ស្ងួន នុត៖ សកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលប្រយោជន៍អង្គការបដិវត្តន៍

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៤២ព័រ​ គឺជារបស់ ​ស្ងួន នុត។ ​តាមរយៈចម្លើយសារភាព​(J០០​៣៣២​) ​បង្ហាញថា ​​​នុត ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាម​ការ​អប់រំ ពីឈ្មោះសន និងសាត ជាមេចោរព្រៃ ​។ ការចូលបម្រើបដិវត្តន៍នេះ ​នុត បានធ្វើសកម្មភាពអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលស្រូវអង្គការបដិវត្តន៍។  ខាងក្រោមនេះ គឺជាសកម្មភាព របស់ឈ្មោះ ស្ងួន នុត ៖

ឈ្មោះ ស្ងួន នុត[1] ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិកោះកាំពិ ឃុំកោះកាំពិ ស្រុកថ្មស ខេត្តកោះកុង។ តាំងពីដឹងក្ដីមក នុត រស់នៅជាមួយឪពុកម្ដាយ។ ​នៅពេលមានអាយុ១៩ឆ្នាំ  នុត ត្រូវឪពុកបញ្ជូន​ឲ្យទៅរៀននៅសាលាវត្តកាំពិ បានរយៈពេល៣ឆ្នាំក៏ឈប់រៀន។

នៅឆ្នាំ១៩៦៩ នុត ជាមួយឪពុកម្ដាយ បានផ្លាស់មករកស៊ីនៅភូមិតាពៅ ឃុំវាលរិញ ស្រុកព្រៃនប់ ​​ ខេត្តកំពត​​ ភូមិភាគ (៤០៥) តំបន់២៥[2] និង​ប្រកបមុខរបរធ្វើស្រែ​។ ចំណែក នុត ​តាមការណែនាំពី​ឈ្មោះ សន និងសាត ជាមេចោរព្រៃ​ បានអប់រំឲ្យឃើញពីការទទួល​បានបុណ្យស័ក្ដិ  ក៏ចាត់តាំង នុត ​ជាមួយមនុស្សម្នាក់ទៀតឈ្មោះ ពក ​ដោយបញ្ចូលជាគិញ មានតួនាទីតាមដានប្រជាជនដែលចូលដៃជាមួយខ្មែរក្រហម និងកសាងកម្លាំងគិញ។ ​ បន្ទាប់មក​ នុត និងសាត បានទាក់ទងខ្សែគិញចំនួន៥នាក់ និងរាយការណ៍ទៅឲ្យឈ្មោះ សាត និងសន ​​​ហើយដឹកនាំទាហានទៅវាយជាមួយទ័ពខ្មែរក្រហមចំនួន២ដង ​នៅភ្នំទ្រាលអំពែក, ភ្នំចកព្រៃ និងភ្នំរមូ ធ្វើឲ្យទាហាននៅ ភ្នំរមូ ​ត្រូវរបួសចំនួន១នាក់។

នៅឆ្នាំ១៩៧០ នុត អប់រំកម្លាំងបានចំនួន៣នាក់ទៀត ហើយរួមគ្នាចាប់បានប្រជាជនចំនួន២នាក់​ដែល​ចូលដៃជាមួយខ្មែរក្រហម និងរាយការណ៍ទៅឲ្យ ឈ្មោះ សន។ នៅខែសីហា ឆ្នាំដដែល នុត និង​ខ្សែគិញចំនួន២នាក់ បានអប់រំមេភូមិឈ្មោះ ​គៀក មានសក្ដិ៤កន្លះ និងបញ្ចូលជាភ្នាក់ងារ សេ.អ៊ី.អា. ដោយឈ្មោះ គង់​ ទូច និងទទួលស្គាល់ ដោយឈ្មោះ កែវ ម្នី។ ​ ​ពេលនោះ នុត និង​ខ្សែគិញចំនួន២នាក់ បានទាក់ទង​ខ្សែចាស់ចំនួន៣នាក់​ ថែមទាំងចាប់បានប្រជាជន​ចំនួន៣នាក់ និងទាហាន១នាក់ បញ្ជូនទៅឲ្យឈ្មោះ កែវ ម្នី។ នៅ​ឆ្នាំ១៩៧១ នុត និងសមាជិក ​ចាំស្ទាក់​បាញ់ខ្មែរក្រហមនៅភូមិបបុស ​នៅតាមតំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ធ្វើឲ្យ​កម្លាំងខ្មែរក្រហមស្លាប់ចំនួន២នាក់។

នៅដើមឆ្នាំ១៩៧៣ នុត និងសមាជិកចំនួន៣នាក់ បានចូលធ្វើសកម្មភាពនៅតាមទូកនេសាទ របស់ពួកនាយទុន ថែមទាំងកសាងកម្លាំងបានចំនួន១នាក់ និងចាប់បានខ្មែរក្រហមចំនួន២នាក់នៅតាមច្រកភ្នំប្រមូល។ ​មួយឆ្នាំកន្លងទៅ នុត និង​ខ្សែចំនួន៣នាក់ កសាងកម្លាំងបានចំនួន៣នាក់ និងចាប់បានខ្មែរក្រហមដែលចូលបង្កប់ខ្លួនក្នុងកម្មករនេសាទបានចំនួន២នាក់។

នៅក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ នុត បានជម្លៀសទៅរស់នៅជាមួយប្រជាជនឈ្មោះ នុម ហើយថែមទាំងកសាងកម្លាំងបានចំនួន២នាក់ ហើយដើរលួច ដំឡូង ចេក និង​ដើរទាក់​ជ្រូករបស់​អ្នកភូមិ​​​។ នៅខែធ្នូ ឆ្នាំ១៩៧៥ ​​នុត ​បានទំនាក់ទំនងជាមួយខ្សែចាស់ឈ្មោះ ឈូក ​រួមគ្នាកសាងកម្លាំងបានចំនួន២នាក់ ​ថែមទាំងធ្វើសកម្មភាព ដុតបំផ្លាញស្រូវចំនួន៣បាវ និងយកអង់ទ្រីនចំនួន១ដប ទៅជូតនឹងមាត់ក្របី ធ្វើឲ្យងាប់​​ចំនួន១ក្បាល។ នៅខែមេសា ឆ្នាំ១៩៧៦ នុត និងឈូក បានទាក់ទងជាមួយឈ្មោះ សៀ និងវ៉ាន់​ ​រួមគ្នាធ្វើសកម្មភាពក្រវែងស្រូវប្រជាជន ធ្វើឲ្យខូច​ខាត​​អស់មួយចំនួន និងកាត់ផ្ដាច់ខ្សែភ្លើងអស់មួយចំនួនទៀតក្នុងស្រុកព្រៃនប់។ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះពេលបន្ទាប់ នុត និងសមាជិកចំនួន៥នាក់ ក៏​បំពុលក្របីប្រជាជននៅភូមិព្រៃទប់ ធ្វើឲ្យងាប់​ចំនួន១ក្បាល។

តាមរយៈឈ្មោះ ងន បានណែនាំ នុត និងឈូក ​ឲ្យភ្ជាប់ខ្សែ សេ.អ៊ី.អា. ជាមួយឈ្មោះ ដូង និង​បានយកអំបិលទៅដាក់ក្នុងធុងសាំងត្រាក់ទ័រចំនួន១គ្រឿង ធ្វើឲ្យខូចខាតប្រើការលែងកើត ថែមទាំងលួចបង្ហូរទឹកចេញពីស្រែ​ចំនួន២ហិច​តា និងដុតបំផ្លាញស្រូវប្រជាជន​ចំនួន១ជង្រុក​។  មួយរយៈក្រោយមក នុត និងសមាជិកចំនួន២នាក់ បានទាក់ទងខ្សែចោរព្រៃចំនួន២នាក់ ​ក៏​ធ្វើសកម្មភាពបោកគ្រាប់បែក​ចំនួន២គ្រាប់នៅភូមិស្រែចាម និងលួចដុតស្រូវប្រជាជន​អស់មួយចំនួន​។ នៅដើមខែតុលា ឆ្នាំ១៩៧៦ នុត និងសមាជិកចំនួន២នាក់ បានយកអង់ទ្រីន ទៅបំពុលគោ នៅក្នុងភូមិចំរ៉ុង ធ្វើឲ្យងាប់ចំនួន​១នឹម ថែមទាំងលួចដុតស្រូវនៅតាមសហករណ៍ នៅភូមិស្រែចាម​​ ។ សហករណ៍នេះ ជាកន្លែងដែលប្រជាជនទាំងអស់ត្រូវរស់នៅ, ធ្វើការ, ហូបចុក និងចែករំលែកការកម្សាន្ដរួមគ្នា[3]។ នៅខែធ្នូ ឆ្នាំ១៩៧៦ ​នុត ​បានទាក់ទងជាមួយឈ្មោះ សំ ប៊ុន និងកង ជាមេចោរព្រៃនៅមាត់ច្រកភ្នំថ្ម៣ដុំ និងប្រជុំដាក់ផែនការ ឲ្យផ្ដល់ស្បៀងនិងថ្នាំពេទ្យឲ្យទៅខ្សែចោរព្រៃ។ ​បន្ទាប់ពីប្រជុំចប់ នុត និងសមាជិកចំនួន២នាក់ ​ក៏យកគ្រាប់បែកចំនួន២គ្រាប់ ទៅបោកក្នុងភូមិចំរ៉ុង ធ្វើឲ្យចលាចល​ទាំងយប់។ ​ក្នុងពេលជាមួយគ្នា ក្រុមនេះក៏លួចដុត​ស្រូវប្រជាជន​ចំនួន១ជង្រុក និង​កាប់ទម្លាយទំនប់ធ្វើឲ្យខូចខាតស្រូវចំនួន៣ហិចតា។

នៅខែមករា ឆ្នាំ១៩៧៧ ​ នុត និងសមាជិកចំនួន៣នាក់​ បានទៅដឹកស្រូវនៅស្ទឹងព្រៃនប់ ហើយទម្លាក់ស្រូវចូលក្នុងទឹកទន្លេ​ចំនួន១០បាវ។ ​ នុត និងសមាជិកដដែល បានទំនាក់ទំនង​ មនុស្សចំនួន៣នាក់ ដែលជាខ្សែចោរព្រៃ និងបានធ្វើសកម្មភាពដុតបំផ្លាញស្រូវ ប្រជាជននៅភូមិបឹងវែងអស់មួយចំនួន​។ ​នៅវេលាពេលយប់ នុត និងសមាជិកចំនួន៥នាក់ បានប្រជុំដាក់ផែនការនៅក្នុងការដ្ឋានព្រៃនប់ ដោយការប្រជុំដូចលើកមុនដដែល។ ​បន្ទាប់ពីប្រជុំ​ចប់ នុត និងសមាជិក លួចដុតស្រូវប្រជាជន​នៅភូមិចាមចំនួន៥ការ៉ុង​។ នៅខែមីនា ក្នុងឆ្នាំដដែល នុត និងសមាជិកចំនួន២នាក់ ​បានយកអង្ករចំនួន៣៥គីឡូ ត្រីងៀត១៥គីឡូ និងថ្នាំពេទ្យមួយចំនួន បញ្ជូនទៅឲ្យឈ្មោះ សំប៊ុន និងកង ដែលជាមេចោរព្រៃនៅច្រកភ្នំថ្មបីដុំ។ លើសពីនេះ នុត និងសមាជិក បានធ្វើសកម្មភាពបោកគ្រាប់បែកចំនួន២គ្រាប់នៅក្នុងភូមិបឹងវែង ធ្វើឲ្យក្របីងាប់ចំនួន៥ក្បាល។ នៅខែមេសា ឆ្នាំ១៩៧៧ ឈ្មោះ ឃុន បានចាត់តាំង នុត ​ឲ្យទៅរស់នៅភ្នំថ្មបីដុំ ហើយនុតបាន​ឃើញ​ បក្ខពួកចោរព្រៃមានគ្នាចំនួន៣០នាក់ ​កាន់អាវុធគ្រប់ដៃ ក្នុងនោះមានបេ៤០ មួយដើម អង្ករ​២បាវ និងគ្រាប់ត្រៀមប្រហែល២០ឡាំង។ រយៈពេល៣ថ្ងៃក្រោយ ឈ្មោះ សំប៊ុន និងកង បានហៅ​នុត ទៅណែនាំ និងបញ្ជូនទៅអង្គភាពកងចល័ត ជាមួយឈ្មោះ ឃុន ទទួលភារកិច្ច ឲ្យជួយផ្ដល់ស្បៀង និងថ្នាំពេទ្យឲ្យបក្ខពួកដែលជាខ្សែចោរព្រៃ ហើយបំផុសកងចល័តឲ្យរត់ចូលព្រៃ។  ​លុះពេលត្រលប់មកវិញ នុត​ ក៏ត្រូវយោធា ចាប់ខ្លួនបញ្ជូនទៅឲ្យឈ្មោះឆាយ ឃុំឃាំងខ្លួននៅព្រៃនប់​រយៈពេល២ថ្ងៃ និងបញ្ជូនទៅដាក់នៅកំពង់សីលា​រយៈពេល៥ថ្ងៃ។ រហូតដល់ចុងខែមេសា ឆ្នាំ១៩៧៧ នុត ត្រូវបានអង្គការចាប់ខ្លួន និងបញ្ជូនទៅសួរចម្លើយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៧។

ជីម សុខគា


[1] ឯកសារ (J០០៣៣២​)  តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង៖ «ស្ងួត នុត៖ សកម្មភាអប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលប្រយោជន៍អង្គការបដិវត្តន៍»។ ​បង្ហាញអំពីសកម្មភាព នុត ​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាម​ការ​អប់រំ ពីឈ្មោះ ​ពីឈ្មោះសន និងសាត ជាមេចោរព្រៃ ​។ ការចូលបម្រើបដិវត្តន៍នេះ នុត បានធ្វើសកម្មភាព​អប់រំប្រជាជនឲ្យប្រឆាំងនឹងបំផ្លាញផលស្រូវអង្គការបដិវតន៍។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៤។

[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៤០។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin