សិន មុំ៖ ខ្មែរក្រហមរឹបអូសសម្ភារពីប្រជាជន

(កំពត)៖ សិន មុំ ភេទស្រី មានអាយុ ៦០ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត និងមានភូមិកំណើត នៅភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។ មុំ មានឪពុកឈ្មោះ សិន សែន, ម្ដាយឈ្មោះ ឃួន លន់ និងជាកូនច្បងក្នុងចំណោមបងប្អូនប្រាំនាក់។ មុំ មានប្តីឈ្មោះ គីម និងមានកូនប្រាំមួយនាក់។
នៅមុនរបបខ្មែរក្រហម មុំ ឈប់រៀនត្រឹមថ្នាក់ទី៥ នៅក្នុងភូមិមនោណុប។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ មុំ ថាមានការទម្លាក់គ្រាប់បែក និងរត់ចូលលេណដ្ឋាន។
នៅរបបខ្មែរក្រហម មុំ ថាសម្ភារមានតម្លៃទាំងអស់ត្រូវបានខ្មែរក្រហមរឹបអូសយកពីប្រជាជន។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនស្លៀកពាក់អ្វីក្រៅពីពណ៌ខ្មៅនោះទេ។
ក្រោយមក មុំ ដែលចាត់ទុកជាប្រជាជនចាស់ ត្រូវធ្វើការក្នុងកងចល័ត ដោយត្រូវរែកដីដំបូក, លើកទំនប់, ដកសំណាប, លើកភ្លឺស្រែ និងចងកណ្ដាប់ តាមបញ្ជារបស់មេក្រុម។ មុំ ថាអ្នកមិនទៅធ្វើការនឹងត្រូវខ្មែរក្រហមបង្អត់អាហារ និងស្តីបន្ទោស។ មុំ ត្រូវហូបរួម និងមិនគ្រប់គ្រាន់។ នៅពេលឪពុកម្ដាយមុំមានជំងឺ គឺខ្មែរក្រហមមិនអនុញ្ញាតឲ្យទៅសួរសុខទុក្ខនោះទេ។
នៅរបបខ្មែរក្រហម មុំ ត្រូវផ្លាស់ចេញពីភូមិកំណើត បន្ទាប់ពីឪពុកមារបស់ មុំ ឈ្មោះ សិន សុត ដែលមានតួនាទីនៅមន្ទីរ និងមានកាំភ្លើងពីរដើមជាប់ខ្លួន ត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅ។ មុំ និយាយថា ឪពុកមារបស់គាត់ បានធ្លាប់ទៅរស់នៅទីក្រុងហាណូយតាំងពីក្មេង។ ក្រៅពីនោះ មុំ និយាយថា ប្រជាជនថ្មី ដែលជាកូនចៅចិន ក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ មុំ បានមករស់នៅភូមិអូររហូតមកទល់បច្ចុប្បន្ន៕
សម្ភាសដោយ កេង នាង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥

