រជាជន១៧មេសានិងបាននិយាយសំណេះសំណាលគ្នា ទើបដឹងថាប្រជាជនមូលដ្ឋានត្រូវអង្គការជម្លៀសចេញមុននេះបន្តិច។ ខ្ញុំស្នាក់នៅភូមិស្រែតាពេជបាន៣យប់។ អង្គការបន្តជម្លៀសគ្រួសារខ្ញុំទៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ ស្រុកមេមត់ទៀត។ នៅភូមិកូនក្រពើ អង្គការប្រើ ឲ្យប្អូនស្រីខ្ញុំដាំអំពៅ និង ដាំពោត។
នៅខែ១១ឆ្នាំ១៩៧៧អង្គការជម្លៀសគ្រួសារខ្ញុំទៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំបានទុកប្អូនស្រីឲ្យនៅមើលម្ដាយដេកឈឺដោយសារកើតបូសក្នុងភូមិស្អាត។ ខ្ញុំបានបន្តដំណើរទៅនៅម្លិច។ នៅម្លិចអង្គការប្រើប្រាស់ប្រជាជនដូចសត្វគ្មានពេលឈប់សម្រាក។ រីឯការហូបចុកក៏មិនគ្រប់គ្រាន់។ ពេលខ្ញុំ ទៅស្ទូងស្រូវឲ្យតែបានឃើញខ្យង ខ្ចៅ និងក្ដាម តែងតែចាប់យកមកហូប ដើម្បីឲ្យបាត់ឃ្លាន។ អង្គការជម្លៀស ខ្ញុំពីម្លិចទៅពង្រដែលស្ថិតនៅខាងលិចម្លិច។ ខ្ញុំដើរគាស់ក្ដួច ដើម្បីយកមកចម្អិនហូប ដោយសារតែគ្មានទឹក សម្រាប់ធ្វើក្ដួចគ្រប់គ្រាន់ ទើបពេលដែលយកមកចម្អិនហូបទៅធ្វើឲ្យពុលពេញផ្ទះ។ អាការៈពុលក្ដួចធ្វើឲ្យគ្មាន កម្លាំងទន់ដៃ ទន់ជើងនិង ក្អួត។ ខ្ញុំពុលខ្លាំងពេកទាល់តែចាប់កូនថ្លែនមកដុតហូបបានស្វាង។
នៅពង្របាន២ខែអង្គការជម្លៀសគ្រួសារខ្ញុំទៅម្លិចវិញ។ នៅម្លិចខ្ញុំបានលួចជីកដំឡូងនិងលួចបេះ ត្រសក់អង្គការចំនួន៧ផ្លែ។ ខ្ញុំនៅម្លិចបាន២ថ្ងៃ អង្គការបន្តជម្លៀសខ្ញុំទៅស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ អង្គការប្រើឲ្យខ្ញុំចាំសេក។ នៅបាន១៥ថ្ងៃអង្គការជម្លៀសទៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ភូមិចឹងជាភូមិមួយដែលប្រជាជនភាគច្រើនហៅថា“ចឹងឆ្អោល”។ ខ្ញុំស្នាក់នៅភូមិចឹងបាន១យប់។ ព្រឹកឡើង អង្គការជម្លៀសទៅភូមិអន្លង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ខ្ញុំសម្រាកបាន១យប់ លុះព្រឹកឡើងមាន ឡានអង្គការមកដឹកយកទៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីឆ្លងស្រឡាងទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ពេលទៅដល់ស្រុកស្ទឹងត្រង់ អង្គការបានចាត់តាំងឲ្យគ្រួសារខ្ញុំទៅនៅភូមិទួលក្រសាំង ឃុំទួលក្រសាំង ស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំត្រូវទៅច្រូតស្រូវ។ ចំណែកម្ដាយខ្ញុំអង្គការឲ្យជាន់អង្ករ។ ការហូបចុកពេលនោះបានគ្រប់គ្រាន់ ហើយប្រជាជនមូលដ្ឋានក៏និយាយពីរោះពិសាទៀត។ ខ្ញុំពិតជាស្រលាញ់ ចូលចិត្តប្រជាជននៅក្នុងភូមិទួលក្រសាំងខ្លាំងណាស់។ អំឡុងពេលដែលខ្ញុំកំពុងច្រូតស្រូវមានយន្ដហោះ មួយបើកប្រកាសថា”សូមបងប្អូនវិលត្រឡប់ទៅស្រុកកំណើតវិញ”។ ខ្ញុំជាមួយគ្រួសារក៏បានធ្វើណើរត្រឡប់មក ផ្ទះវិញ ហើយបានប្រកបមុខរបរធ្វើស្រែចម្ការ រហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទដោយ វី ស៊ីថា
[1] មជ្ឈមណ្ឌលឯកសារកោះថ្ម , បទសម្ភាសន៍ជាមួយសៀន នឹម ភូមិម្កោរ ឃុំទន្លូង ស្រុកមេមេត់ ខេត្តត្បូងឃ្មុំ,ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