វេជ្ជបណ្ឌិតនៅពេទ្យរុស្សី

សៀង ហឺ[1] ភេទប្រុស អាយុ៣៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាតដំបង។ ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៣ ហឺ បានចូលរៀននៅបឋមសិក្សាកំពង់ព្រះ។ ហឺ ក៏បានផ្លាស់មករៀននៅអនុវិទ្យាល័យបាត់ដំបងរហូតដល់ឆ្នាំ១៩៥៩ ទើបផ្លាស់ទៅរៀននៅវិទ្យាល័យស៊ីសុវត្ថិក្នុងក្រុងភ្នំពេញ។ នៅឆ្នាំ១៩៦០ ហឺ បានទៅរៀនពេទ្យនៅ មហាវិទ្យាល័យ វេជ្ជសាស្រ្ត(ភ្នំពេញ)។ រហូតដល់ឆ្នាំ១៩៦១ ហឺ បានចូលនៅក្នុងសមាគមន៍ និស្សិតពេទ្យ ដោយមានឈ្មោះ ហែម បូរី ជាប្រធាន។ នៅក្នុងសមាគមន៍នេះ ហឺ បានចូល សេ.អ៊ី.អា តាមរយៈ ហែម បូរី ហើយអ្នកទទួលស្គាល់ជាជនជាតិបារាំងឈ្មោះ សៀ រ៉ូ ជានាយកមហាវិទ្យាល័យវេជ្ជសាស្រ្ត។ ចំណែកឯខ្សែទំនាក់ទំនងរបស់ ហឺ ពេលនោះមានឈ្មោះ ចំ រួម និងបា ផេង ស្គាល់គ្នាតាមរយៈ ហែម បូរី។
ការចូលខ្សែ សេ.អ៊ី.អា មានភារកិច្ចទីមួយគឺ ឃោសនាបំផុសនិស្សិតពេទ្យ និងប្រជាជនមិនឲ្យចូលរួមជាមួយខ្មែរក្រហម។ ទីពីរ កសាងកម្លាំង សេ.អ៊ី.អា ក្នុងចំណោមនិស្សិតពេទ្យ។ ទីបី តាមដានខ្មែរក្រហម ក្នុងចំណោមនិស្សិតពេទ្យ និងប្រជាជន។ រហូតដល់ឆ្នាំ១៩៦៣ ហឺ បាននាំ ចំ រួម ទៅទំនាក់ទំនងជាមួយ បា ផេង ជានិស្សិតវិស្វករ សាធារណការ ដើម្បីទាក់ទងធ្វើសកម្មភាពតាមដានខ្មែរក្រហម និងបន្តការកសាងកម្លាំង សេ.អ៊ី.អា។ ក្នុងសកម្មភាពរបស់ ហឺ, ឆែម និង ចំ រួម កសាងកម្លាំងបាននៅក្នុងចំណោមនិស្សិតពេទ្យដូចគ្នាបានចំនួន៦នាក់។ ចំណែកឯសកម្មភាពតាមដានខ្មែរក្រហម នៅតាមវិទ្យាល័យគរុកោសល្យ បានចំនួន៥នាក់ ដោយបានរាយការណ៍ទៅឲ្យ ហែម បូរី។
នៅឆ្នាំ១៩៧១ នៅពេល ហឺ ប្រឡងជាប់ជាវេជ្ជបណ្ឌិត ហឺ បានចេញទៅធ្វើការនៅពេទ្យសុធាវង់ ខាងផ្នែកជំងឺស្បែក។ នៅពេលនោះ ហឺ បានដាច់ការទាក់ទងជាមួយឈ្មោះ ឆែម និង ចំ រួម ដោយឈ្មោះនេះបានទៅស្រុកបារាំង ឯការទំនាក់ទំនងរបស់ហឺ គឺបន្តជាប់ជាមួយ ហែម បូរី។ សកម្មភាពរបស់ ហឺ នៅក្នុងពេទ្យសុធាវង់ គឺទាក់ទងកសាងកម្លាំង តាមផែនការរបស់ ហែម បូរី គឺកសាងកម្លាំងបន្ថែមបានចំនួន៤នាក់។ បន្ទាប់ពីកសាងកម្លាំងបានហើយ ក៏បន្តដាក់ផែនការឲ្យ ឃោសនាបំផុសប្រជាជនឲ្យប្រឆាំងបដិវត្តន៍តាមរយៈប្រជាជនដែលមកទទួលការពិនិត្យជំងឺ។ ក្នុងឆ្នាំ១៩៧៣ ហែម បូរី បាននាំ ហឺ ទៅទាក់ទងស្គាល់គ្នាជាមួយឈ្មោះ ហ៊ីង តុងហោ ជាវេជ្ជបណ្ឌិត នៅពេទ្យរុស្សី ព្រោះ ហែម បូរី បានចេញទៅស្រុកបារាំង។ ក្រោយមក ហឺ បានផ្លាស់ទៅនៅពេទ្យរុស្សី បានជួបខ្សែរបស់ខ្លួនឈ្មោះ កែវ សំបាត់ ដោយបានទទួលផែនការ ពីហ៊ីង តុងហោ អំពីសកម្មភាព កសាងកម្លាំងនៅក្នុងមន្ទីរពេទ្យរុស្សីបន្ត។ អំឡុងពេលនោះ ហឺ កសាងកម្លាំងបន្ថែមបានចំនួន៥នាក់។ ពេលអប់រំបានហើយ ហឺ បានដាក់ផែនការឲ្យអនុវត្តដូចមុនគឺ កសាងកម្លាំង សេ.អ៊ី.អា ដើម្បីតាមដានខ្មែរក្រហមក្នុងចំណោមប្រជាជន សិស្ស និងគ្រូ រហូតមកដល់ក្រោយរំដោះភ្នំពេញ។
នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ហឺ បានដាច់ខ្សែសេ.អ៊ី.អា ទាំងអស់ដោយសារមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ ហឺ ត្រូវបានជម្លៀសចេញមកនៅក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាល វិញ។ កំឡុងពេលនោះ ហឺ មិនបានធ្វើទំនាក់ទំនងជាមួយខ្សែខ្លួនទៀតនោះទេ ព្រោះបានបែកខ្ញែកគ្នាអស់ហើយ។ រហូតដល់ខែកញ្ញា ឆ្នាំ១៩៧៥ អង្គការបានជម្លៀស ហឺ ឲ្យទៅនៅភូមិពង្រ ឃុំប៉ោយចារ្យ ស្រុកភ្នំស្រុក តំបន់៥។ ហឺ រស់នៅក្នុងភូមិពង្រ រហូតដល់ខែធ្នូ ឆ្នាំ១៩៧៥ ទើបអង្គការបញ្ជូនឲ្យទៅរៀនវគ្គនយោបាយនៅស្រុកភ្នំស្រុក។ ក្នុងការរៀននេះ អង្គការបានប្រមូលខាង រដ្ឋការ និងបញ្ញាវន្ត ទៅរៀនចំនួន៣ថ្ងៃ ក៏បញ្ជូនអ្នកទាំងអស់នោះមកដាក់កន្លែងឃុំឃាំង។ អំឡុងពេលនោះ ហឺ ក៏បានជួបជាមួយខ្សែរបស់ខ្លួនឈ្មោះ កែវ សំបាត់ ក៏បាននាំគ្នាទំនាក់ទំនងរកខ្សែចំនួន៨នាក់ផ្សេងទៀត។ ហឺ ក៏បានដាក់ផែនការឲ្យអ្នកទាំងនោះអនុវត្ត កសាងកម្លាំង ដើម្បីបន្តធ្វើសកម្មភាពពេលអង្គការដោះលែង។
នៅខែមេសា ឆ្នាំ១៩៧៦ អង្គការបានយកអ្នកដែលបានទៅរៀនចំនួន៣ថ្ងៃឲ្យទៅនៅក្នុងឃុំតាម៉ឺន ស្រុកសង្កែ តំបន់៣។ កាលណោះ អង្គការចាត់ចែកឲ្យនៅតាមភូមិ តាមកងផ្សេងៗពីគ្នា។ ចំពោះ ហឺ នៅកងតូចលេខ១២ ផ្នែកដាំបន្លែ។ អំឡុងពេលនោះ ហឺ នៅតែបន្តការទំនាក់ទំនងរកខ្សែ និងកសាងកម្លាំងបន្ថែម។ នៅចន្លោះខែមិថុនា និងខែកក្កដា ឆ្នាំ១៩៧៦ ហឺ មានទំនាក់ទំនងជាមួយឈ្មោះ លី អតីតគ្រូបង្រៀននៅក្នុងភូមិប៉ោយសំរោង។ ក្នុងការទំនាក់ទំនងដំបូង ឈ្មោះ លី បានមករក ហឺ សួររឿងថ្នាំ និងជំងឺ។ រហូតដល់ទុកចិត្តគ្នា លី ក៏បានប្រាប់អំពីកងទ័ពនៅក្នុងព្រៃរនាមក្រោម ដែលមានពាក់សញ្ញាពស់វែក ដោយមាន ឡឹក សំអឿន សក្តិ៥ ជាអ្នកដឹកនាំកម្លាំងចំនួន៥០០នាក់ នៅមួយជួរទន្លេសាបតំបន់៣។
នៅខែមករា ឆ្នាំ១៩៧៧ លី បានហៅ ហឺ ទៅប្រជុំទទួលផែនការពីឈ្មោះ ម៉ាក់ ប្រធានសហករណ៍ភូមិប៉ោយសំរោង ឃុំតាម៉ឺន។ កាលណោះ ប្រជុំនៅក្នុងវិហារវត្តប៉ោយសំរោង អ្នកដែលចូលរួមមានគ្នាចំនួន៥នាក់។ ខ្លឹមសារប្រជុំគឺការចែកភារកិច្ចឲ្យគ្នាដោយមានអ្នកខ្លះនៅខាង ផ្នែកកសាងកម្លាំងប្រជាជន និងបំផ្លាញសម្ភារកសិកម្ម, ការលួចស្បៀងមានឈ្មោះ(លី, ភឿ, គឿត និង ហឺ) ឃោសនាបំផុសប្រជាជនពីរបបចាស់ និងលួចស្បៀង ដោយមានឈ្មោះ គឿត ជាអ្នកទទួលខុសត្រូវ។ ផ្នែកយកស្បៀងទៅក្នុងព្រៃមានឈ្មោះ (ភ្លែក, ទៀង និង គៀល)។ ពេលចេញពីប្រជុំវិញ ហឺ និង សាន បានយកផ្លែត្រឡាចចំនួន៦០ផ្លែ និងល្ពៅចំនួន៥០ផ្លែទៅឲ្យ គៀល ដោយយកកុហកថាយកទៅឲ្យខាងសេដ្ឋកិច្ច ដើម្បីលាក់ការមិនឲ្យប្រជាជនដឹងថាបញ្ចេញទៅឲ្យក្រុមចោរនៅក្នុងព្រៃ។ ក្រោយមកទៀត ហឺ រួមទាំង សាន, ប៉ូញ និង សឿង បានលួចយកអង្ករក្នុងកងតូចលេខ១២ចំនួន២បាវ និងអំបិលចំនួន៣០គីឡូ ទៅឲ្យឈ្មោះ ភឿ ដើម្បីបញ្ចេញឲ្យក្រុមចោរព្រៃទៀត។ បន្ទាប់ពីធ្វើសកម្មភាពហើយត្រឡប់មកវិញត្រូវបានអង្គការចាប់ខ្លួននៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៧៧។
ផែនការទៅថ្ងៃអនាគត ទីមួយ កសាងកម្លាំង សេ.អ៊ី.អា នៅក្នុងចំណោមប្រជាជនថ្មី។ ទីពីរ បំផ្លាញសេដ្ឋកិច្ច ដោយលួចទម្លាយអាងទឹក។ ទីបី ទំនាក់ទំនងចោរព្រៃ មានឈ្មោះ ឡឹក សំអឿន ជាអ្នកដឹកនាំ គៀរប្រជាជនយកទៅព្រៃរនាម។ ទីបួន លួចស្រូវ អង្ករ ឲ្យបានច្រើន ដើម្បីត្រៀមផែនការវាយបដិវត្តក្នុងឆ្នាំ១៩៧៧ នេះ។ សរុបឈ្មោះអ្នកដែលបានពាក់ព័ន្ធក្នុងប្រវត្តិរូបនេះមានចំនួន៣៤នាក់៕
អត្ថបទដោយ មេក វិន
[1] ឯកសារ J០០៣០៣ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងក៏បានរក្សាទុកនៅក្នុងការិយាល័យរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដែរ។ ចម្លើយសារភាពមិនត្រូវបានចាត់ទុកថាត្រឹមត្រូវទាំងស្រុងទេ ដោយសារតែជាចម្លើយដែលកើតចេញពីអំពើទារុណកម្ម។