សៀន ភ្នំ៖ ជាន់មីនដាច់ជើង

សៀន ភ្នំ[1] ភេទប្រុស អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ភ្នំ បច្ចុប្បន្ន រស់នៅភូមិកណ្ដាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សៀន ភ្នំ បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៣នាក់ ក្នុងនោះមានស្រីចំនួន២នាក់ និងប្រុស១នាក់។ ខ្ញុំគឺជាកូនទី៣ នៅក្នុងគ្រួសារ។ ឪពុកខ្ញុំឈ្មោះ លឿន មុត និងម្ដាយឈ្មោះ សាំ យ៉ាន ប្រកបមុខរបរជាកសិករ។ កាលពីកុមារភាព ខ្ញុំមានក្ដីស្រម៉ៃចង់ធ្វើជាគ្រូពេទ្យ និងគ្រូបង្រៀន។ ប៉ុន្តែ ក្ដីស្រម៉ៃខ្ញុំត្រូវបាត់បង់អស់ នៅពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារសម្ដេច នរោត្តម សីហនុ ក្នុងឆ្នាំ១៩៧០។ ខ្ញុំក៏បានឈប់រៀននៅត្រឹមថ្នាក់ទី៦ (ប្រព័ន្ធអប់រំក្នុងជំនាន់សង្គមរាស្ត្រនិយម)។
នៅក្នុងឆ្នាំ១៩៧២ ខ្ញុំបានសម្រេចចិត្តចូលបម្រើក្នុងជួរកងទ័ព នៅទីរួមខេត្តកំពង់ចាម។ ខ្ញុំជួបប្រទះនូវទុក្ខលំបាកជាច្រើន ដែលមិនអាចរាប់រៀបអស់។ កាលនោះ ខ្ញុំមានវ័យជំទង។ ខ្ញុំត្រូវបញ្ជូនទៅសមរភូមិ ជាមួយកងទ័ពជាច្រើននាក់ទៀត។ ខ្ញុំពិតជាមានការភ័យខ្លាចជាខ្លាំងក្នុងការធ្វើសង្គ្រាម។ ប៉ុន្តែ ខ្ញុំមិនអាចត្រឡប់ថយក្រោយបាននោះទេ ព្រោះខ្ញុំបានចូលក្នុងជួរទ័ពខ្មែរក្រហមទៅហើយ។ ការវាយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ គ្មានបានអ្វីឡើយក្រៅពីកងទ័ពទាំងពីរភាគី ត្រូវបានស្លាប់ និងរបួស។
ចំណែកឯការហូបចុក ខ្ញុំទទួលបានគ្រប់គ្រាន់ ប៉ុន្តែមិនបានហូបអាហារដែលខ្លួនចង់ហូបនោះទេ។ នៅពេលនោះខ្ញុំបានហូបបាយជាមួយត្រីងៀត ឬម្ហូបក្រៀមៗ។ យើងគ្មានសម្លរទឹកឡើយ។ រីឯកន្លែងស្នាក់នៅវិញ ខ្ញុំគ្មានទីតាំងសមរម្យដូចប្រជាជនរស់នៅក្នុងភូមិស្ថានទេ។ យើងដេកសម្រាកនៅលើដី ឬក្នុងលេណដ្ឋាន ដើម្បីការពារខ្លួនពីគ្រាប់។
អំឡុងពេលដែលខ្ញុំនៅក្នុងជួរកងទ័ពខ្មែរក្រហម ខ្ញុំត្រូវបានដាច់ទំនាក់ទំនងជាមួយក្រុមគ្រួសារឪពុកម្ដាយបងប្អូន នៅឯស្រុកកំណើត។ ខ្ញុំមិនអាចដឹងទេថាតើការរស់នៅ ការហូបចុក ឬការធ្វើការ របស់គ្រួសារខ្ញុំជួបការលំបាកយ៉ាងណាខ្លះទេ។ ខ្ញុំបានត្រឹមតែដេកគិតនៅក្នុងចិត្ត ព្រោះខ្ញុំបារម្មណ៍ដល់បងៗខ្ញុំ ដែលសុទ្ធតែស្រីៗ។
លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ។ ភ្លាមៗនោះខ្ញុំពិតជាមានការសប្បាយចិត្តជាខ្លាំង។ ខ្ញុំគិតថា ប្រទេសជាតិឈប់មានសង្គ្រាម ហើយអាចត្រឡប់ទៅរស់នៅជួបជុំបងប្អូននៅឯស្រុកកំណើត។ ក្រោយមក ខ្មែរក្រហមបានប្រកាសប្រាប់ឲ្យប្រជាជនដែលកំពុងរស់នៅទីក្រុងភ្នំពេញចាកចេញឲ្យអស់ ដោយបានប្រាប់ពីមូលហេតុថា ខ្លួនត្រូវរៀបចំបោសសម្អាតទីក្រុងថ្មី។ ទិដ្ឋភាពនាពេលនោះគឺថាប្រជាជនមួយចំនួនក៏ព្រមចេញ ឯមួយចំនួនទៀតក៏មិនព្រមចាកចេញពីផ្ទះរបស់ខ្លួន។ ប៉ុន្តែប្រជាជនមិនអាចប្រឆាំងជាមួយកងទ័ពខ្មែរក្រហម ព្រោះខ្មែរក្រហមនឹងបាញ់សម្លាប់ចោល។
មិនយូរប៉ុន្មាន អង្គភាពទ័ពខ្ញុំក៏ត្រូវបានបញ្ជូនទៅកាន់ព្រំដែន នៅក្នុងខេត្តរតនគិរី។ ក្រៅពីការងារដើរល្បាតតាមព្រំដែន កម្លាំងទ័ពទាំងអស់ក៏ត្រូវជួយធ្វើការប្រជាជននៅមូលដ្ឋាន ដូចជា ការងារជីកប្រឡាយ រែកដី និងលើកទំនប់នៅរដូវប្រាំង។ ការរស់នៅក្នុងរបបខ្មែរក្រហមពិតជាលំបាកណាស់ ដោយសារតែជំនាន់នោះគ្មានច្បាប់ទម្លាប់។ មនុស្សមានការគុំគួនគ្នា និងមានការបាញ់សម្លាប់គ្នាយ៉ាងព្រៃផ្សៃ។ ច្បាប់ទម្លាប់ និងវិន័យទាំងឡាយ ស្ថិតនៅលើការបញ្ជារបស់អង្គការ។ កំហុស ឬបញ្ហាផ្សេងៗ មិនត្រូវបានសាកសួរឲ្យបានច្បាស់លាស់នោះទេ។
រហូតដល់ឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ចូនទៅឈរជើងនៅភូមិភាគបូព៌ា ដើម្បីវាយទប់ទល់ជាមួយកងទ័ពវៀតណាម។ ក្រោយមក កងកម្លាំងរបស់ខ្ញុំក៏បានបាក់ទ័ព និងរត់ចូលព្រៃ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លុះដល់ឆ្នាំ១៩៨៤ ខ្ញុំបានដឹកនាំកម្លាំងចំនួន៥នាក់ ដើម្បីស៊ើបការណ៍នៅចំណុចគោលប្រាំបី។ នៅពេលនោះ ខ្ញុំ និងមនុស្សពីរនាក់ផ្សេងទៀត បានដើរជាន់មីនដាច់ជើង។ កងកម្លាំងធំបានបញ្ជូនខ្ញុំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រោយ។ ខ្ញុំបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតដល់បានជាសះស្បើយ។ ខ្ញុំទទួលបានការមើលថែពីគ្រូពេទ្យបានយ៉ាងដិនដល់តាំងពីការហូបចុក និងការរស់នៅប្រចាំថ្ងៃ។
នៅចុងឆ្នាំ១៩៨៦ ខ្ញុំបានរៀបការនៅលើភ្នំដងរែកតាមប្រពៃណី។ ក្រោយមក ខ្ញុំបានក្លាយជាគ្រូបង្រៀននៅតំបន់អន្លង់វែង នៅក្នុងឆ្នាំ១៩៩០។ នៅជំនាន់នោះ គ្រូបង្រៀនមិនមានប្រាក់ឧបត្ថម្ភនោះទេ។ ខ្ញុំទទួលបានអាហារហូបចុក និងសម្ភារប្រើប្រាស់ពីតាម៉ុក ជារៀងរាល់ខែ។ ការរស់នៅនាពេលនោះ មិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ។ រហូតដល់ឆ្នាំ១៩៩៨ ខ្មែរក្រហមបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់អន្លង់វែង»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ សៀន ភ្នំ នៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង នៅក្នុងឆ្នាំ២០២៤។