អតីតអ្នកបើកឡានតាម៉ុកត្រូវបញ្ជូនទៅរៀនបច្ចេកទេសនៅប្រទេសចិន

សែប រ៉េត (២០១១)

សែប រ៉េត[1] ជាអតីតអ្នកបើកឡានតាម៉ុក ត្រូវបានខ្មែរក្រហមជ្រើសរើសទៅរៀនផ្នែកយោធានៅប្រទេសចិន និងត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញនៅអំឡុងពេលដែលកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាមនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ​នៅឆ្នាំ១៩៧៩។ សែប រ៉េត បានរៀបរាប់ពីបទពិសោធន៍ដែលបានបើកឡានឲ្យតា ម៉ុក​ និងរៀនសូត្រផ្នែកបច្ចេកទេសគីមី និងយោធានៅប្រទេសចិនដូចខាងក្រោម៖

សែប រ៉េត ភេទប្រុស អាយុ៦៥ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបរធ្វើស្រែចម្ការ។ រ៉េត មានស្រុកកំណើតនៅភូមិធ្លកយុល ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត ប៉ុន្តែសព្វថ្ងៃរស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉េត មានប្រពន្ធឈ្មោះ ​នាង គូ អាយុ៥៤ឆ្នាំ និង​មានកូន៦នាក់( ប្រុស៣នាក់ ស្រី៣នាក់)។ រ៉េត មានឪពុកឈ្មោះ ប៉ុក សែត(ស្លាប់ឆ្នាំ១៩៧៩)និងម្ដាយឈ្មោះ សុខ គួន។ រ៉េត គឺជាកូនទី៤ ក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៥នាក់ ស្រី៣នាក់)។ បងប្អូន រ៉េត បានទទួលមរណៈ២នាក់ជំនាន់សង្រ្គាមជាមួយលន់ នល់។

កាលពីក្មេង​ រ៉េត បានរៀនត្រឹមថ្នាក់ទី៩សង្គមចាស់ នៅសាលាវត្តស្រែ-ក្នុង។ រ៉េត ឈប់រៀននៅឆ្នាំ១៩៧៣ ដោយសារតែប្រទេសមានសង្រ្គាម និងជីវភាពគ្រួសារខ្វះខាត​ ដែលមិនអាចបន្តការសិក្សាបាន។ បន្ទាប់ពីឈប់រៀន រ៉េត ត្រូវបានខ្មែរក្រហមប្រមូលឲ្យចូលក្នុងកងកុមារ។ រ៉េត និងកុមារនៅក្នុងភូមិប្រហែល៦០ទៅ៧០នាក់ត្រូវបានខ្មែរក្រហមប្រមូលដាក់ម្ដុំឲ្យនៅក្នុងសហករណ៍ហូបបាយរួមនិងធ្វើការងាររួមគ្នា។ ការងារដែល រ៉េត ​ត្រូវធ្វើនៅក្នុងកងកុមារដំបូងមានដូចជា៖ ដើរកាប់ទន្រ្ទានខែត្ត រែកដីដំបូកដាក់ស្រែ និងដើររើសអាចម៌គោទុកសម្រាប់ធ្វើជី។ បន្ទាប់មកទៀតខ្មែរក្រហមចាប់ផ្ដើមជ្រើសរើសកុមារដែលធំៗឲ្យចូលខាងកង​យុទ្ធជនពី​ព្រោះកុមារធំៗអាចហ្វឹកហាត់យុទ្ធសាស្ត្រកងទ័ព និងចូលសមរភូមិប្រយុទ្ធបាន។

នៅឆ្នាំ១៩៧៤ រ៉េត ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើប្រធានក្រុមគ្រប់គ្រងយុទ្ធជននៅស្រុកឈូកដែលមានគ្នាប្រហែល៣០ទៅ៤០នាក់។ រ៉េត​ រស់នៅស្រុកឈូកបានរយៈពេលប្រហែល៧ខែក៏ផ្លាស់ពីស្រុកឈូកឡើងមកភូមិភាគនិរតីវិញ ដោយសារតែពេលនោះកងទ័ពកងពលទី២ ប្រចាំភូមិភាគនិរតី ត្រូវការកងទ័ពជាចាំបាច់ ដើម្បីវ៉ៃជាមួយទាហាន លន់ នល់នៅក្នុងខេត្តតាកែវ ចាប់ពីត្រពាំងធំខាងត្បូង ត្រពាំងធំខាងជើង រហូតមកដល់ព្រំព្រទល់កំពង់ស្ពឺ។ ភូមិភាគនិរតីមាន៣កងពល៖​ កងពលទី១ កងពលទី២ និងកងពលទី៣។ នៅ​​ពេ​លដែលចល័តមកប្រចាំការនៅម្ដុំត្រពាំងអណ្ដើក រ៉េត បានមករស់នៅជាមួយ ទូច ប៉ុន ដែលជាប្រធានមន្ទីរកងពលទី២និងប្រធានកងពលឈ្មោះ​​ រ៉ែន (កូនប្រសារតាម៉ុក ដែលមានស្រុកកំណើតនៅភូមិព្រៃខ្មៅ)។ នៅក្នុងមន្ទីរកងពលទី២ រ៉េត ធ្វើជានីរសាររបស់​ ទូច​។ ពេលនោះ រ៉េត ជួបការលំបាកជាច្រើន ព្រោះត្រូវយកសំបុត្រទៅកាន់កងវរៈសេនាតូចនៅតាមសមរភូមិនីមួយៗដោយឆ្លងកាត់ឧបសគ្គជាច្រើន មានពេលខ្លះមានខ្មាំងចាំស្ទាក់ក៏មាន។ បន្ទាប់មក ទូច​ បានជ្រើសរើសឲ្យ រ៉េត​ ធ្វើជាប្រធានកងនីរសារ ដោយសារ រ៉េត គឺជាមនុស្សដែល ទូច បានស្គាល់ជីវប្រវត្តិច្បាស់លាស់ និងជាបងប្អូននៅស្រុកភូមិជាមួយគ្នាផង។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវ៉ៃរំដោះទីក្រុងភ្នំពេញ ហើយខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទៅតាមបណ្ដាខេត្តនានា ដោយបន្សល់ទុកសម្ភាររាយប៉ាយជាច្រើនពាសពេញទីក្រុងភ្នំពេញ។ នៅអំឡុងពេលនោះ រ៉េត ត្រូវបានផ្លាស់ចេញពីប្រធាននីរសារមកអង្គភាពបោសសម្អាតដែលមានគ្នាប្រហែល៥០នាក់ដើម្បីបោសសម្អាតក្នុងទីក្រុងភ្នំពេញ មកពោធិ៍ចិនតុង និងចោមចៅ។ ប្រធានអង្គភាពបោសសំអាតមានឈ្មោះ ធី។ ការងារប្រចាំថ្ងៃ គឺដើរបោសសំអាតសំរាមតាមផ្លូវលំនិងថ្នល់ជាតិ និងដើរប្រមូល ម៉ូតូ ឡានដែលរាយប៉ាយពេញថ្នល់រុញមកដាក់ក្នុងឃ្លាំង។ នៅពេលកំពុងប្រមូលសំរាមតាមផ្លូវ រ៉េត ត្រូវបានទាហាន លន់ នល់ លួចបាញ់ ប៉ុន្តែមិនរងរបួស។ ទាហាន លន់ នល់ មួយចំនួនតូចបានលាក់ខ្លួនសងំនៅក្នុងផ្ទះថ្មមិនព្រមចេញទៅណា លុះយប់ឡើងបានចេញមករកស្បៀង រកឆ្នាំងបាយ ដើម្បីលាក់ទុកសម្រាប់ដាំបាយហូប។

នៅក្នុងឆ្នាំ១៩៧៦ រ៉េត បានផ្លាស់ចេញពីអង្គភាពបោសសម្អាតមកធ្វើជាកងការពារ តា ម៉ុក និងទូចនៅភូមិភាគនីរតី (ខេត្តតាកែវ)។ ពេលដែលមករស់នៅមន្ទីរភូមិភាគនីរតី រ៉េត បានក្លាយជាអ្នកបើកឡានជូន តា ម៉ុក ​ទៅកន្លែង ប៉ុល ពត ទៅជួបខៀវ សំផន និងជូនទៅប្រជុំគណៈរដ្ឋមន្រ្តីនៅភ្នំពេញមួយ  សប្តាហ៍ចំនួនពីរដង។ រ៉េត ​បានបន្តថា ពេល តា ម៉ុក ជិះឡានចេញពីតាកែវប្រហែលកន្លះគីឡូដី តា​ ម៉ុក តែងតែចុះត្រួតពិនិត្យមើលប្រជាជននៅតាមសហករណ៍ កន្លែងធ្វើស្រែ និងចុះទៅមើលប្រជាជននៅតាមជនបទរួចទើបឲ្យបើកឡានត្រឡប់ទៅវិញ។ រ៉េត បានបន្តទៀតថា តា​​ ម៉ុក ឧស្សាហ៍ក្លែងបន្លំខ្លួនពាក់អាវចាស់ៗរហែកទៅកន្លែងធ្វើស្រែណាស់ ដើម្បីដើរពិនិត្យមើលការងារ។ នៅថ្ងៃមួយគាត់បានបន្លំខ្លួនដើរពិនិត្យការងារដូចសព្វដង ប៉ុន្តែត្រូវបានខាងឃុំ និងភូមិចាប់បានដោយចោទប្រកាន់ថាជាអ្នកស៊ើបការណ៍រួចយកគាត់ទៅសួរចម្លើយ ប៉ុន្តែមិនបានធ្វើទារុណកម្មទេ។ លុះសួរនាំប្រហែលកន្លះម៉ោងទើបដឹងថា ​តា ម៉ុក ក៏ដោះលែងមកវិញ។

នៅពាក់កណ្ដាលឆ្នាំ១៩៧៦ តា ​ម៉ុក បានបញ្ជូនមនុស្សសំខាន់ៗខាងផែ្នកយោធាទៅ គ្រប់គ្រងនៅតាមព្រំដែនវៀតណាមនៅខាងភ្នំដិន។ នៅពេលដែល តា​ ​ម៉ុក ជាប់រវល់ចុះទៅមូលដ្ឋានម្ដងៗ ហើយមិនបានចូលរួមប្រជុំគណរដ្ឋមន្រ្តីនៅភ្នំពេញ, តា ម៉ុក តែងតែប្រើ រ៉េត និងកងការពារ២នាក់ទៀតឈ្មោះ សយនិង ញ៉ុញ ប្អូនប្រុសរបស់ ទូច ដែលចេះបើកឡានបញ្ជូនឯកសារទៅខាងមជ្ឈឹម ដែលហៅថាមន្ទីរ៨៧០ ដែលជាកន្លែង ប៉ុល ពត, ខៀវ សំផន, អៀង​ សារី​, វ៉ន វេត, ចេង អន, នួន ជា, និងសុន​ សេន ប្រជុំស្ថិតនៅម្ដុំស្តាតអូឡាំពិក។

បន្ទាប់ពីប្រជុំចប់ ប្រធានមន្ទីរនៅមជ្ឈឹមឈ្មោះ ញ៉ាន់​ នៅជាប់ជាមួយ ប៉ុល ពត, ខៀវ​ សំផន បានផ្ញើឯកសារត្រឡប់មកវិញ។ ឯកសារដែល ប៉ុល ពត ផ្ញើមកមានដូចជា៖​ ឯកសារអំពីរឿងផ្ទៃក្នុងបក្ស និងសៀវភៅទង់បដិវត្តន៍ ជាដើម។​​ រ៉េត បាននិយាយបន្តថា តា ម៉ុក ឧស្សាហ៍ចុះទៅតាមសហករណ៍ពីព្រោះគាត់ចង់ដឹងប្រជាពលរដ្ឋរស់នៅរបៀបម៉េច ហើយការហូបចុកគ្រប់គ្រាន់ដែរឬទេ។ ​កន្លែងខ្លះក៏ឆ្លើយថាហូបគ្រប់គ្រាន់ និងកន្លែងខ្លះទៀតក៏ឆ្លើយហូបមិនបានគ្រប់គ្រាន់ដោយហេតុថា មេភូមិ មេឃុំត្រៀមស្បៀងផ្ដល់ទៅឲ្យរដ្ឋច្រើនពេក ទើបបានជាសហករណ៍ខ្លះហូបមិនបានគ្រប់គ្រាន់។​ បន្ទាប់ពីដឹងថាសហករណ៍ខ្លះហូបមិនបានគ្រប់គ្រាន់ តា​ ម៉ុក ក៏មានវិធានការណ៍ណែនាំទៅខាងភូមិ​ និងឃុំមិនឲ្យ​បញ្ជូនស្រូវទៅរដ្ឋហួសកំណត់ដែលរដ្ឋដាក់ផែនការ ​ដើម្បីឲ្យប្រជាជនហូបបានគ្រប់គ្រាន់ឡើងវិញ។ តា ម៉ុក​ បានណែនាំបន្ថែមទៀតថា នៅពេលដែលហូបបានគ្រប់គ្រាន់ យើងត្រូវហូបឲ្យចេះសន្សំសំចៃ ហូបកុំឲ្យសល់ច្រើន ហូបឲ្យបានត្រឹមត្រូវដែលអាចឲ្យយើងមានកម្លាំងធ្វើការងារបាន គាត់ក៏បាននិយាយប្រាប់បន្ថែមទៅកាន់ប្រជាពលរដ្ឋដែលនៅកងភ្ជួរមិនឲ្យបរទេះគោកាត់តាមផ្លូវថ្នល់ពេលថ្ងៃ ពីព្រោះវាអាចបណ្ដាលខូចផ្លូវ និងហួសម៉ោងគោស៊ីស្មៅ។​

នៅចុងឆ្នាំ១៩៧៦-៧៧ ​រ៉េត បានបើកឡានជូន តា ម៉ុក ចុះទៅតាមមូលដ្ឋានស្រុកឈូក ខេត្តកំពត ដែលមាន តា ផែន, តា​ ផុន​ និងប៉ុន ផុន គ្រប់គ្រងនៅទីនោះ។ នៅពេលទៅដល់ រ៉េត បានឃើញប្រជាជន១៧ មេសា ដែលត្រូវបានជម្លៀសមកពីភ្នំពេញជាច្រើនត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅក្នុងទីធ្លាវត្តស្រែក្នុង ស្ថិតនៅក្នុងភូមិធ្លកយុល ដែលមានទំហំប្រហែលមួយគីឡូកន្លះ៤ជ្រុង ដោយហេតុថាប្រជាជនទាំងអស់នោះអត់ប្រសប់ធ្វើស្រែ និងធ្វើការងារ​ពលកម្ម។ នៅពេលដែលកងឈ្លបឃុំដើរពិនិត្យឃើញក៏ចោទថាខ្មាំងស៊ីរូងផ្ទៃក្នុង ហើយបានបន្តយកប្រជាជនថ្មី ទៅសម្លាប់នៅក្នុងវត្តស្រែក្នុង ដែលមានរណ្ដៅធំៗនៅក្បែរដើមស្វាយ និងដើមដូង។ នៅពេលនោះ​ រ៉េត ព្រួយបារម្ភខ្លាំងណាស់ ពីព្រោះតែខ្លាចមានឪពុកម្ដាយបងប្អូនជាប់និន្នាការជាមួយប្រជាជន១៧ មេសាដែលអាចចាប់ដាក់គុក ឬយកទៅសម្លាប់។ រ៉េត បាននិយាយប្រាប់ តា ម៉ុក ថាទីធ្លាដែលសម្លាប់ប្រជាជនច្រើនគឺជាកន្លែងដែលគាត់ធ្លាប់អង្គុយរៀនពីមុន។ តា​ម៉ុក ដឹងអំពីរឿងនេះ ក៏ប៉ុន្តែគាត់មិនមានវិធានការណ៍អ្វីនោះទេ។

នៅខែមីនា ឆ្នាំ១៩៧៧ តា ម៉ុក បានជ្រើសរើសកម្លាំងកងទ័ពនិងគ្រប់គ្រងក្រសួងមន្ទីរប្រហែល៣០០នាក់ ដើម្បីមកបំពេញបែបបទនៅភ្នំពេញ ទៅរៀនបន្តនៅប្រទេសចិន។ នៅពេលមកដល់ភ្នំពេញ រ៉េត បានមករៀននៅសាលាទួលគោក និងសាលាមិត្តភាពកម្ពុជាសូវៀត ដែលមានគ្រូបង្រៀនភាសាចិន និងអក្សរសាស្រ្តបន្ថែមអស់រយៈពេល៦ខែ ទើបត្រូវបានបញ្ជូនទៅរៀនបន្តនៅប្រទេសចិន។

នៅខែមិថុនា ឆ្នាំ១៩៧៨ រ៉េត ត្រូវបានបញ្ជូនទៅរៀននៅប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តគ័ងទុង។ នៅពេលទៅដល់ប្រទេសចិន រ៉េត បានរៀនបច្ចេកទេសផ្នែកគីមី ក្នុងគោលបំណងពេលដែលត្រឡប់មកប្រទេសខ្មែរវិញ ធ្វើជាគ្រូផ្នែករោងចក្រប្រេងនៅកំពង់សោម។ រ៉េត រៀនបច្ចេកទេសខាងផ្នែកគីមី អស់រយៈពេល៣ខែ ហើយផ្លាស់មករៀនផ្នែកយោធាវិញ ដោយសារតែទាហានវៀតណាមបានវ៉ៃចូលព្រំដែនខ្មែរជាខ្លាំង។ បន្ទាប់មកទូតខ្មែរប្រចាំនៅប្រទេសចិនបានប្រាប់ទៅកាន់កងទ័ពដែលមករៀនទាំងអស់ឲ្យរៀបចំខ្លួនវិលត្រលឡប់មកប្រទេសខ្មែរវិញ ពីព្រោះប្រទេសកំពុងតែមានសង្រ្គាមព្រំដែន។ នៅពេលនោះ រ៉េត ឈប់រៀនខាងផ្នែកគីមី ហើយត្រឡប់មករៀនខាងផ្នែកយោធាវិញ។ ផ្នែកយោធាដែល រ៉េត ត្រូវរៀនមាន២គឺ ផ្នែកកងរថគ្រោះ និងផ្នែកកាំភ្លើងធំ។ បន្ទាប់ពីរៀនខាងផ្នែកកងរថក្រោះបានរយៈពេលមួយខែ​ រ៉េត និងអ្នកផ្សេងទៀតត្រូវបានបញ្ជូនតាមកប៉ាល់មកកាន់ព្រំដែនថៃ។ នៅពេលចេញពីព្រំដែនថៃ រ៉េត និងកងទ័ពជាច្រើនបានធ្វើដំណើរមកចូលរួមជាមួយកងពលទី២ ដែលដឹកនាំដោយ តា រ៉ែន។ រ៉េត រស់នៅក្នុងកងពលទី២បានរយៈពេល៤-៥ខែ ដោយសារតែមានបញ្ហាផ្ទៃក្នុងកងពលដោះស្រាយមិនបាន កងរបស់រ៉េត ត្រូវបានផ្លាស់ទៅកងពលទី៣នៅថ្មដាវិញ ដែលគ្រប់គ្រងដោយ តា​ សេង។

នៅឆ្នាំ១៩៨៥ តា សេង ប្រធានកងពលទី៣ បានចាត់តាំងឲ្យអង្គភាពនីមួយៗ ធ្វើការប្រមែប្រមូលសម្ភារដូចជា រថក្រោះ ឡានដឹកជញ្ជូនគ្រាប់ និងឡានអូសកាំភ្លើងយកទៅដាក់នៅស្រុកថៃ។ បន្ទាប់ពីប្រមូលសម្ភារដាក់ក្នុងទឹកដីថៃអស់ កងពលទី៣ បានផ្លាស់ចេញពីថ្មដា ចុះមកសមរភូមិខាងក្នុង ដើម្បីទៅវ៉ៃខាងផ្នែកកោះកុង ត្រពាំងរូង និងអណ្ដូងទឹក។ បន្ទាប់ពីវាយសមរភូមិរួចរាល់ហើយ ​រ៉េត បានបន្តរស់នៅជាមួយកងពលតូចដែលគ្រប់គ្រង់ដោយ​តា អ៊ឹម បានរយៈពេល៣ឆ្នាំ។​ នៅឆ្នាំ១៩៨៩ រ៉េត រៀបចំមានគ្រួសារ។

នៅឆ្នាំ១៩៩២ រ៉េត បានមកបើកឡានឲ្យ មាស មុត និង ​តា​ ម៉ុក ម្ដងទៀត។ នៅពេលរស់នៅជាមួយ មាស មុត និង តា ម៉ុក រ៉េត មានរបួសដោយធ្លាក់ពីលើដើមស្វាយកម្ពស់៤ម៉ែត្រ ខណៈពេលដែលឡើងតេអូបញ្ជាទៅតាមសមរភូមិ អុកប៉ះសរសៃប្រសាទ បណ្ដាលខូចចង្កេះ និងស្វិតជើងទាំងសងខាង រ៉េត ត្រូវបានបញ្ជូនឡើងទៅដេកពេទ្យថៃរយៈពេល១ខែបានអាចដើររួច។

នៅឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ប្រជាជនបាននាំសប្បាយព្រោះគិតថាសង្រ្គាមត្រូវបានបញ្ចប់ ពេលនោះប្រជាជនអាចប្រកបរបររកស៊ីធម្មតាបាន មិនយូរប៉ុន្មានក៏កើតមានសង្រ្គាមផ្ទៃក្នុងនៅតាមព្រំដែនអស់រយៈពេល១០ខែម្ដងទៀត។ បន្ទាប់ពីសមាហរណកម្ម រ៉េត​ និងគ្រួសារកងទ័ពជាច្រើនបាននាំគ្នាមករស់នៅភូមិឈើទាលជ្រុំ ដោយប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ រ៉េត រស់នៅភូមិឈើទាលជ្រុំបានកន្លះឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យធ្វើប្រធានកងពលអន្តរាគមន៍ដើម្បីត្រួតពិនិត្យមើលឈ្មោះទាហានរដ្ឋាភិបាល​បានរយៈពេល៣ឆ្នាំក៏ចូលនិវត្តន៍​ ហើយក៏បន្តធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។

ជាចុងក្រោយ រឿងរ៉ាវដែល រ៉េត ចងចាំមិនអាចបំភ្លេចបាន គឺប្រជាជន១៧មេសាជាច្រើនត្រូវបានយកសម្លាប់នៅក្នុងទីធ្លាវត្តស្រែក្នុង ស្ថិតភូមិធ្លុកយុលដែលជាកន្លែងដែល រ៉េត ធ្លាប់អង្គុយរៀនកាលពីមុនសង្រ្គាម។ រ៉េត ផ្ដាំផ្ញើទៅកាន់ក្មេងជំនាន់ក្រោយថា សង្រ្គាមបានធ្វើឲ្យមនុស្សបាត់ជីវិតច្រើនណាស់ ដូច្នេះយើងត្រូវតែខំរៀនសូត្រ ពីព្រោះប្រសិនបើយើងចេះដឹង សង្គ្រាមក៏លែងមានផងដែរ៕

មជ្ឈមណ្ឌលផ្សះផ្សាវាលវែង

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសជាមួយ ​ឈ្មោះ សែប រ៉េត ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១១ (PTI0០៧២)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin