សេន ថេន រំឭកពីបទពិសោធន៍ជាពេទ្យកងទ័ពខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សេន ថេន[1]  អាយុ៤៧ឆ្នំា (គិតត្រឹមឆ្នាំ ២០០២) មានទីកន្លែងកំណើត នៅភូមិអំពិល ឃុំសំបូរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ថេម មានទីលំនៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ថេន មានបងប្អូនសរុប ៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។ នៅឆ្នាំ១៩៧០ ពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្ត សីហនុ ប្រជាជនជាច្រើនបាននាំចេញទៅធ្វើបាតុកម្មនៅតាមទីរួមខេត្តនានា ដើម្បីទាមទារយកអំណាចមកថ្វាយសម្តេច និងបន្តកសាងប្រទេសឲ្យរីកចម្រើនថែមទៀត។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៧០នោះ ខ្ញុំក៏បានឃើញប្រជាជនពីភូមិរបស់ខ្ញុំ បានចេញទៅធ្វើបាតុកម្មនៅខាងមុខសាលាខេត្តកំពង់ចាម ។ នៅឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពខ្មែរក្រហមបានវាយរំដោះតំបន់មួយចំនួនរួចមក[2] ក្នុងពេលនោះ នៅតំបន់ដែលខ្ញុំរស់នៅទាហាន លន់ នល់ បានបើកការបាញ់ភ្លោងគ្រាប់រូកែតពីយន្ដហោះ អាស្លាបកាត់ និងអាទ្រុងជ្រូក មកលើកងកម្លាំងរំដោះខ្មែរក្រហម។

នៅក្នុងអំឡុងពេលមានសង្គ្រាមស៊ីវិល ថេន និងក្រុមគ្រួសារ ចេញពីភូមិទៅនៅម្តុំបឹងត្រាវ។ នៅឆ្នាំ១៩៧៣ ក្រោយចេញពីភូមិទៅរស់នៅបឹងត្រាវ ថេន បានចូលបម្រើការជាពេទ្យជាមួយបង ស៊ុន និង ឈ្មោះ អៀ កែម ដែលធ្វើជាពេទ្យស្រាប់ក្នុងជួរកងទ័ព។ ក្នុងជួរកងទ័ពនោះ ការងារដែលថេន ត្រូវធ្វើមានដូចជាព្យាបាលអ្នកជំងឺ និងលាងរបួសជាពិសេសកងទ័ព និងប្រជាជនដែលរងរបួសពេលសង្គ្រាមស៊ីវិល។ សម្ភារដែលប្រើប្រាស់សម្រាប់លាងរបួសរួមមានដូចជា អាកុល និងទឹកក្តៅ ឯថ្នាំវិញ គឺពេទ្យដែលធ្វើការ និង ថេន ត្រូវស្ល និងធ្វើថ្នាំដោយខ្លួនឯងមិនប្រើថ្នាំផ្សេងដូចជាថ្នាំដែលបាននាំចូលពីបរទេសនោះទេ។

នៅក្រោយពេលដែលកងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះ និងចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ថេន ត្រូវបានខ្មែរក្រហមបញ្ជូលមកទីក្រុងភ្នំពេញដើម្បីធ្វើការនៅមន្ទីរពេទ្យកាល់ម៉ែត្រសព្វថ្ងៃនេះ។ នៅទីនោះ ថេន នៅតែបន្តថែទាំអ្នកជំងឺធម្មតាដូចជាលាងរបួស និងពេលខ្លះ ក៏មានអ្នកជំងឺគ្រុនចាញ់ចូលមកព្យាបាលផងដែរ។ ទោះបីជានៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញក៏ពិតមែន ប៉ុន្តែសម្ភារប្រើប្រាស់នៅតែមានការខ្វះខាត ដូចជាថ្នាំសម្រាប់ប្រើប្រាស់ជាដើម។ ក្រោយពីធ្វើការនៅមន្ទីរបានប្រមាណជាង បីខែ ថេន ត្រូវបានខ្មែរក្រហមបញ្ជូនទៅ ព្រៃសរ ដើម្បីលើកទំនប់នៅទីនោះ។ នៅពេលដែលទៅធ្វើការនៅព្រៃសរ ថេន តែងតែឃើញក្រុមទាហានខ្មែរក្រហមហៅមនុស្សឡើងឡាន ដែលឃ្លុំបិទជិត ដឹកចេញទៅនៅពេលយប់ជ្រៅ ហើយមិនដែលបានឃើញអ្នកទាំងនោះ ត្រឡប់មកវិញនោះទេ។ ថេន បានលើកឡើងពីការចងចាំមួយដែលខ្លួនមិនអាចបំភ្លេចនោះគឺ មានពេលមួយដែលខ្លួន និងកងចល័តផ្សេងទៀតកំពុងតែលើកទំនប់ ក៏មានឡានដែលឃ្លុំជិតនោះជិះកាត់ ក៏នាំគ្នាប្រាប់គ្នាឱ្យខិតខំធ្វើការ និងពន្លឿន ការងាររបស់ខ្លួនព្រោះខ្លាចត្រូវបានខ្មែរក្រហមចាប់យើងទៅ ហើយនៅពេលយប់ឡើងមិនហ៊ានសូម្បីខ្សិបគ្នាព្រោះខ្លាចកងឈ្លប ខ្មែរក្រហមចាប់យកទៅដាក់ទោស។ សម្រាប់ម៉ោងការងារនៅក្នុងរបបខ្មែរក្រហម ត្រូវក្រោកធ្វើការតាំងពីម៉ោង ៤ ព្រឹក រហូតដល់ម៉ោង ១១ ទើបបានសម្រាកហូបបបរ ហើយត្រូវចូលធ្វើការវិញនៅម៉ោង១២ ថ្ងៃត្រង់។ ពេលនៅយប់ ពេលដែលត្រឡប់មកកន្លែងស្នាក់នៅ នៅតាមផ្ទះតែងតែមានកងឈ្លប ពេលខ្លះជាង ៣០នាក់ តែងតែដើរមើល ដើរយាម និងដើរស្តាប់តាមផ្ទះនីមួយៗរាល់យប់។

នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន នៅដើមខែមករា ឆ្នាំ១៩៧៩។[3] ថេន រត់ទៅកាន់ភ្នំអដ្ឋរស និងតំបន់ព្រែកក្ដាម រួចក៏បានត្រឡប់មកខេត្តកំពង់ចាមវិញ។ ថេន គាំទ្រក្នុងការបង្កើត ឱ្យមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម និងការរក្សាទុកឯកសាររឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សម្រាប់ក្មេងៗជំនាន់ក្រហមក្រោយ៕

អត្ថបទដោយ លី ដេវីត


[1] ឯកសារKCI0025, បទសម្ភាសន៍ សេន ថេន នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០០២,​ បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ១០

[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin