ស៊ឺម លន៖ ធ្លាក់ខ្លួនពិការដោយសារដឹកជញ្ជូនគ្រាប់

ស៊ឺម លន[1] ភេទប្រុស អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំ ឃុំច័ន្ទស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន លន រស់នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លន បាននិយាយថា៖ «ឪពុករបស់ខ្ញុំឈ្មោះ ជា លន់ ចំណែកឯម្ដាយឈ្មោះ ចាន់ ភ្លើង។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ឡាច ជី បច្ចុប្បន្នខ្ញុំមានកូនចំនួន៥នាក់ (ស្រី៣នាក់ និងប្រុស២នាក់) ។ យើងបានរៀបការនៅក្នុងឆ្នាំ១៩៩៦។ សព្វថ្ងៃនេះ ខ្ញុំប្រកបមុខរបរជាកសិករ។ កាលពីកុមារភាពខ្ញុំ រៀនសូត្របានត្រឹមថ្នាក់ទី១១ពីសង្គមចាស់ ដែលអាចឲ្យខ្ញុំចេះអាន និងសរសេរបានបន្តិចបន្តួច។
ក្រោយមកនៅឆ្នាំ១៩៧៦ ខ្ញុំបានចូលទៅរស់នៅក្នុងកងកុមារខ្មែរក្រហម ដោយសារពេលនោះខ្ញុំមានអាយុប្រហែល១៦ឆ្នាំ។ ការងារប្រចាំថ្ងៃរបស់យើង គឺកាប់ទន្ទ្រាន ខេត្រធ្វើជាជីកំប៉ុសសម្រាប់ដាក់តាមវាលស្រែ។ រយៈពេល២ឆ្នាំក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅរស់នៅក្នុងកងចល័ត។ ការងារប្រចាំថ្ងៃរបស់យើង គឺលើកទំនប់ ជីកប្រឡាយ។ ក្នុងក្រុមរបស់ខ្ញុំមានគ្នាចន្លោះពី២០០ទៅ៣០០នាក់។ នៅពេលនោះយើងបានរស់នៅតាមមាត់ទន្លេជិតភូមិដានរុន។
ក្រៅពីការងារទាំងអស់នេះ យើងត្រូវបូមទឹកបញ្ចូលស្រែប្រាំង ស្ទូងស្រូវ និងដេញចាប ដើម្បីកុំឲ្យស៊ីស្រូវ។ ចំណែកឯការហូបចុករបស់យើងវិញ ខ្មែរក្រហមកំណត់ពេលវេលាច្បាស់លាស់មានចំនួនពីរពេលក្នុងមួយថ្ងៃ។ របបអាហារមិនមានភាពទៀងទាត់នោះទេ ជួនកាលបានហូបបាយ ហើយជួនកាលទៀតហូបបបរ។ ប៉ុន្តែជាទូទៅយើងហូបបបរច្រើនជាងបាយ។ ម្នាក់ៗហូបមិនឆ្អែតសុខចិត្តទ្រាំនឹងការអត់ឃ្លាន ហើយធ្វើយ៉ាងណាឲ្យតែគោរពតាមវិន័យអង្គការខ្មែរក្រហម។ នៅក្នុងកងចល័ត យើងមិនទទួលបានសិទ្ធិទូលំទូលាយក្នុងការទៅលេងផ្ទះ និងទៅជួបឪពុកម្ដាយបងប្អូនឡើយ។ យើងអាចទៅបានក្រោមហេតុផលតែម្យ៉ាងគត់គឺ អ្នកផ្ទះឈឺ ឬក៏មានធុរៈចាំបាច់។ ប្រសិនបើមានហេតុផលបែបនេះមែន ខ្មែរក្រហមអនុញ្ញាតឲ្យយើងទៅសួរសុខទុក្ខអ្នកផ្ទះយ៉ាងយូរបំផុតត្រឹមរយៈពេល២ថ្ងៃ គិតទាំងថ្ងៃត្រឡប់មកកន្លែងការងារវិញ។ ចាប់តាំងពីខ្ញុំឃ្លាតឆ្ងាយពីក្រុមគ្រួសារមក ខ្ញុំបានត្រឡប់ទៅលេងផ្ទះបានតែចំនួន២ដងគត់ គឺនៅចុងឆ្នាំ១៩៧៧។
នៅពេលកងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៩ ខ្ញុំបានរត់តាមកងទ័ពខ្មែរក្រហមមកកាន់តំបន់ព្រំដែនភាគខាងជើងប្រទេសកម្ពុជា។ យើងបានលេចឮពាក្យចរចាមអារាមថា កងទ័ពវៀតណាមអារកយើងនឹងធាងត្នោត។ សភាពការណ៍នៅពេលនោះមានភាពច្របូកច្របល់ណាស់ កងទ័ពខ្មែរក្រហមបានបែកខ្ចាត់ខ្ចាយ ហើយកងទ័ពបានប្រមូលផ្ដុំគ្នាដោយចម្រុះអង្គភាព។
យើងបានជួបនឹងការអត់ឃ្លាន ហើយមនុស្សម្នារស្លាប់នៅតាមផ្លូវជាហូរហែ។ ពីមួយថ្ងៃទៅមួយថ្ងៃប្រជាជនបានថមថយស្ដួចស្ដើងទៅៗ ហើយអ្នកដែលនៅរស់នាំគ្នាជីកដំឡូងព្រៃ មើមក្ដួច ធ្វើជាអាហារ។ យើងបានធ្វើដំណើរអស់រយៈពេល៣ខែទើបដល់ព្រំដែនកម្ពុជា-ថៃ នៅតាមបណ្ដោយជួរភ្នំដងរែកនៅឆ្នាំ១៩៨០។ កងកម្លាំងរបស់ខ្ញុំមិនមានកាំភ្លើងជាប់នឹងខ្លួននោះទេ។ យើងបានរៀបចំកម្លាំងឡើងវិញដើម្បីតស៊ូជាមួយកងទ័ពវៀតណាម។ កងទ័ពរបស់យើងជិតមួយពាន់នាក់បានទទួលជំនួយ និងបំពាក់សព្វាវុធឡើងវិញ។ យើងបានជួបនឹង ឈិន ជឿ ហៅ តាម៉ុក ចាប់ពីពេលនោះមក។
ក្រោយមក ខ្មែរក្រហមបានជ្រើសរើសខ្ញុំធ្វើជាកងកម្លាំងដឹកជញ្ជូនគ្រាប់ទៅសមរភូមិមុខ។ នៅពេលនោះ ខ្ញុំមានតួនាទីដឹកជញ្ជូនផង និងកេណ្ឌប្រជាជនធ្វើកងទ័ពផង ដែលមានមូលដ្ឋាននៅព្រៃស្អាក។ យើងបានជួបប្រទះនឹងការភ័យខ្លាច និងប្រឈមជាមួយបញ្ហាជាច្រើនអំឡុងពេលទៅសមរភូមិ។ ការប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតអាចកើតឡើងគ្រប់ពេលទាំងអស់។ ក្នុងដំណើរដឹកជញ្ជូនរបស់យើងម្ដងៗមានរយៈកាលកំណត់មួយ។ ជាទូទៅប្រសិនបើមិនមានបញ្ហារាំងស្ទះនៅតាមផ្លូវ យើងអាចវិលត្រឡប់មកកាន់សមរភូមិក្រោយវិញបាននៅរយៈពេល៣យប់៣ថ្ងៃបន្ទាប់។ ប្រសិនបើមានការវាយស្ទាក់ពីកងកម្លាំងរដ្ឋាភិបាល និងកងទ័ពវៀតណាមនៅតាមផ្លូវ យើងត្រូវទ្រាំរស់នៅក្នុងព្រៃរយៈពេលប្រហែលកន្លះខែ។ តែទោះជាយ៉ាងណាក៏ដោយ យើងបានត្រៀមទាំងកាយ ទាំងចិត្ត និងស្បៀងអាហារសម្រាប់រយៈពេលវែង។ នៅពេលឈប់សម្រាកត្រង់ណា យើងតែងតែនាំគ្នាចម្អិនអាហារនៅទីនោះ ហើយប្រញាប់ប្រញាល់ធ្វើដំណើរទៅមុខទៀត។
រហូតដល់ឆ្នាំ១៩៨២ ខ្ញុំបានដើរជាន់មីន អំឡុងពេលដឹកជញ្ជូន។ មីនទាំងនោះ ខ្មែរក្រហមគ្នាឯងជាអ្នកដាក់ដើម្បីស្ទាក់ផ្លូវកងទ័ពរបស់រដ្ឋកម្ពុជាដែលប៉ុនប៉ងចូលមក។ ចាប់ពីធ្លាក់ខ្លួនពិការ ខ្ញុំត្រូវបានអង្គភាពខ្មែរក្រហមចាត់ឲ្យមើលការខុសត្រូវមីងៗដែលជាក្រុមគ្រួសារកងទ័ពខ្មែរក្រហមនៅសមរភូមិក្រោយ។ ហើយខ្ញុំបានបញ្ចប់តួនាទីបែននេះ នៅពេលកងពល៩៨០ ផ្ដាច់ខ្លួនទៅកាន់ជំរំបៃតាប់ ក្នុងខេត្តសៀមរាបក្នុងឆ្នាំ១៩៩៨»៕
អត្ថបទដោយ សួត វិចិត្រ
[1] វ៉ាន់ថាន់ ពៅដារ៉ា សម្ភាសន៍ជាមួយ ស៊ឹម លន ក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យក្នុងឆ្នាំ២០១២។