សៀង ហយ អតីតកងចល័តនារី

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ សៀង ហយ[1] អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការជាមួយប្ដីឈ្មោះ តែម ខុម និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ សៀង និងម្ដាយឈ្មោះឡាង និងមានបងប្អូនស្រី២នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។

នៅពីក្មេង ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំឈប់រៀននៅឆ្នាំ១៩៧០ ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ មិនយូរប៉ុន្មានបន្ទាប់រដ្ឋ ប្រហារនេះ, អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដោយមានកាន់កាំបិទ និងពូថៅ ដង្ហែទៅកាន់ទីរួមខេត្ត កំពង់ចាម។ ខ្ញុំមិនបានចូលរួមនោះទេ ហើយនៅបន្តធ្វើស្រែចម្ការជាមួយឪពុកម្ដាយនៅភូមិ។ នៅចុងឆ្នាំ ១៩៧០ ខ្ញុំលែងឃើញមានបាតុកម្មទៀតហើយ ប៉ុន្តែមានការមកដល់របស់កងទ័ពខ្មែរក្រហម ដែលបាន មកឈរជើង និងសុំផ្ទះរបស់អ្នកភូមិស្នាក់អាស្រ័យ។ នៅពេលនោះ មេភូមិចាប់ផ្ដើមរៀបចំ និងបែងចែក អ្នកភូមិទៅជាក្រុមសាមគ្គី ដើម្បីធ្វើការដាំដុះសណ្ដែក, ពោត និងស្រែចម្ការជាដើម។

នៅឆ្នាំ១៩៧២ ភូមិ របស់ខ្ញុំស្ថិតនៅក្នុងតំបន់រំដោះខ្មែរក្រហម និងទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពីសំណាក់ទាហាន លន់ នល់ ដែលបណ្ដាលឲ្យមានអ្នកភូមិស្លាប់ដូចជាឈ្មោះ តា លាង និងវន ចំណែកឯម្នាក់ទៀតឈ្មោះ សុខ បានរងរបួស ពិការជើងដោយសារតែគ្រាប់បែកធ្លាក់ចូលក្នុងរណ្ដៅត្រង់សេដែលខ្លួនកំពុងតែសង្ងំលាក់ខ្លួន។ ការទម្លាក់ គ្រាប់បែកនៅពេលនោះ ក៏មានលាយលំនូវការទម្លាក់ធុងសាំងដែលបណ្ដាលឲ្យមានការឆេះយ៉ាងសន្ធោសន្ធៅ។

នៅឆ្នាំ១៩៧៥ ខ្ញុំរៀបការប្ដី ហើយបានបន្តរស់នៅភូមិ រហូតដល់របបខ្មែរក្រហម ឡើងគ្រប់គ្រងអំណាច នៅខែមេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៦ សហករណ៍ត្រូវបានបង្កើតឡើង ហើយ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការងារ នៅកងចល័តនារីវ័យកណ្ដាល។ ខ្ញុំមិនសូវអត់ឃ្លាននោះទេ ពីព្រោះក្រោយពីធ្វើការងារខ្ញុំអាចចូលព្រៃរកត្រី និងដំឡូងដើម្បីស្ងោរហូប។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ចូនមកធ្វើការងារនៅរោងចុងភៅ ហើយខ្ញុំអាចលួចយកត្រីទុកហូបខ្លះ។

នៅឆ្នាំ១៩៧៧ អ្វីៗមានការប្រែប្រួល បន្ទាប់ពីមិត្ត សៀប ដែល និយាយរដឺនៗ និងមកពីភូមិភាគនិរតី ចូលមកធ្វើជាប្រធានគ្រប់គ្រងរួមនៅទីនេះ។ មិត្ត សៀប បញ្ជាឲ្យចាប់អ្នកណាដែលបានប្រព្រឹត្តិកំហុស និងជនជាតិចាមយកទៅសម្លាប់ទម្លាក់ចូលក្នុងរណ្តៅ នៅវត្តល្ពាក។ បងប្រុសរបស់ខ្ញុំ ដែលធ្វើជាប្រធានកង នៅខាងស្ពឺ ស្រុកចំការលើ ត្រូវបាន មិត្ត សៀប ចាប់យកទៅសម្លាប់ចោលទាំងគ្រួសារ។ នៅអំឡុងពេលធ្វើការងារ ប្រសិនបើយើងធ្វើការងារ មិនគ្រប់តាមផែនការដែលខ្មែរក្រហមដាក់ឲ្យនោះទេ យើងនឹងត្រូវស្ដីបន្ទោស ឬសម្លាប់ចោលដោយគ្មានការលើកលែង។

ក្រោយមកទៀត ខ្ញុំនិងអ្នកភូមិជាច្រើននាក់ទៀតបានបញ្ជូនទៅច្រូតស្រូវ នៅឃុំអំពិល​។ បន្ទាប់ពីច្រូតស្រូវ ត្រូវទៅរស់នៅក្នុងរោងការដ្ឋានរួម ដែលមានលាយ លំគ្នាជាមួយមិត្តនារី និងមិត្តបុរស  ដោយមិត្តបុរសៗដេកមួយចំហៀង ហើយមិត្តនារីដេកមួយចំហៀង គឺដេកទល់ក្បាលគ្នា។ ចំពោះការស្លៀកពាក់វិញ ខ្ញុំមានតែអាវខ្មៅ ខោខ្មៅ តែប៉ុណ្ណោះ។ ខ្ញុំអាចរស់រានមានជីវិតរហូតដល់សព្វថ្ងៃដោយសារ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយផ្ដួលរំលំរបបខ្មែរក្រហម និងរំដោះប្រជាជននៅចុងឆ្នាំ១៩៧៨។ ខ្ញុំ និងប្ដីបានជួបជុំគ្នា និងវិលត្រឡប់មករស់នៅភូមិនៅឆ្នាំ១៩៨០ ហើយបានប្រកបរបរជាកសិកររហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដោយ សាំង ចាន់ធូ


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ សៀង ហយ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ខែកក្កដា ឆ្នាំ២០២៥, សម្ភាសដោយ លី ដេវីត, បណ្ណសារមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin