វីរកងទ័ពឈ្មោះ ស៊ីថា រទ្ធី កងទ័ពថៃបាញ់សម្លាប់ អំឡុងអនុវត្តន៍កិច្ចព្រមព្រៀងបទឈប់បាញ់

បន្ទាប់ពីទទួលយកបទឈប់បាញ់ថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥ ត្រឹមម៉ោង១២យប់ ប្រទេសកម្ពុជា បានគោរពកិច្ចព្រមព្រៀងបានយ៉ាងល្អ ព្រោះចង់បានសន្តិភាព មិនចង់ឃើញប្រជាជនជួបទុក្ខលំបាក ប៉ុន្តែប្រទេសថៃ នៅតែព្យាយាមពង្រីកជម្លោះតូចៗជាច្រើនជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី២៩ ព្រឹកដោយប្រើល្បិចធ្វើជាមកស្វាគមន៍កងទ័ពកម្ពុជា រួចបន្លំចាប់ខ្លួនកងទ័ពកម្ពុជារហូតមកដល់សព្វថ្ងៃនេះមិនទាន់ធ្វើការដោះលែងមកវិញ ទោះបីរដ្ឋាភិបាលប្រទេសកម្ពុជា បានស្នើសុំជាច្រើនលើកកន្លងមក។ ប្រទេសថៃ នៅតែមិនព្រមដោះលែង និងប្រើរូបភាពឈ្លានពានជាបន្តបន្ទាប់ដោយយកបន្លាលួស និងស្បៃមកហ៊ុព័ន្ធយកផ្ទះប្រជាជនកម្ពុជា ជាច្រើនខ្នងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ខាងក្រោមនេះ ជាពាក្យពេចន៍របស់ស្រ្តីម្នាក់ឈ្មោះ សន អានីតា[1] អាយុ៣០ឆ្នាំ មានកូនតូចៗចំនួន៤នាក់ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ អានីតា បានរៀបរាប់ថា ប្តីឈ្មោះ ស៊ីថា រទ្ធី ជាវីរកងទ័ពនៅក្នុងកងពល១២៨ អង្គភាព២៨២ ខេត្តស្ទឹងត្រែង។ នៅពេលប្រទេសកើតមានជម្លោះតានតឹងតាមព្រំដែនកម្ពុជា-ថៃ ត្រូវបានបញ្ជូនទៅព្រំដែនជួរមុខការពារទឹកដីត្រង់ចំណុចបុស្បូវ-ជាំតែ។ នៅពេលសង្រ្គាមផ្ទុះឡើងថ្ងៃទី២៤ ដល់២៥ ខែកក្កដា ឆ្នាំ២០២៥ បានទូរស្ទ័ពនិយាយទាក់ទងគ្នាជាធម្មតា គ្រាន់តែបានប្រាប់ប្រពន្ធថា ប្រហែលជាគ្មានពេលទូរស័ព្ទមកទៀតទេ ពីព្រោះសង្រ្គាមប្រយុទ្ធគ្នាបានកើតឡើងជាមួយភាគីថៃ។ ចាប់ពេលនោះមកខ្ញុំមិនដែលទទួលទូរស័ព្ទនិយាយទាក់ទងជាមួយប្តីឈ្មោះ ស៊ីថា រទ្ធី ទៀតទេ លុះដល់ថ្ងៃទី២៨ ខ្ញុំទូរស័ព្ទទាក់ទងប្តីម្តងទៀត តែមិនអាចទាក់ទងបាន នៅក្នុងចិត្តអន្ទះសារជាខ្លាំងសម្រេចចិត្តប្រកាសរកប្តីតាមប្រព័ន្ធផ្សព្វផ្សាយ (Facebook) លុះដល់ថ្ងៃទី២៩ នៅម៉ោង១១ និង៤០នាទី ថ្ងៃត្រង់ ខ្ញុំបានទទួលដំណឹងតាមទូរស័ព្ទពីអង្គភាពកងទ័ពជួរមុខមកថា សូមឲ្យខ្ញុំសម្រួលអារម្មណ៍ ព្រោះប្តីរបស់ខ្ញុំបានស្លាប់ទៅហើយ។ ខ្ញុំគ្មានពាក្យអ្វីដែលនិយាយចេញទៀតទេ ខ្ញុំដឹងតែពីស្រែកយំរងចាំទទួលសពប្តីរហូតដល់ម៉ោង០៩ និង៥៩នាទីយប់។
បន្ទាប់មកទៀត ខ្ញុំបានដឹងរឿងរ៉ាវមួយចំនួនពីអង្គភាព អំពីការស្លាប់បាត់បង់ជីវិតរបស់ប្តី នៅពេលសង្រ្គាមត្រូវបានប្រកាសថា អនុវត្តន៍បទឈប់បាញ់ត្រឹមម៉ោង១២យប់ លុះព្រឹកឡើងប្រហែលជាម៉ោង១០ព្រឹក កងទ័ពថៃប្រើល្បិចកលថោកទាបធ្វើជាចិត្តល្អចូលមកចាប់ដៃស្វាគមន៍កងទ័ពកម្ពុជា រួចកងទ័ពថៃមួយចំនួនលបធ្វើសកម្មភាពដោយយកអាវុធភ្ជង់ពីក្រោយចាប់ខ្លួនវីរកងទ័ពយើងទៅទាំងអស់មានចំនួន២២នាក់ ម្នាក់បានរត់រួចឈ្មោះ ផល ផៃ មានស្រុកកំណើតនៅខេត្តសៀមរាប ចំណែកប្តីរបស់ខ្ញុំ ប្រហែលជាគាត់បានតដៃ បានកងទ័ពថៃបាញ់សម្លាប់នៅពេលនោះ។ វីរកងទ័ពកម្ពុជានៅសល់២០នាក់ទៀត មានពីរនាក់បានដោះលែងមកវិញទាំងរូបកាយស្លេកស្លាំងពិបាកទទួលយក។ យើងឃើញថា កងទ័ពថៃបានរំលោភបទឧក្រិដ្ឋកម្មសង្រ្គាមយ៉ាងធ្ងន់ធ្ងរមិនអាចលើកលែងបាន។
ប្រទេសថៃ តាំងខ្លួនឯងជាស្តេចនាគនៅអាស៊ី ថាជាអ្នកមានសេដ្ឋកិច្ចល្អ មានបានជាងប្រទេសជិតខាង និងឈ្លានពានប្រទេសឡាវ, មីយ៉ាន់ម៉ា(ភូមា), ម៉ាឡេស៊ី និងកម្ពុជា ជាច្រើនសតវត្សរ៍មកហើយ។ នៅពេលថ្មីៗ ប្រទេសថៃធ្វើសង្រ្គាមជាមួយប្រទេសកម្ពុជា រយៈពេលប្រាំថ្ងៃ ហើយក្រោយមកយល់ព្រមទទួលយកបទឈប់បាញ់ក្រោមការសម្របសម្រួលពីប្រទេសមហាអំណាចសហរដ្ឋអាមេរិក។
បន្ទាប់មកយើងសង្កេតឃើញថា កងទ័ពថៃ នៅតែបង្កជម្លោះតូចៗជាច្រើនទៀតដូចជា៖ ទី១) មិនព្រមដោះលែងវីរកងទ័ពកម្ពុជា ទី២) ប្រើអាវុធសម្លេង ដែលធ្វើឲ្យខូចត្រចៀក ទី៣) ភាគីថៃបង្គាប់ឲ្យរុះរើផ្ទះសម្បែងប្រជាជនកម្ពុជា ចេញពីភូមិជោគជ័យដែលជាដែនអធិបតេយ្យភាពបស់ប្រទេសកម្ពុជា ទី៤)រឿងប្រទេសថៃ បញ្ជាទិញយន្តហោះចម្បាំងពីប្រទេសស៊ុយអ៊ែតក្នុងគោលបំណងឈ្លានពាន។ រឿងទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃ មានចេតនាបង្កសង្រ្គាមជាមួយប្រទេសកម្ពុជា ទោះបីកងទ័ពកម្ពុជា មានការអត់ធ្មត់យ៉ាងខ្លាំង ក៏ព្រោះចង់បានសន្តិភាព។
ប្រទេសកម្ពុជា គោរពបទឈប់បាញ់ តែប្រទេសថៃនៅតែរំលោភបំពាន កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើសិទ្ធិការពារខ្លួនមិនឲ្យសត្រូវចូលឈ្លានពានដែនអធិបតេយ្យភាពប្រទេសកម្ពុជាបានជាដាច់ខាត។ទោះបីប្រទេសថៃតាំងខ្លួនឯងជាប្រទេសអ្នកមានចង់ធ្វើអ្វីបានស្រេចតែចិត្ត គឺមិនអាចទៅរួចទេ ពិភពលោកមានច្បាប់ និងនៅក្នុងសម័យទំនើប ប្រទេសថៃ មិនអាចធ្វើអ្វីបានតាមអំពើចិត្តទេ។ យើងឃើញមានសារព័ត៌មានធំៗជាច្រើននិយាយអំពីសង្រ្គាមរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានឆ្លុះបញ្ចាំងប្រទេសជាច្រើននៅលើពិភពលោកលើប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យដឹងថា តើប្រទេសណា? រំលោភប្រទេសណា? អន្តរជាតិបានដឹងអស់ហើយរាល់សកម្មភាពឈ្លានរបស់ប្រទេសថៃ។ នៅពេលអនុវត្តន៍កិច្ចព្រមព្រៀងបទឈប់បាញ់ដោយប្រទេសមហាអំណាចសហរដ្ឋអាមេរិក។ ប្រទេសថៃ យកល្អគួរតែដោះលែងវីរកងទ័ពចំនួន១៨នាក់ ឲ្យប្រទេសកម្ពុជាវិញ ដើម្បីបានជួបឪពុកម្តាយ បងប្អូន និងប្រពន្ធកូនវរកងទ័ពមកវិញ ដើម្បីបង្ហាញពីចេតនារបស់ប្រទេសថៃ ដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសកម្ពុជា៕
អត្ថបទដោយ សុខ វណ្ណៈ
[1] សុខ វណ្ណៈ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលឯកសារបានសម្ភាសន៍ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៥ ជាមួយឈ្មោះ សន អានីតា អាយុ២៧ ជាប្រពន្ធឈ្មោះ ស៊ីថា រទ្ធី វរកងទ័ពការពារព្រំដែននៅចំណុចជាំតែ នៅក្នុងពល១២៨ ដែលបានបាត់បង់ជីវិត នៅពេលប្រទេសទាំងពីរបានព្រមព្រៀងគោរពបទឈប់បាញ់នៅថ្ងៃទី២៩ ត្រឹមម៉ោង១២យប់។ តែកងទ័ពថៃប្រើល្បិចថោកទាបមកលើកងទ័ពកម្ពុជា ដោយបាញ់សម្លាប់ និងចាប់ខ្លួនកងទ័ពកម្ពុជាចំនួន២០នាក់។ ទាំងនេះជាបទឧក្រិដ្ឋកម្មសង្រ្គាមមួយ ដែលប្រទេសថៃ មិនអាចគេចផុតពីសំណាញ់ច្បាប់អន្តរជាតិបានឡើយ។