បងស្រី និងក្មួយរបស់ខ្ញុំត្រូវទៅទីតាំងថ្មី

(ក្រចេះ)៖ ស៊ីម សេម អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សេម មានជំងឺទឹកនោមផ្អែម, ជំងឺលើសសម្ពាធឈាម និងបញ្ហាងងឹតភ្នែក។

សេម ធ្លាប់ស្ម័គ្រចិត្តបម្រើការងារជាយោធាខ្មែរក្រហម និងចូលសមរភូមិប្រយុទ្ធជាមួយនឹងទាហាន លន់ នល់ នៅខេត្តកំពង់ធំ។ បន្ទាប់ពីគាត់ប្រយុទ្ធនៅសរមភូមិក្នុងខេត្តកំពង់ធំបានចំនួនពីរឆ្នាំ គាត់បានត្រឡប់ទៅខេត្តក្រចេះវិញ។ ក្រោយពីត្រឡប់ទៅស្រុកកំណើតវិញគាត់បានរៀបការជាមួយប្រពន្ធរបស់គាត់។ កន្លងបានប្រហែលជាបីខែ ខ្មែរក្រហមបានវាយរំដោះកាន់កាប់ទីក្រុងភ្នំពេញ ។

ក្រោយពីខ្មែរក្រហមកាន់កាប់អំណាចទូទាំងប្រទេស សេម បានឈប់ធ្វើជាយោធា និងប្ដូរមកធ្វើការងារនៅក្នុងកងចល័តវិញ។ ខ្មែរក្រហម បានចាត់តាំងឱ្យគាត់ធ្វើការដូចជា ជីកប្រឡាយ, លើកទំនប់ និងធ្វើស្រែ។ នៅក្នុងរបបនោះ គ្រប់ប្រជាជនទាំងអស់មិនថាចាស់ ឬក្មេង សូម្បីតែព្រះសង្ឃ សុទ្ធសឹងតែត្រូវខ្មែរក្រហមបង្ខំឱ្យធ្វើការងារ។

នៅក្នុងរបបខ្មែរក្រហម មានប្រជាជនជាច្រើនមានជំងឺ និងស្លាប់ដោយសារតែការរស់នៅគ្មានអនាម័យ, គ្មានអាហារហូបគ្រប់គ្រាន់ ថែមទាំងធ្វើការងារលើសកម្លាំង។ អ្នកជំងឺធ្ងន់ៗបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកអ្នកជំងឺល្មមៗគឺនៅសម្រាកព្យាបាលត្រឹមមន្ទីរពេទ្យស្រុក ឬពេទ្យនៅក្នុងសហករណ៍។

សេម ធ្លាប់បានឮដំណឹងជាច្រើនពីប្រជាជនដែលរស់នៅក្នុងសហករណ៍ជាមួយគាត់ថា ខ្មែរក្រហមបានវាយធ្វើបាប និងសម្លាប់ប្រជាជន។ តាមរយៈការសង្កេតរបស់គាត់ ខ្មែរក្រហមតែងតែនាំខ្លួនប្រជាជននៅក្នុងភូមិទៅបាត់ ហើយប្រើហេតុផលថាត្រូវផ្លាស់ប្ដូរទីលំនៅ, យកទៅរៀនសូត្រ ឬត្រូវទៅធ្វើការងារនៅសហករណ៍ផ្សេង។

រឿងរ៉ាវដែល សេម ចងចាំមិនអាចបំភ្លេចបានពីរបបខ្មែរក្រហម គឺការសម្លាប់មនុស្ស។ នៅពេលនោះ ឈ្លបខ្មែរក្រហមបានចាប់បងស្រី និងក្មួយរបស់គាត់ចំនួនពីរនាក់ យកទៅសម្លាប់ចោល ព្រោះបងស្រីរបស់គាត់មានប្ដីជាជនជាតិវៀតណាម។ នៅពេលនាំខ្លួនអ្នកទាំងបីទៅ ខ្មែរក្រហមបានប្រើហេតុផលថា នាំសមាជិកគ្រួសារបងស្រីរបស់គាត់ ផ្លាស់ប្ដូរឱ្យទៅរស់នៅទីតាំងថ្មី។ ក្រោយមកទើបគាត់ទទួលដំណឹងថា បងស្រី​ និងក្មួយៗ ត្រូវបានខ្មែរក្រហមសម្លាប់ចោលទាំងអស់។ នៅក្នុងរបបនោះ ប្រជាជនដែលសង្ស័យថាមានគ្រួសារ ឬជាប់ខ្សែជាមួយនឹងជនជាតិវៀតណាម គឺត្រូវសម្លាប់ចោលទាំងអស់។

ការហូបចុក ការស្នាក់នៅ និងការងារ គឺជាបញ្ហាចម្បងដែលប្រជាជនបានជួបប្រទះនៅក្នុងរបបខ្មែរក្រហម។ ពាក់ព័ន្ធនឹងរបបអាហារ ប្រជាជនទទួលបានតែបបររាវ លាយជាមួយនឹងសម្លម្ជូរព្រលឹត និងម្ជូរត្រកួន ហើយនៅក្នុងមួយថ្ងៃ ប្រជាជនទទួលបានត្រឹមពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ចំណែកឯការស្នាក់នៅវិញ ប្រជាជនត្រូវរស់នៅជុំគ្នានៅក្នុងសហករណ៍។ សេម បាននិយាយថាការស្នាក់នៅជុំគ្នា គឺជួបប្រទះទុក្ខលំបាកជាច្រើនព្រោះត្រូវចែកកន្លែងគ្នាស្នាក់នៅ និងគ្មានឯកជនភាពនោះទេ។

នៅអំឡុងពេលដែលកងទ័ពវៀតណាម បានវាយចូលទឹកដីកម្ពុជា, សេម បានស្ម័គ្រចិត្តចូលធ្វើជាយោធាខ្មែរក្រហមម្ដងទៀត។ សេម បាននិយាយថា ស្ថានភាពនៃការវាយលុកចូលរបស់វៀតណាមកាន់តែខ្លាំង ដូច្នេះកម្លាំងរបស់ខ្មែរក្រហមមួយចំនួន មិនអាចទប់ទល់បានបន្តទៀត ក៏បានទម្លាក់អាវុធ និងរត់យករួចខ្លួន៕

សម្ភាសន៍ដោយ៖ ស៊ុន លីស៊ុង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin