សើង សាវ៉ាង៖ «ខ្មែរក្រហមសម្លាប់បងខ្ញុំ»

ខ្ញុំឈ្មោះ សើង សាវ៉ាង អាយុ៧០ឆ្នាំ ភេទប្រុស។[1] ឪពុកខ្ញុំមានឈ្មោះ សើង ឡាង និងម្ដាយឈ្មោះ យិម ភៀង។ ខ្ញុំមានបងប្អូនសរុបចំនួន៦នាក់ (ប្រុស៣) ហើយខ្ញុំគឺជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទាវ ផាយ និងមានកូនប្រុសស្រីចំនួន៣នាក់ (ប្រុស១/ស្រី២)។ ខ្ញុំមានស្រុកកំណើតនៅខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ខ្ញុំបានផ្លាស់ទីលំនៅមករស់នៅទីនេះ ចាប់តាំងពីឆ្នាំ១៩៦៣ គឺនៅពេលនោះ ខ្ញុំទើបតែមានអាយុ១១ឆ្នាំតែប៉ុណ្ណោះ។ នៅពេលនោះ អូរស្វាយ គឺជាតំបន់ហ៊ុមព័ទ្ធទៅដោយព្រៃនៅឡើយ ហើយមានប្រជាជនមួយចំនួនបានតាំងទីលំនៅ។ បញ្ហាប្រឈមក្នុងជីវភាពរស់នៅខ្លាំងជាងគេនោះគឺជំងឺគ្រុនចាញ់ ដែលបានធ្វើឲ្យប្រជាជនរស់នៅតំបន់ស្លាប់បាត់បង់ជីវិតជាច្រើន។ នៅឆ្នាំ១៩៦៤ តំបន់អូរស្វាយចាប់ផ្តើមមានអភិវឌ្ឍន៍។ ម៉ៅ សង្ឃេម បានចល័តកងទ័ពប្រមាណ៥០០ នាក់ ដើម្បីមកឈរជើង និងសាងសង់បន្ទាយកងទ័ព ដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងបរិវេណវត្តអូរស្វាយ។ គោលបំណងនៃការនាំយកកងទ័ពមកឈរជើងនេះ គឺដើម្បីការពារបូរណភាពទឹកដី ដែលជាប់ជាមួយព្រំដែនប្រទេសជិតខាង និងធ្វើការអភិវឌ្ឍនៅតំបន់នេះ។ កងទ័ព និងប្រជាជន បានពួតដៃគ្នាកសាងសមិទ្ធផលជាច្រើន មានដូចជា ផ្សារ, សួនច្បារ, មន្ទីរពេទ្យ, សាលារៀន, ទីចាត់ការ និងវត្តអារាម។ នៅឆ្នាំ១៩៦៤-១៩៦៥ លោកម៉ៅ សង្ឃេម ក៏បានបង្កើតវង់តន្រ្តីមួយសម្រាប់ការកំសាន្ត ដែលមានឈ្មោះថា «វង់តន្រ្តីយោធាភារម្យ» ដែលមានកងសិល្បៈរបស់កងទ័ព ធ្វើការសម្ដែង និងលេងភ្លេង។ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គរាជានុញ្ញាតឲ្យប្រជាជនរបស់ព្រះអង្គ ដែលមានបំណងចង់មករស់នៅតំបន់អូរស្វាយនេះ ដោយមិនប្រកាន់និន្នាការ និងវណ្ណៈឡើយ។ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានរៀបចំការរស់នៅរបស់ប្រជាជនទើបមកតាំងទីលំនៅនៅអូរស្វាយ ដូចជា ដីស្រែចំនួន៥ហិចតា និងដីសម្រាប់សង់ផ្ទះ៤០ម៉ែត្រការ៉េ។ ខ្ញុំក៏បានទទួលអំណោយនេះផងដែរ និងបានទទួលប្រាក់ខែប្រមាណ៧៥០រៀល ក្នុងមួយខែ នៅគ្រានោះ។ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គយាងចុះផ្ទាល់មកកាន់អូរស្វាយ នៅឆ្នាំ១៩៦៨ និងបានចែកក្រណាត់ស ដែលមានប៉ាក់ «សង្គមរាស្រ្តនិយម» ជូនដល់ប្រជានុរាស្រ្តដែលជាកូនចៅរបស់ព្រះអង្គ។ បន្ទាប់មក សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបន្តយាងចុះសួរសុខទុក្ខប្រជាជនរស់នៅអូរស្វាយ និងទតផ្ទះនិគមន៍ជនអូរស្វាយ។ នៅពេលដែលរបបលន់ នល់ ចូលមកដល់, តំបន់អូរស្វាយត្រូវទទួលរងគ្រោះពីការទម្លាក់គ្រាប់បែក។ ប្រជាជនត្រូវរត់គេចខ្លួន ហើយខ្លះត្រូវជីករណ្ដៅជាទ្រង់ទ្រាយអក្សរ«អេ»ជាទីកន្លែងសុវត្ថិភាពការពារជីវិត។ សមិទ្ធផល និងសំណង់ ដែលត្រូវបានកសាងឡើងក្នុងសម័យសង្គមរាស្រ្តនិយម ត្រូវទទួលរងខូចខាតយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែល២០ឆ្នាំ ហើយត្រូវបានជម្លៀសទៅធ្វើការជាកងចល័តនៅតំបន់«អូរននោង»។ ខ្ញុំត្រូវធ្វើការងារយ៉ាងតឹងតែង ដែលមានដូចជាការកាប់គាស់ទាញដើមឈើធំៗ។ របបអាហារដែលខ្ញុំទទួលបានមានតែ បាយ បន្លែ បាយលាយដំឡូង ឬចេក ដើម្បីធ្វើឲ្យអាហារមានច្រើនតែអាហារទាំងនោះមិនអាចធ្វើឲ្យខ្ញុំមានកម្លាំង ស្មើ នឹងការកាប់អូសទាញឈើធំៗបានឡើយ។ នៅពេលដែលខ្ញុំ ឃ្លានខ្លាំងពេក, ខ្ញុំលួចជីកមើមពោន​, មើមរកា និងមើមក្ដួច ដើម្បីយកមកបរិភោគ។ ខ្ញុំត្រូវលាក់ការលួចដកមើមទាំងនេះឲ្យជិត គឺធ្វើយ៉ាងណាមិនឲ្យអង្គការដឹងនោះទេ។ ខ្ញុំបានបាត់បង់បងប្រុសម្នាក់ ឈ្មោះ សើង ធីខេន ដែលខ្មែរក្រហមបានហៅឲ្យទៅជួសជុលទូក ប៉ុន្តែធាតុពិត គឺជាកលល្បិចដែលបញ្ឆោត បងប្រុសរបស់ខ្ញុំយកទៅសម្លាប់ចោលទៅវិញ។ នៅក្នុងរបបខ្មែរក្រហម ការរៀបការរបស់ប្រជាជន គឺមិនមែនជាការសម្រេចចិត្តរបស់គូនីមួយៗនោះទេ ពីព្រោះអង្គការគឺជាអ្នករៀបចំការរៀបការជាផ្លូវការ។ ក្នុងពិធីរៀបការនីមួយៗ មានគូស្វាមីភរិយាជាច្រើនគូ ត្រូវបានរៀបចំឲ្យរៀបការជាមួយគ្នា។ គូដែលត្រូវរៀបការ ត្រូវអង្គុយទល់មុខគ្នា ក្នុងសភាពអំណត់ និងគ្មានសេរីភាព នោះទេ។ មុនពេលពិធីរៀបការបញ្ចប់, ប្តីប្រពន្ធទាំងអស់ត្រូវនិយាយប្ដេជ្ញាថា៖ «ត្រូវតែស្មោះត្រង់ជាមួយបក្ស, បំរើបក្ស បង្ករបង្កើនផលឲ្យបាន៣តោនក្នុងមួយហិចតា! ជ័យយោ បក្ស!» បន្ទាប់ពីនិយាយប្ដេជ្ញារួចរាល់មក, អង្គការបានផ្តល់អាហារពិសេសមួយពេល សម្រាប់គូរៀបការទាំងអស់ និងអ្នកចូលរួមកម្មវិធី ដូចជា បបរ ឬបាយ ដែលជាអាហារដែលមានតម្លៃខ្លាំងសម្រាប់ពេលនោះ។ ខ្ញុំមានបញ្ហាសុខភាព៖ ការឈឺសន្លាក់ក្បាលជង្គង់ និងឈឺចង្កេះ។ ខ្ញុំធ្លាប់បានទៅពិនិត្យសុខភាពម្ដងដែរ នៅពេលដែលមានគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យសុខភាព។ បន្ទាប់ពីពេលនោះមក ខ្ញុំមិនដែលទៅពិនិត្យអ្វីបន្ថែមទៀតនោះឡើយ។

សរសេរដោយ ស្រេង លីដា


ឯកសារយោង

[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»​ ជាមួយ សើង សាវ៉ាង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin