សែត គុជ រៀបរាប់ពីការលើកទំបន់ជ្រោយចេកក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ សែត គុជ[1] អាយុ៦៥ឆ្នាំកើតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ប៉ុន្តែ​បានផ្លាស់​មករស់​នៅភូមិ​​ព្រៃ​គុយ ឃុំស្រក ស្រុកកំពង់​សៀម ខេត្តកំពង់ចាម។   ខ្ញុំរៀបការប្រពន្ធឈ្មោះ គឹម ហាន និងមាន​កូន​ប្រុស​ស្រី​ចំនួន​៦នាក់។ ឪពុករបស់ខ្ញុំ​ មានឈ្មោះ សែត និងម្ដាយមានឈ្មោះ យ៉ាន។ ខ្ញុំគឺជា​ទី៤​ក្នុង​ចំណោម​​បង​ប្អូន​ប្រុសស្រី៤នាក់។

នៅពីក្មេងខ្ញុំមិនបានរៀនសូត្រអ្វីនោះឡើយ ពីព្រោះគ្រួសាររបស់ខ្ញុំមានកម្រិតជីវភាពក្រីក្រ។ បន្ទាប់​ពី​រដ្ឋ​ប្រហារលន់ នល់ កើតឡើងនៅខែមីនា ឆ្នាំ១៩៧០, មានអ្នកភូមិមួយចំនួនបានចូល​រួមដង្ហែរ​បាតុ​កម្ម​ទៅ​ទីរួម​ខេត្តកំពង់ចាម ប្រឆាំងរបបលន់ នល់។ បាតុករខ្លះបានបន្តការដង្ហែរបាតុកម្ម​រហូត​ទៅ​ដល់ជាយ​ទីក្រុង​ភ្នំពេញ ចំណែកបាតុករខ្លះទៀតបន្តធ្វើបាតុកម្ម​នៅ​ទីរួម​ខេត្ត​កំពង់ចាម។ មិនយូរប៉ុន្មាន ទាហាន​លន់ នល់ បាន​បង្រ្កាប​បាតុករដោយ​គ្រាប់កាំភ្លើង និងបំបែក​ហ្វូង​បាតុករ​ឲ្យ​វិល​ត្រឡប់​ទៅ​ភូមិ​វិញ។ បន្ទាប់ពីបាតុកម្ម​បាន​វិលទៅរកភាពស្ងប់ស្ងាត់បានមួយរយៈពេល, ខ្ញុំចាប់ផ្ដើមឃើញការមក​ដល់​របស់​កងទ័ព​ខ្មែរ​ក្រហម។ ខ្មែរ​ក្រហមបានបញ្ចូនកងទ័ពរបស់ខ្លួនចូលមកដើម្បីឈរជើង និងស៊ើប​ការណ៍​ផ្សេងៗទាក់ទងទៅ​ហ្នឹង​ទាហាន​លន់ នល់។ នៅដើមឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៣ សង្រ្គាមរវាង​ទាហាន​លន់ នល់ និងកង​ទ័ព​ខ្មែរ​ក្រហម បានផ្ទុះ​ឡើងកាន់​តែ​ខ្លាំង​ឡើងៗ។ កងទ័ពខ្មែរក្រហម បានវាយ​កាន់កាប់​ភូមិ​ជា​ច្រើ​ន រួមទាំ​ង​ភូមិ​របស់​ខ្ញុំ។ យ៉ាងណាក៏ដោយ ទាហានលន់ នល់ តែងតែធ្វើ​ការវាយ​ប្រហារ​ទៅ​លើ​ភូមិ​នានា ដែលស្ថិតនៅ​ការ​គ្រប់គ្រងរបស់ខ្មែរក្រហម ដោយមានទាំងការបាញ់ផ្លោងគ្រាប់ និង​ការ​ទម្លាក់​គ្រាប់​បែក។

ខ្ញុំមិនបាន​រត់​គេច​ខ្លួនចេញពីភូមិនៅពេលនោះទេ ពីព្រោះខ្ញុំបានជីក​រណ្ដៅត្រង់សេសម្រាប់​រត់គេច​ពី​​អំបែង​គ្រាប់បែក។ ទាហានលន់ នល់ និងទាហានអាមរិក បន្តទម្លាក់គ្រាប់បែកនៅភូមិរបស់​ខ្ញុំយ៉ាង​ច្រើន។នៅពេល​ដែល​មាន​ការ​ទម្លាក់គ្រាប់បែកម្ដងៗ, ខ្ញុំនិងអ្នកភូមិផ្សេងទៀត តែងតែរត់​ចូលការពារ​ខ្លួន​នៅ​រណ្ដៅត្រង់សេ ហើយ​ពេល​ខ្លះ ខ្ញុំបាន​វិចខ្ចប់​បាន​ហូប និងបន្តសង្ងំនៅក្នុងរណ្ដៅត្រង់សេ រហូត​ដល់​យប់ ទើបហ៊ានចាក​ចេញ​ពី​រណ្ដៅ។

បន្ទាប់​ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅខែមេសា​ ឆ្នាំ១៩៧៥, ខ្ញុំត្រូវបាន​ដាក់​ឲ្យធ្វើការ​ងារ​នៅ​កង​កុមារ។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់មកត្រៀមចូលធ្វើការងារនៅ ទៅកងចល័តបម្រុង​នៅ​ការ​ដ្ឋា​ន​ទំនប់​​ជ្រោយចេក។ ខ្ញុំត្រូវធ្វើការងារ ពីម៉ោង៧ដល់ម៉ោង១១ ទើបបានសម្រាកអាហារថ្ងៃត្រង់ ហើយ​បន្ទាប់​​មក ខ្ញុំត្រូវធ្វើការហូតដល់ល្ងាច។ អស់មួយរយៈក្រោយមក ខ្ញុំត្រូវបានដាក់ចូលធ្វើជា​កងចល័ត​យុវជន​ខ្មែរ​​ក្រហម។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានរើសធ្វើជាកងទ័ពដែលត្រូវប្រយុទ្ធជាមួយកងទ័ពវៀតណាម ប៉ុន្តែខ្ញុំ​មិន​​ ត្រូវ​បានបញ្ចូនទៅសមរភូមិនោះទេ ពីព្រោះតែមាឌរបស់ខ្ញុំនៅតូច។ ខ្ញុំបានរួចផុត​ពីទុក​វេទ​នា ​និង​សេច​ក្ដី​​​ស្លាប់ គឺនៅពេលដែលកងទ័ពខ្មែរក្រហម​ទទួលបរាជ័យ​ ដោយសារតែ​កងទ័ពរណសិរ្ស​សាម​គ្គី​​សង្គ្រោះ​​​ជាតិ​កម្ពុជា បានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។ [2] ខ្ញុំបានវិលត្រឡប់​មក​រស់​​​​​​នៅ​​ភូមិ​កំណើត​វិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។

អត្ថបទដោយ ទូច វណ្ណេត


[1] បទសម្ភាសន៍ជាមួយ  សែត គុជ  នៅខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌល​ឯកសារកម្ពុជាកម្ពុជា សាខាខេត្តកំពង់ចាម

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin