សួរចម្លើយបីដង

(កំពង់ធំ)៖ សឺ គា អាយុ៦៩ឆ្នាំ មានទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ននៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃ គា មានជំងឺសន្លាក់ដៃ-ជើង និងជំងឺបន្ទាប់បន្សំផ្សេងទៀតដូចជាឈឺក្បាល និងវិលមុខ, គាត់តែងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាប្រចាំ។
ការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ បានបណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជននៅក្នុងភូមិជាខ្លាំង។ ប្រជាជនត្រូវបាត់បង់ទ្រព្យសម្បត្តិដូចជា ផ្ទះសំបែង, សម្ភារប្រើប្រាស់ប្រចាំថ្ងៃ, សត្វពាហនៈ, ដំណាំ និងធ្វើឱ្យប្រជាជនមានរបួស និងបាត់បង់ជីវិត។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលគ្រប់គ្រងនៅក្នុងតំបន់ដែល គា រស់នៅ, គាត់ត្រូវបានចាត់តាំងឱ្យធ្វើការងារនៅក្នុងកងដឹកជញ្ជូន មានតួនាទីជាប្រធានកង។ គា បាននិយាយថានៅក្នុងរបបខ្មែរក្រហមគាត់មិនដែលហូបអាហារបានឆ្អែតឡើយ បបររាវៗមានតែទឹក គ្រាប់បបរមានត្រឹមបីស្លាបព្រា។
នៅក្នុងរបបខ្មែរក្រហម បែងចែកជាពីរ គឺប្រជាជនមូលដ្ឋាន និងប្រជាជន១៧មេសា។ គា បាននិយាយថា ការរស់នៅរបស់ប្រជាជនទាំងពីរ មានស្ថានភាពខុសគ្នា គឺប្រជាជនមូលដ្ឋានរស់នៅមានភាពងាយស្រួលជាងប្រជាជន១៧មេសា។ ប្រជាជនមូលដ្ឋានតែងទទួលបានការទុកចិត្តពីសំណាក់ខ្មែរក្រហម ចំណែកប្រជាជន១៧មេសា ដែលជម្លៀសពីភ្នំពេញ ខ្មែរក្រហមបានគិតថាជាអ្នកមានទ្រព្យសម្បត្តិ និងតែងតែធ្វើបាប និងកេងប្រវ័ណ្ចលើប្រជាជនក្រីក្រ។ ប្រជាជនទាំងនោះតែងទទួលបានការស្អប់ខ្ពើមពីខ្មែរក្រហម។
នៅក្នុងរបបខ្មែរក្រហម មានការធ្លាក់ចុះស្ទើរគ្រប់វិស័យ។ ការព្យាបាលជំងឺនៅពេលនោះ គ្មានស្ដង់ដាត្រឹមត្រូវ, គ្រូពេទ្យមិនមានជំនាញ, និងគ្មានថ្នាំគ្រប់គ្រាន់ មានតែថ្នាំដែលផលិតនៅក្នុងស្រុក គឺថ្នាំអាចម៍ទន្សាយ ហើយថ្នាំនោះមានអ្នកជំងឺភាគតិចណាស់ដែលលេបទៅបានធូរស្បើយពីជំងឺ។ ការគោរពបូជាត្រូវលុបបំបាត់ ចាប់ផ្សឹកព្រះសង្ឃ, វាយកម្ទេចរូបបដិមា, វាយកម្ទេចវត្តអារាម ឬយកទីធ្លាវត្តទៅធ្វើជាកន្លែងចិញ្ចឹមសត្វគោ-សត្វជ្រូក និងជាកន្លែងផ្ទុកសម្ភារប្រើប្រាស់។ មិនត្រឹមតែវត្តអារាមនោះទេ ការអប់រំនៅពេលនោះក៏ស្ទើរតែលុបបំបាត់ចោល មានការរៀនអក្សរប៉ុន្តែគ្រូគ្មានសញ្ញាបត្រ មិនមានចំណេះដឹងទូលំទូលាយ និងគ្មានសាលារៀនត្រឹមត្រូវ ក្មេងៗត្រូវរៀននៅក្រោមដើមឈើ ឬក្រោមផ្ទះរបស់ប្រជាជន។
គា បានបន្តថា ការរៀបការនៅក្នុងរបបខ្មែរក្រហម គឺមិនមាននរណាបានដឹងព័ត៌មានមុននោះទេ។ ខ្មែរក្រហមបានហៅយុវជន-យុវនារីទៅប្រជុំ ហើយបានហៅឈ្មោះសាមីខ្លួនទាំងសងខាងឱ្យឈរ ឬអង្គុយទល់មុខគ្នា។ បន្ទាប់មានកម្មាភិបាលឡើងណែនាំពីច្បាប់ទម្លាប់ ព្រមទាំងឱ្យគូស្វាមី-ភរិយា តំណាងចំនួនពីរ ទៅបីគូ ឡើងប្ដេជ្ញាចិត្តចំពោះមុខអង្គការ ដើម្បីបញ្ជាក់ពីភក្ដីភាព។
នៅក្នុងរបបខ្មែរក្រហម សកម្មភាពនៃការសួរចម្លើយបានធ្វើទារុណកម្មលើអ្នកទោសមានដូចជា ឆក់ខ្សែភ្លើង, ដកក្រចកដៃ-ជើង និងវាយធ្វើបាប។ នៅពេលនោះ គា ត្រូវបានខ្មែរក្រហមចោទថាជាប់និន្នាការក្បត់ ព្រោះគាត់ធ្លាប់ធ្វើជាកងទ័ពពីមុនមក ហើយប្រធានក្រុម ឬប្រធានកងនៅក្នុងអង្គភាពរបស់គាត់ត្រូវបានចោទប្រកាន់ថាក្បត់ជាមួយនឹងអង្គការ និងបានចាប់យកទៅសម្លាប់ចោល។ គា ត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅសួរចម្លើយចំនួនបីដង ប៉ុន្តែជាសំណាងរបស់គាត់មិនត្រូវសម្លាប់ដូចជាអ្នកដទៃ៕
សម្ភាសន៍ដោយ៖ អ៊ឹម តាំងស្រៀង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

