សេក ឈឿន៖ អង្គការប្រុងហៅទៅហើយ ទៅលេងឪពុកម្ដាយម្ដងទៅ

ខ្ញុំឈ្មោះ សេក ឈឿន[1] អាយុ២៥ឆ្នាំ(ក្នុងឆ្នាំ១៩៧៨) ភេទប្រុស និងមានគ្រួសាររួចហើយ។ ខ្ញុំគឺជាយុវជនសហករណ៍ឃុំថ្មោងខាងត្បូង[2] ស្រុកកំចាយមារ តំបន់២០ ភូមិភាគបូព៌ា(២០៣)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិរកាកោះ ឃុំសំបាត់មានជ័យ ស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ១៩៧៣ ខ្ញុំចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា រហូតដល់ខែមិថុនា ឆ្នាំ១៩៧៨ អង្គការបានឱ្យខ្ញុំមកនៅភូមិឃុំវិញ។ ពេលនោះខ្ញុំបានទាក់ទងជាមួយមីងខ្ញុំឈ្មោះ ង៉ាន់ រស់នៅសហករណ៍ភូមិព្រៃខ្លូត ឃុំថ្មោងខាងត្បូង ស្រុកកំចាយមារ តំបន់២០។ ក្រោយមកឈ្មោះ អូន អនុប្រធានកងផលិត នៅភូមិព្រៃខ្លូត គាត់បានមកកត់ឈ្មោះ និងពិនិត្យសុខភាពខ្ញុំព្រមទាំងប្រាប់ខ្ញុំថាអង្គការសួរនេះគឺនឹងយកទៅសមរភូមិមុខហើយប្រសិនអ្នកណាមានសុខភាពខ្សោយអង្គការយកទុកម្ដុំ។ ក្រោយមកទៀត អូន បានប្រាប់ខ្ញុំថាគាត់មកពីប្រជុំសុំនារីយុវជនមួយចំនួនទៅធ្វើទ័ព​ មួយចំនួនទៅទន្លេបិទ[3]។ ខ្ញុំសួរគាត់ថា«យកទៅទន្លេបិទធ្វើអ្វី?» គាត់ប្រាប់ខ្ញុំថា«ឥឡូវនេះអង្គការកំពុងដើរចាប់មនុស្សយកទៅវាយចោល» ហើយ អូនក៏ត្រឡប់ទៅកន្លែងគាត់វិញ។ ចាប់តាំងពីពេលនោះមកខ្ញុំគិតច្រើនទៅជាឈឺរយៈពេលជាងមួយខែ។

ខែតុលា ឆ្នាំ១៩៧៨ ថ្ងៃមួយ អូន បានហៅខ្ញុំទៅផ្ទះគាត់បាននិយាយថា «អង្គការប្រុងហៅទៅហើយ ឈឿន ឯងទៅលេងឪពុកម្ដាយម្ដងទៅ»។ ខ្ញុំតបថា«ទៅឱ្យតែបងឱ្យទៅ»។ អូន ថាឱ្យខ្ញុំទៅលេងទៅមិនដឹងអង្គការហៅទៅថ្ងៃណាទេហើយគាត់ក៏ឱ្យសំបុត្រខ្ញុំមកលេងឪពុកម្ដាយខ្ញុំនៅភូមិប្រមាត់ប្រាំ ស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ ខ្ញុំទៅលេងឪពុកម្ដាយជិតមួយខែទើបត្រឡប់មកវិញ។ អូន ប្រាប់ថា៖ យើងគេចៗខ្លួនសិនទៅព្រោះមិនដឹងអង្គការមកចាប់ថ្ងៃណាទេ ចាប់តាំងពីពេលនោះមកខ្ញុំចេះតែគេចខ្លួនជាបន្តបន្ទាប់។

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៧៨ ពេលអង្គការហៅប្រជាជនទៅភូមិធ្វើមេទ្ទិញ ខ្ញុំដើរពាក់កណ្ដាលផ្លូវបានជួបជាមួយ អូន។ អូនប្រាប់ថា គេធ្វើមេទ្ទិញនេះចាប់មនុស្សផង។ ខ្ញុំឈប់ស្ទាក់ស្ទើរ ស្រាប់តែបងថ្លៃខ្ញុំឈ្មោះ អេន ស្រី មកទាន់ប្រាប់ខ្ញុំថា៖ នៅធ្វើអីទៀតគេរត់អស់ហើយហ្នឹង ពេលនោះខ្ញុំរត់ចូលព្រៃស្បាតខាងជើង បានជួបជាមួយឈ្មោះ គី យុទ្ធជននៅសហករណ៍ភូមិព្រៃខ្លូត ឃុំថ្មោងខាងត្បូង ស្រុកកំចាយមារ តំបន់២០,២)សឿន យុទ្ធជននៅសហករណ៍ភូមិព្រៃខ្លូត ឃុំថ្មោងខាងត្បូង ស្រុកកំចាយមារ តំបន់២០, ៣) នាន់ យុទ្ធជននៅសហករណ៍ភូមិព្រៃខ្លូត។ ពេលបានជួបគ្នាហើយនាំគ្នារត់មកនៅព្រៃល្បាតដំបូកតាយួន ខាងកើតភូមិចំការកោះ។ យើងបានជួបជាមួយ តាដុក ប្រជាជននៅសហករណ៍ភូមិព្រៃខ្លូត ហើយតាដុក បាននាំខ្ញុំមកភូមិចំការកោះទាក់ទងជាមួយឈ្មោះ សេង គឺជាប្រជាជននៅធ្វើត្នោតក្នុងសហករណ៍ភូមិព្រៃខ្លូត ដើម្បីសួរអំពីសភាពការណ៍នៅក្នុងភូមិ ពេលនោះតាដុក បានប្រាប់ខ្ញុំថាមិនមានអីទេខ្ញុំក៏សម្រាកនៅទីកន្លែងនោះតែម្ដង។ ព្រឹកឡើងតាដុង គាត់ទៅភូមិវិញខ្ញុំបានជួបជាមួយឈ្មោះ កន្ថូវ យុវជនសហករណ៍ព្រៃខ្លូតហើយដល់ពេលល្ងាចខ្ញុំនិង កន្ថូវ បាននាំគ្នាមករោងបាយស្រាប់តែឃើញ ឈ្មោះ ភី និង សឿន រត់មកវិញប្រាប់ខ្ញុំថា នៅធ្វើអីទៀតគេរត់អស់ហើយខ្ញុំក៏រត់មកជាមួយគេដល់ព្រៃកំប៉ូត។ ខ្ញុំដេកនៅព្រៃកំប៉ូតមួយយប់ ព្រឹកឡើង ណាវ និង ហ៊ន នាំខ្ញុំនិងប្រជាជនទៅនៅក្នុងព្រៃវាលក្មា ចម្ងាយពីភូមិបាក់ចុង ឬភូមិចាស់ប្រហែល៣គីឡូម៉ែត្រ។ រស់នៅក្នុងព្រៃនោះប្រហែល២ថ្ងៃ ណាវ បានរៀបគូដណ្ដឹងឱ្យខ្ញុំឈ្មោះ នារីវ៉ាត់ និងយុទ្ធជនយុវនារី៣គូទៀតយកគ្នាធ្វើជាគ្រួសារតែម្ដង។ ២ថ្ងៃក្រោយមក ហាវ,ហ៊ន,ខ្ញុំ និងគ្នា២នាក់ទៀតមិនស្គាល់ឈ្មោះបាននាំគ្នាមកយកអង្ករនៅភូមិព្រៃខ្លូត។ ពេលចូលទៅភូមិព្រៃខ្លូត បានជួបពូសរ ប្រជាជននៅសហករណ៍ភូមិព្រៃខ្លូត។ ហ៊ន បានសួរថា រោងបាយមានអ្នកណានៅ? ពូសរ ប្រាប់ថាមានឈ្មោះ ឡាង, ​កាំង និង អៀន ចូលទៅមិនអីទេ។ ពេលចូលទៅឈ្មោះ ឡាង បាននាំខ្ញុំទៅកើបអង្ករ ចំណែកឈ្មោះ កាំង និង អៀក គឺជាអ្នកចាំយាមជុំវិញមើលក្រែងមានមនុស្សចូលមក។ ខ្ញុំកើបអង្ករបានប្រហែលមួយបាវ ចែកគ្នាកាន់ចេញមកវិញ។ មុនពេលចេញ ហ៊ន បានប្រាប់ ឡាំង, កាំ និង អៀក ថា៖ ឱ្យបងអូក និង បងជន់ ប្រធានកងផលិតនៅសហករណ៍ភូមិព្រៃខ្លូត ជួយរកប្រហុក និងអំបិលទុកឱ្យមួយចំនួនផង។ ពេលត្រឡប់មកដល់ភូមិព្រៃក្ដី ឃុំសំបាត់មានជ័យ ស្រុករមាសហែក ណាវ បានប្រាប់ថា ចង់ចូលផ្ទះឈ្មោះ អាន់ ប្រធានមុខព្រួញធ្វើត្នោតនៅក្នុងសហករណ៍ភូមិព្រៃក្ដីមួយសន្ទុះ ក្រោយមកបាននាំខ្ញុំដើរបន្តដល់ព្រៃខាងលិចគោកចំបក់ប្រហែល៥០ម៉ែត្រ ណាវ បានចង្អុលប្រាប់កំប៉ូតមួយមានដើមត្រាចមួយដើមខ្ពស់និងព្រៃឫស្សីសុបត្រុបបានប្រាប់ថា៖ នេះគឺជាកន្លែងនីរសាសម្រាប់ទាក់ទងទៅកន្លែងយើងនៅឯព្រៃវាលក្មាង។ ល្ងាចឡើងឃើញ ណាវ បាននាំគ្នា៥នាក់ ក្នុងនោះមានយួន ម្នាក់ខ្ញុំអត់ស្គាល់ឈ្មោះនិងមានកាំភ្លើងស្វ័យបត់មួយដើមមកមើលប្រជាជននៅជិតព្រៃកូនជ្រូក។ យួននោះនិយាយប៉ាយឡាំមិនច្បាស់ថា៖ បងប្អូនមកនេះរស់ហើយ នៅតែពីរបីថ្ងៃទៀតយើងវាយរំដោះអស់ហើយ ខ្ញុំមកនេះប្រាប់បងប្អូនកុំឱ្យភ័យព្រោះខ្ញុំយកទ័ពមកនៅឯព្រៃក្របៅជួរតាមព្រំដែន គឺវាយពីស្រុកកំចាយមារមកទួលរវៀងកន្លែងមន្ទីរឃុំ ហើយវាយពីកន្លែងឃុំនោះវាយឯពានភ្លើង ក្រោយពីប្រាប់ខ្ញុំហើយ ណាវ ក៏បាននាំទៅវិញបាត់។ ដល់ពេលយប់ អូក, យ៉ាត់, ប៉ាក បានឱ្យខ្ញុំ សឿន, ណូយ, នាន់, ឆន និង ឡូ គឺជាប្រជាជនសហករណ៍ភូមិព្រៃខ្លូតឱ្យមកយកអង្ករភូមិព្រៃក្ដី ពេលខ្ញុំមកដល់ភូមិព្រៃគោកចំបក់ខាងកើតភូមិប្រហែ៥០០ម៉ែត្រ បានឃើញ អាន់ និង ស្រ៊ី យកអង្ករមករង់ចាំនៅក្នុងព្រៃនោះហើយ ណាវ បានឱ្យខ្ញុំកើបអង្ករ​និងត្រឡប់មកវិញ។ នៅកន្លែងនោះបានពីរថ្ងៃស្អែកឡើងពេលរសៀលអង្គការយកទ័ពទៅព័ទ្ធខ្ញុំរត់បែកគ្នាទាំងអស់ ឯខ្ញុំគ្រួសារខ្ញុំ និង ភី និងគ្រួសារគាត់ ត្រូវទ័ពចាប់ទាំង៤នាក់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៨៕

សរសេរដោយ៖ ដារ៉ារដ្ឋ មេត្តា អ្នកសរសេរទស្សនាវដ្ដីស្វែងរកការពិត


[1] ឯកសារលេខ D៥៩៦៥៥ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សេក ឈឿន៖ យុវជនសហករណ៍ព្រៃខ្លូតឃុំថ្មោងខាងត្បូង ស្រុកកំចាយមារ តំបន់២០ បូព៌ា ៖ លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា»។

[2] បច្ចុប្បន្ន ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

[3] ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin