ប្ដីខ្ញុំបានរួចផុតពីការសម្លាប់របស់ខ្មែរក្រហមដោយសារបានធ្វើអំពើល្អ
ប្ដីខ្ញុំឈ្មោះ ឯក អាន ប្រធានសហករណ៍ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា បានរួចផុតពីការសម្លាប់របស់ខ្មែរក្រហមដោយសារបានធ្វើអំពើល្អជាមួយអ្នកភូមិរំចេក។ នៅក្នុងឆ្នាំ១៩៧៨ កម្មាភិបាល និងកងទ័ពមជ្ឈិមនៃរបបកម្ពុជាប្រជាធិបតេយ្យបានចូលមកឃុំរំចេក ដើម្បីស្វែងរកចាប់ប្រធានឃុំ ប្រធានភូមិ ប្រធានកងធំ ប្រធានកងតូច និងប្រធានក្រុមយកទៅសម្លាប់។ ប្ដីខ្ញុំបានផុតពីការចាប់ខ្លួនដោយសារអ្នកភូមិរំចេកជួយលាក់អត្តសញ្ញាណដែលជាប្រធានសហករណ៍។ ប្តីខ្ញុំជាមនុស្សចិត្តល្អ ពេលអ្នកភូមិសុំសម្ភារអ្វីៗគាត់តែងតែឲ្យអ្នកភូមិដោយមិនប្រកាន់និន្នាការ។ អ្នកភូមិស្រឡាញ់អាប់រានប្តីខ្ញុំគ្រប់ៗគ្នា។ សេង សឿ បានរៀបរាប់រឿងរ៉ាវនៅក្នុងសម័យខ្មែរក្រហមដូចខាងក្រោម៖
ខ្ញុំឈ្មោះ សេង សឿ[1] ភេទស្រី អាយុ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពងចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ សេង និងម្ដាយឈ្មោះ សួស។ ខ្ញុំមានបងប្អូន ២នាក់ ខ្ញុំជាកូនពៅ។ ប្ដីខ្ញុំឈ្មោះ ឯក អាន (ស្លាប់រយៈពេល៩ឆ្នាំហើយ) ខ្ញុំមានកូន១០នាក់ (ស្រី៥នាក់ និងប្រុស៥នាក់) ជាអកុសលកូនខ្ញុំបានស្លាប់៣នាក់ (ស្រី២នាក់ និងប្រុស១នាក់)។
កាលពីសម័យអាណានិគមនិយមបារាំង ភូមិរំចេកមិនមានមនុស្សរស់នៅច្រើនទេ មានផ្ទះនិងប្រជាជនរស់នៅប្រហែល៣០គ្រួសារប៉ុណ្ណោះ។ នៅពេលនោះភូមិរំចេក និងបរិវេណជុំវិញភូមិមានព្រៃឈើដុះព័ន្ធជុំជិត និងមានសត្វសាហាវចូលមកភូមិជាញឹកញាប់។ បើតាមខ្ញុំឮចាស់និយាយតៗគ្នាថានៅភូមិមានដុះដើមរំចេកជាច្រើន ទើបអ្នកភូមិៗនាំគ្នាហៅភូមិនេះថា ភូមិរំចេក។ នៅមុខផ្ទះខ្ញុំមានវត្តមួយឈ្មោះវត្តរំចេក និងមានសាលារៀនសម្រាប់ក្មេងៗក្នុងភូមិរៀនសូត្រ។ កាលកុមារភាព ខ្ញុំបានចូលរៀននៅអាយុ៧ឆ្នាំ នៅសាលារៀនវត្តរំចេកនេះ។ គ្រូបង្រៀនភាគច្រើនជាព្រះសង្ឈ។ ខ្ញុំនៅចាំថា កូនសិស្សបានរៀនជាប់លាប់តែក្នុងរយៈពេលចូលវស្សា។ បន្ទាប់ពីចេញវស្សាហើយព្រះសង្ឈភាគច្រើននិមន្តចេញពីវត្តទៅកន្លែងផ្សេងៗ និងមិនបានបង្រៀនកូនសិស្សរៀនមិនបានជាប់លាប់ឡើយ។ នៅទីនោះទាហានបារាំងក៏ធ្លាប់ចូលមកក្នុងភូមិរំចេក ដើម្បី ស្វែងកចាប់ខ្មែរឥស្សរៈដែរ។
ពេលខ្ញុំមានអាយុប្រហែល១២ ឬ១៣ឆ្នាំ ខ្ញុំបានឈប់រៀនជួយធ្វើការងារឪពុកម្តាយ។ ពេលនោះ ឪពុកម្ដាយខ្ញុំប្រកបរបរធ្វើស្រែចម្ការ ដងជ័រទឹក និងយកអនុផលព្រៃឈើផ្សេងទៀតយកទៅលក់នៅផ្សារក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ពេលធ្វើដំណើរទៅផ្សានៅស្រុកឆ្លូងម្តងៗ ឪពុកខ្ញុំត្រូវបររទេះក្របីតាមផ្លូវឆ្លងកាត់ព្រៃក្រាស់ៗ និងមានចោរច្រើនណាស់នៅតាមផ្លូវចាំស្ទាក់ប្លន់អ្នកដំណើរ។ មានថ្ងៃមួយឪពុកខ្ញុំត្រូវចោរប្លន់កាប់បែកក្បាល និងប្លន់យកក្របី។ នៅអំឡុងពេលនោះអ្នកស្រុកភូមិខ្លាចចោរប្លន់ខ្លាំងណាស់។ ខ្ញុំបានរៀបការជាមួយប្ដី ឈ្មោះ ឯក អាន ដែលជាអ្នកភូមិរំចេកជាមួយគ្នានៅក្នុងសម័យសង្គមរាស្ត្រនិយម។ ពិធីរៀបការខ្ញុំមានរយៈពេល២យប់២ថ្ងៃ និងបានអញ្ជើញសាច់ញាតិ និងអ្នកស្រុកអ្នកភូមិមកចូលរួមច្រើនកុះករ។ បន្ទាប់ពីរៀបការរួច ខ្ញុំ និងប្តីបានប្រកបរបរធ្វើស្រែចម្ការ និងរកអនុផលព្រៃឈើដូចឪពុកម្តាយខ្ញុំដែរ។
នៅពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំមានកូន២នាក់។ នៅពេលនោះអ្នកភូមិ និងឪពុកខ្ញុំបានធ្វើដំណើរទៅចូលរួមធ្វើបាតុកម្មនៅស្រុកមេមត់ ដើម្បីទាមទារឲ្យសម្តេចព្រះនរោត្តម សីហនុ យាងមកដឹកនាំប្រទេសវិញ។ នៅក្នុងឆ្នាំ១៩៧០នេះដែរ ក៏មានកងទ័ពវៀតកុងជាច្រើនបានចូលមកក្នុងភូមិរំចេក និងបានស្នាក់នៅតាមព្រៃជាយភូមិរំចេក។ នៅពេលនោះទាហានសហរដ្ឋអាមេរិកក៏បានចូលមក និងទម្លាក់គ្រាប់បែកនៅលើទីតាំងកងទ័ពវៀតកុងយ៉ាងសន្ធឹកបន្ធាប់។ នៅពេលនោះអ្នកភូមិរំចេកម្នាក់បានស្លាប់ដោយសារការទម្លាក់គ្រាប់បែក។ អ្នកភូមិរំចេក និងគ្រួសារខ្ញុំបានជីករណ្តៅត្រង់សេនៅក្បែរផ្ទះរៀងៗខ្លួនហើយរត់ចូលលាក់ខ្លួនរណ្ដៅត្រង់សេនោះពេលទាហានសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក និងបាញ់ផ្លោងម្តងៗ។
បន្ទាប់ពីខ្មែរក្រហមបានឡើងកាន់កាប់នៅថ្ងៃទី១៧ ខែមសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជននៅទីក្រុងភ្នំពេញជាច្រើននាក់មករស់នៅក្នុងភូមិរំចេក។ ប្រជាជនថ្មី ដែលទើបនឹងជម្លៀសមកដល់ភូមិរំចេកត្រូវបានខ្មែរក្រហមចាត់តាំងឲ្យស្នាក់នៅតាមផ្ទះប្រជាជនដោយក្នុងផ្ទះនីមួយៗត្រូវមានប្រជាជនថ្មី២ទៅ៣គ្រួសារ។ បន្ទាប់មកទើបខ្មែរក្រហមប្រមូលប្រជាជនថ្មីទាំងអស់ឲ្យសង់ផ្ទះរស់នៅដាច់ដោយឡែកនៅចុងភូមិរំចេក។ ប្រជាជនថ្មីរស់នៅក្នុងភូមិរំចេកបានស្លាប់ច្រើននាក់ ដោយសារជំងឺ និងអត់អាហារ។ ចំណែកអ្នកចេះដឹងដូចជា គ្រូបង្រៀន មន្ត្រីរដ្ឋការ ទាហានអ្នកមានឋានន្តរសកិ្ក ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល។ ខ្មែរក្រហមបាននិយាយកុហកប្រជាជនថ្មីទាំងនោះថា អង្គការហៅទៅរៀនសូត្រ ប៉ុន្តែតាមការពិតគឺយកទៅសម្លាប់។ ប្រធានភូមិរំចេកក្នុងសម័យខ្មែរក្រហមមានឈ្មោះ អាង អនុប្រធានភូមិឈ្មោះ ហម និងសមាជិកភូមិឈ្មោះ ស៊ីន។ គណៈឃុំរំចេកមានឈ្មោះ ឡេង និងឈ្មោះ យឿន។
នៅក្នុងឆ្នាំ១៩៧៥ នេះដែរ ខ្មែរក្រហមបានបង្កើតជាសហករណ៍ដោយយកស្រូវ អង្ករ និងទ្រព្យសម្បត្តិឯកជននៅតាមផ្ទះប្រជាជនទាំងអស់មកដាក់រួមនៅក្នុងសហករណ៍។ នៅពេលនោះប្ដីខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាប្រធានកងតូច (ប្រធានសហករណ៍ភូមិរំចេក)។ ខ្មែរក្រហមបានចាត់តាំងប្តីខ្ញុំឲ្យរៀបចំសហករណ៍ បែងចែកប្រជាជនឲ្យធ្វើការងារនៅតាមកងនីមួយៗ និងត្រូវរកស្បៀងសម្ភារមកផ្គត់ផ្គង់ប្រជាជននៅក្នុងសហករណ៍ភូមិរំចេក។ នៅភូមិរំចេកមានរោងបាយរួមមួយនៅក្នុងសាសារៀនវត្តរំចេក។ ខ្មែរក្រហមបានវាយកម្ទេចព្រះនៅក្នុងព្រះវិហារ និងយកព្រះវិហារត្រូវខ្មែរក្រហមធ្វើឃ្លាំងដាក់សម្ភារ។ ពេលនោះប្រជាជនត្រូវបែងចែកឲ្យធ្វើការងារ និងរស់នៅតាមកងនីមួយៗ ដូចជាយុវជនត្រូវរស់នៅក្នុងកងយុវជន កងចល័ត កងកុមារ កងតាៗ កងយាយៗ កងមីងៗ និងកងពូៗជាដើម។ ចំណែករូបខ្ញុំត្រូវខ្មែរក្រហមឲ្យចូលបក្ស ត្រូវរៀននយោបាយ និងខ្ញុំចាត់តាំងឲ្យធ្វើការងារជាជំនួយការប្រធានកងតូចនៅក្នុងភូមិរំចេក និងការងារធ្វើស្រែ ចម្ការ បង្កបង្កើនផលស្រូវជាដើម។ បន្ទាប់មកទៀតខ្ញុំត្រូវចាត់តាំងឲ្យនៅកន្លែងដាំបាយ ចងជន្លុះសម្រាប់ទុកដុតបំភ្លឺ កាប់ដើមរំចេកធ្វើកន្ទេល។ ចំណែករបបអាហារ ដោយសារខ្ញុំមានកូនខ្ចី ខ្មែរក្រហមបានចែករបបអង្ករ១កំប៉ុងក្នុងមួយថ្ងៃសម្រាប់ដាំបាយហូបពេលថ្ងៃត្រង់ និងល្ងាច។
នៅក្នុងឆ្នាំ១៩៧៨ កម្មាភិបាល និងកងទ័ពមជ្ឍិមនៃរបបកម្ពុជាប្រជាធិបតេយ្យបានចូលមកឃុំរំចេក ចាប់ប្រធានឃុំ ប្រធានភូមិ ប្រធានកងធំ ប្រធានកងតូច ប្រធានក្រុមយកទៅសម្លាប់។ ប្ដីខ្ញុំបានផុតពីការចាប់ខ្លួនដោយសារអ្នកភូមិរំចេកបានជួយលាក់អត្តសញ្ញាណគាត់ដែលជាប្រធានកងតូច ។ ប្តីខ្ញុំជាមនុស្សចិត្តល្អ ពេលអ្នកភូមិសុំសម្ភារ គាត់តែងតែឲ្យទៅអ្នកភូមិដោយមិនប្រកាន់និន្នាការ។ អ្នកភូមិស្រឡាញ់អាប់រានប្តីខ្ញុំគ្រប់ៗគ្នា។ បន្ទាប់មកក្រុមគ្រួសារខ្ញុំ និងអ្នកភូមិបានរត់ភៀសខ្លួនទៅ ស្នាក់នៅក្នុងព្រៃនៃឃុំលោកំពាន់ ស្រុកមេមត់មួយរយៈខ្លី បន្ទាប់មកបន្តទៅស្នាក់នៅខាងខ្នងក្រពើទីរួមស្រុកមេមត់ដែលគ្រប់គ្រងដោយកងទ័ពវៀតណាម។ ក្រុមគ្រួសារខ្ញុំបានស្នាក់នៅខ្នងក្រពើស្រុកមេមត់រយៈពេលប្រហែលមួយខែ ទើបកងទ័ពវៀតណាមយកឡានមកដឹកគ្រួសារខ្ញុំ និងអ្នកភូមិផ្សេងទៀតទៅព្រំដែនកម្ពុជា – វៀតណាម។ បន្ទាប់មកវៀតណាមបានយកក្រុមគ្រួសារខ្ញុំទៅរស់នៅភ្នំជើងអណ្ដែង ក្នុងខេត្តតៃនិញ ប្រទេសវៀតណាម។ ពេលស្នាក់នៅក្នុងប្រទេសវៀតណាម១ខែដំបូង គឺភាគីវៀតណាមបានផ្តល់អង្ករសាឡី និងម្ហូបអាហារដល់ក្រុមគ្រួសារខ្ញុំ។ បន្ទាប់មកខ្ញុំ និងក្រុមគ្រួសារត្រូវធ្វើការងាររកស៊ីផ្គត់ផ្គង់គ្រួសារដោយខ្លួនឯង។
បន្ទាប់ពីឮដំណឹងថាប្រទេសកម្ពុជាបានរំដោះពីរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រុមគ្រួសារខ្ញុំ និងអ្នកភូមិផ្សេងៗទៀតបានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំបាននាំកូនៗត្រឡប់មកវិញ ប៉ុន្តែភាគីវៀតណាមមិនទាន់អនុញ្ញាតឲ្យត្រឡប់មកវិញភ្លាមៗទេ។ ខ្ញុំ និងគ្រួសារបានលួចរត់ពីប្រទេសវៀតណាមមករស់នៅទីរួមស្រុកមេមត់ ប៉ុន្តែខ្ញុំ និងគ្រួសារមិនអាចមករស់នៅភូមិរំចេកបានភ្លាមៗទេ ព្រោះនៅក្នុងភូមិមានគ្រាប់មីនមិនទាន់ផ្ទុះច្រើន។ ក្រុមគ្រួសារខ្ញុំរស់នៅទីរួមស្រុកមេមត់បានរយៈពេល១ខែ ក៏ត្រឡប់មកដល់ភូមិរំចេកវិញ។ ពេលមកដល់ភូមិដំបូងមិនមានមនុស្សមករស់នៅច្រើនទេ។ ផ្ទះខ្ញុំបានបាត់ចានឆ្នាំងអស់ គឺនៅសល់តែសំបកផ្ទះទទេ។ គ្រួសារខ្ញុំចាប់ផ្តើមរកគ្រាប់ពូជធ្វើចម្ការស្រែ ដាំស្រូវ ដាំដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ នៅឆ្នាំ១៩៨៣ កងទ័ពព្រៃខ្មែរក្រហមចូលមកក្នុងភូមិរំចេក ដើម្បីសុំអង្ករ ពេលមកដល់ផ្ទះខ្ញុំ កងទ័ពខ្មែរក្រហមបានសុំអង្ក១កំប៉ុង កូនខ្ញុំបាននិយាយថាមានដៃជើងធំៗដែរមិនចេះរកស៊ីខ្លួនឯង។ នៅខណៈពេលនោះ ខ្ញុំ និងប្ដីភ័យរន្ធត់មែនទែន ប្តីខ្ញុំបានស្រែកប្រាប់កូនឲ្យឈប់និយាយ និងសុំទោសកងទ័ពខ្មែរក្រហមជំនួសកូន។ បន្ទាប់មកខ្ញុំឲ្យកូនប្រុសទៅចាប់មាន់ និងយកអង្ករប្រហែលមួយគីឡូក្រាមឲ្យទៅកងទ័ពខ្មែរក្រហម។
អត្ថបទដោយ ឡុង ដានី
[1] មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សុខ វណ្ណៈ សម្ភាសន៍ជាមួយ សេង សឿ អាយុ៧៧ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។