ជីវិតគ្រួសារ និងការលះបង់ដ៏ធំធេងរបស់ ស៊ីថា រទ្ធី

សន អានីតា[1] អាយុ ៣០ឆ្នាំ ជាប្រពន្ធរបស់ ស៊ីថា រទ្ធី អាយុ២៧ គឺជាវីរកងទ័ពកម្ពុជា ដែលបានពលីនៅសមរភូមិបុស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នីតា បានរំឭកពីអនុស្សាវរីយ៍ដែលអ្នកទាំងពីបានស្គាល់គ្នាដោយចៃដន្យតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយចំណងស្នេហ៍បានរីកដុះដាលយ៉ាងឆាប់រហ័ស។ នៅអំឡុងជំងឺកូវីដកំពុងរាតត្បាតខ្លាំង នីតា និងរទ្ធី បានសម្រេចចិត្តរស់នៅជាមួយគ្នាក្នុងបន្ទាយទាហាន ដោយសារតែពុំទាន់អាចរៀបពិធីមង្គលការបាន។ រហូតដល់ឆ្នាំ២០២២ ទើបនីតា និងរទ្ធី​ បានរៀបចំពិធីសែនព្រេនទៅតាមទំនៀមទម្លាប់ប្រពៃណី។

ជីវិតគ្រួសារដ៏សាមញ្ញរបស់ នីតា និងរទ្ធី បានកសាងឡើងយ៉ាងរឹងមាំ ដោយមានចំណងដៃកូនប្រុសចំនួន ៤នាក់។ នៅក្នុងក្រសែភ្នែកប្រពន្ធ រទ្ធី គឺជាប្ដីដ៏ល្អ និងជាឪពុកដែលមានទំនួលខុសត្រូវខ្ពស់។ រទ្ធី តែងតែបារម្ភប្រពន្ធ និងកូនៗ ខ្លាចជួបការលំបាក។ រទ្ធី ជាអនុសេនីយ៍ត្រី នៃវរសេនាតូចអន្តរាគមន៍ ២៨២, កងពលអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី ១ ដែលឈរជើងក្នុងសមរភូមិ បុស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ រទ្ធី តែងតែឆ្លៀតយកពេលទំនេរពីការបំពេញភារកិច្ច ទៅធ្វើការជាកម្មករសំណង់ ឬការងារផ្សេងទៀត ដើម្បីរកប្រាក់ចំណូលបន្ថែមមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប្រពន្ធមានអនុស្សាវរីយ៍ជាច្រើនដែលនៅចងចាំមិនអាចបំភ្លេចបាន គឺជីវិតក្នុងបន្ទាយជាមួយប្តី។ នីតា បានរំឭកថាខ្លួន និងប្តីតែងតែនាំគ្នាដើររើសដំឡូងយកមកកាប់ហាលលក់ ជួនកាលក៏នាំគ្នាទៅដាក់ម៉ង ឬដាក់សន្ទូចដើម្បីបានត្រីមកធ្វើម្ហូប ហើយនីតា និងរទ្ធី ក៏ជាកម្មកររើសគ្រាប់ស្វាយចន្ទី និងកម្មករគាស់ដំឡូង។

ភរិយា កូនៗ សាច់ញាតិ របស់វីរកងទ័ពកម្ពុជាស៊ីថា រទ្ធី និង អ្នកអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ក្រៅពីរឿងរ៉ាវដ៏សាមញ្ញទាំងនេះជួនកាល នីតា និងរទ្ធី ក៏មានជំនាស់គ្នាខ្លះៗដែរ ប៉ុន្តែការទាស់ទែងទាំងនោះបានក្លាយជាអនុស្សាវរីយ៍ដ៏ស្រណោះ។ នីតា និយាយថា៖ “ពេលនេះបងមិនអាចមកឈ្លោះជាមួយអូនបានទៀតទេ បងទៅចោលអូនហើយ”។

នៅមុនពេលចេញទៅសមរភូមិ រទ្ធី បានសន្យាជាមួយ នីតា ថាបន្ទាប់ពីសង្គ្រាមបានបញ្ចប់ លោកនឹងសង់ផ្ទះថ្មី, ឈប់ឈ្លោះគ្នា ទិញម៉ូតូថ្មី និងរៀបគម្រោងចិញ្ចឹមមាន់ទា។ ទោះបីជាស្ថិតក្នុងកាលៈទេសៈប្រយុទ្ធដ៏គ្រោះថ្នាក់ នៅថ្ងៃទី២៤ កក្កដា រទ្ធី នៅ​ទាក់ទងដោយមានក្ដីបារម្ភពីប្រពន្ធ និងកូនៗ ព្រោះពេលនោះនីតា និងកូនៗ កំពុងស្នាក់នៅផ្ទះជួល។ រទ្ធី ទូរស័ព្ទមកសួរសុខទុក្ខ ប្រពន្ធកូន ហើយ រទ្ធី មិនដែលនិយាយពីការទុកលំបាករបស់ខ្លួនឡើយ។ ប្រពន្ធបានរំឭកពាក្យរបស់ប្តីថា “អូន និងកូនហូបគ្រប់គ្រាន់ទេអូន កុំបារម្ភពីបងអី ទោះក្នុងលេណដ្ឋានសើមបន្តិចព្រោះមេយភ្លៀងក៏គ្មានបញ្ហាទេ”។

នៅថ្ងៃទី២៥ ខែកក្កដា នៅពេលប្រពន្ធសួរបី្ត “បងចង់ដកថយអត់?” ប្តីបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា៖ “បងមិនដកថយទេបងមកដល់ទីនេះ ដើម្បីជាតិ, ដើម្បីទឹកដី, បងត្រូវតែបន្តប្រយុទ្ធរហូតដល់ចប់ភារកិច្ចនេះ និងត្រលប់ទៅផ្ទះវិញ។ បងនឹងមិនទៅណាចោលអូន និងកូនទៀតទេ”។

ចាប់ពីថ្ងៃទី២៦ រហូតដល់២៨ ខែកក្កដា នីតា មិនអាចទាក់ទង រទ្ធី បានឡើយ។ រហូតដល់​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ទាហានសៀមបានចូលមកចាប់ដៃរួចក៏ប្រើល្បិចចាប់ខ្លួនទាហានខ្មែរ។ ប៉ុន្តែ រទ្ធី មិនព្រមទម្លាក់អាវុធ និងដោះសម្លៀកបំពាក់តាមការបង្គាប់​ទាហានសៀមនោះទេ។ រទ្ធី សុខចិត្តប្រយុទ្ធតែម្នាក់ឯងរហូតដល់បាត់បង់ជីវិតដើម្បីការពារជាតិ។ នៅថ្ងៃទី២៩ ខែកក្កដា មេបញ្ជាការរបស់រទ្ធី បានទូរស័ព្ទមកប្រាប់ នីតា ដែលជាប្រពន្ធវីរកងទ័ពកម្ពុជាថា “សូមប្អូនធ្វើចិត្តណា! ប្ដី[រទ្ធី]របស់ប្អូនបានបាត់បង់ជីវិតហើយ”។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៥៥នាទីយប់ សាកសពរបស់រទ្ធី បានបញ្ជូនមកដល់ផ្ទះ ឯខេត្តស្ទឹងត្រែង។

អ្នកស្ម័គ្រចិត្តកម្ពុជាអុជធូបគោរពវិញ្ញាក្ខន្ធ វីរកងទ័ពកម្ពុជា ស៊ីថា រទ្ធី

ការបាត់បង់ រទ្ធី ដែលជាវីរបុរសស្នេហាជាតិ មាតុភូមិ និងអធិបតេយ្យភាពទឹកដី, ការបាត់បង់ រទ្ធី គឺជាការបាត់បង់ប្តី ឪពុក ដែលជាបង្គោលគ្រួសារដ៏រឹងមាំ។ នៅពេលនោះប្រពន្ធរបស់រទ្ធី មានអារម្មណ៍ថាជីវិតគ្រួសារទាំងមូលប្រៀបដូចជាម៉ូតូដែលមានតែកង់មួយមិនអាចទៅមុខបាន​។ នីតា ចង់កសាងចេតិយមួយដែលមានរូបប្តី និងចារឈ្មោះ, ថ្ងៃខែឆ្នាំកំណើត និងថ្ងៃដែលប្តីបានពលីនៅសមភូមិដើម្បីឱ្យកូនៗ និងប្រជាជនចងចាំពីវីរភាពរបស់ប្តី។ ប្រពន្ធរបស់រទ្ធី សង្ឃឹមថាពេលកូនៗធំនឹងបានដឹងពីវីរភាព​ដ៏ក្លាហានរបស់ឪពុក​៕

អត្ថបទដោយ ស្រេង លីដា

រូបថតដោយ លី ដេវីត


[1]  បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ គ្រួសារកងទ័ពពលី ក្នុងសង្គ្រាមឈ្លានពានទឹកដី» សម្ភាសជាមួយ សន អានីតា រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥, សម្ភាសដោយ ស្រេង លីដា, តាមលេខទូរស័ព្ទ០៧១ ៤៣១១៥២៩, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin