ខ្មែរក្រហមបង្រៀនខ្ញុំដីមួយដុំក៏សម្លាប់ខ្មាំងបានដែរ

សឹម ណារី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី២០ ខែវឧសភា ឆ្នាំ២០២៥, សម្ភាសដោយ ស្រេង លីដា បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ខ្ញុំឈ្មោះ សឹម ណារី[1] ភេទស្រី មានអាយុ ៦៤ឆ្នាំ។ មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន សុឃុម មានបងប្អូន៣នាក់ (ស្រី២/ប្រុស១) ខ្ញុំជាកូនច្បងក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុំ ម៉ារ៉ាឌី មានកូន៦(ស្រី៤/ប្រុស២)។ កាលនៅកុមារភាពខ្ញុំមិនបានរៀនសូត្រឡើយព្រោះតែជាវ័យមួយរស់នៅក្នុងរបរខ្មែរក្រហមរៀននៅពេលយប់ក្នុងមួយថ្ងៃរៀនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីរបបខ្មែរក្រហមបញ្ចប់ទៅខ្ញុំក៏ពុំបានទៅរៀនសូត្រទៀតព្រោះតែអាណិតយាយតាដែលចាស់ជរានៅផ្ទះគ្មានអ្នកមើលថែ ខ្ញុំក៏សុខចិត្តនៅមើលថែលោកយាយលោកតា និងឲ្យប្អូនៗបានទៅរៀនសូត្រនៅសាលា មកដល់សព្វថ្ងៃខ្ញុំមិនចេះអក្សរឡើយ។

ខ្ញុំនិងគ្រួសារមករស់នៅបុរីអូរស្វាយតាំងពីខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ មកដល់មុនដំបូងគ្រួសារខ្ញុំបានទទួលអំណោយពីសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានព្រះរាជទានដូចជា គោមួយនឹម រទេះមួយ ដីស្រែចម្ការ៥ហិកតា ផ្ទះមួយខ្នង ដំណាំដាំដុះគ្រប់ប្រភេទ អង្ករក្នុងមួយខែមួយបាវ និងប្រាក់ខែប្រចាំខែក្នុងមួយ ៧៥០រៀល។ ប្រជាជនដែលសម្ដេចបញ្ជូនឲ្យមករស់នៅតាមព្រំដែន ដូចជាខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តបណ្ឌលគិរី ប្រជាជនដែលសម្ដេចតាបញ្ជូនមក មកពីគ្រប់ខេត្ត លើកលែងតែក្រុងប៉ោយប៉ែតមួយប៉ុណ្ណោះ ដែលមិនអនុញ្ញាតឲ្យមករស់នៅ ព្រោះតែត្រូវការពារនៅតំបន់នោះដែរ។ បុរីអូរស្វាយមានការអភិវឌ្ឍនច្រើនណាស់មានដូចជា ផ្សារ សាលាឆទាន បន្ទាយទាហាន សួនច្បារ ព្រលានយន្តហោះ សាលារៀន វត្ត មន្ទីរពេទ្យ ផ្លូវ ស្ពាន និងផ្ទះនិគមជន។ នៅពេលដែរសម្ដេច នរោត្តម សីហនុ ព្រះអង្គយាងមកម្ដងៗព្រះអង្គតែងតែបោះក្រណាត់ដែលមានប៉ាក់ថា«សង្គមរាស្រ្តនិយម» នៅជាប់និងក្រណាត់នោះ។  នៅតំបន់នេះដែរព្រះអង្គក៏បានអភិរក្សរុក្ខជាតិដើមស្រឡៅធំៗ ទុកសម្រាប់ឲ្យប្រជាជនមកលេងកំសាន្ត និងសម្រាប់បង្ហាញទៅកាន់ភ្ញៀវទេសចរណ៍អន្តរជាតិ។ បុរីអូរស្វាយត្រូវបានបែងចែកប្រជាជនបីតំបន់ពីអូរសាយឡើងទៅព្រំដែនឡាវជានិគមជនទី១ ពីអូរសាយទៅដល់អូររុនជានិគមជនទី២ និងពីភូមិអូររុនទៅដល់អូរល្វាជានិគមជនទី៣។ ខ្ញុំជានិគមជនទី២ រស់នៅអូរស្វាយ សម្ដេចបានផ្ដល់អាហារឲ្យ បរិភោគជារៀងរាល់ខែ ចំណែកពេទ្យទៅព្យាបាលពុំយកថវិកា ។ តែទោះជាយ៉ាងណាក៏ដោយប្រជាជនរស់នៅតំបន់ត្រូវបានស្លាប់ជារៀលរាល់ថ្ងៃដោយសារតែ ប្រជាជនកើតជំងឺគ្រុនចាញ់។ ស្លាប់មួយថ្ងៃម្នាក់ទៅពីនាក់ភ្លើងបូជាសាកសពមិនដែលរលត់ឡើយ។ ក្រោយមកខ្ញុំក៏បានដឹងថា មូលហេតុដែលសម្ដេចតាបញ្ជូនគ្រួសារខ្ញុំមករស់នៅទីព្រោះមានប្រជនឡាវច្រើនដែលបានមករស់នៅលើទឹកដីរបស់យើងហើយមានបំណងចង់បានទឹកដីរបស់យើងថែមទៀត។ មកដល់សម័យ លន់ នល់ នៅតំបន់អូរស្វាយត្រូវរងការទំលាក់គ្រាប់បែក ខ្ញុំនិងគ្រួសារត្រូវបាននាំគ្នារត់ចូលព្រៃដើម្បី គេចខ្លួន យើងបានជីករណ្ដៅត្រង់សេ ការពារខ្លួនកុំឲ្យសត្រូវមើលឃើញ។ ពេលខ្លះខ្ញុំកំពុងតែស្ទូងស្រូវយន្តហោះបានហោះមកទំលាក់គ្រាប់បែកខ្ញុំបានរត់ពួនក្នុងគុម្ពឫស្សី ពេលចូលរួចតែដល់ពេលចេញវិញមិនរួចឡើយ។ ក្រោយពេលទំលាក់គ្រប់ បានស្ងប់ស្ងាត់ សមិទ្ធផលផ្សេងៗត្រូវបានកម្ទេចស្ទើទាំងស្រុងនៅក្នុងតំបន់នេះ។

ចូលដល់សម័យខ្មែរក្រហមភ្លាមខ្ញុំ ត្រូវបានអង្គការបង្គាប់បញ្ជាឲ្យបិទជម្រុង(បិទឈើស្រួច)មួយថ្ងៃតម្រូវឲ្យបាន១០០ បិទរួចហើយត្រូវយកទៅដាក់នៅតាមព្រំដែន ដើម្បីកុំឲ្យប្រជាជនរត់ចេញពីប្រទេសខ្មែរទៅកាន់ប្រទេសឡាវ។ អង្គការក៏បញ្ជាឲ្យខ្ញុំកាប់ដើមទន្រ្ទានខេត្តលាយជាមួយដីដំបូក ធ្វើរហូតដល់ម៉ោង១០យប់ទើបឲ្យចូលសម្រាក ដល់ម៉ោង៤ ជិតភ្លឺអង្គការហៅខ្ញុំទៅឲ្យទៅគោរពទងជាតិទៀត ខ្ញុំនៅក្មេងជួនកាលនៅពេលដែលគោរពទងជាតិរួចខ្ញុំអង្គុយដេកនៅពីក្រោយសមមិត្តដទៃទល់ភ្លឺក៏មាន។ នៅពេលដែរឃ្លានខ្លាំង ខ្ញុំប៉េះស្លឹកពោនមកបរិភោគដូចជាក្របីដូច្នោះដែរ ធ្វើយ៉ាងណាឲ្យតែពេញក្រពះ។ នៅពេលរដូវវស្សាចូលមកដល់ អង្គការបញ្ជាឲ្យខ្ញុំធ្វើស្រែទោះបីមានមេយភ្លៀងរងាញ័រញាក់យ៉ាងណាក៏ដោយ ត្រូវតែធ្វើ។ អង្គការក៏បញ្ជាឲ្យខ្ញុំដាំដំឡូង ដាំល្ពៅជុំវិញផ្ទះដែរ ក៏ប៉ុន្តែយើងពុំមានសិទ្ធប៉េះឬជីកយកមកបរិភោគឡើយគឺទុកជារបស់រួមទាំងអស់។ ពេលខ្លះខ្ញុំឃ្លានខ្លាំងពេកខ្ញុំបានលួចជីកយកមើមដំឡូងមកបរិភោគទាំងឆៅក៏មាន ជីករួចហើយយកដីលុបវិញហើយយកស្លឹកឈើមកដាក់លើបន្ទែមទៀតកុំឲ្យអង្គការដឹង។ ប្រជាជនខ្មែរ ដែលខ្មែរក្រហមជម្លៀសមកពីភ្នំពេញខ្មែរក្រហមហៅថាជាប្រជាជនថ្មី អង្គការបញ្ចាឲ្យស្ទូងស្រូវអ្នកដែលមកពីទីក្រុងគ្នាមិនស្គាល់ថានេះជាស្រូវផង ហើយមកបញ្ជាឲ្យគ្នាស្ទូង គ្នាមិនចេះស្ទូងខ្មែរក្រហមក៏បានយកទៅវាយសម្លាប់ចោលទុកសាកសពនៅកណ្ដាលផ្លូវយ៉ាងអាសូរ។ ខ្ញុំនៅរស់រានមានជីវិតនេះដោយសារលាក់ជីវប្រវត្តិខ្លួនឯងកុំឲ្យខ្មែរក្រហមដឹង។ នៅពេល ខ្មែរក្រហមសួរ ខ្ញុំបានឆ្លើយថាខ្ញុំជាកូនខ្មែរទេ ឪពុកខ្ញុំបានស្លាប់ដោយសារជំងឺ តែការពិតឪពុកខ្ញុំខ្មែរក្រហមយកទៅសម្លាប់សោះព្រោះឪពុកខ្ញុំជាអ្នកចេះដឹងម្នាក់ដែរនៅសម័យនោះ។ នៅពេលអង្គការរៀបការឱ្យប្រជន រៀបការម្ដង១០គូ នៅពេលរៀបការនោះអង្គការឲ្យអង្គុយទល់មុខគ្នាស្រីនៅម្ខាង និងប្រុសនៅម្ខាង ហើយនៅពេលរៀបចំកម្មវិធីនោះគឺធ្វើឡើងនៅពេលល្ងាច។ ខ្ញុំបានបាត់បង់សាច់ញាតិអស់ចំនួន៤នាក់នៅក្នុងសម័យខ្មែរក្រហម មូលហេតុដែរស្លាប់នោះដោយខ្មែរក្រហមចោទថាជាអ្នកចេះដឹងត្រូវតែសម្លាប់ចោល។ នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្ដួលរលំរបបខ្មែរក្រហម និងរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន។[2] នៅពេលនោះ ខ្មែរក្រហមបានជម្លៀសខ្ញុំនិងគ្រួសារ ចេញពីញើន ទៅរហូតដល់ព្រំដែនថៃ តែពេលនោះខ្ញុំទើបតែធ្វើដំណើរដល់ស្រុកជ័យសែន ខេត្តព្រះវិហារ ពេលនោះដែរប្រជាជនឃើញកងទ័ពក៏ស្រែកឡើយថាកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមកហើយ ខ្ញុំនៅក្មេងគ្មានដឹងថាកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិអ្វីទេដោយសារពេលនោះខ្មែរក្រហមបង្រៀនខ្ញុំថាយកដុំដីមួយដុំក៏គប់ខ្មាំងងាប់ដែរ ហើយខ្មែរក្រហមបង្រៀនខ្ញុំទៀតថាបើសិនជាទាហានវៀតណាមចាប់និងត្រូវចាប់វះពោះច្រកស្មៅ ហើយឲ្យស៊ីកន្ទក់ទៀត។ នៅពេលវៀតណាមមកដល់ខ្ញុំស្អប់ណាស់ដល់ថ្នាក់បើសិនជាមានកាំភ្លើងដេញបាញ់ទាហានវៀតណាមទៀតផង តែពេលនោះខ្ញុំមិនមានឡើយព្រោះខ្ញុំនៅកងចល័ត។ យាយតាខ្ញុំគាត់អរណាស់ក៏ប៉ុន្តែខ្ញុំវិញភ័យណាស់ ខ្ញុំក៏បានសួរយាយតាខ្ញុំថាយាយតាឯងមិនខ្លាចទេមែនបានជាមិនរត់ ខ្ញុំក៏បានរត់លូនក្នុងទ្រង់មាន់ព្រោះក្លាចទាហានវៀតណាមណាស់។ នៅពេលមកដល់អត់មានឃើញដូចខ្មែរក្រហមនិយាយផង ទាហានវៀតណាមបានជួយរំដោះយើងចេញពីរបបខ្មែរក្រហមទៅវិញទេ។ ទាហានវៀតណាមក៏បានឲ្យខ្ញុំនិងគ្រួសារវិលត្រឡប់មករស់នៅទីកន្លែងកំណើតវិញ ខ្ញុំក៏បានដើរត្រលប់មកអូរស្វាយនេះវិញ។ អ្វីដែលខ្ញុំមានភាពភ័យខ្លាចមកដល់សព្វថ្ងៃនៅពេលដែលខ្មែរក្រហមចង់យកម្ដាយខ្ញុំទៅសម្លាប់ នៅពេលនោះខ្ញុំយំរាល់ថ្ងៃព្រោះខ្ញុំបានបាត់បង់ឪពុក ម្នាក់ទៅហើយបើសិនជាខ្ញុំបាត់បង់ម្ដាយម្នាក់ទៀតឲ្យខ្ញុំរស់យ៉ាងដូចម្ដេច។ ដូចនេះឲ្យតែខ្មែរក្រហមមកហៅម្ដាយខ្ញុំ ខ្ញុំតែងតែនាំម្ដាយខ្ញុំទៅកន្លែងដែលមានមនុស្សច្រើនក៏រួចខ្លួន ពីការសម្លាប់នោះទៅ។ មូលហេតុដែរខ្មែរក្រហមចង់សម្លាប់ម្ដាយខ្ញុំព្រោះតែម្ដាយខ្ញុំតែងតែចែករំលែកបាយទៅឲ្យអ្នកដែលមានផ្ទៃពោះ។ បែបនេះហើយទើបអង្គការខឹងថាយើងមិនស្រឡាញ់អង្គការ យើងស្រឡាញ់បុគ្គលដូចនេះហើយទើបអង្គការចង់យកម្ដាយខ្ញុំទៅសម្លាប់ចោលតែមិនបានសម្រេច។

ឆ្លងផុតពីសម័យខ្មែរក្រហមជាយូរឆ្នាំហើយក៏ពិតមែនខ្ញុំនៅតែចងចាំរឿងរ៉ាវទាំងឡាយដែលកើតឡើងចំពោះខ្ញុំ រឿងទាំងនោះធ្វើឲ្យអារម្មណ៍ខ្ញុំភ័យខ្លាចជារៀងរាល់ពេលវេលា ណាដែរស្រដៀងទៅនិងព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហមនោះធ្វើឲ្យខ្ញុំភ័យខ្លាចជានិច្ច។ ក្រៅពីនេះភ្នែកខ្ញុំមើលពុំសូវច្បាស់ដូចមុន ឡើងជាតិស្ករ ឡើងឈាម  និងក្រពះពោះវៀន។

អត្ថបទដោយ ស្រេង លីដា


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ សឹម ណារី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង ថ្ងៃទី២០ ខែវឧសភា ឆ្នាំ២០២៥ ,សម្ភាសដោយ ស្រេង លីដា បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin