សេត កាលខាន់ ជនជាតិអារ៉ាប់៖ “អ្នកទោសទួលស្លែង”

បញ្ជីរាយនាមជនរងគ្រោះផ្នែកស្រាវជ្រាវឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុលពត-អៀង សារី នៅទួលស្លែង បានបញ្ជាក់ថាឈ្មោះ សេត កាល់ខាន់ និងម្ដាយឈ្មោះ សាលីម៉ា ស្ថិតក្នុងតំបន់២៥ គឺជាជនជាតិអារ៉ាប់ មានមុខរបរចិញ្ចឹមគោ ពិតជាត្រូវបានអង្គការដោះលែងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៦។[1] នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨ មជ្ឈមណ្ឌលឯកសារកម្ពុជា បានជួបសម្ភាសឈ្មោះ សេត កាលខាន់។[2] ប្រវត្តិរឿងរ៉ាវរបស់ សេត កាលខាន់ ដែលបានជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១មានដូចខាងក្រោម៖

ខ្ញុំបាទឈ្មោះ សេត កាលខាន់ ភេទប្រុស អាយុ៥៨ (គិតត្រឹមឆ្នាំ២០០៨) ជាជនជាតិអារ៉ាប់ មានមុខរបររត់ម៉ូតូឌុប។ ខ្ញុំកើតនៅភូមិអារ៉ាប់ ស្ថិតនៅទល់មុខស្ថានទូតចិន ក្នុងសង្កាត់លេខ៥ រាជធានីភ្នំពេញ។ ឪពុកខ្ញុំឈ្មោះ អាប់ ហ្គោលីយ៉ាល (ស្លាប់ឆ្នាំ១៩៧៧) និងម្ដាយ ឈ្មោះ សា លីម៉ា (ស្លាប់ឆ្នាំ២០០២) ដោយសារតែជរាភាព។ ខ្ញុំមានបងប្អូនចំនួន៦នាក់៖ ទីមួយឈ្មោះ ដាត ភេទប្រុស (ស្លាប់ឆ្នាំ២០០១) ដោយសារជំងឺ នៅប្រទេសម៉ាឡេស៊ី, ទីពីរឈ្មោះ គីម ឡាត ស្លាប់ជំនាន់ លន់ នល់, ខ្ញុំ គឺជាកូនទីបី ក្នុងគ្រួសារ, ទីបួនឈ្មោះ ខ្នី ភេទស្រី, ទីប្រាំឈ្មោះ ពៅ ប្រុស និងទីបាំ្រមួយឈ្មោះ អូន ទៅរស់នៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ១៩៩៣។ ឪពុកខ្ញុំមករស់នៅប្រទេសកម្ពុជា តាំងពីអាយុ២៥ឆ្នាំ។ បើគិតដល់ឥឡូវឪពុកខ្ញុំអាយុ១១០ឆ្នាំ (គិតត្រឹមឆ្នាំ២០០៨)។ ឪពុកខ្ញុំមកប្រទេសខ្មែរ ចិញ្ចឹមគោ និងពពែ ដើម្បីយកទឹកដោះលក់ និងបានចូលរួមបង្កើតភូមិអារ៉ាប់រហូតមកដល់សព្វថ្ងៃ។  ម្ដាយខ្ញុំមកពីប្រទេសឡាវ។ ខ្ញុំមានប្រពន្ធឈ្មោះ អូន សារ៉េត ជាជនជាតិខ្មែរ អាយុ៥៣ឆ្នាំ និងមានកូនប្រុសចំនួន៤នាក់។ សព្វថ្ងៃខ្ញុំរស់នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

នៅវ័យកុមារ ខ្ញុំមិនបានចូលរៀនសាលាអារ៉ាប់ទេ។ ខ្ញុំបានរៀននៅសាលាចក្រវាលដល់ថ្នាក់ទី៥ នៅសង្គមចាស់ (បច្ចុប្បន្នស្មើថ្នាក់ទី៨)។ ដោយសារឃើញឪពុកពិបាកធ្វើការងារ ខ្ញុំសម្រេចចិត្តឈប់រៀន ដើម្បីជួយមើលគោ។ ខ្ញុំនៅជាមួយឪពុកម្ដាយ ​និងចិញ្ចឹមគោយកទឹកដោះលក់(ទឹកដោះគោឆៅ)។ ឪពុកខ្ញុំដាក់គោចិញ្ចឹមចំនួន៣កន្លែងនៅក្នុងទីក្រុងភ្នំពេញ៖ ទី១ នៅកន្លែងចាក់សំរាម, ទី២ នៅស្ទឹងមានជ័យ, និងទី៣ នៅក្រោមផ្ទះ។ ទឹកដោះគោ​ឆៅដែល​ឪពុក​ម្ដាយខ្ញុំលក់ជាទឹកដោះគោសុទ្ធតែម្ដង។

មុនឆ្នាំ១៩៧៥ នៅក្នុងភូមិអារ៉ាប់មានប្រជាជនរស់នៅប្រមាណជាង៤០គ្រួសារ។ ប៉ុន្តែត្រូវបែកខ្ញែក​ ពេលខ្មែរក្រហម​ចូល។ អង្គការជម្លៀសគ្រួសារ​អារ៉ាប់ទៅតាមទិសដៅផ្សេងៗគ្នា។ ចំណែកឯគ្រួសារខ្ញុំ ត្រូវបានអង្គការជម្លៀសចេញ​ពី​តាខ្មៅ​មកនៅព្រែកប្រាអស់រយៈពេល២០ថ្ងៃ និងឲ្យគ្រួសារខ្ញុំសម្រាកនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដើម្បី​បោស​សម្អាត​ទីក្រុង។ នៅពេលនោះមានសមមិត្តម្នាក់និយាយថា៖ “ចាំពេលបោសសម្អាតទីក្រុងភ្នំពេញហើយ អង្គការឲ្យទៅចូល​ផ្ទះ​វិញ”។ បន្ទាប់មក ក្រុមគ្រួសារខ្ញុំមិនបានទៅណាទេ ពីព្រោះ ទីកន្លែងកំណើតគឺនៅទីក្រុងភ្នំពេញនេះតែម្តង។ គ្រួសារខ្ញុំចាំចូលផ្ទះ​វិញ។ បន្ទាប់ពីរយៈពេល២០ថ្ងៃក្រោយមក អង្គការបានជម្លៀសគ្រួសារខ្ញុំ ឲ្យទៅស្នាក់នៅស្រុកស្អាងចំនួន១ខែ នោភូមិត្រើយស្លា ដើម្បីរាវលៀស ខ្ចៅ និងរកត្រីនៅទន្លេ។ អង្គការឲ្យគ្រួសារខ្ញុំស្នាក់នៅជាមួយប្រជាជនមូលដ្ឋាន។ បន្ទាប់មក អង្គការបាន​ជម្លៀស​គ្រួសារ​ខ្ញុំ និងគ្រួសារអារ៉ាប់៣ទៅ៤គ្រួសារទៀតចេញពីភូមិត្រើយស្លា មកខាងកោះធំ និងបន្តធ្វើដំណើរមកខាងព្រែកដាច់។ គ្រួសារខ្ញុំ ត្រូវ​អង្គការជម្លៀសរយៈពេល៣ខែ ទម្រាំមកដល់ភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

