ហៅទៅភ្ជួរស្រែ ប៉ុន្តែត្រូវយកទៅសម្លាប់

សេង ស៊ីចន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តត្បូងឃ្មុំ (២០២៤)/ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ត្បូងឃ្មុំ)៖ សេង ស៊ីចន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើត។ បច្ចុប្បន្ន ស៊ីចន រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងរបបខ្មែរក្រហម ស៊ីចន ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅជាមួយនឹងជនជាតិដើមភាគតិចកួយ នៅខេត្តកំពង់ធំ។ ដំបូងឡើយ ស៊ីចន ជួបផលលំបាកក្នុងការទំនាក់ទំនងជាមួយនឹងប្រជាជនរស់នៅតំបន់នោះណាស់ ព្រោះអ្នកភូមិភាគច្រើន គឺជាជនជាតិដើមភាគតិច ហើយទាំងភាសា និងការរស់នៅ មានភាពខុសគ្នា។ ប៉ុន្តែយូរៗទៅ គាត់ក៏ស៊ាំនឹងបរិបទនោះ។ នៅអំឡុងពេលនោះ គាត់ទើបតែសម្រាលកូនហើយថ្មីៗ។ អង្គការ បានចាត់តាំងឲ្យគាត់ធ្វើការងារនៅក្នុងកងបុកអង្ករ។ រហូតដល់កូនរបស់គាត់ធំបន្តិច ទើបអង្គការប្ដូរឲ្យគាត់ទៅធ្វើការងារនៅក្នុងកងចល័តវិញ។

ប្រជាជនដែលធ្លាប់រស់នៅឆ្លងកាត់របបខ្មែរក្រហម ពីមួយថ្ងៃទៅមួយថ្ងៃ មិនមាននរណាម្នាក់អាចហូបអាហារបានឆ្អែតនោះទេ។ ​ប្រជាជនត្រូវទទួលរងភាពអត់ឃ្លាន មិនត្រឹមតែប៉ុណ្ណោះ ត្រូវទទួលរងការធ្វើការងារធ្ងន់ៗ ដោយទទួលបានពេលវេលាសម្រាកតិច។ ការហូបអាហារមិនគ្រប់គ្រាន់ និងគ្មានពេលសម្រាក បណ្ដាលឲ្យប្រជាជនជាច្រើនបានធ្លាក់ខ្លួនឈឺ គ្មានកម្លាំងកំហែង។ ស៊ីចន បានលើកឡើងនៅក្នុងបទសម្ភាសថា ថ្វីត្បិតតែប្រជាជនមួយចំនួនមានជំងឺក៏ពិតមែន គ្មាននរណាហ៊ានសុំច្បាប់សម្រាកឡើយ ព្រោះអ្នកទាំងនោះខ្លាចមិនមានបាយហូប។ អង្គការ មិនផ្ដល់អាហារឲ្យនរណាដែលឈប់សម្រាកមិនទៅធ្វើការងារច្រើនថ្ងៃទេ។ ក្នុង​ករណីប្រជាជនចង់បានអាហារហូប គឺគាត់ត្រូវតែទៅធ្វើការងារ។

នៅក្នុងរបបខ្មែរក្រហម គ្មានប្រជាជនណាម្នាក់មានទ្រព្យកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ព្រោះទ្រព្យសម្បត្តិដែលមានទាំងអស់ត្រូវអង្គការប្រមូលទៅដាក់ចូលក្នុងសមូហភាព។ មាសប្រាក់ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ សូម្បីតែដំណាំ បន្លែបង្ការ ក៏ត្រូវដាក់បញ្ចូលទៅក្នុងសមូហភាពដែរ។ សរុបជារួម រាល់ទ្រព្យសម្បត្តិទាំងអស់ គឺមានតែអង្គការខ្មែរក្រហមប៉ុណ្ណោះ ដែលអាចមានសិទ្ធិក្នុងការចាត់ចែងឲ្យប្រើប្រាស់។

ស៊ីចន បានប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់ធ្លាប់បានឃើញសាកសពរបស់ប្រជាជនដែលកប់នៅក្នុងចម្ការដូងមួយកន្លែង ត្រូវសត្វជ្រូកព្រៃឈ្មុលស៊ី។ គាត់សង្កេតឃើញថាសាកសពមួយចំនួនទើបតែស្លាប់ថ្មីៗ និងមួយចំនួនទៀតមានសភាពហើមស្អុយ។ តាំងពីពេលនោះមក តំបន់នោះត្រូវអង្គការដាក់សញ្ញាហាមឃាត់ មិនអនុញ្ញាតឲ្យមនុស្សម្នាឆ្លងកាត់សេរីដូចពេលដំបូងនោះទេ។

នៅឆ្នាំ១៩៧៨ ប្ដីរបស់ ស៊ីចន ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោល ដោយប្រើហេតុផលថាយកទៅភ្ជួរស្រែ។ បន្ថែមពីនេះ នៅក្នុងរបបខ្មែរក្រហម បុរស និងស្រ្តីមិនហ៊ាននិយាយលេងជាមួយគ្នាឡើយ មិនថាជាបងប្អូន ឬអ្នកស្គាល់គ្នានោះទេ ព្រោះខ្លាចត្រូវចោទប្រកាន់ថាខូចសីសធម៌ អាចប្រឈមនឹងការស្លាប់។ បច្ចុប្បន្ន ស៊ីចន មានជំងឺលើសសម្ពាធឈាម ជំងឺក្រពះ និងខ្វះជាតិស្ករ៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin