សមាជិកកងចល័តនារី

(ស្វាយរៀង) ៖ សេក សាម៉េត មានអាយុ៦៨ឆ្នាំ ជាកសិករ រស់នៅ​ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ សាម៉េត មានបងប្អូនប្រាំមួយនាក់គាត់ជាកូនទីបីក្នុងគ្រួសារ​​។

នៅសម័យ លន់ នល់ សាម៉េត រស់នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ គាត់បានឃើញក្នុងភូមិមានសង្រ្គាម មានយន្តហោះទម្លាក់គ្រាប់ ទាហានចាប់រំលោភស្រ្តី និងប្លន់ទ្រព្យសម្បតិ្តប្រជាជន។

ក្នុងរបបខ្មែរក្រហម សាម៉េត បានមករស់នៅភូមិសាលារៀន។ ពេលនោះអង្គការ​បានប្រកាសឲ្យប្រជាជនទាំងអស់ត្រូវប្រមូលទ្រព្យសម្បត្តិឯកជន និងសត្វពាហនៈមកទុកក្នុងសហករណ៍សម្រាប់ប្រើប្រាស់រួម​គ្នា។

ក្នុងសហករណ៍ភូមិសាលារៀន សាម៉េត ធ្វើការនៅក្នុងក្រុមកងចល័តនារី ដែលមានសមាជិក១២នាក់ ត្រូវ  ជីក​ប្រឡាយ លើកភ្លឺស្រែ លើកទំនប់ និងធ្វើស្រែ។ គាត់ត្រូវទៅធ្វើការពីម៉ោងប្រាំពីរព្រឹក រហូតដល់ម៉ោងប្រាំល្ងាច​។ ក្នុងមួយថ្ងៃគាត់​ទទួលបានរបបអាហារពីរពេលដែល​អង្គការបានកំណត់ម្នាក់ពីរវែក និងសម្លត្រកួន ត្រគៀត និងដើមចេក។ របបអាហារនេះមិនគ្រប់គ្រាន់ទេ សាម៉េត ត្រូវលួចបេះបន្លែ និងស្លឹករុក្ខជាតិផ្សេងៗហូប​បន្ថែមពេលទៅធ្វើការ។

សាម៉េត៖ «ខ្ញុំឃើញស្រូវធ្វើបានផលច្រើន និងបានរក្សាទុកក្នុង​សហករណ៍។ ឡានធំៗ ដែលមានឃ្លុបបិទជិត​ៗ​​ចូលមកដឹកស្រូវស្ទើរតែអស់ពីឃ្លាំងជាហេតុនាំឲ្យប្រជាជនគ្មានរបប​ហូបគ្រប់គ្រាន់»។

សាម៉េត បានបន្តថា ទោះបីប្រជាជនហូបមិនឆ្អែតក៏​មិនអនុញ្ញាតឲ្យនិយាយការពិត ហើយប្រសិនបើអង្គការ​ដឹងប្រឈមមុខយកទៅសម្លាប់ចោល។

បន្ទាប់មក សាម៉េត ត្រូវបានអង្គការ​ផ្លាស់ឲ្យទៅធ្វើស្រែនៅសមរភូមិបន្លាស្អិតនៅជិតតំបន់ព្រំដែន​។ ពេលនោះវៀតណាមបានមកធ្វើស្រែនៅតំបន់នោះ ខ្មែរក្រហមឲ្យគាត់ និងប្រជាជនទៅធ្វើស្រែគឺក្នុងគោលបំណងដើម្បីការពារទឹកដី។ នៅពេលគាត់កំពុងធ្វើការ​វៀតណាមបានផ្លោងគ្រាប់បែកបណ្តាលឲ្យស្លាប់យុវជនបីនាក់ សាម៉េត និងយុវជនបួននាក់ផ្សេងទៀតបានរងរបួស។ អង្គការបានបញ្ជូនគាត់ និងអ្នករងរបួសទៅសម្រាកពេទ្យ។ ព្យាបាលបានប្រហែល២០ថ្ងៃ សាម៉េត បានសុំអង្គការទៅធ្វើស្រែវិញព្រោះអំឡុងពេលនៅសម្រាកពេទ្យគាត់ទទួលបានរបប​អាហារ​តិចជាងពេលទៅធ្វើការ។

បន្ទាប់មកនៅឆ្នាំ១៩៧៨ អង្គការបានជម្លៀស សាម៉េត ឲ្យទៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅទីនោះអង្គការបានចោទគាត់ និងប្រជាជនមកពីខេត្តស្វាយរៀងថា «ពួកបូព៌ា ក្បាលយួន និងខ្លួនខ្មែរ»។ គាត់ត្រូវច្រូតស្រូវ កាប់ដើមទន្ទ្រានខេត្ត និងអាចម៍គោយកមកលាយធ្វើជីទុកដាក់ស្រូវ។ សាម៉េត រស់នៅទីនេះរហូតដល់របបខ្មែរក្រហមបានដួលរលំ។

នៅស្រុកកៀនស្វាយ សាម៉េត បានឃើញអង្គការចងដៃមនុស្សទៅក្រោយនាំទៅសម្លាប់ដោយសារ​ប្រជាជនបានតវ៉ាប្រឆាំងការដឹកនាំរបស់ខ្មែរក្រហម។

ពេលតំបន់ សាម៉េត រស់នៅត្រូវបានរំដោះ គាត់បានត្រឡប់មករស់នៅខេត្តស្វាយរៀងរហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយ  ពេជ សាន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin