កសិករចិញ្ចឹមមាន់ នៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាគ្រប់វ័យ ត្រូវតែធ្វើការងារគ្រប់ៗគ្នា។ កងកុមារក្មេងៗ អង្គការប្រើឲ្យនៅចាំដេញចាបកុំឲ្យចាបស៊ីស្រូវ ក្រៅពីនេះត្រូវ រើសអាចម៍គោ កាប់ទន្រ្ទានខែត្រ ធ្វើជី និងឃ្វាលគោ ក្របីជាដើម។

ចំណែកកងយុវជន យុវនារី ត្រូវលើកទំនប់ ជីកប្រឡាយ និងធាក់រហាត់ទឹក រីឯចាស់ៗដែលមានអាយុចាប់ពី ៣០-៤០ឆ្នាំ ត្រូវធ្វើស្រែ ភ្ជួររាស់ ដកស្ទូង ជាដើម។ ចំណែកឯកងចាស់ៗដែលមិនអាចធ្វើការងារធ្ងន់បាន គឺអង្គការឲ្យនៅមើលថែកុមារតូចៗ ហើយមានកុមារខ្លះទើបតែសម្រាល ដើម្បីឲ្យម្ដាយក្មេងទៅធ្វើការនៅសហករណ៍។

សេង ហ៊ម ភេទប្រុស មានអាយុ ៥៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិទួលថ្មី ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានកូន ប្រាំមួយនាក់ នៅក្នុងបន្ទុក។ នៅក្នុងរបបខ្មែរក្រហម គាត់ ព្រមទាំងមិត្តម្នាក់ទៀត ត្រូវបានអង្គការប្រើឲ្យចិញ្ចឹម និងមើលថែ សត្វមាន់នៅក្នុងកសិដ្ឋាន។ ថ្វីត្បិតតែគាត់ជាអ្នកចិញ្ចឹមមាន់ពិតមែន ប៉ុន្តែរូបគាត់មិនដែលបានបរិភោគសាច់មាន់ ដែលគាត់ខំចំណាយពេលជាយូរក្នុងការចិញ្ចឹម។

ហ៊ម មិនបានទទួលទានអាហារសម្រាប់បរិភោគបានគ្រប់គ្រាន់ឡើយ ព្រោះមិនមានអង្ករ និងម្ហូប សម្រាប់ចម្អិនគ្រប់គ្រាន់។ ថ្ងៃខ្លះគាត់មិនបានបាយហូបក៏មានដែរ ដោយសារតែសហករណ៍រោងបាយមិនដាំបាយទុកសម្រាប់ត្រៀម និងនៅពេលដែលអង្គការវាយជួងហៅប្រជាជនឲ្យទៅហូបអាហារ គាត់មិនបានទៅភ្លាមៗនោះទេ គាត់រវល់ដាក់ចំណីឲ្យមាន់ និងរវល់កិច្ចការផ្សេងៗ ហើយគាត់បានទៅយឺតម៉ោងកំណត់។

ព្រោះតែមានការខ្វះខាតអាហារបរិភោគច្រើន ទើបមានប្រជាជនជាច្រើនបានទៅរើសកស្រូវ ដែលកងអ៊ំៗបានច្រូតបាក់ធ្លាក់នៅលើដី យកទៅបុកហើយដុត ឬធ្វើតាមវិធីផ្សេងៗដើម្បីចម្អែតក្រពះ។ នៅក្នុងរបបនោះគឺមានការខ្វះខាតជាច្រើន មិនត្រឹមតែរបបអាហារប៉ុណ្ណោះទេ សូម្បីតែសម្លៀកបំពាក់ក៏មានការខ្វះខាតដែរ។ នៅក្នុងមួយឆ្នាំអង្គការបានផ្ដល់ឲ្យប្រជាជនតែមួយសម្រាប់ប៉ុណ្ណោះ។

ពេលដែលអង្គការបានចែកឲ្យរួចរាល់ ពេលស្លៀកពាក់ត្រូវតែថែរក្សា ប្រសិនជាដាច់រហែកត្រូវប៉ះដោយខ្លួនឯង ព្រោះអង្គការមិនចែកបន្ថែមឲ្យឡើយ ទាល់តែដល់រយៈពេលកំណត់មួយឆ្នាំទើបអង្គការចែកឲ្យម្ដងទៀត។ ដោយសារតែស្រុកទេសមានសង្រ្គាម ប្រជាជនកម្ពុជាជាច្រើន ព្រមទាំង ហ៊ម បានរត់ភៀសខ្លួន ទៅកាន់តំបន់អូរជ្រៅ ដើម្បីគេចពីគ្រាប់កាំភ្លើង និងគ្រាប់បែក។

ស្ថិតនៅក្នុងរបបនោះ ប្រទេសកម្ពុជាទទួលរងនូវការទម្លាក់គ្រាប់បែក និងការបាញ់បោះ ពីសំណាក់កងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម ដែលបានវាយចូលរំដោះប្រទេសកម្ពុជា ចេញពីការគ្រប់គ្រងដ៏ឃោរឃៅរបស់ខ្មែរក្រហម។ ថ្វីត្បិតតែនៅក្នុងរបបខ្មែរក្រហម ហ៊ម មិនបានធ្វើការងារធ្ងន់ៗក៏ដោយ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះ កម្លាំងរបស់គាត់មានការទ្រុឌទ្រោម និងឆាប់ហត់ជាខ្លាំង៕

សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin