សេង ហ៊រ រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សេង ហ៊រ[1] អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើត និងរស់នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ ខ្ញុំនៅវ័យជំទង់ដែលមានអាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំបានឈប់រៀននៅវិទ្យាល័យព្រះសីហនុ ប៉ុន្តែនៅពេលនោះ ប្រទេសជាតិកើតមាន សង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពទៅធ្វើស្រែនៅភូមិគគរ មួយរយះ។ ខ្ញុំបានទៅនៅភូមិបុសខ្នុរ ស្រុកចំការលើ ដោយហេតុថាខ្ញុំមានសាច់ញាតិបងប្អូនរស់នៅទីនោះ។ នៅក្នុងអំឡុងពេលសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម វាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃខេត្តកំពង់ចាម។
នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវណែនាំឲ្យចូលបដិវត្តន៍ តាមរយៈការឃោសនារបស់សម្ដេចឪឲ្យចូលព្រៃ និងរៀបចំឲ្យខ្ញុំចូលធ្វើកងឈ្លប ហើយក្រោយមកទៀត ចូលកងទ័ពក្នុងព្រៃតស៊ូ។ នៅក្នុងពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហាន លន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលទាហាន លន់ នល់ និងសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែកនេះ មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។ ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យអ្នកភូមិបន្តចូលរួមស្ម័គ្រចិត្តចូលបដិវត្តកាន់តែច្រើនឡើង ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ជូនមកខាងមុខបន្តទៀត រហូតមកដល់ភូមិស្វាយមាស ឃុំអូរស្វាយ ស្រុកកំពង់សៀម។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។
នៅឆ្នាំ១៩៧៦ នៅពេលនោះ ខ្ញុំត្រូវបានប្រធានភូមិបញ្ជូនទៅកន្លែងដែលខ្មែរក្រហមសម្លាប់។ ប៉ុន្តែបានជួបអ្នកដែលធ្លាប់ស្គាល់ឈ្មោះ មិត្ត លឿង ប្រាប់ឲ្យខ្ញុំត្រឡប់មកវិញ។ អ្នកដែលខ្មែរក្រហមយកទៅសម្លាប់ ជាអ្នកជាប់និន្នាការដូចជាទាហាន បើជនជាតិចាមវិញអត់មានជាប់និន្នាការអ្វីទេ ក៏ខ្មែរក្រហមសម្លាប់ ។ ខ្ញុំត្រូវធ្វើការពីម៉ោង៧ ដល់ម៉ោង១១ ហូបអាហាររួចសម្រាកតែមួយម៉ោងទៅធ្វើការបន្តទៀត។ ខ្ញុំ បានទៅលើកទំនប់ រហូតដល់ម៉ោង១២ក៏មានដែរ។ ប្រធានសហករណ៍ឈ្មោះ មិត្តស៊ីម។ ខ្ញុំមិន បាន ជួបប្រព្ធនកូនទេ បើថាដើរឆ្លងកាត់ភូមិចូលមួយភ្លែតអ្វីចឹងទៅ ចេញទៅវិញទៀតហើយ។ ខ្មែរក្រហមបានផ្សឹកព្រះសង្ឃនៅតាមវត្តអារាមទាំងអស់។ ក្រោយមកទៀត គឺប្រហែលជាក្នុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានបញ្ជូនទៅរែកដី និងលើកទំនប់៥កុម្ភៈ ស្ថិតនៅស្រុកចំការលើ ។
ខ្ញុំ និងប្រពន្ធបានរួចផុតពីទុកវេទនា និងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។[2] ខ្ញុំ និងប្រព្ធនបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទដោយ ទូច វណ្ណេត
[1] ឯកសារលេខ KCI0125, បទសម្ភាសន៍ជាមួយ សេង ហ៊រ នៅខេត្តកំពង់ចាម នៅឆ្នាំ២០០២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១