ពេល​មក​ដល់​ភូមិព្រែកដាច់ ខ្ញុំឃើញសុទ្ធតែសាកសព មនុស្សស្លាប់ និងគ្រាប់មីន។ ភូមិព្រែកដាច់ គឺជាសមរភូមិក្ដៅ ដែលបរិវេណមន្ទីរ​ស្រុក​សុទ្ធ​តែគ្រាប់មីន។ នៅពេលគ្រួសារខ្ញុំ​ និងតាខ្លឹងមកដល់ ក្នុងភូមិព្រែកដាច់ យើងមិនទាន់ត្រូវបានរៀបចំបង្កើត ជាក្រុមឬកងទេ។ ខ្ញុំឃើញ មាន​តែ២គ្រួសារទេ។ បន្ទាប់ពីរស់នៅបាន២ខែ ខ្ញុំឃើញមានចំនួនគ្រួសារកើនឡើងដោយមានគ្រួសារចិន និងវៀតណាមចូលមកបន្ថែម ប៉ុន្តែគ្រាន់តែសុំស្នាក់អាស្រ័យ៤ទៅ៥ថ្ងៃប៉ុណ្ណោះ រួចក៏ធ្វើដំណើរទៅស្រុកវិញអស់ទៅ។ លុះបាន៣ខែក្រោយមក តាស៊ិន សាឌី ជាកម្មាភិបាលខ្មែរក្រហមបានជិះឡានហ្ស៊ីបមកបើកអង្ករ អំបិល និងរបបថ្នាំពេទ្យឲ្យគ្រួសារខ្ញុំ ហើយ​និយាយទៀតថា “មិនបាច់នឹកនាផ្ទះសម្បែងនៅទីក្រុងភ្នំពេញទេ ឥឡូវរស់នៅប្រកបការងារទៅ អង្គការមិនធ្វើអីទេ”។​  តាស៊ិន សាឌី ក្ដាប់ខាងទ័ពខ្មែរក្រហមក្នុងតំបន់២៥។ ចំណែកគ្រួសារអារ៉ាប់ តានាង និងតាហ៊ីង ដែលអង្គការជម្លៀស មកជាមួយគ្រួសារខ្ញុំស្លាប់អស់ហើយ ដោយសារតែគ្រួសារទាំងពីរបានលួចរត់ទៅកាប់ដើមចេក ដើម្បីយកមកហែល បណ្ដែតទឹក ប៉ុន្តែទឹកកំពុងឡើងខ្លាំង។ ក្រោយមក ខ្ញុំទទួលដំណឹងថាតានាង និងតាហ៊ីងបានស្លាប់ហើយ ដោយនៅសល់តែកូនរស់នៅប្រទេសវៀតណាម។

គ្រួសារខ្ញុំត្រូវបានជម្លៀសមកដល់ភូមិតាហ៊ីង និងស្នាក់នៅអស់រយៈពេល៣ខែ ទើបអង្គការបានហៅប្រជាជនមកបែងចែកជាកង និងចាប់ផ្ដើមចុះធ្វើស្រែ។ ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាងដំដែកនៅសិប្បកម្មធ្វើកាំបិត, ពូថៅ និងកណ្ដៀង នៅភូមិព្រែកតូច ឃុំព្រែកដាច់។ ពូឌឹម គណៈឃុំព្រែកដាច់បានហៅខ្ញុំឲ្យទៅដំដែក។ ចំណែកឪពុកម្ដាយនិងបងប្អូនខ្ញុំ៥នាក់ទៀត ត្រូវបានអង្គការ​ឲ្យធ្វើ​ស្រែ។ គណៈឃុំ និងប្រធានភូមិមិនបានដឹងថាគ្រួសារជាជនជាតិអារ៉ាប់ទេ។ គ្រួសារខ្ញុំក៏មិនហ៊ាននិយាយ ពីព្រោះគ្រួសារខ្ញុំ​មិនហូប​សាច់ជ្រូក។ គ្រួសារខ្ញុំក៏និយាយភាសាខ្មែរ។ ឪពុកខ្ញុំនិយាយភាសាខ្មែរមិនសូវច្បាស់ទេ ចំណែកម្ដាយខ្ញុំ​និយាយភាសាខ្មែរច្បាស់។ មកដល់ឥឡូវ ខ្ញុំក៏មិនចេះ ហើយនិយាយអារ៉ាប់ក៏មិនកើត។ ខ្ញុំនិងគ្រួសារ​រស់នៅបែកគ្នា ពីព្រោះរស់នៅអង្គភាពស្ថិតនៅឆ្ងាយពីគ្នា។ ឪពុកម្ដាយខ្ញុំ ត្រូវបានអង្គការឲ្យធ្វើត្បាញបង្គី និងធ្វើដងរែក។ នៅកន្លែងដំដែក ខ្ញុំរលាក​ពេញខ្លួន ពីព្រោះ កម្ទេចដែកខ្ទាតជះពេញខ្លួន ហើយជើងក្រិន។

នៅខែមេសា ឆ្នាំ១៩៧៦ តាជា​ គឺជាប្រធានក្រុមខ្ញុំបានប្រាប់ថា៖ “គ្រួសារខ្ញុំ និងគ្រួសារតាខ្លឹងត្រូវអង្គការបញ្ជូនមកស្រុកកំណើតនៅភ្នំពេញវិញ”។ ខ្ញុំរត់ឡើងឡានក្នុងឯកសណ្ឋានទាហាន លន់ នល់។ ខ្ញុំបានឡើងឡានជាមួយគ្រួសារ និងប្រជាជន​ផ្សេង​ទៀត។ អង្គការបានដឹកយើងមកដល់ភ្នំពេញ គឺនៅក្បែរកន្លែងស្ថានីយរថភ្លើង ហើយអង្គការបានហៅខ្ញុំចុះ ដោយយកកំណាត់ចងមុខ និងដាក់ខ្នោះដៃទៅខាងក្រោយ។ បន្ទាប់មក អង្គការឲ្យឡើងឡានពណ៌ខៀវ និងមានយោធាខ្មែរក្រហមពីរ​នាក់​ភ្ជង់​យើង​ជាប់។ ខ្ញុំឮសំឡេងឡានស៊ីផ្លេរហូត។ ពេលទៅដល់យោធា២នាក់បានភ្ជង់ឲ្យខ្ញុំចុះទាំងមិនទាន់ស្រាយកំណាត់បិទ​មុខ​។ នៅពេលទៅដល់កន្លែងធ្វើទារុណកម្ម អង្គការទាញវាំងននខ្មៅរួចបានស្រាយមុខ ប៉ុន្តែមិនបានដោះខ្នោះដៃទេ។ អង្គការ​និយាយថា៖ “អង្គការសួរអីត្រូវតែឆ្លើយហ្នឹង”។ ខ្ញុំឃើញសុទ្ធតែឧបករណ៍ធ្វើទារុណកម្ម មានគល់ឫស្សី ខ្សែភ្លើង ដង្កាប់ ឃ្នាង ប្រដាប់ដកក្រចក សម្រាប់សួរចម្លើយ និងធ្វើទារុណកម្ម។ ខ្ញុំមើលមិនសូវច្បាស់ ពីព្រោះទើបតែស្រាយកំណាត់ភ្លាមៗ។ ខ្ញុំឃើញមានសមមិត្តប្រមាណ១០នាក់មកចោមរោមមើល រួចទាត់ធាក់ទាញសក់ក្បាល និងនិយាយថា៖ “ហ្នឹងហើយ​សកិ្ត៥, ខ្លះទៀតថា សក្តិ៣, សក្តិ២,  ខ្លះថាអ្នកបើកយន្តហោះ” ប៉ុន្តែខ្ញុំមិនបានឆ្លើយទេ ចេះតែឱនមុខចុះ ពី​ព្រោះដៃជាប់ខ្នោះ។ កាលនោះខ្ញុំបាត់បង់ស្មារតី គ្មានវិញ្ញាណ និងបាត់អស់ព្រលឹងព្រលះហើយ។ បន្ទាប់មក អង្គការយកខ្ញុំទៅដាកក្នុង​បន្ទប់ ខ្ញុំឮអង្គការនិយាយថា៖ “ដាក់អគារ០៧”។

ពេលទៅដល់ក្នុងបន្ទប់រៀបចំដាក់ខ្នោះជើង ប៉ុន្តែខ្នោះតូច ហើយជើង​ខ្ញុំធំ អង្គការមកជាន់យកតែម្ដង ខ្ញុំឈឺចង់សន្លប់។ ក្នុងបន្ទប់មានទំហំប្រហែល៣ម៉ែត្រ ឬ៤ម៉ែត្រ៤ជ្រុងសម្រាប់ដាក់មនុស្សម្នាក់។ នៅក្នុងបន្ទប់អង្គការដាក់ខ្នោះខ្ញុំ ប៉ុន្តែស្រាយចំណងចេញ។ អង្គការបាននិយាយទៀតថា៖ “មិត្តឯងឆ្លើយ ឲ្យត្រង់ណា”។ ខ្ញុំបានឆ្លើយថា៖ “ខ្ញុំឆ្លើយត្រង់ហើយ”។ ដល់ក្រោយមកអង្គការបានសួរថា ”សម័យសង្គមមុន តើមិត្តឯង​ធ្វើអី?”  ខ្ញុំឆ្លើយថា៖ “ធ្វើជាជាងដំដែក”។ អង្គការសួរទៀតថា៖ “មិត្តឯងមានធ្វើទាហានអត់?” ខ្ញុំឆ្លើយថា៖ “អត់មានទេ”។ ក្នុងមួយ​ថ្ងៃអង្គការ មកសួរ៣ទៅ៤ដង មកសួរខ្ញុំមិនចេះអក្សរផង ឲ្យខ្ញុំសរសេរអក្សរ។ ខ្ញុំនៅក្នុងគុកទួលស្លែង យូរពេក ឡើង​មានអារម្មណ៍ថា ដូចមិនមែនមនុស្ស ដឹងតែងងឹតសូន្យ។

លុះមានថ្ងៃមួយមានតាចាស់សក់ស្កូវកាន់កាបូប ​និង​មានកូនចៅ៣ទៅ៤នាក់ បានមកសួរខ្ញុំថា៖ “មិត្តឯងពីមុននៅឯណា?” ខ្ញុំឆ្លើយថានៅភូមិអារ៉ាប់។ ពេលទៅដល់ក្នុងបន្ទប់ អង្គការទុកចោល២ថ្ងៃ ទើបមកសួរប្រវត្តិរូបខ្ញុំ។ យោធាខ្មែរក្រហមក្មេងៗ៣ទៅ៤នាក់ អាយុចន្លោះ ១៨ទៅ២០ឆ្នាំមកសួរប្រវត្តិរូប និងបានឲ្យខ្ញុំសរសេរប្រវត្តិរូបខ្លួនឯង។ ក្នុងប្រវត្តិរូបអង្គការមានទម្រង់ស្រាប់ គ្រាន់តែបំពេញទៅតាមទម្រង់តែប៉ុណ្ណោះ។ ពេលធ្វើប្រវត្តិរូបខ្ញុំដាក់ជាជនជាតិអារ៉ាប់។ ថ្ងៃមួយអង្គការបានហៅខ្ញុំថតរូប ថតរួចទើបយកទៅបន្ទប់វិញ។ អង្គការបានឲ្យខ្ញុំធ្វើប្រវត្តិរូប ហើយនៅក្នុងមួយថ្ងៃអង្គការមកសួរជាច្រើនដង ដោយសួរថា៖ “ជំនាន់សីហនុ មិត្តធ្វើការងារអ្វី?”។ ខ្ញុំឆ្លើយថា៖ “ខ្ញុំនៅរៀនជួយចិញ្ចឹមគោនិងពពែយកទឹកដោះ”។ ពេលធ្វើប្រវត្តិរូបបានប្រហែល២០ដង ទើបមានអង្គការស្លៀកពាក់ពណ៌ខៀវមកថតរូបខ្ញុំ។ ខ្ញុំនៅក្នុងបន្ទប់ចំនួនប្រហែល២០ថ្ងៃ ឡើងងងឹតឈឹង គ្មានពន្លឺសូម្បីមើលជញ្ជាំងជុំវិញអគារ។ យោធាខ្មែរក្រហម៤នាក់ បានបើកទ្វារ ហើយយកដៃខ្ញុំដាក់ទៅក្រោយសិន បានដោះខ្នោះចេញបណ្ដើរៗ ខ្ញុំចេញមក។ ពេលដែលដើរចេញមកនោះខ្ញុំដើរបាន២ជំហានដួលបោកក្បាលទៅនឹងជញ្ជាំង។ កងទ័ពចាំថតរូបនោះបានយកថ្នាំមកជូតឲ្យខ្ញុំអង្គុយលើគ្រែរយៈពេល១០នាទី ក៏លើកដៃធ្វើឲ្យខ្ញុំដើរចេញមក ដោយមិននិយាយអីទេ។ ខ្ញុំមកដល់ឈរគៀនជញ្ជាំង ប្រាប់សញ្ញាធ្វើដៃ១-២ រួចឲ្យខ្ញុំសើចបានថត។ មុនថតអង្គការបានឲ្យខ្ញុំយកក្រាស់សិតសក់។ ពេលថតនោះមានយោធាខ្មែរក្រហម៤នាក់ មកថតនៅគៀនជញ្ជាំងក្រៅបន្ទប់ថតឈរ ដោយថតនៅពេលថ្ងៃមុន ម៉ោងបាយបន្តិច ដល់ពេលថតរូបរួចហើយអង្គការបញ្ជូនទៅក្នុងបន្ទប់វិញ។ ខ្ញុំមិនដែលបត់ជើងធំទេ ពីព្រោះ ខ្ញុំមិនដែលបានហូបបាយច្រើនផង។ ខ្ញុំបត់ជើងតូចដាក់កន្ថោរ។

បន្ទាប់ពីថតរូបរួច បានប្រហែលជាងមួយសប្តាហ៍អង្គការចូលមកសួរថា៖ “ស្រុកកំណើតនៅណា?” ខ្ញុំឆ្លើយដូចនៅក្នុងប្រវត្តិរូប។ ពេលដែលអង្គការដោះលែងខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរ អង្គការចាប់ផ្ដើមដោះខ្នោះ រួចដោះលែងនៅពេលយប់ ប្រហែលជាម៉ោង១២រំលងអធ្រាត្រ ហើយអង្គការនិយាយថា ឲ្យខ្ញុំទៅជួបជុំគ្រួសារទៅ។ អង្គការនិយាយថាដើរទៅមុខរហូតជួបគ្រួសារខ្ញុំហើយ។ ខ្ញុំបានជួបឪពុកម្ដាយបងប្អូននៅទួលស្លែង។ គ្រួសារខ្ញុំនិយាយថា អង្គការយកដាក់ទ្រុងជាមួយក្មេងៗ និងមនុស្សចាស់ក្នុងបន្ទប់មួយ។ ពេលខ្ញុំជួបជុំជាមួយគ្រួសារហើយ អង្គការយកឡានសេអ៊ឹមសេមកដឹកប្រាប់ថា យកទៅប្រជុំមានគ្រួសារខ្ញុំ និងគ្រួសារតាខ្លឹង។ អង្គការបានដឹកគ្រួសារខ្ញុំ និងគ្រួសារតាខ្លឹងទៅដល់គោកព្រលិត ខេត្តកំពង់ស្ពឺសម្រាកមួយយប់។ ពេលព្រលឹមឡើងបានប្រជុំអង្គការនិយាយពីលទ្ធិបក្សកុម្មុយនីស្ត និយាយពីការខិតខំធ្វើស្រែចម្ការ កុំឲ្យនឹកផ្ទះសម្បែង ខំធ្វើស្រែបង្កើនផល ដើម្បីឲ្យស្រុកជឿនលឿនសម្រាប់ដោះដូរត្រាក់ទ័រ ឈប់ប្រើពលកម្មកម្លាំងមនុស្ស គោក្របីទាំងអស់។ អង្គការប្រើឧស្សាហកម្មជឿនលឿន សមមិត្តនាំគ្នាខំធ្វើការទៅពិបាកតែដំបូងទេ។ បន្ទាប់មកទើបអង្គការដឹកចេញមកតាខ្មៅមកស្ពានច្បារអំពៅចេញមកភូមិព្រែកដាច់ ស្រុកលើកដែកវិញ។ ពេលមក ដល់ព្រែកដាច់អង្គការបាន​រៀបចំដាក់តាមក្រុម និងកង។ ខ្ញុំត្រូវអង្គការចាត់តាំងឲ្យរែកដី ជីកប្រឡាយ លើកទំនប់ ចូលក្នុងក្រុមកម្លាំងស្រួច។ ឪពុកម្ដាយខ្ញុំវ័យចំណាស់នៅផ្ទះធ្វើបង្គី កញ្ច្រែង កាប់ឫស្សីធ្វើដងរែក និងដេញចាប។ ចំណែកប្អូនៗ​ខ្ញុំអង្គការ​ចាត់តាំងទៅតាមអង្គភាពនីមួយៗ។ ខ្ញុំដឹងដំណឹងថា ឪពុកស្លាប់ពីប្អូនពៅខ្ញុំដែលនៅដេញចាប​ជាមួយឪពុកម្ដាយ។ ឪពុកខ្ញុំស្លាប់ ដោយសារតែចាស់ជរាក្នុងឆ្នាំ១៩៧៧។ ខ្ញុំបានទៅសុំច្បាប់ពីអង្គការ ដើម្បីយកឪពុកទៅកប់តែ​អង្គការ​មិន​អនុញ្ញាត។ ខ្ញុំនៅតែជម្នះយកសពឪពុកទៅកប់ ប៉ុន្តែត្រូវអង្គការធ្វើបាបមិនឲ្យហូបបាយរយៈពេលមួយសប្តាហ៍។ ក្រោយមកខ្ញុំធ្វើការងារដូចប្រជាជនទូទៅ ដោយធ្វើការងារលើសម៉ោង ហូបបាយមិនគ្រប់គ្រាន់ និងគ្មានពេល​ជួប​ជាមួយគ្រួសារទៀតទេ។

បន្ទាប់ពីរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រហែលរយៈពេល៥ខែ ខ្ញុំបានទៅទួលស្លែងម្តងទៀត ដើម្បីស្រាវជ្រាវ​អំពីម្ដាយមីងខ្ញុំ ប៉ុន្តែរកមិនឃើញ។ ម្ដាយ​មីង​ខ្ញុំឈ្មោះ ម៉ាក់ ប៊ូ  ជាជនជាតិអារ៉ាប់ស្លាប់​ពេលជម្លៀស​ទៅ​បាត់ដំបងមានចំនួន១៦៣នាក់។ បច្ចុប្បន្នគ្រួសារខ្ញុំនៅស្រុកខ្មែរតែ ខ្ញុំ និងប្អូនពៅខ្ញុំទេ។ ចំណែកបងប្អូនខ្ញុំផ្សេងទៀតបានទៅរស់នៅប្រទេសម៉ាឡេស៊ីអស់ហើយ៕

អត្ថបទដោយ វី ស៊ីថា


[1]មជ្ឈមណ្ឌលឯកសារកម្ពុជា បញ្ជីរាយនាមជនរងគ្រោះ ជនជាតិបរទេស ទទួលបានពីផ្នែកស្រាវជ្រាវឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុល ពត-អៀង សារី ទួលស្លែង (RTS0013)

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ដោយលោកឡុង ដានី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៨ ជាមួយឈ្មោះ សេត កាលខាន់ (RTS0013)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin