ប្អូនប្រុសដែលត្រូវបានខ្មែរក្រហមចាប់ទៅមន្ទីរស-២១
សៀង ហ៊ុន[1] កើតនៅក្នុងឆ្នាំ ១៩៣៥ នៅក្នុងភូមិព្រែន ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហ៊ុន មានប្តីឈ្មោះ ប៊ូ ហ៊ន ប៉ុន្តែត្រូវបានស្លាប់នៅក្នុងឆ្នាំ១៩៨៣ ដោយសារជំងឺបូសថ្លើម។ សៀង ហ៊ុន មានឪពុកឈ្មោះ កែវ សៀង និងម្តាយមានឈ្មោះ អ៊ុច ទូច និងមានបងប្អូនប្រុសស្រី សរុបចំនួន ៨នាក់ តែត្រូវបានស្លាប់នៅក្នុងសម័យខ្មែរក្រហមអស់ចំនួន ៤នាក់ ម្នាក់ ឈ្មោះ សៀង ហៀង (កែវ ហៀង) ជាអតីតទាហានលន់ នល់ ត្រូវបានខ្មែរក្រហមបាញ់សម្លាប់ បងប្អូនស្រីម្នាក់ទៀតជាអ្នកតស៊ូឈ្មោះ សៀង ហៃ ត្រូវបានគេបាញ់សម្លាប់ដូចគ្នា ហើយមានបងប្អូនស្រីរបស់ សៀង ហ៊ុន ម្នាក់ទៀតមិនបានបង្ហាញត្រូវមានជំងឺឈឺស្លាប់នៅក្នុងសម័យដូចគ្នា និងប្អូនប្រុសម្នាក់ទៀតឈ្មោះ ហូរ (កែវ ហូរ) ត្រូវបានខ្មែរក្រហមចាប់យើងទៅឃុំខ្លួននៅមន្ទីរ ស-២១ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៧៧[2]។
នៅអំឡុងពេលដែលមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ១៩៧២-១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់តំបន់មួយនៅតាមទីជនបទប្រទេសកម្ពុជា[3]។ ការចូលកាន់កាប់របស់កងទ័ពខ្មែរក្រហម ក្រៅពីប្រយុទ្ធជាមួយកងទ័ពសាធារណរដ្ឋខ្មែររបស់លន់ នល់ ខ្មែរក្រហមក៏បានចូលទៅកាន់ភូមិសាស្រ្តអ្នកស្រុក ដើម្បីបញ្ជូលមនោគមន៍របស់ខ្លួន ដើម្បីឲ្យប្រជាជនជឿទុកចិត្តលើការដឹកនាំរបស់ខ្លួនកាន់តែខ្លាំងថែមទៀត មួយទៀត នៅក្នុងឆ្នាំ១៩៧២ ខ្មែរក្រហមបានត្រួតត្រា និងកាន់កាប់លើចលនាតស៊ូនេះស្ទើរតែទាំងស្រុងទៅហើយ ហើយក៏មានការគាំទ្រពីសំណាក់ប្រជាជនច្រើនផងដែរ ដោយខ្មែរក្រហមបានយកព្រះនាមព្រះបាទសីហនុ មកប្រើប្រាស់ ទើបមានប្រជាជនជាច្រើនបានរត់ចូលព្រៃទៅចូលរួមបដិវត្តន៍ជាមួយខ្មែរក្រហម[4] ហើយប្អូនប្រុសរបស់ សៀង ហ៊ុន ឈ្មោះ កែវ ហូ ក៏បានចូលរួមចលនាមួយនេះផងដែរ។
កែវ ហូ មានប្រពន្ធទី១ គៀម លី ដោយមានកូនប្រុសស្រីចំនួន២នាក់ កូនស្រីត្រូវបានស្លាប់ដោយសារជំងឺ និងកូនប្រុសម្នាក់ទៀតរបស់ កែវ ហូរ បានទៅតាមឪពុករបស់គេ នៅពេលឪពុកមានប្រពន្ធម្នាក់ទៀតមានឈ្មោះ លាវ ប៉ាក់[5] នៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កែវ ហូបានសម្រេចចិត្តចេញតស៊ូធ្វើជាទាហានកងទ័ពរំដោះ នៅក្នុងសម័យសង្រ្គាមឆ្នាំ១៩៧០-១៩៧៥ ជាមួយកងទ័ពសាធារណរដ្ឋខ្មែរ ដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ ទើបធ្វើឲ្យប្រជាជនកម្ពុជា ក៏ដូចជា កែវ ហូ ផ្ទាល់ក៏បានចូលរួមជា កងទ័ពមួយរូបផងដែរ ដោយធ្វើជាយោធានៅក្នុងវរសេនាធំលេខ៣១០ ។ នៅក្នុងឆ្នាំ១៩៧៧ និងក្នុងឆ្នាំ១៩៧៨ ពេលដែលមានការប៉ះទង្គិចជាមួយគ្នាវៀតណាមខ្មែរក្រហមបានចាប់ផ្តើមធ្វើបន្សុទ្ធកម្មយ៉ាងខ្លាំងមួយ ជាពិសេសប្រជាជន និងកម្មាភិបាលតំបន់ភូមិភាគបូព៌ា។[6] ខ្មែរក្រហមតែងតែស្រាវជ្រាវ និងសង្ស័យថាខ្មាំងរបស់ខ្លួននៅគ្រប់កន្លែងនៅក្នុងប្រទេសជាពិសេសក្រោយពេលដែលវៀតណាមចូលវាយចូលភូមិភាគបូព៌ាទៀតនោះ ខ្មែរក្រហមបានចោទ ប្រជាជន និងកម្មាភិបាលរបស់ខ្លួននៅភូមិភាគបូព៌ានេះថាជាក្រុមដែលចូលដៃចូលជើងជាមួយវៀតណាម ហើយក៏លេចចេញនូវពាក្យមួយដែលជាពាក្យចោទប្រកាន់របស់ខ្មែរក្រហមនោះ «ខ្លួនខ្មែរ ក្បាលយួន» ដែលជាឃ្លាដែរប្រជាជនខ្មែរក្រហមភាគច្រើនបានលឺ នៅពេលខ្មែរក្រហមបានចាប់នរណាម្នាក់យកទៅសម្លាប់ជាពិសេសប្រជាជន និងកម្មាភិបាលខ្មែរក្រហមនៅភូមិភាពបូព៌ា។
សៀង ហ៊ុន បានបញ្ជាក់ពីការបាត់ខ្លួនរបស់ប្អូនប្រុសឈ្មោះ ហូរ ជាកងទ័ពនៅវរសេនាធំលេខ៣១០ ដោយនៅក្នុងអំឡុងឆ្នាំ១៩៧៧ ហ៊ុន បានឮនីរសារម្នាក់ឈ្មោះ ឈៀង ដែលជានីរសារធ្វើការនៅជិតប្អូនបាននិយាយថាប្អូនឈ្មោះកែវ ហូរត្រូវបានចាប់ខ្លួន ហើយប្រហែលជាត្រូវបានសម្លាប់បាត់ហើយក៏មិនដឹង ដោយខ្មែរក្រហមបានចោទប្រកាន់ថា កែវ ហូរ ជាមនុស្សក្បាលពីរ ឬមួយទៀតអាចថា កែវ ហូរ ជាមនុស្សខ្លួនខ្មែរ ក្បាលយួន ទើបចាប់យកទៅសម្លាប់។ នៅក្នុងប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង កែវ ហូរ ត្រូវបានខ្មែរក្រហមចាប់នៅក្នុងឆ្នាំ១៩៧៧ ដែលទីតាំងចាប់ខ្លួននោះនៅ កងពលលេខ៣១០ ផ្ទាល់ទៅដាក់នៅមន្ទីរ ស-២១ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៧៧៕
អត្ថបទដោយ៖ លី ដេវីត
[1] ឯកសារ KCDC-Cam6258 KTI0108 បទសម្ភាសន៍ សៀង ហ៊ុន សម្ភាសន៍ដោយវ៉ាន់ ថាន់ពៅដារ៉ា ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០២, ចម្លងចេញពីកាសែតដោយ អែម សុខឃីម, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] I09831 ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងឈ្មោះ កែវ ហូរ, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[3] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ១០
[4] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ២៨
[5] I09831 ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំងឈ្មោះ កែវ ហូរ, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[6] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ៤៨